អ្នកតាមដានសង្គម និងគ្រូពេទ្យ ព្រួយបារម្ភចំពោះសុខភាពរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ផលិតផលអាហារបំប៉ន ឱសថ និងថ្នាំព្យាបាលដែលផ្សព្វផ្សាយលក់តាមបណ្តាញសង្គមហ្វេសប៊ុក ដោយគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។
ការបង្ហាញពីក្ដីព្រួយបារម្ភនេះធ្វើឡើងខណៈដែលក្រសួងសុខាភិបាលតែងចេញសេចក្តីប្រកាសព័ត៌មានពីការហាមឃាត់ការផ្សព្វផ្សាយ និងប្រើប្រាស់ផលិតផលអាហារបំប៉ន និងព្យាបាលសុខភាពមួយចំនួនដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល និងដែលកំពុងចរាចរណ៍លើទីផ្សារកម្ពុជា។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោក អ៊ួច វុទ្ធី ប្រាប់វីអូអេថា ការផ្សព្វផ្សាយលក់ផលិតផលព្យាបាលជំងឺផ្សេងនៅតាមបណ្ដាទំព័រហ្វេសបុកគឺជាការផ្សាយផលិតផលពាណិជ្ជកម្មរកលុយ និងមិនទាន់មានការបញ្ជាក់ពីខាងក្រសួងសុខាភិបាលនៅឡើយទេ។ លោកបន្តថា ការប្រើប្រាស់ថ្នាំដែលមិនមានការពិនិត្យពីខាងក្រសួង ឬគ្មានប្រភពច្បាស់លាស់អាចបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់នៅថ្ងៃខាងមុខ។
លោក អ៊ួច វុទ្ធី ថ្លែងថា៖ «ថ្នាំវាជាអាវុធមុខពីរ ប្រសិនបើបងប្អូននៅតែរកទិញផលិតផលទាំងនោះយកមកប្រើនេះហើយជាការធ្វើបាបខ្លួនឯងទៅថ្ងៃក្រោយ យើងមិនដឹងថាប្រឈមនឹងជំងឺផ្សេងៗជាច្រើនទៀតដូចជា ជំងឺខូចក្រលៀន ជំងឺទឹកនោមផ្អែម ជំងឺមហារីកទៅថ្ងៃក្រោយដែលយើងមិនអាចមើលឃើញ ពេលដែមើលឃើញវាហួសពេលបាត់ហើយ ហ្នឹងយើងប្រើវាខុស»។
លោក អ៊ួច វុទ្ធី បន្ថែមថា ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធគួរត្រួតពិនិត្យតាមដានការផ្សាយលក់ផលិតផល ឬថ្នាំក្លែងក្លាយទាំងនោះ ដើម្បីកុំឱ្យមានការផ្សព្វផ្សាយបន្តតាមអនឡាញ។
ចំណែកប្រធានមជ្ឈមណ្ឌលប្រជាជន ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ពលរដ្ឋតែងងាយរងគ្រោះដោយសារការផ្សព្វផ្សាយបោកប្រាស់របស់ផេកដែលលក់ផលិតផលព្យាបាលមួយចំនួននៅតាមបណ្ដាញសង្គម។
លោក យង់ គិមអេង ថ្លែងថា៖ «យើងដឹងហើយថាប្រជាពលរដ្ឋខ្មែរយើងគាត់ច្រើនតែទទួលរងគ្រោះ ព្រោះតែការចាញ់បោក ព្រោះគេយកមនុស្សមកបង្ហាញដូចមែនទែនដាក់ទៅឃើញជានេះជានោះ។ ឈឺជើងដើរអត់រួចគេដាក់ទៅក្រោកដើរធម្មតា សឹងថារត់ទៀត។ អ៊ីចឹងទាំងអស់នេះហើយយើងមិនដឹងថាគេក្លែងបន្លំយ៉ាងម៉េច យើងក៏មិនដឹងដែរ ប៉ុន្ដែសំខាន់បំផុតសំណូមពរប្រជាពលរដ្ឋកុំឱ្យជឿជាក់តទៅទៀត»។
លោកបន្តថា កត្តាដែលពលរដ្ឋទិញផលិតផលព្យាបាលទាំងនោះយកមកប្រើប្រាស់ ឬព្យាបាលដោយសារតែពលរដ្ឋមួយចំនួនអស់ជំនឿទៅលើការព្យាបាលរបស់មន្ទីរពេទ្យ។ លោកបន្ថែមថា ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធគួរត្រួតពិនិត្យការផ្សព្វផ្សាយលក់ផលិតផលព្យាបាលដែលគ្មានការចុះបញ្ជី ត្រូវទប់ស្កាត់មិនឱ្យមានសកម្មភាពនោះបន្តទៅទៀត។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបាននៅឡើយទេ។ ចំណែកអ្នកនាំពាក្យក្រសួងសុខាភិបាលលោក កុយ វ៉ាន់នី បដិសេធមិនអត្ថាធិប្បាយបន្ថែមដោយស្នើឱ្យទៅមើលសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ប្រាប់វីអូអេថា ក្រសួងព័ត៌មានកំពុងរៀបចំការណែនាំដើម្បីទប់ស្កាត់ការផ្សព្វផ្សាយលក់ផលិតផលថ្នាំព្យាបាលរបស់ទំព័រហ្វេសប៊ុកអាជីវកម្មមួយចំនួនដែលអះអាងថា អាចព្យាបាលជំងឺផ្សេងៗជាសះស្បើយដោយមិនចាំបាច់លេបថ្នាំ ឬទៅមន្ទីរពេទ្យ។
លោក ទេព អស្នារិទ្ធ ថ្លែងថា៖ «ក្រសួងព័ត៌មានសូមអំពាវនាវដល់អ្នកទាំងឡាយបាននឹងកំពុងបន្ដផ្សព្វផ្សាយពីប្រភេទផលិតផលសុខភាពដែលមិនបានទទួលបានការអនុញ្ញាតដោយក្រសួងសុខាភិបាល សូមឱ្យបញ្ឈប់សកម្មភាព ហើយត្រូវអនុវត្តតាមនីតិវិធីច្បាប់សម្រាប់ផលិតផលសុខភាពទាំងនោះឱ្យបានត្រឹមត្រូវជាមុនសិន។
អ្នកនាំពាក្យរូបនេះបន្ថែមថា ប្រសិនបើម្ចាស់ទំព័រហ្វេសប៊ុកទាំងនោះនៅតែបន្តផ្សព្វផ្សាយមិនពិត និងគ្មានការទទួលស្គាល់ច្បាស់លាស់ពីអាជ្ញាធរមានសមត្ថកិច្ច ក្រសួងនឹងអាចកោះហៅអ្នកពាក់ព័ន្ធចូលខ្លួន ដើម្បីណែនាំនិងសុំឱ្យបញ្ឈប់ជាបន្ទាន់។ ក្នុងករណីមិនអនុវត្តតាមការណែនាំក្រសួងអាចចាត់វិធានការតាមផ្លូវច្បាប់។
លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យ ប្រាប់វីអូអេថា ពាក់ព័ន្ធនឹងការនាំចូលផលិតផល ឬថ្នាំព្យាបាលផ្សេងៗស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល។ ចំណែកក្រសួងពាណិជ្ជកម្មដែលមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) មានតួនាទីតាមដាន ប្រមូលព័ត៌មាន និងការប្ដឹងពីអ្នកប្រើប្រាស់ទៅលើបញ្ហានៃការប្រើប្រាស់ដែលប៉ះពាល់ដល់សុខភាព ឬលុយកាក់។
លោក គឹម មាសសុខសីហា ថ្លែងថា៖ «ប៉ុន្ដែចំពោះមុខ គឺជាកិច្ចការងារទទួលការខុសត្រូវរបស់ក្រសួងសុខាភិបាល។ អ៊ីចឹងហើយបានជាយើងរកយន្ដការសហការគ្នា ដើម្បីធ្វើយ៉ាងណាក្រសួងពាណិជ្ជកម្មមុននឹងអនុញ្ញាតឱ្យមានលិខិតធ្វើអាជីវកម្មប្រកបមុខរបរអនឡាញ ទាល់តែអ្នកឯង[ម្ចាស់អាជីវកម្ម] មានការអនុញ្ញាតពីក្រសួងសុខាភិបាលសិន ទើបចេញលិខិតអនុញ្ញាតជូន នេះសម្រាប់ការប្រកបអាជីវកម្មអនឡាញ»។
ចាប់ពីដើមឆ្នាំ២០២៤មក ក្រសួងសុខាភិបាលបានហាមឃាត់ការផ្សព្វផ្សាយលក់ និងប្រើប្រាស់ផលិតផលអាហារបំប៉ន ថ្នាំព្យាបាល និងឱសថផ្សេងៗដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលយ៉ាងហោចណាស់ចំនួន៧មុខ រួមមាន CUR-D-HERB, Crestor 5mg, Crestor 10mg, Nexium 20mg, Nexium 40mg, Kestosteril tables និងHypoly៕
វេទិកាបញ្ចេញមតិ