អង្គការសហប្រជាជាតិកំពុងស្វែងរកទឹកប្រាក់ជំនួយចំនួន ៩៤៣ លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយសង្គ្រោះជីវិតដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា (Rohingya) ជាង ៨៨០.០០០ នាក់ និងប្រជាពលរដ្ឋបង់ក្លាដែសចំនួន ៤៧២.០០០ នាក់ នៅក្នុងសហគមន៍នានាដែលផ្តល់ទីជម្រកដល់ជនភៀសខ្លួនទាំងនោះ។
ជនភៀសខ្លួនភាគច្រើន ដែលមានចំនួនប្រមាណ ៧៤០.០០០ នាក់ បានរត់គេចពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០១៧។
ចាប់តាំងពីពេលនោះមក ពួកគេបានរស់នៅក្នុងភាពមិនច្បាស់លាស់នៅក្នុងជំរំតូចចង្អៀតនិងកខ្វក់នៅ ក្នុងទីក្រុង Cox’s Bazar ប្រទេសបង់ក្លាដែស។
លោក Andrej Mahecic អ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បាននិយាយថា ជនភៀសខ្លួនទាំងនោះនៅតែងាយរងគ្រោះ និងប្រឈមនឹងអនាគតមិនច្បាស់លាស់។
លោក Mahecic បញ្ជាក់ដូច្នេះថា៖ «ដោយសារវិបត្តិជនភៀសខ្លួនឈានចូលដល់ឆ្នាំទី ៤ ប្រទេសបង់ក្លាដែសត្រូវការការគាំទ្រខ្លាំងក្លាជាបន្តពីអន្តរជាតិ ដើម្បីធានាដល់សុវត្ថិភាពនិងសុខុមាលភាពរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលមិនមានកន្លែងជ្រកកោន។ វិបត្តិនេះ មិនត្រូវក្លាយជាវិបត្តិដែលត្រូវបានគេបំភ្លេចចោលនោះទេ។ ទាំងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងទាំងប្រជាពលរដ្ឋបង់ក្លាដែសដែលផ្តល់កន្លែងស្នាក់នៅដោយក្ដីសណ្ដោសដល់ជនភៀសខ្លួនទាំងនោះអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក គឺត្រូវការការគាំទ្រពីអន្តរជាតិ»។
លោក Mahecic បាននិយាយថា ការរាតត្បាតជំងឺកូវីដ១៩ បានបង្កើនភាពងាយរងគ្រោះបន្ថែមទៀតដល់ជនភៀសខ្លួន និងសហគមន៍ដែលផ្ដល់ទីជម្រកដល់ពួកគេ។
លោកបានបន្ថែមថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលនិងទីភ្នាក់ងារជំនួយនានាបានព្យាយាមការពារកុំឲ្យមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ ខ្លាំងនៅក្នុងជំរំនិងតំបន់ជុំវិញ។
ស្ថានការណ៍បច្ចុប្បន្នហាក់ដូចជាបង្ហាញថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទំនងជាមិនអាចត្រឡប់ទៅកាន់មាតុភូមិរបស់ពួកគេវិញបានទេក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារតែប្រទេសមីយ៉ាន់ម៉ាកំពុងមានវិបត្តិនយោបាយនិងសង្គម។
ចាប់តាំងពីពេលដែលយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យកាលពីថ្ងៃទី ១ ខែកុម្ភៈមក ប្រទេសមីយ៉ាន់ម៉ាបានស្ថិតនៅក្នុងស្ថានភាពចលាចល ដោយប្រជាពលរដ្ឋស្ថិតក្រោមការត្រួតត្រារបស់អាជ្ញាធរ។
ការអំពាវនាវរបស់អង្គការសហប្រជាជាតិនៅក្នុងការស្វែងរកទឹកប្រាក់ជំនួយចំនួន ១ ពាន់លានដុល្លារអាមេរិកសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកាលពីឆ្នាំមុន ទទួលបានជំនួយមិនដល់ ៦០% ផង។ មន្ត្រីអង្គការសហប្រជាជាតិសង្ឃឹមថា ឆ្នាំនេះនឹងទទួលបានលទ្ធផលប្រសើរជាងនេះ៕