ក្នុងពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌដែលជាពិធីព្រះពុទ្ធសាសនាដ៏សំខាន់មួយ ព្រះសង្ឃពីរអង្គត្រូវចាប់ខ្លួនពីបទសង្ស័យថា បានសេពគ្រឿងស្រវឹង និងគ្រឿងញៀន។
ក្នុងរយៈពេលចុងក្រោយនេះ សារព័ត៌មានជាច្រើនបានរាយការណ៍អំពីការប្រព្រឹត្តវៀរចាកនឹងសិក្ខាបថឬធម្មវិន័យរបស់សង្ឃមួយចំនួនជាបន្តបន្ទាប់។
នៅក្នុងនោះមានទាំងសង្ឃក្លែងខ្លួនចូលច្រៀងខារ៉ាអូខេ សង្ឃសេពគ្រឿងស្រវឹង និងប្រើប្រាស់គ្រឿងញៀនជាដើម។
ដោយឡែកក្នុងអំឡុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ដែលត្រូវបញ្ចប់នៅថ្ងៃអង្គារនេះ ព្រះសង្ឃចំនួនពីរអង្គក្នុងវត្តពោធិលង្កាខេត្តសៀមរាបត្រូវចាប់ខ្លួនដោយសង្ស័យថា បានសេពគ្រឿងស្រវឹង និងប្រើប្រាស់គ្រឿងញៀនជាមួយជនស៊ីវិលចំនួនបួននាក់ផ្សេងទៀតក្នុងនោះមានស្ត្រីពីរនាក់។
សង្ឃទាំងពីរត្រូវផ្សឹកនៅថ្ងៃទី១៩ខែកញ្ញា ក្រោយពីត្រូវឃាត់ខ្លួនបានមួយថ្ងៃ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌគឺជាពិធីព្រះពុទ្ធសាសនាដ៏មានសារៈសំខាន់ដែលប្រជាពលរដ្ឋកម្ពុជាមានជំនឿថា ការប្រគេនចង្ហាន់ ឬទេយ្យទានដល់ព្រះសង្ឃនឹងអាចបញ្ជូនកុសល្យផលបុណ្យដល់បុព្វការីជន ជីដូនជីតា សាច់ញាតិរបស់ផងខ្លួនដែលបានទទួលមរណភាពនាពេលកន្លងទៅ។
ព្រះតេជគុណគឹម ធួង ចៅអធិការវត្តតាំងកសាងខាងជើងមានសង្ឃដីកាថានេះគឺជាកំហុសមួយធ្ងន់ធ្ងរក្នុងព្រះពុទ្ធសាសនា។
ព្រះតេជគុណបន្ថែមថា គ្រឿងញៀននិងគ្រឿងស្រវឹងធ្វើឲ្យបព្វជិតឬអ្នកបួសកាន់សិល្ប៍នោះវិនាស។
«ព្រះសម្មាសម្ពុទ្ធទ្រង់ហាមអ្នកបួសមិនឲ្យសេពគ្រឿងញៀន (ឬគ្រឿងស្រវឹង)ទេ ព្រោះគ្រឿងញៀនបំផ្លាញនូវអាយុជីវិតខ្លួនឯង។ ហើយព្រះសម្មាសម្ពុទ្ធបានសម្តែងថា ការសេពគ្រឿងញៀនធ្វើឲ្យវិនាសខ្លួនឯង»។
យោងតាមព្រះតេជព្រះគុណចៅអធិការវត្តគឹម ធួងឲ្យដឹងថា បព្វជិតដែលល្មើសនឹងធម៌វិន័យមានន័យថា បានសាងអំពើបាបមួយ។
«ទោសបច្ចុប្បន្នគឺថា វិន័យសង្ឃនឹងត្រូវមន្ត្រីសង្ឃដាក់ទណ្ឌកម្ម ឬក៏ច្បាប់រដ្ឋគឺអាចត្រូវធ្វើទុក្ខផ្នែកព្រហ្មទណ្ឌ។ ហើយបើផ្លូវបរលោក កាលណាអស់អាយុជីវិតទៅអាចនឹងធ្លាក់នរក។ នេះគឺជាព្រះពុទ្ធដីកាដែលទ្រង់សម្តែងទុកមក»។
ព្រះសង្ឃនៅក្នុងប្រទេសកម្ពុជាគឺជាចំណុចប្រទាញប្រទង់សម្រាប់ផលប្រយោជន៍នយោបាយផងដែរ។
មួយវិញទៀត ក្នុងរយៈពេលថ្មីៗនេះ យ៉ាងហោចណាស់ក៏មានសេចក្តីរាយការណ៍ចំនួនពីរដែរ ដែលថា ព្រះសង្ឃនៅក្នុងវត្តមួយនៃខេត្តកណ្តាល និងវត្តមួយទៀតនៅខេត្តកំពង់ស្ពឺ បានក្លែងខ្លួនជាគ្រហស្ថ ឬជាប្រជាពលរដ្ឋសាមញ្ញ ហើយចូលច្រៀងខារ៉ាអូខេ ដែលជាក្លឹបកម្សាន្ត មានការសេពគ្រឿងស្រវឹង និងមានស្រីកំដរទៀតផង។
លោកអាចារ្យឆោម ឆន ដែលចេះដឹងធម៌ជ្រៅជ្រះនៅវត្តតាំងកសាងខាងជើងបានពន្យល់ថា ទាំងបព្វជិត និងគ្រហស្ថត្រូវប្រតិបត្តិនូវសក្ខិបទចំនួនប្រាំដើម្បីវៀរចាកពីអំពើពាល។ ហើយការសេពគ្រឿងញៀនស្រវឹងនឹងនាំឲ្យប្រព្រឹត្តបទល្មើសផ្សេងទៀតបាន។
«មានបាណាតិបាតមួយ។ អទនាទាននេះមួយ។ កាមេសុមច្ឆាចារៈមួយ។មុសាវាទៈមួយ។ សុរានេះមួយ។ សរុបចំនួនប្រាំហើយ គឺហាមសម្លាប់មួយ ហាមលួចទ្រព្យគេទី២ ហាមលួចប្រពន្ធកូនគេទី៣ ពោលពាក្យមុសាទី៤ និងសុរាមួយទី៥។ ប៉ុន្តែប្រសិនបើប្រព្រឹត្តខុសនូវសិក្ខាបទទី៥ វានឹងនាំឲ្យខូចទាំងអស់ ពីព្រោះសុរានេះកាលណាចូលគឺវង្វេងស្មារតីទាំងអស់។មិនធ្លាប់ហ៊ាន បែរទៅជាហ៊ាន ហ៊ានទាំងសម្លាប់ ហ៊ានទាំងលួចប្រពន្ធកូនគេ ហ៊ានទាំងលួចទ្រព្យ ហ៊ានទាំងពោលពាក្យមិនប្រាកដ។ សុរានេះនឹងនាំឲ្យវង្វេង»។
ស្រ្តីចំណាស់ម្នាក់កំពុងអង្គុយជាប់នឹងផ្លូវក្បែរទីស្នាក់ការនគរបាល សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
អ្នកស្រីបានដឹងអំពីបាតុភាពមួយចំនួនក្នុងចំណោមសង្ឃព្រះពុទ្ធសាសនា។
«ខ្ញុំឮតែគេនិយាយអញ្ចឹងថា លោកទៅខារ៉ាអូខេ មិនដឹងជាគេយ៉ាងម៉េចអស់ហើយ។ ដូចជាជ្រួលច្របល់ម៉េចទេ។ ដូច្នេះយូរៗទៅ យើងលែងសូវជឿហើយ។ តាមតែដំណើរចុះ»។
សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយបួរ គ្រីមានសង្ឃដីកាដោយទទួលស្គាល់ថា ការប្រាសចាកព្រះធម្មវិន័យនៃព្រះសង្ឃមួយចំនួននាំឲ្យមានកង្វល់អំពីភាពរុះរោយនៃជំនឿរបស់ប្រជាពលរដ្ឋលើព្រះពុទ្ធសាសនា។
«ពុទ្ធអង្គទ្រង់ត្រាស់ហាមគឺនៅក្នុងសិក្ខាបទសុរាបាទវៈគឺភក្ខុផឹកទឹកស្រវឹងត្រូវអបត្រ ឬត្រូវទោស។ ផ្លូវលោក គេមើលមក កាលណាលោកផឹកស្រាពុទ្ធបរិស័ទពិបាកទទួលយក។ គេពិបាកគោរព។ នេះប៉ះពាល់ដល់សាសនាហើយ។ បុគ្គលនោះធ្វើឲ្យសាសនាសាបសូន្យ»។
ជាមួយគ្នានេះ សម្តេចព្រះសង្ឃរាជបួរ គ្រីពន្យល់បន្ថែមថា សង្ឃដែលភ្លើតភ្លើនក្នុងអបាយមុខ ដូចជាសេពគ្រឿងស្រវឹង និងគ្រឿងញៀននិងល្បែងផ្សេងៗ ហាក់ដូចជាបណ្តោយខ្លួនឲ្យក្លាយជាជនពាល។
សម្តេចសង្ឃមានសង្ឃដីកាបន្ថែមថា ដើម្បីស្តារភាពជឿជាក់របស់ពុទ្ធបរិស័ទ ព្រះសង្ឃត្រូវប្រតិបត្តិឲ្យខ្ជាប់ខ្ជួននូវធម្មវិន័យ៕