ទិន្នន័យអ្នកឆ្លងថ្មីនៃមេរោគអេដស៍នៅកម្ពុជាមានការថយចុះចំនួន ១០០ ករណីជារៀងរាល់ឆ្នាំ ក្នុងរយៈពេលបីឆ្នាំចុងក្រោយ ប៉ុន្តែអ្នកជំនាញបន្តជំរុញឱ្យអ្នកពាក់ព័ន្ធបង្កើនការប្រុងប្រយ័ត្ន និងទប់ស្កាត់។
សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងយូអិនអេដស៍ (UNAIDS) នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៤ បានឱ្យដឹងថា និន្នាការនៃការឆ្លងថ្មីនៃមេរោគអេដស៍មានការថយចុះពីចំនួន ១.៤០០ នាក់(មួយពាន់បួនរយ) នៅឆ្នាំ ២០២១ មកត្រឹម ១.៣០០ នាក់ នៅឆ្នាំ ២០២២ និងមកត្រឹម ១.២០០ នាក់ នៅឆ្នាំ ២០២៣។ សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា ទិន្ន័យឆ្លងជំងឺអេដស៍ថយចុះបង្ហាញពីវឌ្ឍនភាពល្អ ប៉ុន្តែមិនទាន់ឆ្លើយតបទៅនឹងគោលដៅដែលកំណត់នៅឆ្នាំ ២០២៥ត្រូវថយចុះក្នុងរង្វង់ ២០០ នាក់ ក្នុងមួយឆ្នាំ។
អ្នកកើតមេរោគអេដស៍ថ្មីក្នុងចំណោមប្រជាជនទូទៅមានការថយចុះ ប៉ុន្ដែការឆ្លងថ្មីនៃមេរោគអេដស៍ក្នុងចំណោមប្រជាជនគន្លឹះ រួមមានក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមស្ត្រីបម្រើក្នុងសេវាកម្សាន្ត ក្រុមអ្នកប្រើប្រាស់គ្រឿងញៀន និងក្រុមយុវវ័យដែលមានអាយុពី ១៥ ឆ្នាំ ដល់ ២៤ ឆ្នាំ នៅតែប្រឈមខ្ពស់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រាប់វីអូអេថា មូលហេតុដែលក្រុមអ្នកស្រឡាញ់ភេទដូចគ្នាបុរស និងបុរស និងក្រុមបំប្លែងភេទងាយប្រឈមនឹងកើតឆ្លងមេរោគអេដស៍ដោយសារការរួមភេទអសុវត្ថិភាព។
លោក ឈឹម ឃិនដារ៉េត ថ្លែងថា៖ «ក្រុមបុរសរួមភេទជាមួយបុរស និងក្រុមបំប្លែងភេទមានការឆ្លងមេរោគអេដស៍ខ្ពស់ ដោយសារពួកគាត់មានដៃគូច្រើន និងបានប្រព្រឹត្តការរួមភេទដោយមិនបានប្រើប្រាស់វិធីសាស្ត្រការពារត្រឹមត្រូវ ដូចជាការប្រើប្រាស់ស្រោមអនាម័យ (Condom) ឬការប្រើឱសថបង្ការជាមុន (PrEP) ជាដើម» ។
លោក ឈឹម ឃិនដារ៉េត បន្ថែមថា ការងារទប់ស្កាត់នឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ត្រូវមានការចូលរួមពីអង្គការដៃគូ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកផ្ទុកមេរោគអេដស៍ និងក្រុមអ្នកប្រឈមមុខនៃការឆ្លងមេរោគអេដស៍។
តាមការប៉ាន់ប្រមាណនៅឆ្នាំ ២០២៣ អ្នកផ្ទុកមេរោគអេដស៍មានចំនួន ៧៦.០០០ នាក់។ នៅត្រីមាសទី ១ ឆ្នាំ ២០២៤ អ្នកផ្ទុកមេរោគអេដស៍ដែលមកទទួលសេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ARV) មានចំនួន ៦៨.១៥១ នាក់។ នេះបើតាមលោក ឈឹម ឃិនដារ៉េត៕
វេទិកាបញ្ចេញមតិ