សារដែលសមាជិកគណបក្សប្រជាធិបតេយ្យថ្លែងឡើងនៅឯសន្និបាតគណបក្សរបស់ខ្លួន ដែលប្រព្រឹត្តទៅនៅទីក្រុង Philadelphia កាលពីយប់ថ្ងៃពុធ ម្សិលមិញនេះ បានបញ្ជាក់យ៉ាងច្បាស់ថា លោកស្រី Hillary Clinton ត្រៀមរួចរាល់ហើយក្នុងការធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកនាអាណត្តិក្រោយនេះ ហើយលោក Donald Trump គឺមិនសាកសមធ្វើជាប្រធានាធិបតីទេ។
នៅឯសន្និបាតនោះ ការថ្លែងរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទៅកាន់អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមានពីរចំនុចធំៗ។ ទីមួយ លោកថ្លែងពីសមិទ្ធផលសម្រេចបានក្រោមការដឹកនាំរបស់លោក និងទីពីរ លោកលើកឡើងពីលោកស្រី Clinton ថាជាបេក្ខជនប្រធានាធិបតី ដែលជឿជាក់ថា សហរដ្ឋអាមេរិកមានភាពប្រសើរឡើងនៅពេលដែលពលរដ្ឋទាំងអស់ មិនប្រកាន់ជាតិសាសន៍ ឬពណ៌សម្បុរណានោះទេ រួបរួមគ្នា។
លោកបានបញ្ជាក់ថា គ្មានបុរសរូបណា ឬស្ត្រីរូបណា សាកសមធ្វើជាប្រធានាធិបតីជាងលោកស្រី Clinton នោះទេ ដែលលោកស្រីធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេសក្នុងអណត្តិទីមួយរបស់លោកជាប្រធានាធិបតី។
លោកអូបាម៉ាបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឆ្នាំនេះ នៅក្នុងការបោះឆ្នោតអណត្តិនេះ ខ្ញុំសំណូមពរអ្នកទាំងអស់គ្នាឲ្យចូលរួមជាមួយខ្ញុំ និងបដិសេធចោលនូវការចំអកឡកឡឺយ ការភ័យខ្លាច និងផ្តោតលើចំនុចល្អរបស់យើង ដោយត្រូវជ្រើសរើសលោកស្រី Hillary Clinton ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក និងបង្ហាញឲ្យពិភពលោកទាំងមូលបានឃើញថា យើងនៅតែជឿជាក់លើភាពអស្ចារ្យរបស់សហរដ្ឋអាមេរិក»។
លោកបានបន្ថែមទៀតថា គ្មានអ្វីអាចរៀបចំមនុស្សម្នាក់ឲ្យក្លាយជាប្រធានាធិបតីនោះទេ ប៉ុន្តែបទពិសោធន៍ដែលលោកស្រី Clinton មានគឺផ្ទុយពីបទពិសោធន៍ដែលលោក Trump មាន ដោយលោក Trump មិនដែលធ្លាប់កាន់មុខតំណែងណាមួយនៅក្នុងកិច្ចការរដ្ឋនោះទេ។
លោកអូបាម៉ាបាននិយាយយ៉ាងដូច្នេះថា៖ «អ្នកមិនដឹងថា ការគ្រប់គ្រងវិបត្តិពិភពលោកមានការលំបាកប៉ុណ្ណានោះទេ ដរាបណាអ្នកធ្វើកិច្ចការនោះផ្ទាល់។ លោកស្រី Clinton ធ្លាប់ប្រឡូកនៅក្នុងកិច្ចការទាំងអស់ហ្នឹង និងថែមទាំងប្រឡូកនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តទៀតផង។ លោកស្រីដឹងថា វាប្រថុយគ្រោះថ្នាក់ប៉ុណ្ណាក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដែលរដ្ឋាភិបាលបានធ្វើកន្លងមកនោះ»៕