ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភោជនីយដ្ឋាន​ខ្មែរ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ប៉ារីស


ជន​រងគ្រោះ​ដេក​នៅ​លើ​ផ្លូវ​ដើរ​នៅ​ក្នុង​ភោជនីយដ្ឋាន​បារាំង​មួយ កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។
ជន​រងគ្រោះ​ដេក​នៅ​លើ​ផ្លូវ​ដើរ​នៅ​ក្នុង​ភោជនីយដ្ឋាន​បារាំង​មួយ កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។

ក្រុម​ភេរវករ​រដ្ឋ​ឥស្លាម​បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​លើ​ការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​​លើ​ទី​កន្លែង​ចំនួន​៦ នៅ​ទូទាំង​រដ្ឋធានី​នៃ​ប្រទេស​បារាំង ដែលរួមមាន​ភោជនីយដ្ឋាន​ខ្មែរ​មួយ​ឈ្មោះ Le Petit Cambodge ផង​ដែរ។

ក្រុម​ភេរវករ​រដ្ឋ​ឥស្លាម​បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​លើ​ការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​កាល​ពី​យប់​ថ្ងៃសុក្រ​លើ​ទី​កន្លែង​ចំនួន​៦ នៅ​ទូទាំង​រដ្ឋធានី​នៃ​ប្រទេស​បារាំង ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១២៧​នាក់ និង​ធ្វើ​ឲ្យ​មនុស្សរាប់​រយ​នាក់​ទៀត​រង​របួស។ ក្នុង​ចំណោមកន្លែង​រង​ការ​វាយ​ប្រហារនោះ​មាន​រួម​ភោជនីយដ្ឋាន​ខ្មែរ​មួយ​ឈ្មោះ Le Petit Cambodge ឬ​ កម្ពុជា​តូច ផង​ដែរ។

ប្រជាពលរដ្ឋ​បារាំង​ភ្ញាក់​ពី​ដំណេក​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ នៅ​ក្រោម​ស្ថានភាព​មាន​អាសន្ន បន្ទាប់​ពី​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ពួក​ភេរវជន​វាយ​ប្រហារ​ដោយ​ការ​ប្រើប្រាស់​អាវុធ​ស្វ័យ​ប្រវត្តិ និង​ការ​ដាក់​គ្រាប់​បែក​អត្តឃាត។ ក្នុង​ចំណោម​កន្លែង​ទាំង​៦​ដែល​រង​ការ​វាយ​ប្រហារ​នោះ គឺ​ភោជនីយដ្ឋាន​ខ្មែរ​តូច​មួយ​ដែល​ស្ថិត​នៅ​កន្លែង​ទេសចរ ដែល​មាន​ឈ្មោះ​ថា Le Petit Cambodge ឬ កម្ពុជា​តូច។​ សេចក្តី​រាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពួក​ភេរវករ​បាន​បាញ់​សម្លាប់​មនុស្សយ៉ាង​តិច​១២​នាក់​ នៅ​ក្នុង​ភោជនីយដ្ឋាន​នោះ។ VOA ខ្មែរ ​បាន​ព្យាយាម​ទាក់​ទង​ម្ចាស់​ភោជនីយដ្ឋាន​តាម​ទូរស័ព្ទ ប៉ុន្តែ​គ្មាន​មនុស្ស​លើក។

នាង អ៊ុង​ ចាន់​សោភា ជា​ផលិតករ និង​ពិធីការនី​ព័ត៌មាន​នៃ​ស្ថានីយ​ទូរទស្សន៍ CTN និង CNC។ នាង​ធ្លាប់​បាន​ទៅ​ពិសា​បាយ​នៅ​ក្នុង​ភោជនីយដ្ឋាន​ Le Petit Cambodge នៅ​ពេល​ដែល​នាង​ជា​និស្សិត​នៅ​ប្រទេស​បារាំង​ពី​ឆ្នាំ​២០១០ដល់​ឆ្នាំ​២០១២។ ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​ VOA កាល​ពី​យប់​ថ្ងៃ​សៅរ៍ ពី​ទីក្រុង​ភ្នំពេញ នាង អ៊ុង​ ចាន់​សោភា ថ្លែង​ថា​ភោជនីយដ្ឋាន​នេះ​មាន​ប្រជាប្រិយភាព​ណាស់។

«នេះ​ជា​តំបន់​ទេសចរណ៍ ហើយ​ត្រូវ​តម្រង់​ជួរ​ទំរាំ​បាន​តុ​ញ៉ាំ។ ហាង​នេះ​មិន​សូវ​ធំ​ប៉ុន្មាន​ទេ ប៉ុន្តែ​ដោយសារ​នេះ​ជា​ហាង​ល្បី​ឈ្មោះ ពួក​ខ្ញុំ​ទៅ​ហ្នឹង​គឺ​ត្រូវ​ឈរ​តម្រង់​ជួរ​ជាមួយ​ភ្ញៀវ​ដទៃ​ទៀត ទំរាំ​បាន​ចូល​អង្គុយ។​ នេះ​ជា​ហាង​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ក្រុង​ប៉ារីស»។

គេ​មិន​ទាន់​ដឹង​ថា​តើ​ក្នុង​ចំណោម​អ្នក​ស្លាប់​ដែល​គេ​រាយការណ៍​មក​ថា​មាន​ចំនួន​១២​នាក់​នៅ​ភោជនីយដ្ឋាន​នោះ មាន​ជន​ជាតិ​ខ្មែរ​ដែរ​ឬ​ទេ ហើយ​បើ​មាន​ថា​តើ​ប៉ុន្មាន​នាក់​នោះ។ ប៉ុន្តែ​នាង អ៊ុង​ ចាន់​សោភា និយាយ​ថា​នៅ​ពេល​ដែល​នាង​ទៅ​ទទួល​ទាន​អាហារ​នៅ​ទីនោះ នាង​សង្កេត​ឃើ​ញ​ថា ​ភ្ញៀវ​ភាគ​ច្រើន​ជា​ជនជាតិ​បារាំង ឬ​ជន​បរទេស​ឯ​ទៀត។

«តាម​ពិត​ទៅ​អ្នក​ដែល​ចូល​ទៅ​ញ៉ាំ​ហាង​ហ្នឹង​ភាគ​ច្រើន​ជា​ជនជាតិ​បារាំង ឬ ជន​ជាតិ​អឺរ៉ុប​ផ្សេង​ទៀត​ដែល​ទៅ​ទស្សនា​ប្រទេស​បារាំង»។

នាង Agathe Moreaux ជា​និស្សិត​បារាំង​ម្នាក់​ដែល​កំពុង​រង់ចាំ​ចូល​ទទួល​ទាន​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន Le Petit Cambodge ។ នាង​បាន​ថ្លែង​ប្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន Globalnews.ca​ របស់​ប្រទេស​កាណាដា​ថា នាង​និង​មិត្ត​ភក្តិ​កំពុង​រង់ចាំ​ចូល​ទទួល​ទាន​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន​ខ្មែរ​នេះ ក៏​ប៉ុន្តែ​ដោយសារ​មាន​ភ្ញៀវ​ពេញ​នាង​បាន​ទុក​ឈ្មោះ​ និង​លេខ​ទូរស័ព្ទ​ឲ្យ​ភោជនីយដ្ឋាន ហើយ​ទៅ​ញ៉ាំ​ស្រាបៀរ​នៅ​បារ​មួយ​ក្បែរ​នោះ​ដើម្បី​រង់ចាំ។ នាង​ថ្លែង​ថា​នាង​ឮ​សូរ​គ្រាប់​កាំភ្លើង​ជាង​២០គ្រាប់ ហើយ​ក៏​បាន​រត់​ចេញ​ឆ្ងាយ​នៅ​ពេល​ដែល​នាង​ឃើញ​មនុស្ស​ឯ​ទៀត​នាំ​គ្នា​រត់​ដែរ​នោះ។

ទេសចរណ៍​មក​ពី​ប្រទេស​ម៉ាឡេស៊ី​មួយ​គ្រួសារ គ្រោង​ចូល​ញ៉ាំ​ភីហ្សា (Pizza) ​នៅ​ហាង​ក្បែរ​ភោជនីដ្ឋាន Le Petit Cambodge នោះ ក៏​ប៉ុន្តែ​ដោយសារ​កន្លែង​ភីហ្សា​នោះ​មាន​ភ្ញៀវ​ពេញ គ្រួសារ​នោះ​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​ម៉ាឡេស៊ី Bernama ​ថា​ ពួកគាត់​ក៏​សម្រេច​ចិត្ត​ទៅ​ទទួល​ទាន​អាហារ​ពេល​យប់​នៅ​ភោជនីយដ្ឋាន​មួយ​ផ្សេង​នៅ​ក្បែរ​សណ្ឋាគារ​ដែល​ពួក​គាត់​ស្នាក់​នៅ​វិញ។

លោក លាក់ សាខាន់ ហៅ វុធ ជា​អ្នក​បើកបរ​តាក់​ស៊ី នៅ​ទីក្រុង​ប៉ារីស អស់​ពេល​ជិត​៣០​ឆ្នាំ​មក​ហើយ។ លោក​ថ្លែង​ថា​ ភោជនីយដ្ឋានខ្មែរ​នេះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ប្រគុំ​តន្រ្តី​របស់​ក្រុម​តន្ត្រី​អាមេរិកាំង ដែល​ត្រូវ​រង​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​នោះ​ទេ។

«វា​បាញ់ restaurant ហ្នឹង​រួច វា​បត់​ឡាន​តែ​បន្តិច​ទៅ​ដល់​កន្លែង​រាំ​ច្រៀង Bataclan ដែល​មាន​មនុស្ស​ជាង​មួយ​ពាន់​នាក់​នោះ​ហើយ។ កន្លែង​ហ្នឹង​ស្លាប់​អស់​មនុស្ស​ជាង​៨០​នាក់​ហើយ»។

ពួក​រដ្ឋ​ឥស្លាម​បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​ថា​ ពួកគេ​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ការ​វាយ​ប្រហារ​ទាំងអស់​ក្នុង​ទីក្រុង​ប៉ារីស ដែល​នៅ​ទី​នោះ កងទ័ព​បារាំង​ជាង​មួយ​ពាន់​នាក់​កំពុង​យាម​ល្បាត​ដើម្បី​ការពារ​ខ្លាច​ក្រែង​មាន​ការ​វាយ​ប្រហារ​ថែម​ទៀត។

ពូក​រដ្ឋ​ឥស្លាម​បាន​និយាយ​ថា​ពួកគេ​ធ្វើ​ការ​វាយ​ប្រហារ​ព្រមៗ​គ្នា​នៅ​ក្រុង​ប៉ារីស ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១២៧ នាក់ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​វាយ​ប្រហារ​ប្រឆាំង​ទៅ​លើ​អ្នក​ប្រយុទ្ធ​រដ្ឋ​ឥស្លាម នៅ​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ គេ​នៅ​មិន​ទាន់​អាច​បញ្ជាក់​អំពី​ភាព​ពិត​ប្រាកដ​នៃ​សេចក្តី​ថ្លែងការណ៍​នេះ​បាន​នៅ​ឡើយ​ទេ។

លោក​ប្រធានាធិបតី​បារាំង Francois Holland បាន​ស្តី​បន្ទោស​ពួក​រដ្ឋ​ឥស្លាម ចំពោះ​ការ​វាយ​ប្រហារ​ទាំង​នេះ។ មេ​ដឹកនាំ​ទាំង​ឡាយ​ក្នុង​ពិភពលោក ក៏​បាន​ថ្កោលទោស​ពួក​នេះ​ដែរ។ លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស David Cameron ​បាន​ហៅ និង​ថ្កោល​ទោស​ពួក​រដ្ឋ​ឥស្លាម ថា​ជា​ឃាតក​សាហាវ​ព្រៃ​ផ្សៃ និង​យ៉ង់ឃ្នង។

សេតវិមាន​បានឲ្យ​ដឹង​ថា​ លោក​ប្រធានាធិបតី​សរអា បារ៉ាក់ អូបាម៉ា បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក​ប្រធានាធិបតី Francois Holland នៃ​ប្រទេស​បារាំង​ដើម្បី​ជួយ​រំលែក​ទុក្ខ។ ហើយ​លោក​បាន​សន្យា​ថា​សរអា​នឹង​គាំ​ទ្រ​ប្រទេស​បារាំង​ដែល​ជា​មិត្ត​ចាស់​ជាង​គេ​របស់​អាមេរិក ហើយ​នឹង​ផ្តល់​ការ​គាំទ្រ​ដើម្បី​ជួយ​ដល់​ការ​ស៊ើប​អង្កេត​របស់​បារាំង។​

XS
SM
MD
LG