ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ហុងកុង​ចាប់ខ្លួន​សកម្មជន ៥៣ នាក់ ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ប៉ុនប៉ង «ផ្តួល​រំលំ» រដ្ឋាភិបាល


លោក Ben Chung (កណ្តាល) សកម្មជនគាំទ្រចលនាលទ្ធិប្រជាធិបតេយ្យក្នុងចំណោមសកម្មជន ៥៣នាក់ ត្រូវបានចាប់ខ្លួនដោយប៉ូលិសហុងកុង នៅក្នុងទីក្រុងហុងកុង ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
លោក Ben Chung (កណ្តាល) សកម្មជនគាំទ្រចលនាលទ្ធិប្រជាធិបតេយ្យក្នុងចំណោមសកម្មជន ៥៣នាក់ ត្រូវបានចាប់ខ្លួនដោយប៉ូលិសហុងកុង នៅក្នុងទីក្រុងហុងកុង ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ប៉ូលិស​ក្រុង​ហុងកុង​បាន​ចាប់​ខ្លួន​មនុស្ស ៥៣ នាក់ នៅ​ក្នុង​ការ​វាយឆ្មក់​លើ​សកម្មជន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ពុធ​នេះ ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ពួកគេ​បាន​និយាយ​ថា​ ជា​ផែនការ «ផ្តួល​រំលំ» រដ្ឋាភិបាល។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​ចាប់​ខ្លួន​សកម្មជន​ទាំង​នេះ គឺ​ជា​ការ​បង្ក្រាប​ដ៏​ធំ​បំផុត ចាប់តាំង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​សម្រាប់​ទីក្រុង​ហុងកុង​ កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន​មក។

អាជ្ញាធរ​បាន​និយាយ​ថា ការ​ចាប់​ខ្លួន​នេះ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បោះឆ្នោត​ក្រៅ​ផ្លូវការ​ កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​ ដើម្បី​ជ្រើសរើស​បេក្ខជន​គណបក្ស​ប្រឆាំង​សម្រាប់​ការ​បោះឆ្នោត​សភា​ទីក្រុង​ហុងកុង ​ដែល​គ្រោង​ធ្វើ​ឡើង​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​ជំងឺ​កូវីដ១៩។

លោក John Lee លេខាធិការ​សន្តិសុខ​ទីក្រុង​ហុងកុង បាន​និយាយ​ថា ក្រុម​នោះ​មាន​គម្រោង​បង្ក «ការ​ខូចខាត​ធ្ងន់ធ្ងរ» ដល់​សង្គម ហើយ​ថា អាជ្ញាធរ​នឹង​មិន​អត់ឱន​ចំពោះ​ទង្វើ​វិទ្ធង្សនា​ណា​មួយ​ឡើយ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​អាជ្ញាធរ​ហុងកុង​ នៅ​ក្នុង​ការ​ចាប់ខ្លួន​សកម្មជន​ប្រជាធិបតេយ្យ​ទាំង ៥៣ នាក់​នេះ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន ​អ្នកស្រី Hua Chunying បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ថា សិទ្ធិ​និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​ហុងកុង​ផ្អែក​លើ​ច្បាប់​ គឺ​មិន​ប៉ះពាល់​នោះ​ទេ។

សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​អត្ថាធិប្បាយ​ទេ។ ប៉ុន្តែ លោក Antony Blinken ដែល​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Joe Biden បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស​ក្នុង​រដ្ឋបាល​របស់​លោក បាន​បញ្ជាក់​នៅ​លើ Twitter ថា ការ​ចាប់​ខ្លួន​នេះ​គឺជា «ការ​បំពាន​លើ​អ្នក​ដែល​គាំទ្រ​យ៉ាង​អង់អាច​ក្លាហាន ​ចំពោះ​សិទ្ធិ​មនុស្ស​ជា​សាកល»៕

XS
SM
MD
LG