អ្នកវិភាគបញ្ហាសង្គមក្នុងប្រទេសកម្ពុជា លើកឡើងថា សេរីភាពរបស់បញ្ញវន្តខ្មែរ ក្នុងការចូលរួមចំណែកផ្ដល់ការវិភាគលើបញ្ហាជាតិសំខាន់ៗ បានធ្លាក់ចុះ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បន្ទាប់ពីការបាញ់សម្លាប់អ្នកវិភាគដ៏ល្បីល្បាញម្នាក់គឺលោកបណ្ឌិត កែម ឡី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវបញ្ហាសង្គមនិងជាអ្នកវិភាគនយោបាយម្នាក់ដែលធ្លាប់ធ្វើការជិតស្និទ្ធជាមួយលោក កែម ឡី បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកម្មវិធី«Hello VOA» នៅថ្ងៃចន្ទនេះ៖
«សម្រាប់បញ្ញវន្តដែលកំពុងព្យាយាមប្រឹង ជួយដល់សង្គម ជួយផ្ដល់ការពិតទៅជូនរដ្ឋាភិបាលនេះ គឺយើងមានអារម្មណ៍ថាយើងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ហើយសេរីភាពក្នុងការនិយាយរបស់យើងទៀត ក៏យើងលែងហ៊ាននិយាយអីច្រើន ពិសេសនិយាយអីសំដៅទៅ លើកអំពីឈ្មោះអ្នកនេះ ឈ្មោះអ្នកនោះ យើងអត់ហ៊ានទេ។ ហេតុអ្វីបានយើងអត់ហ៊ាន? កាលណាយើងលើកទៅចំឈ្មោះអ្នកមានអំណាច ក៏យើងនឹងត្រូវទទួលរងគ្រោះថ្នាក់ដែរបាទ»។
លោក មាស នី បន្ថែមទៀតថា បញ្ញវន្តខ្លះ ដែលធ្លាប់ចូលរួមវិភាគបញ្ហាសង្គមនិងនយោបាយម្ដងម្កាលតាមប្រព័ន្ធផ្សព្វផ្សាយ ក៏លែងហ៊ានធ្វើការវិភាគតទៅទៀតដែរ។
«អ្នកខ្លះ បាត់ស្រមោលតែម្ដង គឺថាគាត់ខ្លាច គាត់លែងហ៊ាន សូម្បីតែទូរស័ព្ទ ក៏គាត់ឈប់លើកដែរ»។
លោក កែម ឡី ត្រូវបានឃាតកបាញ់ចំនួនពីរគ្រាប់ បណ្ដាលឲ្យស្លាប់ភា្លមៗនៅក្នុងហាងស្តារម៉ាតមួយកន្លែងក្នុងស្ថានីយសាំងកាល់តិច ក្បែរស្តុបបូកគោ ខណៈពេលដែលលោកកំពុងអង្គុយទទួលទានកាហ្វេពេលព្រឹកដូចសពមួយដងនៅទីនោះ។
ការបាញ់សម្លាប់លោក កែម ឡី នេះ កើតឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីអ្នកវិភាគរូបនេះ បានធ្វើអត្ថាធិប្បាយលើរបាយការណ៍ថ្មីមួយរបស់អង្គការ Global Witness ដែលមានចំណងជើងថា «Hostile Takeover»ឬមានន័យថា «ការកាន់កាប់ដោយអរិភាព»។ របាយការណ៍នេះ បានលាតត្រដាងពីការគ្រប់គ្រងជំនួញនិងទ្រព្យសម្បត្តិដ៏ច្រើនសម្បើមរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក មាស នី ថ្លែងថា ទោះបីជាបញ្ញវន្តឬអ្នកចេះដឹងខ្លះ នៅតែបន្តចូលរួមផ្ដល់ការវិភាគរបស់ខ្លួន ទៅលើបញ្ហាជាតិសំខាន់ៗក៏ដោយ ក៏ពួកគេ ត្រូវធ្វើដោយប្រុងប្រយ័ត្នជាងមុនដែរ។
តែទោះជាយ៉ាងនេះក្ដី អ្នកវិភាគរូបនេះ អះអាងថា ការធ្លាក់ចុះនូវការចូលរួមវិភាគបញ្ហាពីសហគមន៍បញ្ញវន្តនេះ ធ្វើឲ្យរដ្ឋាភិបាលជាអ្នកខាតបង់ទៅវិញ។
«ប្រសិនបើកុំមានការជួយវិភាគ យើងមិនជួយកៀសចន្លុះភ្លើងហ្នឹងទេ ខ្ញុំគិតថា អ្វីដែលជាការកើតឡើង ពិសេសដូចជាអំពើអយុត្តិធម៌សង្គមផ្សេងៗ វានៅតែមានបន្តទៅទៀត អ្នកដែលទទួលរងគ្រោះហ្នឹង គឺមិនមែនអ្នកវិភាគទេ គឺអ្នកទទួលរងគ្រោះហ្នឹង គឺរដ្ឋាភិបាល គឺវាធ្វើឲ្យប៉ះពាល់ប្រជាប្រិយរបស់រដ្ឋាភិបាល»៕