ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈប្រតិភូ​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន


ប៉ូលិស​យាម​នៅ​ក្បែរ​រថភ្លើង​មួយ​នៅ​ស្ថានីយ​រថភ្លើង​ប៉េកាំង នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។
ប៉ូលិស​យាម​នៅ​ក្បែរ​រថភ្លើង​មួយ​នៅ​ស្ថានីយ​រថភ្លើង​ប៉េកាំង នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។

គេ​រាយការណ៍​ថា​ គណៈប្រតិភូ​កូរ៉េខាង​ជើង​កម្រិត​ខ្ពស់​មួយ​បាន​បំពេញ​ទស្សនកិច្ច​ខ្លី​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង​ដែល​នាំ​ឱ្យ​មាន​ការ​និយាយ​ស្មានៗ​ថា​លោក Kim Jong Un មេដឹកនាំ​កូរ៉េខាងជើង​បាន​ជួប​ជាមួយ​ពួក​មន្ត្រី​ចិន​នៅ​ក្នុង​រដ្ឋធានី​នៃប្រទេសចិន។​

​បណ្តាញ​ផ្សាយ​ព័ត៌មាន​បាន​រាយការណ៍​ថា​រថភ្លើង​មួយ​ដែល​គេ​មាន​ជំនឿ​ថា​ដឹក​គណៈប្រតិភូ​កូរ៉េខាង​ជើង​បាន​ចាកចេញ​ពី​ក្រុង​ប៉េកាំង​កាលពី​រសៀល​ថ្ងៃ​អង្គារ​នៅ​ពេល​មាន​កិច្ចការពារ​សន្តិសុខ​តឹង​រ៉ឹង​នៅ​ក្នុង​រដ្ឋធានី​នៃប្រទេស​ចិន។ ​ក៏ប៉ុន្តែ​គេ​ដឹង​មិន​ច្បាស់លាស់​ទេ​ថា​តើនរណា​ជិះ​ក្នុង​រថភ្លើង​នេះ​ទេ។​

ការ​និយាយ​ស្មានៗ​អំពី​អត្តសញ្ញាណ​នៃ​ភ្ញៀវ​កូរ៉េខាង​ជើង​នេះ​បាន​ចាប់ផ្តើម​មានឡើង​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្រោយ​វីដេអូ​ទូរទស្សន៍​ជប៉ុន​មួយ​បានបង្ហាញ​រូប​រថភ្លើង​ចាស់​ពណ៌បៃ​តង​មួយ​បាន​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ប៉េកាំង។​ បណ្តាញ​ទូរទស្សន៍​ជប៉ុន​ NTV បាន​និយាយ​ថា​រថភ្លើង​ពណ៌បៃ​តង​និង​លឿងនេះ​ស្រដៀង​គ្នា​នឹង​រថភ្លើង​មួយ​ដែល​សព​លោក Kim​ Jong Il អតីត​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ និងជា​ឪពុក​លោក Kim Jong Un បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ប៉េកាំង​កាលពី​ឆ្នាំ២០១១។ លោក KimJong Il ជាមន្ត្រី​កូរ៉េខាង​ជើង​តែ​ម្នាក់​ទៀត​ដែល​ធ្លាប់​ប្រើប្រាស់​រថភ្លើង​ឯកជន​ដើម្បី​ធ្វើ​ដំណើរ​ទៅជួប​ពួក​មន្ត្រី​ចិននៅ​ក្នុង​ក្រុង​ប៉េកាំង។

ទាំង​ប្រទេស​កូរ៉េខាង​ជើង​ ទាំង​ប្រទេស​ចិន​មិន​បាន​បញ្ជាក់អំពី​សេចក្តី​លម្អិត​នៃ​ដំណើរ​ទស្សនកិច្ច​ដែល​បានត្រូវ​រាយការណ៍​នេះ​ទេ។

ប្រសិន​បើ​របាយការណ៍​ទាំង​នេះ​នៃ​បណ្តាញផ្សាយ​ព័ត៌មាន​ជា​ការ​ពិត ទស្សនកិច្ច​មួយ​ដោយ​មេដឹកនាំ​កូរ៉េខាង​ជើង​រូបនេះ​ ដែល​ជា​ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោក​នៅ​ក្រៅ​ប្រទេស​ចាប់តាំង​ពីលោក​ឡើង​កាន់តំណែងកាល​ពី​ឆ្នាំ២០១១មក ឬ​ប្អូនស្រី​លោក​ដែល​បំពេញ​មុខនាទី​សំខាន់​ខ្លាំង​ឡើងៗ​ជា​ប្រសិត​ការទូត​សំខាន់​ម្នាក់​ពី​ប្រទេស​កូរ៉េខាង​ជើង​ នឹង​មាន​សារៈសំខាន់​ទូលំទូលាយ​ខាង​ការ​ទូត។​

ពួក​អ្នកវិភាគ​និយាយថា​ទស្សនកិច្ច​នេះ​អាច​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់ប្តូរ​ខ្លាំង​មួយ​ដោយ​ប្រទេស​កូរ៉េខាងជើង​ពី​គោលជំហរ​ប្រឈម​មុខ​ដាក់​គ្នា​ទៅ​កាន់ការ​ឈោង​ចាប់​ដៃ​ខាង​ការ​ទូត៕

XS
SM
MD
LG