ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដើម​បណ្តឹង​រដ្ឋប្បវេណី​ឯកភាព​ចំពោះ​សំណង​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម


ពលរដ្ឋ​កម្ពុជា​កាន់​បដា​រូប​ជនរង​គ្រោះ​ខ្មែរ​ក្រហម​នៅ​ក្នុង​​អំឡុង​ការ​តវ៉ា​មួយ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៣។
ពលរដ្ឋ​កម្ពុជា​កាន់​បដា​រូប​ជនរង​គ្រោះ​ខ្មែរ​ក្រហម​នៅ​ក្នុង​​អំឡុង​ការ​តវ៉ា​មួយ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៣។
សាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ មាន​ការ​គាំទ្រ​ច្រើន​ចំពោះ​សំណង​ផ្លូវ ចិត្ត​ឬ​សំណង​សមូហភាព​ក្នុង​សំណុំ​រឿង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន។ សំណង​ជា​ច្រើន​មាន​ការ​គាំទ្រ​មុន​ការ​ប្រកាស​ដោយ​តុលាការ​ក្នុង​សាលក្រម។​

សំណង​សម្រាប់​ជនរង​គ្រោះ​នៃ​របប​ខ្មែរក្រហម​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ម្ចាស់​ជំនួយ​មុន​ពេល​សាល​ក្រម​សំណុំ​រឿង​០០២​វគ្គ​១​នៃ​សាលាក្តី​កាត់​ទោស​ខ្មែរ​ក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ​គ្រោង​ប្រកាស​ជា​ផ្លូវការ​នៅ​ពេល​ខាង​មុខ។​ នេះ​បើ​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ជនរង​គ្រោះ​នៃ​សាលាក្តី​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ។

ជន​ជាប់​ចោទ​ចំណាស់ៗ​ពីរ​រូប​ក្នុង​សំណុំ​រឿង​០០២​ វគ្គ​ទី១​មាន​មេដឹកនាំ​ខ្មែរក្រហម​កំពូល​ពីរ​រូប​គឺ​នួន ជា​ និង​ ខៀវ សំផន។​ ក្រុម​ជន​រងគ្រោះ​ដែល​បាន​ដាក់​ពាក្យ​ប្តឹង​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​ទាក់ទង​នឹង​ការ​ជម្លៀស​ ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​ទីក្រុង​និង​ការ​សម្លាប់​នៅ​ទួល​ពោធិ៍ជ្រៃ​នោះ​ នឹង​បាន​ទទួល​សំណង​ជា​សមូហភាព​បើ​សិន​ពួកគេ​បាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ សម្រាប់​គម្រោង​នីមួយៗ​ដែល​កំណត់​ឲ្យ​ដាក់​គម្រោង​ជូន​តុលាការ​ផុត​ត្រឹម​ថ្ងៃ​ទី​៣១​ខែ​មីនា​នោះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​បាន​បន្ថែម​ទៀត​ថា​ ក្នុង​ករណី​មាន​ការ​ ផ្តន្ទា​ទោស​ជនជាប់​ចោទ​ អង្គ​ជំនុំ​ជម្រះ​និង​សាលា​ដំបូង​អាច​សម្រេច​ឲ្យ​មាន​ សំណង​ផ្លូវចិត្ត​ និង​សំណង​សមូហភាព​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​ក្នុង​ សាលក្រម​របស់​ខ្លួន។

ក្នុង​ចំណោម​គម្រោង​សំណង​ទាំង​១៣​ដែល​ជនរង​គ្រោះ​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ទាមទារ​នោះ​រួម​មាន​ការ​ទាមទារ​ឲ្យ​មាន​ទិវា​នៃ​ការ​ចងចាំ​ កន្លែង​គោរព​ វិញ្ញាណក្ខន្ធ​ជា​សាធារណៈ​ ការ​តាំង​ពិព័រណ៍​ចល័ត​ស្តី​ពី​ការ​ជម្លៀស​ប្រជាជន​ និង​ ការ​សម្លាប់​នៅ​ទួលពោធិ៍​ជ្រៃ​ បញ្ចូល​កម្មវិធី​សិក្សា​ស្តី​ពី​ការ​ជម្លៀស​ប្រជាជន​ ការ​ផ្សាយ​ឈ្មោះ​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ និងការ​ទាមទារ​សំណង​ផ្នែក​សុខមាលភាព​មួយ​ចំនួន​ទៀត។​ សាលាក្តី​ខ្មែរ​ក្រហម​និង​ភាគី​ពាក់ព័ន្ធ​សន្យា​ថា​នឹង​រក​ថវិកា​សម្រាប់​គម្រោង​សំណង​ទាំងនេះ។​ ទោះជា​យ៉ាង​ណា​ក៏ដោយ​នៅ​សល់​គម្រោង​មួយ​ដែល​និយាយ​អំពី​គំនិត​ផ្តួចផ្តើម​បង្កើត​កន្លែង​រំឭក​វិញាណក្ខន្ត​សាធារណៈ ​មិន​ទាន់​មាន​ម្ចាស់​ជំនួយ​គាំទ្រ​នៅ​ឡើយ​ទេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល។

លោក ​ឡាត់ គី​ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​នៃ​សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម​បាន​អះអាង​ថា​ អ្វី​ដែល​ជា​ការ​ប្រកាស​ពី​សំណង​ទាំង​១៣​គម្រោង​នោះ​ហាក់​ដូចជា​មិន​ត្រូវ​តាម​អ្វី​ដែល​ជន​រងគ្រោះ​ទាមទារ​ទេ​ ហើយ​សំណង​ខ្លះ​ រដ្ឋាភិបាល​កំពុង​ប្រត្តិបត្តិ​រួច​ស្រាប់​ហើយ​ ដូច​ជា​ទិវា​ចង​កំហឹង​ជាដើម។​

លោក​ថ្លែង​ថា៖ «យើង​ឃើញ​ថា​ ប្រភេទ​សំណង​ក្នុង​គម្រោង​ទាំង​អស់​នោះ​គ្រាន់​តែ​ជា​ប្រភេទ​សំណង​លួងចិត្ត​ ធ្វើ​យ៉ាង​ម៉េច​គ្រាន់​បង្ហាញ​ទៅ​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ឬ​ក៏​ដូច​ជា​ជន​រងគ្រោះ​ឲ្យ​បាន​ដឹង​ថា ​យ៉ាង​ហោច​ណាស់​ក៏​មាន​ការ​សម្រេច​អំពី​សំណង។​ ប៉ុន្តែ​ការណ៍​ពិត​សំណង​ទាំងអស់​នោះ​គឺ​អត់​មាន​បាន​ឆ្លើយ​តប​អ្វី​ឲ្យ​វា​តាម​អត្តន័យ​ជាក់លាក់​អំពី​សំណង​នេះទេ»។

លោក​បន្ថែម​ថា ​តុលាការ​គួរ​សម្រេច​ជា​មុន​ទៅ​លើ​ប្រភេទ​សំណង​អ្វី​ខ្លះ​ដែល​តុលាការ​អាច​កំណត់​កាតព្វកិច្ច​ដល់​រដ្ឋាភិបាល​ឬ​ភាគី​ណា​មួយ​ ថា​ជាអ្នក​ទទួល​ខុសត្រូវ។​

«បើ​សិន​ណា​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​រក​បាន​ ហេតុ​អី​បាន​ជា​មិន​ចាប់​ផ្តើម​ធ្វើ​កិច្ច​ការងារ​ទាំង​អស់​នេះ​ទៅ​ ចាំបាច់​មាន​ការ​សម្រេច​ពី​តុលាការ​ធ្វើ​អ្វី។​ អញ្ចឹង​ តុលាការ​គ្រាន់​តែ​ជា​ការ​ប្រថាប់​ត្រា​ទៅ​លើ​អ្វី​ដែល​មាន​ស្រាប់។​ អញ្ចឹង​ត្រង់​កន្លែង​ ហ្នឹង​យើង​ខ្ញុំ​យល់​ឃើញ​ថា​សំណង​ហ្នឹង​វា​អត់​មាន​អត្តន័យ​អ្វី​ដែល​មាន​ន័យ​សម្រាប់​ជន​រងគ្រោះ​ដូច​អ្វី​ដែល​ជន​រងគ្រោះ​ចង់​បាន​ទេ»។

លោក​ ឡាត់ គី​ បញ្ជាក់​បន្ត​ថា ​បញ្ហា​សំខាន់​មួយ​ដែល​ជន​រងគ្រោះ​ចង់​បាន​គឺ​ស្តូប​មួយ​ដែល​គេ​អាច​ចាត់​ទុក​ថា​ជា​កន្លែង​គោរព​បូជា​វិញាណក្ខន្ត​ជា​ប្រវត្តិសាស្ត្រ។

លោក ​ស៊ុំ រិទ្ធី ​អ្នក​រួច​ជីវិត​ម្នាក់​ពី​គុក​ខ្មែរ​ក្រហម​ក្នុង​ខេត្ត​សៀមរាប​និង​ជា​ដើម​ បណ្តឹង​រដ្ឋប្បវេណី​ម្នាក់​បាន​អះអាង​ថា​ លោក​ផ្ទាល់ខ្លួន​ទាមទារ​ឲ្យ​មាន​ការ​សាងសង់​ស្តូប​នៅ​គ្រប់​ខេត្ត​ដើម្បី​គោរព​វិញាណក្ខន្ត​ហើយ​ស្នើសុំ​ឲ្យ​មាន​ការ​ជួយ​ ឧបត្ថម្ភ​ថវិកា​ពី​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ផង​ដែរ។

«ការ​ធ្វើ​ហ្នឹង​គួរ​ធ្វើ​ឲ្យ​បាន​រហ័ស​ព្រោះ​ទាំង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ហ្នឹង​ភាគ​ច្រើន​ កាល​ណា​ចាស់​ហើយ​ស្លាប់​មុន​សាលាក្តី​ចេញ​សាលក្រម​ទៀត»។

លោក​ថ្លែង​ថា​ ការ​រក​យុត្តិធម៌​ក៏​ដូច​គ្នា​ដែរ​គឺ​ថា​តុលាការ​ត្រូវ​ធ្វើ​ឲ្យ​បាន​ឆាប់​ព្រោះ​ទាំង​ជន​រងគ្រោះ​នឹង​ជន​ជាប់​ចោទ​មាន​វ័យ​ចំណាស់​ហើយ។

«យុត្តិធម៌​នៅ​លើ​តុលាការ​គឺ​ជា​អ្នក​សម្រេច​ឲ្យ​បាន​លឿន​ព្រោះ​ថា​នៅ​ពេល​នេះ​ ជន​រងគ្រោះ​សង្ឃឹម​ទៅ​លើ​តុលាការ​ហើយ​បាទ ​ដែល​ជា​អ្នក​ផ្លូវ​ច្បាប់​អន្តរជាតិ​ ដើម្បី​ឲ្យ​រក​ឃើញ​យុត្តិធម៌​សម្រាប់​ជនរង​គ្រោះ​ ហើយ​នឹង​សម្រាប់​យុត្តិធម៌​ សម្រាប់​មេដឹក​នាំ​ខ្មែរ​ក្រហម»។

​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គ១​រួចហើយ​អំពី​រឿង​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​ទីក្រុង​និង​ការ​សម្លាប់​នៅ​ទួល​ពោធិ៏ជ្រៃ​ផង​ដែរ។ ​សាលាក្តី​នេះ​គ្រោង​នឹង​ចេញ​សាលក្រម​នៅ​ពាក់​កណ្តាល​ខែ​មិថុនា​នេះ​ មុន​ចាប់​ផ្តើម​សំណុំ​រឿង​០០២​វគ្គ២ ​ទាក់ទង​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជាង​១លាន៧សែន​នាក់​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់ឆ្នាំ​១៩៧៩៕
XS
SM
MD
LG