ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ទីក្រុង​ភ្នំពេញ​ក្រោម​ដំណំ​ទឹកភ្លៀង​ និង​ការ​ជន់​លិច​នា​រដូវ​វស្សា


ស្រ្តី​ម្នាក់​កំពុង​បណ្តើរ​ម៉ូតូ​ដែល​ខូច​ដោយសារ​ទឹក​លិច​ ​លើ​បណ្តោយ​ផ្លូវ​ហ្សាល​ដឺហ្គោល រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
ស្រ្តី​ម្នាក់​កំពុង​បណ្តើរ​ម៉ូតូ​ដែល​ខូច​ដោយសារ​ទឹក​លិច​ ​លើ​បណ្តោយ​ផ្លូវ​ហ្សាល​ដឺហ្គោល រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ជារៀងរាល់​ឆ្នាំ ពេល​មានភ្លៀង​ធ្លាក់ខ្លាំង​ កំណាត់​ផ្លូវ​តូច​ធំ​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ ​តែង​តែ​លិច​លង់​ដោយសារជំនន់​ទឹក​ភ្លៀង ខណៈ​ដែល​កន្លែង​ខ្លះ​ទៀត ទឹក​ភ្លៀង​លាយ​ឡំ​នឹង​ទឹកស្អុយ បាន​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដែល​បង្ក​ជាក្តី​កង្វល់​និង​បញ្ហា​នានា។

កំពុង​អង្គុយ​នៅមុខ​ផ្ទះ ដែល​មាន​លក់​ចាប់​ហួយ​តូច​មួយក្នុង​សង្កាត់​បឹងទំពុន​ ២ ខណ្ឌមានជ័យ កាលពី​ថ្ងៃ​ទី​ ១២ ខែកក្កដា អ្នកស្រី ចាន់ សូវឿន លើកឡើងថា រាល់​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ ដង​ផ្លូវខាង​មុខ​ផ្ទះ​ជួល​របស់​អ្នកស្រី តែង​លិច​ជ្រៅ​ រហូត​មិន​អាច​ធ្វើ​ដំណើរ​បាន។

ចំណែក​ផ្ទះ​អ្នក​ស្រី​ដែល​រាប​ផ្ទាល់​ដី ក៏​លិច​ចូល​ជិត​កន្លះ​ម៉ែត្រ ហើយ​ធ្វើ​ឲ្យ​អ្នក​ស្រី​ សូវឿន ដែលមាន​កូន​តូចៗ ២ នាក់រូបនេះ ត្រូវ​បង្ខំ​ចិត្ត​ជញ្ជូន​កូន​ទៅ​ស្នាក់នៅ​ផ្ទះ​របស់​សាច់ញាតិមួយ​រយៈ​ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព ដែល​បណ្តាលមក​ពីរចន្ត​អគ្គិសនី​និង​សត្វ​អសិរពិសជាដើម។

«ពេល​លិច​រហូត ខ្លាច​វា​រមាស់វាអី។ ណាមួយ​ខ្លាច​ពស់ ខ្លាច​អី​ដែរចឹង វា​តាម​ទឹក។ ហើយ​ទឹក​ជ្រៅ មិនមែន​ទឹក​រាក់​ឯណា។ ហើយ​បើ​ដូច​បងមាន​កូន​តូចរាល់​ថ្ងៃ​បង​ខ្លាច​ដែរ​តើ ខ្លាច​សត្វ​ខ្លាច​អី​ចឹង​ហា៎។ យើង​ចេះ​តែការពារ​ទៅ»។

ស្រ្តីវ័យ​ ៤១ ​ឆ្នាំ​រូបនេះ​ បាន​រៀបរាប់​បន្ថែម​ថា ​អ្នក​ស្រី​រស់នៅផ្ទះ​ជួល​នោះ​ប្រមាណ​ជា​បួន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ទឹកលិច​តំបន់​នោះ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ ទៅ​ពីរ​ឆ្នាំ​នេះ​ប៉ុណ្ណោះ។

«ពីមុន​ខ្ញុំ​នៅ​ហ្នឹង​អត់​សូវ​លិច​ខ្លាំង​ទេ ប៉ុន្តែ​មួយ​វឹក [មួយ​រយៈ] ហ្នឹង ប្រហែល​ជា​ប្រមាណដូច​ជា​មួយ​ឆ្នាំ ពីរ​ឆ្នាំ​ហ្នឹង ខ្ញុំ​ឃើញ​ទឹក​លិចខ្លាំង​តែម្តង។​ សូម្បី​តែ​ខ្ញុំ​អ្នក​លក់​ដូរ​ហ្នឹង ​ខ្ញុំ​ហត់​ដែរ​តើ ពេល​ភ្លៀង​ដូច​ពិបាក​រឿងទឹក​លិច​ ពិបាក​រស់នៅ​តែម្តង»។

ភ្នំពេញ​ក្រោម​ដំណំ​ទឹកភ្លៀង

ជំនន់​ទឹកភ្លៀង​បណ្តាល​ឲ្យ​លិចផ្លូវ និង​លិច​ចូល​ផ្ទះ​ប្រជាពលរដ្ឋនេះ មិន​ត្រឹម​តែ​បង្ក​ផល​រំខាន​ដល់​ការ​រស់​នៅខ្លាំង​នោះ​ទេ វា​ថែម​ទាំង​បំផ្លាញ​យានយន្ត បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ និងធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​រង​ការ​ខូច​ខាត​ជាច្រើន​ផង​ដែរ។

អ្នកស្រី​ ចាន់ សូវឿន ពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​បឹងទំពុន​២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កំពុង​អង្គុយ​មុខ​ផ្ទះ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី​ ចាន់ សូវឿន ពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​បឹងទំពុន​២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កំពុង​អង្គុយ​មុខ​ផ្ទះ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នកស្រី ចាន់ សូវឿន បាន​លើក​ឡើងថា រាល់ពេល​មាន​ភ្លៀង​លិច​ផ្លូវ និង​លិច​ចូលផ្ទះ កូនតូចៗ​របស់​អ្នកស្រី​មិន​បាន​ទៅរៀន សម្ភារៈក្នុង​ផ្ទះ​មួយ​ចំនួន​ត្រូវខូច​ខាត ចំណែក​ម៉ូតូពេល​ខ្លះ​ខូច​ដោយសារ​ចូល​ទឹក ហើយ​បណ្តាល​ឲ្យ​ខាត​ពេល​វេលា​យ៉ាង​ច្រើន​ ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។

ចំណែក​លោក យុត សង្ហារ ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ក៏​បាន​ឆ្លងកាត់​បទពិសោធន៍​ស្រដៀង​គ្នា​នឹង​អ្នកស្រី សូវឿន ដែរ។

«ពេល​ដែល​យើង​លិច​ទឹកទៅ វា​ធ្វើ​ឱ្យ​ខាត​ពេល​វេលា​យើង ខាត​ទាំង​ថ្លៃ​ជួស​ជុល​ម៉ូតូ​អី​ផ្សេងៗ។ ពាក់ព័ន្ធ​មួយទៀត ដោយសារ​តែយើង​មក​ពីខេត្ត យើង​ធ្វើ​ការ យើង​ត្រូវ​ចំណាយ​លុយ​លើការ​ធ្វើ​ម៉ូតូ​ញឹកញាប់​ ដោយសារ​តែឥលូវ​វារដូវ​វស្សា​ដែរ ដល់ពេល​តិចៗ​ងាក​ខូចៗ​អ៊ីចឹង​ វាប៉ះពាល់​ច្រើន​មែន​ទែន»។

បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់​ឆ្នាំងរូប​នេះ​ បាន​ចង្អុល​បង្ហាញ​កត្តា​ពីរ​ ដែល​លោក​យល់​ថា ​បណ្តាល​ឲ្យ​មាន​ការ​ជន់​លិច​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ រាល់​ពេល​មាន​ភ្លៀង​ធ្លាក់​នេះ។ កត្តា​មួយ​នោះ គឺ​ការចាក់​លុប​បឹង​ធម្មជាតិ​ និង​ការរៀប​ចំ​ប្រព័ន្ធ​លូ​ក្នុង​ក្រុង​មិន​ទាន់​បាន​ត្រឹម​ត្រូវ​និង​មាន​ប្រសិទ្ធភាព។

លោក​ យុត សង្ហារ ថ្លែង​ថា៖ «នៅ​តាមខេត្ត​ដែល​មើល​ទៅ​ វា​មានប្រព័ន្ធ​ទឹក​អី​ធំៗ ដូច​ជាអត់​មាន​បញ្ហា​អី​ផង រឿង​ភ្លៀង​ប៉ុណ្ណឹង។​ រហូត​ដល់​ភ្លៀងរាល់​ថ្ងៃ​ដល់​ទៅ​មួយអា​ទិត្យ​អី​ជាប់​គ្នា​ បាន​វា​លិច តែ​នេះ​ភ្លៀងគ្រាន់​តែបីបួន​ម៉ោង លិច​អស់​បាត់​ទៅ​ហើយ»។

រាល់​ពេលមានភ្លៀង​មួយ​មេ​ធំ គេ​ឃើញ​កំណាត់​ផ្លូវ​ទាំង​តូចទាំង​ធំ​មួយ​ចំនួនក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ជន់​លិច ដែល​កន្លែងខ្លះ​លិច​ត្រឹម​ជង្គង់ កន្លែង​ខ្លះ​លិច​ត្រឹម​ភ្លៅ។

អ្នក​បើក​បរម៉ូតូ និង​ម៉ូតូ​កង់​បី​មួយ​ចំនួន ចុះ​បណ្តើរ​ដោយ​សារ​ម៉ាស៊ីន​ចូល​ទឹក​រលត់។ រថយន្ត​ខ្លះ ​ត្រូវ​ចត​ចោល​លើ​ផ្លូវ ខ្លះ​ចត​ចោល​លើ​ចិញ្ចើម​ផ្លូវ។ ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ក៏​ត្រូវ​រើ​សម្ភារៈ​ក្នុង​ផ្ទះ​ឱ្យ​ខ្ពស់​ជាង​ទឹក ខ្លះ​ក៏​អង្គុយ​បាច​ទឹក​ចេញ​ពីក្នុង​ផ្ទះ​ជាដើម។

ទិដ្ឋភាព​ទាំងនេះ​កើត​ឡើង​ជា​រៀងរាល់​ឆ្នាំ ហើយ​ស្ថានភាពទឹកភ្លៀង​ជន់​លិច​ក្រុង​នេះ​ ក៏​ហាក់កើត​ឡើង​កាន់តែ​ញឹកញាប់ ​និង​ធ្ងន់ធ្ងរ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

កុមារី​ពីរនាក់​កំពុង​ដើរ​កាត់​ទឹកដែល​លិចត្រង់​ស្តុប​ផ្លូវ​លេខ​១៣៩ កែង​ផ្លូវ​ហ្សាល​ដឺហ្គោល រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
កុមារី​ពីរនាក់​កំពុង​ដើរ​កាត់​ទឹកដែល​លិចត្រង់​ស្តុប​ផ្លូវ​លេខ​១៣៩ កែង​ផ្លូវ​ហ្សាល​ដឺហ្គោល រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ចាក់​ដី​លុបបឹង​ធម្មជាតិ​

បញ្ហា​ទឹកភ្លៀង​ជន់​លិចផ្លូវ​និង​ផ្ទះ​សម្បែង​ក្នុង​រាជធានីភ្នំពេញ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ តែង​ត្រូវ​បានរដ្ឋាភិបាល​ ជាពិសេស​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​ជារឿយៗ​ថា បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង និង​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​មិន​គ្រប់គ្រាន់។ ក៏​ប៉ុន្តែ​ក្រុមអង្គការ​សង្គម​ស៊ីវិលយល់​ថា ការ​ចាក់​ដី​លុប​បឹង​ធម្មជាតិ​ជាច្រើននៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ គឺ​ជា​មូលហេតុ​ដ៏​ចម្បង​មួយ​។

លោក ស៊ាង មួយឡៃ ប្រធាន​កម្មវិធី​សិទ្ធិ​រស់នៅ​ក្នុង​ទីក្រុង​នៃ​អង្គការ​សមាគម​ធាងត្នោត លើក​ឡើងថា ​ការ​ចាក់​លុប​បឹង​សំខាន់ៗ​ គឺជា​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​រាជធានី​ភ្នំពេញ​ តែង​រង​ការ​ជន់​លិច​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង។

លោក​បញ្ជាក់​ថា មាន​អំណះអំណាង​ជា​ច្រើន​ដែល​ឆ្លើយ​តប​នឹង​ការ​លើកឡើង​របស់​រដ្ឋាភិបាល​ដែល​ថា ការ​លិច​រាជធានី​ភ្នំពេញ​ដោយសារ​ជំនន់​ទឹក​ភ្លៀង គឺ​បណ្តាល​មកពីភ្លៀង និង​បណ្តាល​មកពី​សំរាម ប៉ុន្តែ​លោក​ថា អំណះអំណាង​ ទាំងនោះ ​គឺ​មិន​សម​ហេតុ​ផលនិង​គ្រប់ជ្រុងជ្រោយ​នោះ​ទេ។​

«ពេល​ខ្លះ ​ភ្លៀង​ធ្លាក់​ខ្លាំង​ មិនមែន​ជា​បញ្ហា​ទេ។ បញ្ហា​គឺ​តើ​យើង​ដោះស្រាយ​ពាក់ព័ន្ធ​ជាមួយ​ទឹក​ភ្លៀងខ្លាំង​ហ្នឹង​ដោយ​វិធី​ណា តើច្រក​ណានៅ​ពេលដែល​ភ្លៀង​ធ្លាក់​ខ្លាំង ដែលទឹក​អាចហូរ​បាន។ អាហ្នឹង​ជា​បញ្ហា​ និងជាដំណោះស្រាយ។ អ៊ីចឹងបើសិន​ជា​ភ្លៀង​ធ្លាក់ខ្លាំង ​យើង​មាន​ប្រព័ន្ធបឹងក្នុងការ​ឱ្យ​ទឹក​ភ្លៀង​ធ្លាក់​ខ្លាំង ​ធ្លាក់ចូល​ក្នុង​អាង​រំដោះ​ទឹក​ហ្នឹង។ អាហ្នឹង​ទោះបី​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុណ្ណា ក៏​វាមិនមែន​ជា​បញ្ហាដែរ»។

លោក​លើក​ឡើង​ទៀត​ថា៖ «ពាក់ព័ន្ធនឹង​ការ​ដាក់​បន្ទុក​លើ​បញ្ហា​សំរាមអីហ្នឹង អាហ្នឹងវា​អាចមួយ​ជ្រុង​ដែរ។ ប៉ុន្តែ​យើង​សួរ​សំណួរថា បើសិន​ជា​សម្អាត​សំរាម​ហើយ តើ​អាច​ធានា​បាន​នូវទឹក​មិន​ជន់​លិច​ទីក្រុង​ទេ? អ្វី​ដែល​ខ្ញុំ​មើល​ និង​សង្កេត​ឃើញ​ជាក់​ស្តែង ទោះបីជាសម្អាត​សំរាម​ហើយ​ក៏​ដោយ ទោះបីជាប្រព័ន្ធលូតំបន់​ខ្លះ​អត់​មាន​សំរាម​កកស្ទះក៏​ដោយ ក៏​នៅ​តែមាន​ទឹក​ជន់​លិច​ដូច​តែគ្នា​ហ្នឹង។ អី​ចឹង ខ្ញុំគិត​ថា អាហ្នឹង​វា​មិនមែន​ជាបញ្ហា​ចម្បងសំខាន់​ទេ​ វា​នៅ​តែ​សំខាន់​ទៅ​លើ​ប្រព័ន្ធ ឬ​ក៏អាង​រង​ទឹក​ភ្លៀង ពោល​គឺបឹង​នៃ​ផ្នែក​មួយរំដោះ​ទឹក​ហ្នឹង​ហើយ»។

លោក ស៊ាង មួយឡៃ បញ្ជាក់​ថា បច្ចុប្បន្ន ​ផ្ទៃ​បឹង​មួយ​ចំនួន​ដូចជា​បឹង​ទំពុន និង​បឹង​តាមោក​ជាដើម កំពុង​បន្ត​ត្រូវ​បាន​ចាក់​លុប ហើយ​ប្រសិន​បើ​ការ​ចាក់​លុប​នោះ​ត្រូវ​បាន​បំពេញ​ទៅ​តាម​ទំហំ​ដែល​រដ្ឋាភិបាល​កាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​ឯកជន ​ដើម្បី​សាងសង់​អគារ​ផ្សេងៗ នោះ​ភ្នំពេញនឹង​ប្រឈម​នឹង​ការ​លិច​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន​នេះ​ទៅ​ទៀត។

បឹងជើងឯក ឬបឹងទំពុន កំពុង​ត្រូវ​បាន​ចាក់​លុប​ជាបន្ត​បន្ទាប់ ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
បឹងជើងឯក ឬបឹងទំពុន កំពុង​ត្រូវ​បាន​ចាក់​លុប​ជាបន្ត​បន្ទាប់ ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

នៅ​រាជធានី​ភ្នំពេញ បឹង​ធម្មជាតិ​ចំនួន ​១៦ ក្នុង​ចំណោម​បឹង​ធម្មជាតិ​ចំនួន ​២៦ ​គឺ​ស្មើ​នឹង​ ៦០​ភាគ​រយ​នៃ​ផ្ទៃ​ដី​បឹង​ទាំង​អស់ ត្រូវ​បាន​គេ​លុប​ទាំងស្រុង ហើយ​បឹង​ចំនួន​១០ទៀត កំពុង​ត្រូវ​បាន​គេ​ចាក់​លុប​ផ្នែក​ខ្លះ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩០ មក។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត​ ក្រោម​ចំណង​ជើង​ថា «បឹង​ចុងក្រោយក្នុង​រាជធានី​ភ្នំពេញ» ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែធ្នូ ឆ្នាំ២០១៩។

របាយ​ការណ៍​ដែល​មាន​កម្រាស់​ជាង​ ៣០​ ទំព័រ​នោះ​ បង្ហាញ​ថា​ បឹង​ទំពុន ១ ​បឹង​ទំពុន ២​ និង​បឹង​ជើង​ឯក ​ត្រូវ​បាន​លុប​ដោយ​ផ្នែក​ និង​កំពុង​លុប​ជាបន្ត​បន្ទាប់។​ ចំណែក​បឹង​តាមោក ​ឬ​បឹង​កប់​ស្រូវ​ ក៏​ត្រូវ​បាន​លុប​ខ្លះៗ​ដែរ​។

របាយការណ៍​ដដែល​បន្ថែម​ថា ​ប្រសិនបើ​ស្ថានភាព​នៃ​ការ​ចាក់​លុប​បឹងធម្មជាតិនៅ​តែ​បន្តក្នុង​អត្រា​ដូច​បច្ចុប្បន្ន​នេះ នោះ​រាជធានី​ភ្នំពេញ​និង​តំបន់​ជុំវិញ នឹង​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹក​ជំនន់ រង​ការ​បាត់បង់​ជលផល​ត្រី និង​បាត់បង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កង្វក់​បែប​ធម្មជាតិ ហើយ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទៀត​ផង។

ករណីការ​លុប​បឹង​នៅ​រាជធានីភ្នំពេញ​ដ៏​ចម្រូង​ចម្រាស​បំផុត​ គឺ​ការ​លុប​បឹងកក់ ​ដែល​មាន​ទំហំ​ ១៣៣ ហិកតា។ បឹង​កក់ ធ្លាប់ជា​បឹង​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​មនុស្ស​រាប់ពាន់​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សហគមន៍​មាត់​ទឹក ហើយ​បូម​ខ្សាច់​មក​បំពេញ បន្ទាប់​ពី​បឹងនេះ​ត្រូវ​បាន​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ ដែល​ដឹកនាំ​ដោយ​អ្នក​នយោបាយ​ដ៏​មា​ន​អំណាច​មួយ​រូប​ កាលពី​ឆ្នាំ ២០០៧។

និន្នាការ​នៃ​ការ​លុប​បឹង​បាន​និង​កំពុង​បន្ត​រហូត​ដល់​បច្ចុប្បន្ន​នេះ។ តួយ៉ាង​បឹង​ទំពុន ឬ​បឹង​ជើង​ឯក ​ដែល​មាន​ទំហំ​ប្រមាណជា​ ២,៦០០ ហិកតា​ ត្រូវ​បាន​ចាក់​លុប​ជាបន្ត​បន្ទាប់ប្រមាណជា​ ១,៥០០ ​ហិកតា ដើម្បី​សាង​សង់​អគារ​អចលនទ្រព្យ​ ដោយ​ក្រុមហ៊ុន​អាយអិនជី​ ហូលឌីង ​(ING Holdings) ​ដែល​មាន​ឧកញ៉ា ​អ៊ឹង ប៊ុនហ៊ូវ ​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល ​និង​សាជីវកម្ម​ឯកជន​ផ្សេង​ទៀត ​រួម​មាន​ក្រុមហ៊ុន​ជីបម៉ុង​ អ៊ីអនម៉ល​ អ័រគីដេវីឡា ​និង​បុរីប៉េងហួត​ជាដើម។ នេះ​បើ​តាមរបាយការណ៍​ដែល​មាន​ចំណង​ជើង​ថា​ «ការ​បាត់​បង់​បឹងទំពុន៖​ ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​សង្គម​ និង​សិទ្ធិ​មនុស្ស​ពី​ការ​បំផ្លិច​បំផ្លាញ​តំបន់​បឹងទំពុន ​ឬជើង​ឯក» ចេញកាល​ពី​ខែ​កក្កដា ឆ្នាំ​២០២០។

របាយការណ៍ដែល​ចង​ក្រង​រួមគ្នាដោយ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បណ្តាញ​យុវជន​កម្ពុជា​ អង្គការ​សមធម៌​កម្ពុជា​ អង្គការ​សមាគម​ធាង​ត្នោតនេះ​បង្ហាញ​ថា តំបន់​បឹងទំពុន​ស្ថិត​នៅ​ភាគខាងត្បូងនៃរាជធានីភ្នំពេញ​ជាប់​ខេត្ត​កណ្តាល គឺ​ជាតំបន់​ការ​ពារ​ទឹក​ជំនន់​ដ៏​សំខាន់​សម្រាប់​រាជ​ធានី​ភ្នំពេញ។ បឹង​ធម្មជាតិ​នេះ ក៏​ជាប្រព័ន្ធ​ប្រព្រឹត្តិ​កម្ម​ទឹកស្អាត​តែមួយ​គត់​របស់​ទីក្រុង។ ក៏​ប៉ុន្តែ​ បច្ចុប្បន្ន​គម្រោង​អាយ អិន ជី ​ស៊ីធី ​និង​ក្រុមហ៊ុន​ដទៃ​ទៀត​ កំពុង​តែ​ចាក់​ដី ​និង​ខ្សាច់​បំពេញ​បឹង​ ដើម្បី​បង្កើត​ជា​តំបន់​អចលន​ទ្រព្យ។

​របាយ​ការណ៍​កម្រាស់​ជាង​ ៧០ ​ទំព័រ​នោះ ​ក៏​រក​ឃើញ​ថា ប្រជា​ពលរដ្ឋ​ជាង​មួយ​លាន​នាក់​នៅទីក្រុង​ភ្នំពេញ កំពុង​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​ អសន្តិសុខ​ស្បៀង​ ការ​បំពុល​ទឹក​ក្នុង​ទន្លេ​មេគង្គ​ ទន្លេ​បាសាក់​ដោយ​ទឹក​ស្អុយដែល​មិន​បាន​ចម្រោះ​ត្រឹមត្រូវ​ និង​ជា​ការ​បំពុល​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជា​ពលរដ្ឋ។

បច្ចុប្បន្ន បឹង​ធម្មជាតិ​ធំ​មួយ​ទៀត​ស្ថិត​នៅ​ភាគពាយព្យរាជធានី​ភ្នំពេញ ក៏កំពុងត្រូវ​បាន​ចាក់​ដី​លុប​ជាបន្ត​បន្ទាប់​ផង​ដែរ។ ប្រមាណ​ជាពាក់​កណ្តាល​នៃ​ផ្ទៃ​បឹង​តាមោក ឬបឹងកប់ស្រូវ ដែល​មាន​ទំហំ ៣,២០០​ហិកតា កំពុង​ត្រូវ​បាន​ផ្ទេរ​ដោយ​អនុក្រឹត្យ​នានា​ ទៅកាន់​ភ្នាក់ងារ​បុគ្គល​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​និង​ក្រុមហ៊ុនអចលន​ទ្រព្យ។​

តើ​ទឹកភ្លៀង​ហូរ​ទៅ​ណា បើ​គ្មាន​អាង​រំដោះ​ទឹក?

កាល​ពីខែឧសភា ​ឆ្នាំ​ ២០២០ រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ​លឹម គានហោ បាន​ចេញ​លិខិត​មួយច្បាប់ ព្រមានអំពីគ្រោះមហន្តរាយ​ដោយ​សារ​ទឹក​ជំនន់​ ក្រោយ​ពី​ក្រសួង​មើល​ឃើញ​ថា មាន​ការចាក់​ដី​លុប​ និងការសាង​សង់បិទផ្លូវ​ទឹ​កនានា​ជា​បន្តបន្ទាប់។

បើទោះបីជា​មាន​ការ​ចេញ​លិខិត​ព្រមាន​ពី​ក្រសួង​ធនធាន​ទឹក និង​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​លើ​សិទ្ធិ និង​បរិស្ថានក្តី ក៏គេ​នៅមើល​ឃើញ​ថា ការ​ចាក់​ដី​លុប​បិទ​ផ្លូវ​ទឹក ការ​រំលោភ​ច្រាំង​ទន្លេ អូរ ប្រឡាយ និង​បឹង​ធម្មជាតិ ​នៅតែ​បន្ត​កើត​មាន​ឡើង​ដដែល។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​ប្រាប់​ឱ្យ​សួរ​ទៅ​សាលា​រាជធានី​ភ្នំពេញ។​

លោក កើត ឆែ អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ​ លើកឡើង​ថា ជារៀងរាល់​រដូវ​វស្សា រាជធានី​ភ្នំពេញ​តែងរងការ​ជន់​លិច​ទឹក ដោយសារ​ធ្លាក់​ភ្លៀងខ្លាំង។ ប៉ុន្តែ​លោក​មិន​បកស្រាយ​លើ​ការ​លើកឡើង​របស់​អង្គការ​មួយ​ចំនួនដែល​ថា បញ្ហា​ភ្លៀង​លិច​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ​ បណ្តាល​មកពី​ការ​ចាក់​ដី​លុប​បឹង​នោះទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា៖

«សូម​ថា សង្គម​ស៊ីវិល​ណា​ដែល​គាត់​ចុះ​លក្ខន្តិកៈនៅ​ក្រសួង​មហាផ្ទៃ លើ​ផ្នែក​ការងារ​លូ ផ្នែក​អី​នេះ គាត់​អាច​មកពិ​ភាក្សា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​បាន​។ យើង​ស្វាគមន៍​ដើម្បី​ធ្វើកិច្ចការ​ជាមួយ​គាត់។ តែយើង​សំណូម​ពរកុំ​ឱ្យ​គាត់​លើក​តាម​អ្វី​ដែល​អ្នក​សារព័ត៌មាន​សួរ​គាត់ ដែល​ខុសអំពី​អ្វី​ដែលគាត់​បាន​ចុះ​លក្ខន្តិកៈ​នៅក្រសួង​មហាផ្ទៃ»។

ទោះយ៉ាង​ណា អភិបាល​រង​សាលារាជធានី​ភ្នំពេញ​រូប​នេះ​ បញ្ជាក់​ថា អាជ្ញាធរ​បាន​និង​កំពុង​ចាត់​វិធានការ​ក្នុងការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​លិច​ទឹក​នេះ​ជាបន្ត​បន្ទាប់ ដោយ​មាន​វិធានការ​ ៤ ចំណុច។

«​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រជុំ​មន្រ្តី​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​ធ្វើ​ការងារ​សំខាន់ៗ​មួយ​ចំនួន​ គឺ​ខិត​ខំ អប់រំ​បន្ត​ឲ្យ​ប្រជាពលរដ្ឋ​កុំ​យក​សំរាម យក​ស្អី​ទៅ​ដាក់​ក្នុង​លូ ឬដាក់​ក្នុង​ប្រឡាយ​ដែល​ធ្វើ​ឱ្យ​ចរន្ត​ទឹកវា​ហូរយឺតយ៉ាវ។ ទី ២ យើង​នឹង​បំពាក់​បន្ថែម​នូវ​ម៉ាស៊ីន​បូម​ទឹកមួយចំនួន​ថែម​ទៀត​ នៅ​តាម​ទីតាំង​ដែល​អាច​ពង្រីក​បាន​ ដើម្បី​ធានាបាន​នូវការ​លិច​លង់»។

លោក កើត ឆែ ៖ «ទី ៣ យើង​ពង្រឹង​នូវ​រាល់​ប្រព័ន្ធ​ប្រឡាយ​របស់​យើង​ទាំងអស់​ដែល​ទទួល​ការ​រំលោភ​បំពាន ការ​ចាក់​ដី​ចាក់​អី​ហ្នឹង យើង​នឹង​ធ្វើការ​កាយ​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​មានការ​គោក​រាក់​ដោយការ​រំលោភ​បំពាន។ ទី ៤ ​គឺ​ធ្វើ​ទំនើប​កម្ម​ឱ្យ​មានគុណភាព​ខ្ពស់ ម៉ាស៊ីន​បូម​ទឹក​មួយ​ចំនួន។ ឧទាហរណ៍ថា​ ម៉ាស៊ីន​បូម​ទឹក​មួយ​ចំនួនដែលយើង​ប្រើ​ទៅវាមាន​គុណភាព​អន់ យើង​ត្រូវបំពាក់​ឱ្យ​បាន​ខ្លាំង​ជាង​មុន​ ដើម្បី​បូម​ឱ្យ​វិនាទី​ដូចគ្នា​ តែបូមទឹក​បាន​ច្រើន»។

ក៏ប៉ុន្តែ​សំណួរ​ដ៏​សំខាន់​មួយ​គឺ​ថា បើ​ប្រព័ន្ធ​ប្រឡាយ និង​ប្រព័ន្ធ​លូ​ត្រូវបាន​កែប្រែ​ឲ្យ​ប្រសើរ​ហើយ​នោះ តើ​ទឹកភ្លៀង​ដែល​ហូរ​ចូល​ប្រឡាយ​ និង​លូ​ទាំង​នោះ នឹងហូរ​ធ្លាក់​ទៅណា បើ​អាង​រំដោះ​ទឹក​ធម្មជាតិ​ ដែល​ជា​បឹង​នានា​ក្នុង​ក្រុង ត្រូវបានលុប​បំបាត់​នោះ។ ​

លោក ស៊ាង មួយឡៃ ​ ប្រធាន​កម្មវិធី​សិទ្ធិ​រស់នៅ​ក្នុង​ទីក្រុង​នៃ​អង្គការ​សមាគម​ធាងត្នោត​ លើកឡើងថា៖

«បើសិនជា​ចង់​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ជាមួយទឹក​ជំនន់​ក្នុង​ទីក្រុង​នេះ ចង់​ឲ្យ​រដ្ឋាភិបាល​គិត​គូរ​ទៅលើ​ការ​រក្សា​បឹង​ធម្មជាតិ​ក្នុង​ទីក្រុងឲ្យ​បាន​ច្រើន រក្សា​តំបន់​បៃ​តង ឬ​ក៏​ដី​លំហសាធារណៈ ដែល​អាច​បង្កើតសុខុមាលភាព​ជូនប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ហើយ ហើយ​វា​ក៏​ដើរ​តួនាទីសំខាន់​ក្នុង​ការ​ស្រូប​យក​ទឹក​ភ្លៀង​ក្នុង​ទីក្រុង​ហ្នឹង​ដែរ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG