ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​​ប្រវត្តិសាស្រ្ត​បញ្ជាក់​ថា​វៀតណាម​មាន​ផលប្រយោជន៍​ក្នុង​កិច្ចការ​ក្រុម​ខ្មែរក្រហម


លោក ​Philip Short ​អាយុ​៦៨​ឆ្នាំ​គឺជា​អតីត​អ្នកកាសែត​ឲ្យ​វិទ្យុ​ BBC ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​ «Pol Pot: Anatomy of a Nightmare» និង​ជីវប្រវត្តិ​បុគ្គល​ជាច្រើន។ (រូបថត៖​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
លោក ​Philip Short ​អាយុ​៦៨​ឆ្នាំ​គឺជា​អតីត​អ្នកកាសែត​ឲ្យ​វិទ្យុ​ BBC ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​ «Pol Pot: Anatomy of a Nightmare» និង​ជីវប្រវត្តិ​បុគ្គល​ជាច្រើន។ (រូបថត៖​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
ភ្នំពេញ៖ លោក​ហ្វីលីព សត ​(Philip Short) ​អ្នកជំនាញការ​ខាង​ខ្មែរក្រហម​ជា​ជនជាតិ​អង់គ្លេស​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​បន្ត​ពិពណ៌នា​អំពី​ទំនាក់​ទំនង​រវាង​កងទ័ព​កុម្មុយ​និស្ត​ខ្មែរ​ក្រហម​ជាមួយ​កងទ័ព​កុម្មុយនិស្ត​វៀតណាម​ក្នុងអំឡុង​ទសវត្ស​១៩៧០។

លោក​បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​ថា​កងទ័ព​វៀតណាម​បាន​ជួយ​បង្វឹក​កងទ័ព​ខ្មែរក្រហម​នៅក្នុង​ព្រៃ។

«ពួកកងទ័ព​វៀតណាម​មាន​ផលប្រយោជន៍​មួយ​ក្នុង​កិច្ចការ​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា​គឺជា​ការ​មិន​អាច​ប្រកែក​បាន»។

លោក​ហ្វីលីព សត​បាន​បន្ថែម​ទៀតថា៖​ «ពួក​កងទ័ព​វៀតណាម​បាន​ទទួល​ខុសត្រូវ​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​បំពាក់​អាវុធ​និង​បង្វឹក​កងទ័ព​រំដោះ​គឺជា​ការ​មិន​អាច​ប្រកែក​បាន»។

លោក ​Philip Short ​អាយុ​៦៨​ឆ្នាំ​គឺជា​អតីត​អ្នកកាសែត​ឲ្យ​វិទ្យុ​BBC ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​និង​ជីវប្រវត្តិ​បុគ្គល​ជាច្រើន។

លោក​រៀបរាប់ថា​នៅពេល​ដែល​របប​លោក​សេនាប្រមុខ​លន់ នល់ ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​នរោត្តម ​សីហនុ​ នៅ​ខែ​មិនា​ឆ្នាំ១៩៧០ ​ពួក​ខ្មែរក្រហម​មាន​កងទ័ព​ត្រឹមតែ​២.០០០​នាក់​តែប៉ុណ្ណោះ។

លោក​ឆ្លើយ​ទៅនឹង​សំណួរ​របស់​តំណាង​សហ​ព្រះរាជ​អា​ជ្ញា​ថា​ទំនាក់​ទំនង​រវាង​ពួក​ខ្មែរក្រហម​លេច​ចេញ​ជា​បញ្ហា​នៅ​ឆ្នាំ១៩៧២។

«ម្យ៉ាង​គឺ​គណ​បក្ស​កុម្មុយនិស្ត​ខ្មែរ​សប្បាយ​ចិត្ត​មែនទែន​ដោយបាន​វៀតណាម​ជួយ​ពួកគេ​ក្នុង​ការតស៊ូ​ដើម្បី​រំដោះ​ប្រទេស​កម្ពុជា។ ម្យ៉ាងទៀត ​ពួក​ខ្មែរ​កុ​ម្មុយ​និ​ស្ត​ចង់​ទទួល​ខុសត្រូវ​លើ​ការតស៊ូ​របស់​ពួកគេ។ ដូច្នេះ​អ្វីដែល​ពួក​វៀតណាម​បានធ្វើ​ធ្វើ​ឲ្យ​ពួក​ខ្មែរក្រហម​គិតថា​វៀតណាម​នៅតែ​ចង់​ធ្វើជា​ម្ចាស់​លើ​ពួកគេ​ដែលជា​ការ​មួយ​មិនអាច​ទទួលយក​បានជា​ដាច់ខាត»។

កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលម៉ិញ​នេះ​លោក​Short ​បាន​រៀបរាប់ថា​ពួក​ខ្មែរក្រហម​បានធ្វើការ​សម្រេចចិត្ត​មួយ​ចំនួន​ប្រកប​ដោយ​ការផ្តាច់​ការ​តាម​លំនាំ​គណបក្ស​កុម្មុយនិស្ត​នៅ​ប្រទេស​ចិន​ជាពិសេស​ទាក់ទង​ទៅនឹង​ការសម្លាប់​កម្មាភិបាល​ផ្ទៃក្នុង​ដើម្បី​ធ្វើការ​បោសសម្អាត​ក្នុង​ជួរ​បក្ស៕
XS
SM
MD
LG