ប្រធានាធិបតីបារាំង លោក Francois Hollande បានធ្វើដំណើរទៅប្រទេសរុស្សីនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែង កសាងក្រុមចម្រុះជាសាកលមួយ ដើម្បីពង្រីកការវាយប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម បន្ទាប់ពីមានការវាយប្រហារផ្តាច់ជីវិតនៅទីក្រុងប៉ារីស។
លោក Hollande នឹងជួបលោកជាមួយលោកប្រធានាធិបតីរុស្សី Vladimir Putin នៅទីក្រុងមូស្គូ ក្រោយពីលោក Hollande បានធ្វើដំណើរទស្សនកិច្ចជាច្រើនប្រទេស ដែលធ្វើឲ្យលោក ទទួលបានការគាំទ្រជាពាក្យសម្ដី ពីមេដឹកនាំអាមេរិក អង់គ្លេស និងអាល្លឺម៉ង់រួចហើយ។
ក្រុមរដ្ឋឥស្លាម ដែលត្រួតត្រាផ្នែកដ៏ធំ នៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីនោះ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយអាវុធ និងគ្រាប់បែក ស្របពេលជាមួយគ្នា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងទីក្រុងប៉ារីស ដែលបានសម្លាប់មនុស្សអស់១៣០នាក់នោះ។
ប្រទេសបារាំង បានក្លាយជាភាគីមួយរួចទៅហើយក្នុងក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដែលវាយប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយមរដ្ឋឥស្លាម ប៉ុន្តែ មេដឹកនាំបារាំង ស្ថិតក្រោមសម្ពាធដ៏តានតឹង ក្នុងការធ្វើសកម្មភាពច្រើនថែមទៀត ដើម្បីយកជ័យជម្នះលើក្រុមរដ្ឋឥស្លាម ក្រោយពីមានការវាយប្រហារនៅទីក្រុងប៉ារីសនោះ។
គេនៅមិនទាន់ដឹងច្បាស់ទេ ថាតើលោក Hollande អាចធ្វើឲ្យមានការរីកចម្រើនច្រើនប៉ុណ្ណា ក្នុងការបញ្ចុះបញ្ចូលលោក Putin ឲ្យចូលរួមនៅក្នុងកិច្ចប្រឹងប្រែងប្រឆាំងនឹងក្រុមរដ្ឋឥស្លាមនោះ៕