ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Hollande ជំរុញ​ឲ្យ​រុស្ស៊ី​ចូល​រួម​ជាមួយ​កងកម្លាំង​ប្រយុទ្ធ​ដើម្បី​វាយប្រហារ​លើ​រដ្ឋ​ឥស្លាម


លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​លោក​ប្រធានាធិបតី​បារាំង Francois Hollande ចូលរួម​ក្នុង​សន្និសីទ​កាសែត​បន្ទាប់​ពី​ជំនួប​នៅ​វិមាន​ក្រឹមឡាំង ក្រុង​មូស្គូ កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​លោក​ប្រធានាធិបតី​បារាំង Francois Hollande ចូលរួម​ក្នុង​សន្និសីទ​កាសែត​បន្ទាប់​ពី​ជំនួប​នៅ​វិមាន​ក្រឹមឡាំង ក្រុង​មូស្គូ កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី Francois Hollande ​នៃ​ប្រទេស​បារាំង​បាន​ជំរុញ​ប្រទេស​រុស្ស៊ីឲ្យ​ចូល​រួម​ជាមួយ​មហាអំណាច​ពិភពលោក​ដើម្បី​បង្កើត​ក្រុម​ចម្រុះ​ដ៏​ធំ​មួយ​ដើម្បី​ផ្តួល​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ដែល​មិន​ត្រឹម​តែ​វាយប្រហារ​ទីក្រុង​ប៉ារីស​កាល​ពី​២​សប្តាហ៍​ប៉ុណ្ណោះ​ទេ ​ក៏ប៉ុន្តែ​បាន​ត្រួតត្រា​តំបន់​ដ៏​ធំ​នៃ​ប្រទេស​អ៊ីរ៉ាក់​ និង​ប្រទេស​ស៊ីរី។

ស្តី​ពី​ការ​ខំ​ប្រឹងប្រែង​ខាង​ការទូត​ដើម្បី​ស្ថាបនា​កងកម្លាំង​ដ៏​ធំមួយ​ប្រឆាំង​នឹង​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម ​លោក​ប្រធានាធិបតី Hollande ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​ការ​សម្របសម្រួល​កាន់​តែ​ជិតស្និទ្ធ​ឡើង​ថែម​ទៀត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​សត្រូវ​រួម ​ខណៈ​ដែល​កំពុង​ស្វះស្វែង​រក​ដំណោះស្រាយ​ខាង​នយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

​បារាំង​ និង​រុស្ស៊ី ​បាន​ប្រឈម​ការ​វាយ​ប្រហារ​កាល​ពី​ពេល​ថ្មីៗ​នេះ។​ ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការវាយ​ប្រហារថ្ងៃ​ទី​១៣ ​ខែ​តុលា​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ដែល​បាន​សម្លាប់​មនុស្ស​១៣០​នាក់​ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជាង​៣រយ​នាក់​ទៀត​រង​របួស ​ហើយ​នៅ​ថ្ងៃ​ទី៣១ ​ខែតុលា ​បាន​ទម្លាក់​យន្តហោះ​រុស្ស៊ី​មួយ​គ្រឿង​នៅ​ឧបទ្វីប​ស៊ី​ណៃ​នៃ​ប្រទេស​អេហ្ស៊ីប​ដែល​បាន​សម្លាប់​អ្នក​ធ្វើ​ដំណើរ​២២៤​នាក់​នៅ​លើ​យន្តហោះ​នោះ។

​លោក​ប្រធានាធិបតី​បារាំង Hollande ​បាន​ប្រាប់​ទូរទស្សន៍​នៅ​ឯ​ការ​ចាប់​ផ្តើម​ការ​ចរចា​ទ្វេ​ភាគី​នៅ​វិមាន​ក្រឹមឡាំង​ថា «សត្រូវ​របស់​យើង គឺ​ពួកDaesh ​ជា​ក្រុម​រដ្ឋ​ឥស្លាម ​ក្រុម​នេះ ​មាន​ទឹក​ដី ​មាន​កងទ័ព​ និង​ធនធាន​ ដូច្នេះ​យើង​ត្រូវ​តែ​បង្កើត​ក្រុម​ចម្រុះ​ដ៏​ធំមួយ​ដើម្បី​វាយ​ប្រហារ​ពួក​ភេរវជន​ទាំង​នោះ‍»។ Daesh ​ជា​ឈ្មោះ​ភាសា​អារ៉ាប់​របស់​ក្រុមជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម។

​លោក​ប្រធានាធិបតី Hollande មាន​ប្រសាសន៍​ទៀត​ថា​ «ខ្ញុំ​ស្ថិត​នៅ​ក្នុង​ទីក្រុង​មូស្គូ​ជាមួយ​លោក​ដើម្បី​មើល​ថា​តើ​យើង​ត្រូវចាត់​វិធានការ​ជាមួយ​គ្នា​ ហើយ​និង​សម្រប​សម្រួល​ជាមួយ​គ្នា​យ៉ាង​ដូចម្តេច​ដែល​យើង​អាច​វាយ​ប្រហារ​ក្រុម​ភេរវជន​នេះ ​ក៏ប៉ុន្តែ​ក៏​ត្រូវ​រក​ដំណោះ​ស្រាយ​សន្តិភាព​ដែរ។

​ប្រធានា​ធិបតី Putin បាន​និយាយ​ថា ​រដ្ឋាភិបាល​ទីក្រុង​មូស្គូ ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​ដើម្បី​រួបរួម​គ្នា​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉ារីស​ប្រឆាំង​នឹង​សត្រូវ​រួម​បន្ទាប់​ពី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​រុស្ស៊ី​មួយ​គ្រឿង ​ហើយ​និង​ការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង​មូស្គូ៕

XS
SM
MD
LG