ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ពិនិត្យ​ឈាម​អ្នក​ភូមិ​ក្រោយ​ពី​មាន​របាយការណ៍​ផ្ទុះ​មេរោគ​អេដស៍​ជា​ថ្មី​ទៀត


វិធានការ​នេះ​មាន​ឡើង​​​​ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​​ចំនួន​១៤​នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​២០​នាក់​នៅ​ក្នុង​ឃុំ​សំបួរមាស​ ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ​អេដស៍​​កាល​ពី​សប្ដាហ៍​កន្លង​ទៅ។

មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្ដាល​ បាន​បើក​ឲ្យ​មាន​ការ​ពិនិត្យ​ឈាម​ដល់​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​សំបួរមាស​ ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល​ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋចំនួន​១៤​នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​២០​នាក់​ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ​អេដស៍កាល​ពី​សប្ដាហ៍​កន្លង​ទៅ។

ប្រជា​ពលរដ្ឋ​ទាំង​១៤​នាក់​នោះ​ កំពុង​រស់​នៅ​ភូមិ​ពាម​ ស្ថិត​ក្នុង​ឃុំ​សំបួរមាស។ ពួក​គេ​ស្ថិត​ក្នុង​ចំណោមប្រជាពលរដ្ឋ​១.០៣៦នាក់​ ដែល​រស់​នៅ​ទីនោះ។

ប៉ុន្តែ មន្ត្រី​សុខាភិបាល​ខេត្ត​កណ្ដាល​ មាន​មន្ទិល​សង្ស័យ​ ហើយ​មិន​ទាន់​ទទួល​ស្គាល់ទិន្នន័យ​នេះ​ទេ។

លោក​ អ៊ុក ស៊ីថា​ ប្រធាន​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ និង​កាមរោគ​ ខេត្ត​កណ្ដាល​ មាន​ប្រសាសន៍​ថា​ មន្ទីរ​សុខាភិបាល​ខេត្ត​ មិន​ទាន់​ទទួល​ស្គាល់​ចំនួន​នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជា​ង​១០នាក់​នោះ​ទេ​ ដោយសារ​តែ​មន្ទីរ​សុខាភិបាល​ ពុំ​ទាន់​ទទួល​បាន​ទិន្នន័យ​ច្បាស់​លាស់។

«គេ​ថា​ ១២​នាក់​ ១៣នាក់​ ១៤​នាក់​ តែ​ទិន្នន័យ​នឹង ​ខ្ញុំ​អត់​អាច​ទទួល​យក​បាន​ ដោយសារ​អី?​ ដោយ​សារ​ថា​ វា​អត់​មាន​ទិន្នន័យ​ក្នុង​ដៃ»។​

លោក​ថ្លែង​បញ្ជាក់​ថា​ ក្រុម​ការងារ​មួយ​ នឹង​ត្រូវ​បង្កើត​ឡើង​ ដើម្បី​ទៅ​បូម​ឈាម​បញ្ជាក់​ពី​ប្រវត្តិ​នៃ​ការ​ឆ្លង​របស់​អ្នក​ផ្ទុក​មេរោគទាំង​នោះ។​

លោក​ អ៊ុក ស៊ី​ ថា ​ក៏​ពុំ​ទាន់​អាច​ឲ្យ​ដឹង​អំពី​មូលហេតុ​នៅ​ពី​ក្រោយ​នៃ​ការ​ឆ្លង​មេរោគ​នេះ​ ដែល​លោក​ជឿ​ថា​ នឹង​មិន​ដូច​ករណី​ឆ្លង ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​រកា​ ស្រុក​ សង្កែ​ ខេត្ត​បាត់​ដំបង​នោះ​ទេ។

«មិនៗ​ មិន​អាច​ ព្រោះ​ការ​ដែល​យើង​សាកល្បង​២៥០​នាក់​ មាន​តែ​បី​នាក់​ ប៉ុណ្ណឹង។ គិត​ថា​ មិន​អាច​ដូច​នៅ​រកា​បាន​ទេ» ។

ក៏ប៉ុន្តែ បន្ទាប់​ពី​ការ​បញ្ចប់​ដំណើរ​ការ​ពិនិត្យឈាម​ ដែល​ធ្វើ​ឡើង​ពី​ម៉ោង៧​ព្រឹក​ រហូត​ដល់​ម៉ោង​ជិត​៤:៣០​នាទី​រសៀល​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ លោក​ អ៊ុក ស៊ី​ថា បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ដែល​មក​ពិនិត្យ​ឈាម​ទាំង​អស់​នោះ​ មាន​ចំនួន​សរុប​ ២៧៩នាក់។​

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​អស់​នោះ​ មាន​ប្រជាពលរដ្ឋ​៤​នាក់​ ត្រូវ​រក​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ​អេដស៍។ ក្នុង​នោះ​ មាន​ស្ត្រី​ ៣នាក់ និង​បុរស​ម្នាក់។​ ស្ត្រី​ដែល​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​នេះ​ គឺ​មាន​អាយុ​ ២៧​ឆ្នាំ​ ហើយពីរ​នាក់​ផ្សេង​ទៀត​ គឺ​មាន​អាយុ​ ៥៦​ឆ្នាំ​ និង​ ៦៣ឆ្នាំ​ ខណៈ​ដែល​បុរស​ដែល​រក​ឃើញ​ថា​មាន​មេរោគ​នេះ​ដែរ​ មាន​អាយុ​៦៣​ឆ្នាំ។

យ៉ាង​ហោច​ណាស់​ មាន​ពលរដ្ឋ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ចំនួន​២៨០​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ការ​ឆ្លង​មួយ ​ដែល​គេ​ចោទ​ថា​បង្ក​ឡើង​ដោយ​គ្រូ​ពេទ្យ​ឯកជន​មិន​មាន​ច្បាប់​អនុញ្ញាត​នៅ​ក្នុង​ឃុំ​ម្នាក់​ ដែល​ប្រើ​ប្រាស់​ម្ជុល​ចាក់​ថ្នាំ​រួម​គ្នា​ក្នុង​ពេល​ព្យាបាល​អ្នក​ជំងឺ។

តុលាការ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ កាល​ពី​ខែ​តុលា​ឆ្នាំ​ ២០១៥​ បាន​សម្រេច​ផ្ដន្ទាទោស​គ្រូ​ពេទ្យ​ម្នាក់​ ឈ្មោះ​ យ៉ែម ជ្រិន ​ឲ្យ​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ «ពី​បទ​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ បទ​ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ​ និង​បទ​ទារុណកម្ម» ប្រព្រឹត្ត​នៅ​ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង។

មនុស្ស​ចំនួនជាង​១០​នាក់​ដែល​បាន​ឆ្លង​មេរោគ​នេះ​ ត្រូវ​មន្ត្រី​សុខាភិបាលខេត្ត​បាត់ដំបង​ ឲ្យ​ដឹង​ថា​ បាន​ស្លាប់​បាត់​បង់​ជីវិត។​ មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​ភូមិ​នោះ​ បាន​អះអាង​ថា​ ពួកគេ​បាន​ទទួល​សេវា​ពិនិត្យ​ និង​ព្យាបាល​ដោយ​គ្រូ​ពេទ្យ ​យ៉ែម ជ្រិន​ ដែល​ជា​គ្រូ​ពេទ្យ​មាន​ប្រជាប្រិយ​ភាព​ម្នាក់​ប្រចាំ​ភូមិ។

អ្នក​ស្រី​ ប៊ូ កេត​ វ័យ​ ៦៧ ឆ្នាំ​ អ្នក​ភូមិ​ពាម ខេត្ត​កណ្តាល មានប្រសាសន៍​ទាំង​ក្ដុកក្ដួល​ចិត្ត​ នៅ​ពេល​ដឹង​ថា​ អ្នក​ស្រី​មាន​ផ្ទុក​មេរោគ​នេះ។​ អ្នក​ស្រី​ថ្លែង​ថា៖

«អ្នក​ដែល​កើត​ជាមួយ​ខ្ញុំ​ហ្នឹង​ សុទ្ធ​តែ​អត់​មាន​ប្ដី​សោះ​ សុទ្ធ​តែ​មេម៉ាយ រួចចាស់ៗ។​ ខ្ញុំ​នឹក​គុណ​ដែរ​ខាង​អង្គការ​ ខាងគេ​ចុះ​មក​ជួស​នឹង​ណា៎។​ អត់​ដឹង​ថា​គេ​ជួស​មើល​រោគ​អី​ទេ។ ថា​ពេទ្យ​គេ​មក​ជួស​ ឈាម​មើល​គេ​អីៗ​អ្ហ៎! អូ​ជួស​ទៅ​អញ្ចឹង​គិត។​ ចុះ​ទៅ​នាំ​គ្នា​ជួស​ ជួស​ទៅ ​វាចេញ​លទ្ធ​ផល​អញ្ចឹង​មក​នេះ។​ ដល់​អញ្ចឹង​គេឲ្យ​ទៅពេទ្យ​សម្ដេច​ឪ​ទៀត។​ ដល់​ទៅ​ វា​ទៀត។​ ទៅ​ទៀត​ទៅ​ ដល់​ពេល​ លើក​ក្រោយ​ទៅ​មួយ​សារ​ពី​ថ្ងៃ​ច័ន្ទ​ ទៅ​ម្ដង​ ថ្ងៃ​អង្គារ​ទៅ​ម្ដង​ទៀត​ វា​មាន​រោគ​អញ្ចឹង។​ រោគ​អញ្ចឹង​ គេ​ធ្វើ​ក្រដាស ធ្វើ​អ្វីឲ្យ​យើង​ណាត់​ថ្ងៃ​ជួប​បើក​ថ្នាំ​បើក​អី​ទៅ​ណា៎។ តែ​យើង​ អារម្មណ៍​របស់​យើង​ វា​នៅ​តែ​គិត​ថា​ វា​នៅ​តែ​ខ្មាស​គេ​អញ្ចឹង។​ វា​មិន​សម​ អា​យើង​ចំណាស់​ហ្នឹង​ហើយ​ ​ទៅ​មាន​រោគ​ចឹងៗ​នេះ»។

អ្នកស្រី​ ណែម​ យ៉ង់​ មេឃុំ​សំបួរមាស​ សំដែង​ក្ដី​តក់ស្លុត​ ចំពោះ​ប្រជាពលរដ្ឋ​១៤​នាក់​ដែល​គេ​រក​ឃើញ​ថា បាន​ឆ្លង​មេរោគ​អេដស៍​ ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ។

លោក​ស្រី​ និយាយ​ថា​ មិន​ទាន់​មាន​ការ​កំណត់​ច្បាស់​ពី​មូលហេតុ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លងនេះ​ ថា​មក​ពី​ការ​ប្រើ​ម្ជុល​សឺរ៉ាំង​រួម​គ្នា​ ឬ​ក៏​មូលហេតុ​ផ្សេង​ណា​នោះដែរ។

អ្នកស្រី​អះអាង​ថា​ ប្រជាពលរដ្ឋ ​មិន​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ឯកជន ឬ​គ្រូពេទ្យ​ប្រចាំ​ភូមិ​នោះ​ទេ ក្រៅតែ​ពី​គ្រូពេទ្យ​ដែល​ទទួល​ការ​អប់​រំ​ត្រឹមត្រូវ​នៅ​រាជធានី​ភ្នំពេញ។

លោក​ ធឿន ច័ន្ទតារា​ និយាយ​ប្រាប់ VOA​ បន្ទាប់​ពី​ការ​ពិនិត្យ​ឈាម ថា​ លោក​ពុំបាន​ដឹង​ច្បាស់​ពី​ការ​ឆ្លង​មេរោគ​អេដស៍​របស់​ប្រជាពលរដ្ឋ​ទាំង​១៤​នាក់​នោះ​ទេ។

យ៉ាងណាក៏ដោយ​ ទំហំ​នៃ​ការ​ឆ្លង​នេះ​ បាន​ធ្វើ​ឲ្យ​លោក​មាន​ការ​ព្រួយ​បារម្ភ​ហើយ​ស្ម័គ្រចិត្ត​មក​ពិនិត្យ​ឈាម។ លោក​ចង់​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​លោក​ មក​ពិនិត្យ​ឈាម​ ដើម្បី​ត្រៀម​សម្រាប់​ការ​ព្យាបាល​ ប្រសិន​បើ​ការ​ពិនិត្យ​នោះ​ បង្ហាញ​ពី​ផល​វិជ្ជមាន​នៃ​ការ​ឆ្លង​មេរោគ​នេះ។

«ខ្ញុំ​ ចង់​ឲ្យ​ទាំង​អស់​គ្នា​ពិនិត្យ​ជួស​ឈាម​ឲ្យហើយ​ទៅ។​ យើង​កុំ​ឲ្យ​នៅ​មន្ទិល​សង្ស័យ​រហូត​អញ្ចឹង​ទៅ​ណា៎។​ យើង​ មក​ជួស​ហ្មង​ទៅ​ អា​ហ្នឹង​ដឹង​ថា​ច្បាស់លាស់​តែ​ម្ដង។ ដឹង​ថា​ មាន​ហើយឬ​មិន​មាន​ អា​ហ្នឹងស្រណុក​ចិត្ត​ស្រួល​ ព្រោះ​ដឹង​ថា​កើត​ហើយ​ក៏​វា​ល្អ​ដែរ​ យើង​ព្យាបាល​ទៅ»។

កម្ពុជា​ធ្លាប់​ជា​ប្រទេស​ដែល​មាន​ការ​ឆ្លង​រាល​ដាល​មេរោគ​អេដស៍​យ៉ាង​ខ្លាំង ​ដែល​មាន​អត្រា​ប្រេវ៉ាឡង់​អ្នក​ផ្ទុក​មេរោគ​អេដស៍​រហូត​ដល់​២,៦ភាគរយ​នៅ​ឆ្នាំ​២០០២​ ប៉ុន្តែ​បាន​ខិតខំ​ទប់​ស្កាត់​ និង​បាន​ទម្លាក់​អត្រា​នោះ​មក​ដល់​០,៧​ភាគរយ​នៅ​ឆ្នាំ​២០១០​ ដែល​សម្រេច​បាន​លឿន​ជាង​គោល​ដៅ​ដែល​ដាក់​នៅ​ក្នុង​ឆ្នាំ​២០០៣​ថា ​នឹង​ទម្លាក់​មក​ត្រឹម​តែ​១,៨​ភាគរយ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​នេះ។

អ្នក​ជំនាញ​ខាង​មេរោគ​អេដស៍​ ធ្លាប់មើល​ឃើញ​ថា​ ករណីដែល​បាន​កើត​ឡើង​នៅ​ភូមិ​រកា​ខេត្ត​បាត់​ដំបង​ ជា​ការអាម៉ាស់​មុខ​មួយ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ ដោយ​សារ​តែ​ខេត្ត​នេះ ​ជា​ខេត្ត​ដែល​កម្ពុជា​យក​ធ្វើ​ជា​គំរូ​ក្នុង​ការ​បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍។​

មន្ត្រី​សុខាភិបាល​ខេត្ត​កណ្ដាល​ នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា​ ភូមិ​ពាម​នៅ​ខេត្ត​កណ្ដាល​ មិន​អាច​ក្លាយ​ជា​ភូមិ​រកា​ទីពីរ​បាន​នោះ​ទេ​ ព្រោះ​អត្រា​នៃ​ការ​ឆ្លង​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ចំនួន​មនុស្ស​២៧៩​នាក់​នោះ​ នៅ​មាន​តិចតួច​នៅ​ឡើយ៕

XS
SM
MD
LG