Hello VOA៖ វត្តមានរបស់អាជ្ញាធរមូលដ្ឋានធ្វើឲ្យប៉ះពាល់សិទ្ធិនៃការសម្រេចចិត្តរបស់អ្នកបោះឆ្នោត
អង្គការសិទ្ធិមនុស្សលីកាដូបានតាមដានស្ថានភាពសិទ្ធិមនុស្សអំឡុងពេលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលបានធ្វើឡើងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ អង្គការលីកាដូទទួលការរាយការណ៍ពីរាជធានី-ខេត្ត ចំនួន១៦ផ្សេងគ្នា អំពីវត្តមានរបស់អាជ្ញាធរមូលដ្ឋាន អង្គុយចាំនៅក្នុង ឬក្រៅទីតាំងបោះឆ្នោត ឬជួយសម្របសម្រួលឱ្យពលរដ្ឋបានចូលទៅកាន់ការិយាល័យបោះឆ្នោត ក្នុងនោះមានមេភូមិ មេឃុំ ឬចៅសង្កាត់ ឬចៅហ្វាយស្រុក ក៏ដូចជាអាជ្ញាធរផ្សេងទៀត។ លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ បញ្ជាក់ថា៖ «ព្រោះគាត់ជាអាជ្ញាធរមូលដ្ឋាន អ៊ីចឹងប្រជាពលរដ្ឋគាត់ស្គាល់ទាំងអស់។ អ៊ីចឹងវាធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្ត ពីព្រោះមានការស្ទាក់ស្ទើរ ឬក៏មានការភិតភ័យ និងបារម្ភអំពីសុវត្ថិភាព ខ្លាចថា អាជ្ញាធរទាំងអស់ហ្នឹងដឹងថា គាត់បោះឆ្នោតឲ្យគណបក្សណា»៕ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២)