មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលឲ្យដឹងថា រដ្ឋាភិបាលកម្ពុជារក្សាទុកថវិកាដែលបរិច្ចាគដោយអ្នកជំនួញមានងារឧកញ៉ា ម្ចាស់ក្រុមហ៊ុន និងសាធារណជនទូទៅ ទុកសម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅពេលខាងមុខ ក្រោយប្រើអស់វ៉ាក់សាំងដែលជាជំនួយរបស់រដ្ឋាភិបាលចិន និងអង្គការសុខភាពពិភពលោក (World Health Organization)។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។ លោកស្រីបានឲ្យដឹងថាកម្ពុជាកំពុងតែពិចារណាទិញវ៉ាក់សាំងបន្ថែមពីក្រៅប្រទេស ដោយប្រើថវិកាដែលប្រមូលបានពីសប្បុរសជន ដែលមានរាប់សិបលានដុល្លារ។
លោកស្រីមានប្រសាសន៍ថា៖ «មានមតិមួយចំនួនលើកឡើងថាមានវ៉ាក់សាំងមួយចំនួនសុទ្ធតែវ៉ាក់សាំងជំនួយ។ ចុះលុយគេចូលជាជំនួយមក យកទៅណាអស់? មិនមែនយកទៅណាអស់ទេ គឺទុកទិញវ៉ាក់សាំងហ្នឹងឯង។ ហើយឥឡូវកំពុងគិតគូរដើម្បីទិញវ៉ាក់សាំងបន្ថែម។ ជំនួយ[វ៉ាក់សាំង]គេឲ្យមកអត់គ្រប់ទេ ច៎ា»។
ចាប់តាំងពីខែកុម្ភៈ កម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយមនុស្សធម៌របស់រដ្ឋាភិបាលចិន ចំនួន៦០ម៉ឺនដូស ដែលអាចចាក់មនុស្សចំនួន៣០ម៉ឺននាក់។ រដ្ឋាភិបាលប្រទេសចិននឹងផ្តល់វ៉ាក់សាំងចំនួន៤០ម៉ឺនដូសទៀតមកកម្ពុជា នៅក្នុងខែមេសាខាងមុខ ដែលជាជំនួយមនុស្សធម៌។ កម្ពុជាក៏កំពុងប្រើប្រាស់វ៉ាក់សាំង AstraZeneca ចំនួន ៣២.៤០០០ ដូស ក្រោមក្របខណ្ឌកូវ៉ាក់ (Covax) ដែលជាយន្តការរបស់អង្គការសុខភាពពិភពលោក (WHO)។
បើតាមមន្រ្តីសុខាភិបាល វ៉ាក់សាំងទាំងនោះមិនគ្រប់សម្រាប់កម្ពុជានោះទេ ដែលមានគម្រោងចាក់មនុស្សប្រមាណ១០លាននាក់។
បើតាមលោកស្រី ឱ វណ្ណឌីន ក្រោមគម្រោងកូវ៉ាក់ វ៉ាក់សាំង១លាន១សែនដូស នឹងត្រូវផ្តល់មកឲ្យកម្ពុជាជាដំណាក់កាល ដែលកម្ពុជាទទួលបានជាង៣២ម៉ឺនដូសរួចហើយកាលពីដើមខែមីនា ហើយនៅសល់ផ្សេងទៀត មានការសន្យាថានឹងបញ្ជូនមកកម្ពុជា ឲ្យបានមុនខែមិថុនា ឆ្នាំ ២០២១។
នៅក្នុងការរៃអង្គាសប្រាក់ដើម្បីត្រៀមទុកទិញវ៉ាក់សាំងលើកទីមួយ កាលពីចុងឆ្នាំ២០២០ ក្រោមការឧបត្ថម្ភពីក្រុមអ្នកជំនួញ ឧកញ៉ា និងសាធារណជនទូទៅ រដ្ឋាភិបាលកម្ពុជាប្រមូលថវិកាបានជាង៣០លានដុល្លារ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក។
ចំណែកនៅក្នុងយុទ្ធនាការរៃអង្គាសលើកទីពីរដែលចាប់ផ្តើមកាលពីសប្តាហ៍មុន គេឃើញមានក្រុមអ្នកជំនួញនិងឧកញ៉ា ដែលធ្លាប់បានចូលរួមថវិកាពីលើកទីមួយ បានចូលថវិកាក្នុងទំហំដូចពីមុនផងដែរ។ ការប្រមូលប្រាក់លើកទីពីរសម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានយ៉ាងតិច២០លានដុល្លារអាមេរិក។ សរុបទឹកប្រាក់ដែលប្រមូលបានទាំង២លើក មានយ៉ាងតិច៥០លានដុល្លារអាមេរិក។
VOA មិនអាចសុំការបញ្ជាក់ពីលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកថវិកាពីសប្បុរសជន និងជាជំនួយការរបស់នាយករដ្ឋមន្រ្តី ជុំវិញចំនួនទឹកប្រាក់ដែលប្រមូលបាននោះទេ។
លោក មាស នី អ្នកវិភាគនយោបាយនិងសង្គម មានប្រសាសន៍ថាការរៃអង្គាសប្រាក់ដើម្បីបុព្វហេតុណាមួយ ជារឿងធម្មតា ប៉ុន្តែសំខាន់គឺការប្រើប្រាស់ឲ្យចំទិសដៅ និងមានតម្លាភាព។
លោកបន្តថាការទទួលយកប្រាក់រៃអង្គាសពីសំណាក់សប្បុរសជនជាអ្នកជំនួញធំ ឬឧកញ៉ាមានឥទ្ធិពល គឺពាក់ព័ន្ធជាមួយក្រមសីលធម៌ផងដែរ បើសិនជាថវិកាទទួលយកនោះ ចេញមកពីប្រភពលុយកខ្វក់ ឬដើម្បីផលប្រយោជន៍តបស្នងទៅវិញ។
លោកប្រាប់ VOA ថា៖«ដូច្នេះប្រសិនបើប្រភពលុយហ្នឹង វាបានមកពីប្រភពកខ្វក់ បានន័យថាវាអាចជាលុយលាងលុយ ឬក៏ជាលុយដែលរកស៊ីដោយអំពើខុសច្បាប់ផ្សេងៗ។ អាហ្នឹងការទទួលយករបស់រដ្ឋាភិបាលហ្នឹង ក៏ខុសដែរ អាហ្នឹងបើនិយាយពីក្រមសីលធម៌នៅក្នុងការទទួលយកជំនួយ»។
លោក មាស នី បន្ថែមថា៖«ប្រភពលុយហ្នឹងសួរថា លុយយកពីណាមក។ ឧទាហរណ៍ថាប្រសិនជាខ្ញុំហ្នឹងទៅរកស៊ីខុសច្បាប់ពីរឿងព្រៃឈើ ប៉ុន្តែខ្ញុំមានលុយរាប់សិបលានដុល្លារ ដើម្បីជួយមកអ្នកនយោបាយ ហើយជាថ្នូរសងទៅវិញ គឺខ្ញុំគ្រាន់តែសុំធ្វើម៉េចឲ្យ ច្រកដែលខ្ញុំរកស៊ីហ្នឹងកុំឲ្យមានបញ្ហា។ អាហ្នឹងមានន័យថា ជួយគ្នាទៅវិញទៅមកហ្នឹងណា»។
កាលពីពាក់កណ្តាលខែកុម្ភៈ ក្រសួងការបរទេសកម្ពុជាបានស្នើសុំទិញវ៉ាក់សាំងពីប្រទេសឥណ្ឌាដែលផលិតវ៉ាក់សាំងដែរ ចំនួន៥លានដូស ដោយក្នុងនោះកម្ពុជាបានស្នើសុំឲ្យមានការផ្គត់ផ្គង់ក្នុងដំណាក់កាលដំបូងចំនួន១លានដូស។ ប៉ុន្តែមិនទាន់មានការឆ្លើយតបយ៉ាងណាពីប្រទេសឥណ្ឌានៅឡើយទេ។
បណ្តាប្រទេសនៅលើពិភពលោកមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់បង្ការជំងឺកូវីដ១៩នេះទេ។ តាមការប៉ាន់ប្រមាណ កម្ពុជាមានប្រជាជនប្រមាណ១០លាននាក់ ដែលនឹងចាក់វ៉ាក់សាំងបង្ការជំងឺនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាវ៉ាក់សាំងAstraZeneca គឺសម្រាប់ក្រុមពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងតែប៉ុណ្ណោះ។ លោកបន្ថែមថាអ្នកដែលមានអាយុក្រោម៦០ឆ្នាំ ត្រូវចាក់វ៉ាក់សាំងរបស់ចិនឈ្មោះ ស៊ីណូហ្វាម(Sinopharm)។ ការចាក់វ៉ាក់សាំងធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត មិនគិតថ្លៃ ហើយចាក់ទៅលើក្រុមអាទិភាពជាមុនសិន៕