ការដួលរលំរូបីយ៍ប័ណ្ណរបស់រុស្ស៊ីបាននាំឲ្យមានការបង្កើននូវការបង់ប្រាក់តម្លៃផ្ទះសម្បែងសម្រាប់ប្រជាពលរដ្ឋសាមញ្ញរុស្ស៊ីខ្លះដែលកំពុងបង់ប្រាក់រំលោះដែលផ្អែកលើរូបីយ៍បណ្ណបរទេស។ ពួកអ្នកវិភាគបានទស្សន៍ទាយថា ប្រទេសរុស្ស៊ីនឹងធ្លាក់ចូលក្នុងការមិនរីកចម្រើនសេដ្ឋកិច្ច នៅពេលណាមួយ នៅឆ្នាំក្រោយដោយសារតម្លៃថាមពលធ្លាក់ចុះហើយនឹងការដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសលោកខាងលិចប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងម៉ូស្គូចំពោះការជ្រៀតជ្រែករបស់ខ្លួននៅក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។
អ្នកស្រី Yevgenia Syomina និងលោក Alexei Krasnov រស់នៅជាមួយកូន២នាក់នៅក្នុងបន្ទប់នៃអាគារ Apartment ក្នុងទីក្រុងម៉ូស្គូដែលគេទិញកាលពី៦ឆ្នាំមុនតាមរយៈក្រុមហ៊ុនផ្តល់ប្រាក់កម្ចីបរទេសមួយ។ ពីព្រោះតម្លៃប្រាក់រុស្ស៊ីបានធ្លាក់ចុះ ហើយបានបង្ខំឲ្យក្រុមគ្រួសារនេះពិនិត្យមើលឡើងវិញនូវផែនការចំណាយរបស់ពួកគាត់ មុនពេលរដូវឈប់សម្រាក។
«ទើបតែកាលពីម្ស៉ិលមិញ យើងបានអង្គុយជាមួយប្រពន្ធរបស់ខ្ញុំ ហើយបានពិភាក្សាពីអ្វីដែលត្រូវធ្វើសម្រាប់អំណោយនៅបុណ្យឆ្នាំថ្មីនេះ? ប្រហែលយើង មិនផ្តល់អំណោយឲ្យនរណាទេ។ បន្ទាប់ពីរៀបចំផែនការហិរញ្ញវត្ថុរបស់គ្រួសារ យើង យើងយល់ថា ការបង់ប្រាក់ផ្ទះសម្បែងរបស់យើងបានកើនឡើងយ៉ាងហោចណាស់ក៏ទ្វេដងឬច្រើនជាងនេះ ហើយបានប៉ះពាល់ប្រាក់របស់យើងយ៉ាងខ្លាំង»។
គ្រួសារនានាភ័យខ្លាចថា វាអាចកាន់តែអាក្រក់ឡើងៗ។ លោក Alexei ធ្វើការនៅធនាគារហើយមានការព្រួយកង្វល់ថា លោកប្រហែលបាត់បង់ការងាររបស់លោក នៅពេលដែលមានវិបត្តិធនាគាររបស់រុស្ស៊ី។
«យើងមានការបញ្ឈប់ពីការងារយ៉ាងច្រើនរួចទៅហើយ ហើយពួកគេព្រមានថា នៅខែក្រោយ ឬក្នុងរយៈពេល៣ ឬ៤ខែខាងមុខនឹងមានការកាត់បន្ថយការងារច្រើនទៀត។ ជាការណ៍ពិត យើងមានអារម្មណ៍ថា យើងមានអស្ថិរភាព។ ហើយ នៅមិនទាន់ច្បាស់នៅឡើយថា វានឹងប៉ះពាល់ដល់ក្រុមគ្រួសារយើងដូចម្តេច?»
បញ្ហាមួយដែលក្រុមគ្រួសារដឹងពិតប្រាកដគឺថា ពួកគេមិនអាចលក់អគារ Apartment ទេ ពីព្រោះតែតម្លៃទីផ្សារបានធ្លាក់ចុះ។
«យើងចង់មានកូនទី៣។ ក៏ប៉ុន្តែ យើងមិនអាចលៃលកប្រាក់ដើម្បីមានកូនមួយទៀតនៅក្នុងអគារ Apartment នេះទេ ហើយយើងមិនអាចរើចេញពីនេះទេ ពីព្រោះបំណុលផ្ទះសម្បែងនឹងមិនអនុញ្ញាតឲ្យយើងធ្វើដូច្នេះបាន»។
លោក Alexei Kudrin អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ បានផ្តល់ព័ត៌មានអាក្រក់បន្ថែមទៀតកាលពីថ្ងៃច័ន្ទ។
«ជាលើកទីមួយហើយចាប់តាំងពីឆ្នាំ២០០០នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងនាយករដ្ឋមន្រ្តី Medvedev ប្រាក់ចំណូលគ្រួសាររបស់ប្រជាពលរដ្ឋសាម្មញធ្លាក់ចុះ។ បញ្ហានេះនឹងកើតឡើងនៅឆ្នាំក្រោយទៀត»។
លោក Kudrin បាននិយាយថា ការនាំចូលរបស់រុស្ស៊ីនឹងធ្លាក់ចុះ៤០ភាគរយនៅឆ្នាំក្រោយ ដែលនឹងប៉ះពាល់យ៉ាងខ្លាំងលើគម្រោងសាងសង់និងការវិនិយោគទុនមួយចំនួន។ លោកនិយាយបន្ថែមទៀតថា ជម្លោះដ៏ក្តៅងំក្នុងប្រទេសអ៊ុយក្រែនអាចនាំឲ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើង ដែលនឹងធ្វើឲ្យអន្តរាយដល់វិធានការរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូដើម្បីរារាំងការធ្លាក់ចុះសេដ្ឋកិច្ច។
ពួកមន្រ្តីរុស្ស៊ីបានស្តីបន្ទោសប្រទេសលោកខាងលិចចំពោះវិបត្តិហិរញ្ញវត្ថុនេះ។
ក៏ប៉ុន្តែ ពួកអ្នកវិភាគខ្លះនិយាយថា ៣ឆ្នាំខាងមុខទៀតនឹងមានការលំបាកខាងសេដ្ឋកិច្ចសម្រាប់ប្រទេសរុស្ស៊ី ទោះបីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចត្រូវលុបចោលក៏ដោយ។
«មូលហេតុសំខាន់បំផុតចំពោះការធ្លាក់ចុះប្រាក់រូបនេះគឺការធ្លាក់ចុះតម្លៃប្រេង។ ការនាំចេញប្រេងនិងឧស្ម័នរបស់រុស្ស៊ីតំណាងឲ្យផ្នែកដ៏ធំមួយនៃសេដ្ឋកិច្ចរុស្ស៊ី។ វាប្រាកដជាប៉ះពាល់តុល្យភាពនៃការចំណាយរបស់រុស្ស៊ីនិងសមត្ថភាពរបស់រុស្ស៊ីនៃការនាំទំនិញចេញ»។
និយ័តកររុស្ស៊ីបានកាន់កាប់ធនាគារនាំមុខមួយកាលពីថ្ងៃច័ន្ទ ហើយកំពុងផ្តល់ប្រាក់ជំនួយ៥៤០លានដុល្លាដើម្បីជួយសង្គ្រោះធនាគារកុំឲ្យក្ស័យធន។ ធនាគារនៅទូទាំងប្រទេសរុស្ស៊ីបានរាយការណ៍ថា អ្នកទុកប្រាក់ដ៏ច្រើនក្នុងធនាគារ កំពុងដកប្រាក់របស់ខ្លួនកាលពីសប្តាហ៍មុន ហើយអ្នកទុកប្រាក់ក្នុងធនាគារខ្លះបានរាយការណ៍ពីការពិបាកដកប្រាក់ពីធនាគារ។ ធនាគារកណ្តាល បានបង្កើនអត្រាការប្រាក់ពី១០ភាគរយទៅ១៧ភាគរយដើម្បីធ្វើឲ្យរូបិយ៍បណ្ណមានស្ថិរភាព៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន