ការបោះឆ្នោតលើកទី៥៨នៅសហរដ្ឋអាមេរិកបានបញ្ចប់ដោយលទ្ធផលគួរឲ្យភ្ញាក់ផ្អើល និងប្រផឹតប្រផើយ។
ប្រជាពលរដ្ឋអាមេរិកបានជ្រើសរើសលោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនមកពីគណបក្សសាធារណរដ្ឋ ជាប្រធានាធិបតីទី៤៥របស់ពួកគេ ជាជាងលោកស្រីHilary Clinton បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ។
ទោះបីជាអ្នកគាំទ្រលោកស្រី Clinton មួយចំនួនធំ មានការខកចិត្តក៏ដោយ ក៏ប្រជាពលរដ្ឋរស់នៅក្នុងក្រុងភ្នំពេញមួយចំនួន បានសាទរចំពោះជ័យជម្នះរបស់លោក Donald Trump ដោយពួកគេសង្ឃឹមថា មហាសេដ្ឋីអចលនទ្រព្យរូបនេះ នឹងអាចជួយឲ្យពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកមានការកើនឡើង។
លោកស្រី កង សេងមករា វ័យ៣៦ឆ្នាំ ដែលគាំទ្រលោក Donald Trump សង្ឃឹមថាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក នឹងជួយឲ្យមានការនាំចេញផលិតផលខ្មែរទៅកាន់សហរដ្ឋអាមេរិក ដោយមិនយកពន្ធគយឲ្យបានកាន់តែច្រើន។
«សម្រាប់ខ្ញុំគាំទ្រលោក គឺដោយសារតែលោកជាមហាសេដ្ឋី។ អញ្ចឹងហើយ គាត់ធ្វើសេដ្ឋកិច្ចអញ្ចឹង យើងក៏ចង់ឲ្យគាត់ជួយសេដ្ឋកិច្ចខ្មែរយើង មានការប្រសើរឡើងផងដែរ»។
យ៉ាងណាក៏ដោយ ពលរដ្ឋមួយចំនួនដូចជាលោកស្រី កង សេងមករា ជាដើម ក៏ចង់ឲ្យ ការបោះឆ្នោតក្នុងប្រទេសកម្ពុជា នាពេលខាងមុខ មានលក្ខណៈសេរី យុត្តិធម៌ និងគ្មានជម្លោះផងដែរ។
«សម្រាប់ខ្ញុំចង់ឲ្យមានការបោះឆ្នោតនៅប្រទេសកម្ពុជា ឲ្យមានភាពរលូនដូចគ្នា ដូចកាលពីមុនចឹង។ ចង់និយាយថា កាលមុនដែលមានក្រុមបាតុករមានអីចឹងខ្ញុំអត់ចង់បានទេ។ ធម្មតាទេ មនុស្សម្នាក់ៗ មានការស្រលាញ់ខុសគ្នា ក៏ប៉ុន្តែបើការស្រលាញ់របស់យើងគួរទុកក្នុងចិត្តរបស់យើងទៅ។ យើងត្រូវចាំថាអត់មាននរណាធំជាងខ្លួនយើងទេ។ យើងត្រូវស្រលាញ់ខ្លួនយើងទាំងអស់គ្នា។ អញ្ចឹងចង់ឲ្យការបោះឆ្នោតហ្នឹងកុំឲ្យមានរឿងអី ចង់បានតែសុខហ្អេ! »។
ស្របគ្នានោះដែរ លោក ទ្រី យ៉ន ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានប្រាប់VOAថា៖
«Donald Trump គេថាជាអ្នករកស៊ី អ្នកជំនួញ អញ្ចឹងទៅទស្សនៈរបស់គាត់គឺវាហាក់ដូចជាប្លែក។ និយាយទៅវារាងភ្លាវជាងគេបន្តិច ប្រៀបធៀបទៅអ្នកនយោបាយមុនៗនៅអាមេរិក។ និយាយទៅ Hillary Clinton គឺគាត់ល្អ ទស្សនៈល្អ។ ក៏ប៉ុន្តែគាត់មានបញ្ហាសុខភាពខ្លះ។ សូម្បីនៅអាមេរិក ប្រហែលជាគេនៅតែគិតរឿងស្រី ឬប្រុស ប្រសិនបើគាត់ជាប្រធានាធិបតីសហរដ្ឋអាមេរិកជាស្រី ពិបាកប្រឈមមុខមហាអំណាចផ្សេងៗអ៊ីចឹង ដូចជារ៉ុស្ស៊ី ចិនអ៊ីចឹង ការជជែកវាលក្ខណៈ Personal (ផ្ទាល់ខ្លួន) វាពិបាកបន្តិច»។
ពលរដ្ឋវ័យ៣២ឆ្នាំរូបនេះក៏សង្ឃឹមផងដែរថា ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ នឹងប្រកបដោយភាពសេរី និងប្រជាធិបតេយ្យដូចសហរដ្ឋអាមេរិកផងដែរ។
«សម្រាប់ខ្ញុំ ទោះបីជា Hillary Clinton ឬ Donald Trump មួយណាឈ្នះក៏មិនស្រូវមានឥទ្ធិពលអីដល់ប្រទេសកម្ពុជានោះដែរ ព្រោះអីយើងឃើញទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក បើទាក់ទិននឹងផលប្រយោជន៍ គឺវាមិនសូវជាធំដំអីទេ។ ខ្ញុំយល់ថា អ្វីដែលសំខាន់នោះ នៅស្រុកខ្មែរយើងគឺត្រូវការដោះស្រាយបញ្ហាផ្ទៃក្នុងវិញវាល្អជាង»។
ការរាប់សន្លឹកឆ្នោតក្នុងសហរដ្ឋអាមេរិកកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃពុធម៉ោងនៅសហរដ្ឋអាមេរិកត្រូវនឹងរសៀលថ្ងៃពុធ នៅក្រុងភ្នំពេញបង្ហាញថា លោក Donald Trumpបានសំឡេងប្រតិភូចំនួន២៨៨ ខណៈដែល លោកស្រី Hillary Clinton នៃគណបក្សប្រជាធិបតេយ្យបានត្រឹម២១៥។ បេក្ខជនត្រូវការសំឡេងប្រតិភូ២៧០ដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីនៅអាមេរិក។
កញ្ញា វ៉ាត សៀងលី ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញម្នាក់ទៀត បានបញ្ជាក់ពីភាពសោកស្ដាយដែលលោកស្រី Clinton មិនត្រូវបានគេជ្រើសរើសជាប្រធានាធិបតីស្ត្រីដំបូងគេសម្រាប់ប្រទេសអាមេរិក។
«ចំពោះខ្ញុំ មានការសោកស្ដាយបន្តិចបន្តួចដែរ ដោយសារតែយើងសង្ឃឹមយ៉ាងមុតមាំថាប្រហែលជាពិភពលោកនឹងមានភាពប្រែប្រួល ដោយមានអ្នកដឹកនាំជាស្ត្រីមួយក្នុងប្រទេសមហាអំណាចដ៏ធំ។ ប៉ុន្តែ ខ្ញុំនៅតែជឿជាក់យ៉ាងមុតមាំថា អ្នកដឹកនាំរូបណាក៏ដោយដែលជាប់ឆ្នោត គោលនយោបាយការបរទេសរបស់ប្រទេសអាមេរិកនិងប្រទេសដ៏ទៃទៀត ជាពិសេសប្រទេសកម្ពុជា នឹងប្រព្រឹត្តទៅដោយរលូន ហើយមានភាពល្អប្រសើរជាងមុន»។
កញ្ញាវ័យ២៤ឆ្នាំរូបនេះសង្ឃឹមថា មុនការបោះឆ្នោតខាងមុខក្នុងប្រទេសកម្ពុជាគណបក្សនយោបាយកម្ពុជានឹងបើកឲ្យមានការជជែកវែកញែកគោលនយោបាយរបស់ខ្លួនជាសាធារណៈ ដូចនៅសហរដ្ឋអាមេរិកផងដែរ។
«ខ្ញុំគិតថាយុវជននៅក្នុងប្រទេសកម្ពុជាក៏ដូចគ្នាដែរ គឺចង់ឃើញអ្នកដឹកនាំក្នុងប្រទេស កម្ពុជាយើងមានការប្រកួតប្រជែង វេទិកា តស៊ូមតិ ដើម្បីឲ្យប្រជាពលរដ្ឋ ដឹងអំពីគោលការណ៍នយោបាយអ្នកដឹកនាំ ឬក៏តាមគណបក្សផ្សេងៗគ្នា»។
ស្របពេលដែលអ្នកគាំទ្រគណបក្សសាធារណរដ្ឋ និងលោក Donald Trumpខ្លួនឯងមានការរីករាយក្នុងជ័យជម្នះកាលពីថ្ងៃពុធ ថ្នាក់ដឹកនាំ និងអ្នកនយោបាយមួយចំនួនក្នុងប្រទេសកម្ពុជា ក៏បានថ្លែងសារអបអរសាទរចំពោះជ័យជម្នះ និងការផ្លាស់ប្ដូរថ្មីនេះនៅសហរដ្ឋអាមេរិកផងដែរ៕