ក្រុមបុគ្គលិកសង្គ្រោះនិងកងកម្លាំងយោធានៅប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍បានប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋនៅតាមគេហដ្ឋានចំនួនជាង៣.០០០ ដែលត្រូវផ្តាច់ដោយសារទឹកជំនន់បង្កដោយភ្លៀងនិងការបាក់ដីដែលបានសម្លាប់មនុស្សយ៉ាងតិច៦០នាក់ និងនាំឲ្យមានការអន្តរាយយ៉ាងខ្លាំងនៅតំបន់ភាគកណ្តាលនិងនិរតីនៃប្រទេសជប៉ុន។
ទីភ្នាក់ងារខាងគ្រោះមហន្តរាយរបស់ជប៉ុននិយាយថា ទឹកជំនន់និងការបាក់ដីបានធ្វើឲ្យខូចខាតផ្លូវថ្នល់និងកាត់ផ្តាច់ផ្លូវទៅកាន់ផ្ទះប្រជាជននៅតំបន់រងគ្រោះខ្លាំងជាងគេនៅក្នុងខេត្ត Kumamoto ដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំង។
នៅក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បញ្ជាក់ថាមានបុគ្គលិកសង្គ្រោះចំនួន១៣០.០០០នាក់កំពុងជួយសង្គ្រោះនៅក្នុងខេត្តចំនួន៨។
មកទល់នឹងនេះមានទន្លេនិងស្ទឹងចំនួន៥៩បានឡើងជោរជន់ និងមានការបាក់ដី១៧៩កន្លែងក្នុងខេត្ត២៣ ហើយអ្នកព្យាករណ៍អាកាសធាតុព្រមានថានឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់យ៉ាងហោចណាស់ដល់ថ្ងៃអាទិត្យទៀត។
កិច្ចការសង្គ្រោះនៅជប៉ុននៅពេលមានការលំបាក់មួយកម្រិតទៀតដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ដែលមកទល់នឹងពេលនេះបានសម្លាប់មនុស្សជិត១០.០០០នាក់នៅក្នុងប្រទេសជប៉ុន និងធ្វើឲ្យគេពិបាកជម្លៀសពលរដ្ឋទៅកន្លែងជម្រកបានច្រើនដោយសារត្រូវរក្សាគម្លាតពីគ្នា។
ក្នុងរឿងដាច់ដោយឡែកមួយទៀត រាជធានីតូក្យូកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ពីចំនួនករណីឆ្លងកូវីដ១៩ថ្មីច្រើនបំផុតមិនធ្លាប់មានរហូតដល់២២៤ករណីដែលធ្វើឲ្យចំនួនអ្នកកើតកូវីដ១៩ក្នុងទីក្រុងនេះកើនដល់ជាង៧.២០០នាក់៕