លោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក បាននិយាយថា លោកបានចំអកលេងនៅពេលដែលលោក បានលើកទឹកចិត្តប្រទេសរុស្ស៊ីឲ្យលួចចូលក្នុងអ៊ីម៉ែលរបស់លោកស្រីគ្លីនតុន គូប្រកួតប្រជែងខាងគណបក្សប្រជាធិបតេយ្យដើម្បីស្វែងរកអ៊ីម៉ែលដែលគេលុបចោលក្នុងអំឡុងពេលលោកស្រីធ្វើជារដ្ឋមន្រ្តីការបរទេសអស់រយៈពេលជាច្រើនឆ្នាំ។
យុទ្ធនាការបោះឆ្នោតរបស់លោកស្រីគ្លីនតុននិងអ្នកជំនាញខាងសន្តិសុខជាតិបានប្រកាសប្រឆាំងនឹងលោក Trump មហាសេដ្ឋីអចលនទ្រព្យដែលកំពុងស្វះស្វែងកាន់តំណែងតាមការបោះឆ្នោតលើកទីមួយដោយជំរុញកាលពីថ្ងៃពុធឲ្យរដ្ឋាភិបាលទីក្រុងមូស្គូធ្វើអ្វីដែលពួកគេបាននិយាយថា ចារកម្មប្រព័ន្ធកុំព្យូទ័រលើលោកស្រីគ្លីនតុននៅពេលមានយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
លោក Leon Panetta អតីតរដ្ឋមន្រ្តីការពារប្រទេសនិងនាយក CIA បានប្រាប់សន្និបាតជាតិរបស់គណបក្សប្រជាធិបតេយ្យថា វាជាការមិននឹកស្មានដល់ចំពោះខ្ញុំ ដែលបេក្ខជនប្រធានាធិបតីគ្មានការទទួលខុសត្រូវនោះ។
ក៏ប៉ុន្តែ នៅពេលសួរអំពីអត្ថាធិប្បាយរបស់លោកនៅក្នុងបណ្តាញទូរទស្សន៍ Fox News ក្នុងកម្មវិធី Fox and Friends បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Trump បាននិយាយថា ជាការពិត ខ្ញុំនិយាយចំអកលេង។
ជម្លោះនោះកើតចេញពីការលុបចោលសារអ៊ីម៉ែលចំនួន៣ម៉ឺន៣ពាន់របស់លោកស្រីគ្លីនតុនចេញពីអ៊ីម៉ែលឯកជនរបស់លោកស្រីដែលលោកស្រីបានប្រើប្រាស់ ដោយមិនប្រើអ៊ីម៉ែល របស់រដ្ឋាភិបាលខណៈដែលលោកស្រីធ្វើជាអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣៕