ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី Hillary Clinton ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ដោយ​ចុះចាញ់​លោក​ Donald Trump ដែល​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក


លោកស្រី Hillary Clinton ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោកស្រី​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​សណ្ឋាគារ​មួយ​ក្នុង​សង្កាត់ Manhattan ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកស្រី Hillary Clinton ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោកស្រី​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​សណ្ឋាគារ​មួយ​ក្នុង​សង្កាត់ Manhattan ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក​ស្រី Hillary Clinton បាន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក​កាលពី​ថ្ងៃ​ពុធ​ ដោយ​ចុះចាញ់​លោក​ Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ដោយ​បាន​ថ្លែង​ថា លោកស្រី​សង្ឃឹម​ថា លោក​នឹង​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី​ដ៏​ជោគ​ជ័យ​មួយ​រូប​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប‍។

ប៉ុន្តែ​លោកស្រី Clinton ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​រូប​នេះ​ ដែល​ធ្លាប់​សង្ឃឹម​ថា​ខ្លួន​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​របស់​អាមេរិក​នោះ បាន​បង្ហាញ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែល​លោកស្រី​ចាញ់​ការ​បោះឆ្នោត​នេះ។ លោកស្រី​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​លោកស្រី​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ថា៖ «វា​ជា​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំងហើយ​វា​នឹង​ត្រូវ​ការ​រយៈ​ពេល​យូរ​មួយ‍»។

លោកស្រី​បាន​ថ្លែង​ថា​ អាមេរិក​មាន​ការ​បែក​បាក់​ខ្លាំងក្លា​ជាង​ការ​គិត​របស់​យើង​ទៅ​ទៀត‍» ប៉ុន្តែ​លោកស្រី​បាន​ថ្លែង​ថា​ការ​ចាញ់​របស់​គណបក្ស​ប្រជាធិបតេយ្យ​ជំពាក់​លោក Trump នូវ​អ្វី​ដែល​គេ​ហៅ​ថា ការ​បើក​ចិត្ត​ឲ្យ​ទូលាយ​និង​ឱកាស​ក្នុង​ការ​ដឹកនាំ​មួយ‍»។

លោកស្រី Clinton ជំរុញ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​របស់​លោកស្រី​ថា​ត្រូវ​មាន​ជំនឿថា​ការ​ពុះពារ​ដើម្បី​អ្វី​ដែល​ត្រឹមត្រូវ​នោះ​គឺ​មាន​តម្លៃ​ណាស់‍។

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា បាន​ធ្វើ​យុទ្ធនាការ​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​ជួយ​ដល់​លោកស្រី Clinton ប៉ុន្តែ​ថ្លែង​នៅ​សេតវិមាន​ក្រោយ​ពេល​ដែល​លោក Trump ឈ្នះ​ការ​បោះឆ្នោត​នោះ​ សេតវិមាន​បាន​ឲ្យ​ដឹង​ថា «យើង​អបអរ​ចំពោះ​ជោគជ័យ​របស់​លោក Trump ក្នុង​ការ​រួបរួម​ និង​ដឹកនាំ​ប្រទេស​របស់​យើង‍»។

លោក អូបាម៉ា បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​មាន​យុទ្ធនាការ​ដ៏​ជូរចត់​ និង​រយៈ​ពេល​យូរ​មួយ​ហើយ​បាន​ធ្វើ​ឲ្យ​នយោបាយ​អាមេរិក​បែកបាក់​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពួក​យើង​ទាំង​អស់​គ្នា​គឺ​សុទ្ធ​តែ​ជា​ប្រជា​ពលរដ្ឋ​អាមេរិកាំង​ដូច​គ្នា។ លោក​ អូបាម៉ា អញ្ជើញ​លោក Trump ទៅ​កាន់​សេតវិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ជួប​ពិភាក្សា​អំពី​ការ​ផ្ទេរ​តំណែង​នៅ​ថ្ងៃ​ទី២០ ខែ​មករា​ខាង​មុខ​នេះ៕

XS
SM
MD
LG