នៅក្រោយពីការលេចចេញនូវការឆ្លងជំងឺរលាកផ្លូវដង្ហើម Mers មន្រ្តីរដ្ឋាភិបាលនៃប្រទេសកម្ពុជាថ្លែងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ការ និងទប់ស្កាត់ ហើយនិងព្យាបាលជំងឺឆ្លងនេះ។
មន្ត្រីសុខាភិបាលរបស់ប្រទេសកម្ពុជាបាននិយាយថា ខ្លួនបានបន្តការយកចិត្តទុកដាក់ និងបង្ហាត់បង្រៀនមន្ត្រី និងប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលត្រូវចាកចេញពីប្រទេសទៅកាន់ប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាចូលរួមពិធីសាសនានោះ ដើម្បីឲ្យគេស្វែងយល់ពីការបង្ការ និងរកសេវាព្យាបាលនៅពេលសង្ស័យថា មានជំងឺ Mers។
ជំងឺ Mers បានឆ្លងទៅមនុស្សរាប់រយនាក់ក្នុងពិភពលោក ហើយបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ទៀតត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីអ្នកដទៃទៀត។ ជំងឺនេះបានកើតមានជាលើកដំបូងនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងឆ្នាំ២០១២ ហើយបានរីករាលដាលទៅប្រទេសមួយចំនួនទៀត។
លោក លី សុវណ្ណ អ្នកនាំពាក្ររបស់ក្រសួងសុខាភិបាល បានប្រាប់វីអូអេថា លោក និងមន្ត្រីសុខាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានអ្នកដែលសង្ស័យថាមានជំងឺនេះ។ លោកបាននិយាយថា ប្រព័ន្ធតាមដានត្រូវបានដាក់នៅតាមច្រកចេញចូលតាមព្រំដែន ដើម្បីចាប់យកសញ្ញាសង្ស័យផ្សេងៗនៃជំងឺនេះពីអ្នកធ្វើដំណើរជាតិ និងអន្តរជាតិ ជាពិសេសអ្នកដែលមកពីប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា។
«ទោះបីជាយើងមិនមាន Mers ក៏ដោយគឺថា ចាប់តាំងពីឆ្នាំ២០០៣ តាំងពីផ្ទុះជំងឺសាមកម្ល៉េះយើងបានចាប់ផ្តើមពង្រឹងនូវប្រព័ន្ធតាមដានរោគសញ្ញានៃជំងឺ Mers តាមព្រំដែន តាមមន្ទីរពេទ្យ និងតាមសហគមន៍ ហើយចំពោះការតាមដានជំងឺ Mers យើងបានយកចិត្តទុកដាក់ចាប់តាំងពីមានការផ្ទុះនៅមជ្ឈិមបូព៌ាមករហូតពេលនេះ»។
លោកបន្ថែមថា៖ «ទោះបីជាពេលបច្ចុប្បន្ន យើងមិនមានជំងឺ Mers យ៉ាងណាក៏ដោយ យើងនៅបន្តការតាមដានប្រជាពលរដ្ឋដែលគាត់អញ្ជើញមកពីមជ្ឈិមបូពា ឬក៏ដូចជាឆ្លងកាត់ទីនោះ»។
លោក គូ សំសារិត អភិបាលខេត្តបន្ទាយមានជ័យ ដែលជាខេត្តមានព្រំប្រទល់ជាប់ប្រទេសថៃ បានមានប្រសាសន៍ថា អាជ្ញាធរខេត្តបានដាក់ប្រព័ន្ធតាមដាននៅច្រកចេញចូល ហើយខេត្តនេះក៏មានមន្ទីរពេទ្យដែលអាចផ្តល់សេវាដល់អ្នកជំងឺផងដែរ។
លោក លី សុវណ្ណមានប្រសាសន៍បន្ថែមថា ជំងឺនេះមានគ្រោះអាសន្នប៉ះពាល់ដល់សុខភាពសាធារណៈដែលអាចឆ្លងលឿន។ អង្គការសុខភាពពិភពលោកតម្រូវឲ្យប្រទេសនីមួយៗអនុវត្តវិធានការការពារ និងព្យាបាលឲ្យបានច្បាស់លាស់។
លោកបានបន្តថា ដើម្បីទប់ស្កាត់ការរីករាលដាលដែលអាចកើតមាននោះ ចំនួនបុគ្គលិកគ្រូពេទ្យក៏ដូចជាចំនួនអ្នកចូលទៅសួរសុខទុក្ខអ្នកជំងឺត្រូវបានកំណត់ ព្រោះការអនុញ្ញាតឲ្យមានការចេញចូលច្រើនអាចជាឱកាសដែលនាំឲ្យមានការថ្លោះធ្លោយ។ ទំនាក់ទំនងនឹងត្រូវធ្វើឡើងតាមរយៈទូរស័ព្ទ។
លោកបានស្នើឲ្យប្រជាពលរដ្ឋ ដែលសង្ស័យថាមានជំងឺនេះ មានការអត់ធ្មត់ចំពោះការរងចាំ និងការព្យាបាល ដែលតម្រូវឲ្យដាក់អ្នកជំងឺដាច់ដោយឡែកពីអ្នកផ្សេងទៀត ហើយការដាក់ឲ្យនៅដាច់ដោយឡែកអាចមានរយៈពេលពីរថ្ងៃ ចាប់តាំងពីការយកឈាមទៅពិនិត្យ។
«ករណីសង្ស័យគឺខ្ញុំសំណូមពរឲ្យគាត់នៅក្នុងបន្ទប់ដែលដាច់ដោយឡែកពី២៤ទៅ៤៨ម៉ោង។ សូមឲ្យគាត់មានការអត់ធ្មត់បាទ ពីព្រោះលទ្ធផលពីមន្ទីរពិសោធន៍គឺយើងមិនអាចមើលភ្លាមដឹងភ្លាមទេ»។
នៅក្នុងពេលសាសនារបស់បងប្អូនឥស្លាម ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានសហការគ្នាដើម្បីអប់រំប្រជាពលរដ្ឋអំពីវិធានការការពារជំងឺនេះ។
លោកបាននិយាយថា៖ «យើងប្រាប់គាត់អំពីវិធានការបង្ការ ដូចជាយើងកុំនៅជិតអ្នកមានរោគសញ្ញាផ្លូវដង្ហើម។ ប្រសិនបើយើងនៅជិតគឺ យើងគួរតែការពារពាក់ម៉ាស់ ឧស្សហ៍លាងដៃនឹងសាប៊ូ និងទឹក។ បើសិនជាគាត់មានរោគសញ្ញា គាត់ត្រូវរកការព្យាបាលជាបន្ទាន់ ដោយទាក់ទងគ្រូពេទ្យដែលនៅជាមួយគាត់ ឬមួយក៏រកការព្យាបាលនៅទីនោះ។ ហើយពេលត្រឡប់មកស្រុកខ្មែរវិញ បើសិនជាមានរោគសញ្ញាគ្រុនក្តៅលើសពី៣៨,៥អង្សាសេ មានក្អក មានឈឺកគឺថា សូមមេត្តាទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់។ ហើយសូមប្រាប់ជូនគ្រូពេទ្យពីប្រវត្តិធ្វើដំណើររបស់គាត់ផង ពីព្រោះថា ការណ៍ដែលគាត់រាយការណ៍ទាន់ពេលវេលា ហើយចូលរួមសហការជាមួយក្រសួងសុខាភិបាលក៏ដូចជាមន្ទីរពេទ្យហ្នឹង ប្រៀបដូចជាគាត់បានជួយសង្រោះប្រជាពលរដ្ឋរបស់យើង ដែលយើងមាន១៤លាននាក់ហើយ។ ខ្ញុំក៏សូមអំពាវនាវបងប្អូនឲ្យមានការចូលរួមហើយអត់ធ្មត់»។
លោកស្រី Vicky Houssiere មន្ត្រីទំនាក់ទំនងរបស់អង្គការសុខភាពពិភពលោក បាននិយាយថា អង្គការសុខភាពពិភពលោកនៅតែបន្តជួយក្រសួងសុខាភិបាលទៅលើការបង្ការ និងព្យាបាលជំងឺឆ្លងផ្សេងៗ។ អង្គការនេះបានគាំទ្រក្រសួងសុខាភិបាលនូវកត្តាផ្សេងៗ ដូចជាបច្ចេកទេស ការអប់រំប្រជាពលរដ្ឋឲ្យយល់ពីការបង្ការរោគសញ្ញា និងការស្វែងរកការព្យាបាលជំងឺនេះជាដើម។
«ពួកគេទៅសហគមន៍ និងបានណែនាំ មានសំណួរ និងចម្លើយ មានកិច្ចពិភាក្សាដើម្បីធ្វើឱ្យប្រាកដថា ប្រជាពលរដ្ឋទាំងនេះបានដឹងថា ត្រូវធ្វើអ្វីមុនពេលចេញដំណើរ។ មានសារអំពីអនាម័យជាច្រើន ដូចជាលាងសំអាតដៃ កុំផឹកទឹកដោះអូដ្ឋ។ សារទាំងនោះគឺសម្រាប់នៅពេលដែលពួកគេនៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងឱកាសបុណ្យ Haj។ ហើយយើងថែមទាំងផ្តល់ឱ្យពួកគេនូវព័ត៌មានពេលពួកគេត្រឡប់មកវិញនៅក្នុងករណីដែលពួកគេឈឺ»។
លោកស្រីនិយាយថា ការយកចិត្តទុកដាក់ទៅលើការបង្ការ ការអប់រំ និងព្យាបាលនៅតែបន្តកាលណាជំងឺនេះនៅតែមាន។
លោកស្រីបានបន្ថែមថា៖ «វាមិនអាស្រ័យលើពេលវេលានោះទេ។ វាអាស្រ័យលើស្ថានភាពនៃជំងឺ។ ដោយសារតែឥឡូវនេះជំងឺ Mers នៅតែឆ្លងនៅក្នុងតំបន់មជ្ឈិមប្រទេស យើងនៅតែមានការប្រុងប្រយ័ត្ន»។
លោក លី សុវណ្ណ បាននិយាយថា មានមន្ទីរពេទ្យមួយចំនួននៅរាជធានីភ្នំពេញ ដូចជាមន្ទីរពេទ្យកាលម៉ែត្រ និងមិត្តភាពខ្មែររុស្សី ហើយនិងមន្ទីរពេទ្យនៅតាមបណ្តាខេត្តមួយចំនួនទៀតដូចជាខេត្តស្វាយរៀង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យជាដើម ដែលត្រៀមខ្លួនបង្ការ អប់រំ និងព្យាបាលជំងឺ Mers នេះ៕