ក្រសួងសុខាភិបាលសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនចំនួនពីរកន្លែងក្នុងរាជធានីភ្នំពេញ ក្រោមមូលហេតុថា មន្ទីរសម្រាកព្យាបាលទាំងពីរមិនបានគោរពតាមការណែនាំរបស់ក្រសួង។
សេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលចំនួនពីរដែលចេញផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឲ្យដឹងថា ក្រសួងបានបិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ សែនមានជ័យ ដែលមានទីតាំងនៅផ្ទះលេខ ៧B3- ៨B3 ផ្លូវលេខ ១០៧ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមន្ទីរពហុព្យាបាលឯកជនមួយទៀតមានឈ្មោះ មេត្រូ អអ៊ិលវី ដែលមានទីតាំងនៅផ្ទះលេខ ៦៨ ផ្លូវលេខ ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្រេចទាំងនោះបញ្ជាក់ថា ក្រសួងបិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ សែនមានជ័យ ដោយសារបានប្រព្រឹត្តកំហុសដដែលៗ ក្នុងការយករថយន្តសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវសាធារណៈ មិនគោរពតាមកិច្ចសន្យាជាមួយក្រសួងសុខាភិបាល និងមិនមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការផ្តល់សេវា ដូចមានក្នុងរចនាសម្ព័ន្ធដែលបានស្នើសុំ។ចំណែកមន្ទីរពហុព្យាបាលឯកជនឈ្មោះ មេត្រូ អអ៊ិលវី ត្រូវបិទដោយសារបានប្រើប្រាស់សេវាពិគ្រោះបញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីគណៈគ្រប់គ្រងនៃមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី បានទេ ដោយទូរស័ព្ទចូលតែមានអ្នកចុចបិទ។ យ៉ាងណាក្តី នៅមុនពេលក្រសួងសុខាភិបាលចេញសេចក្តីសម្រេចមួយថ្ងៃ មន្ទីរពហុព្យាបាលនេះបានចេញសេចក្តីជូនដំណឹងមួយថា នាយកគ្រប់គ្រងនៃមន្ទីរពេទ្យ មេត្រូ អអ៊ិលវី ឈ្មោះ ង៉ែត សំអូន បានប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងក្រុមហ៊ុន និងបង្ខូចឈ្មោះមន្ទីរពេទ្យ ហើយបានយកលុយពីអ្នកជំងឺជាច្រើននាក់ដើម្បីព្យាបាល ជាពិសេសទៅប្រទេសឥណ្ឌា។
គណៈគ្រប់គ្រងមន្ទីរសម្រាកព្យាបាល សែនមានជ័យ លោក ប្រាក់ ឌី ប្រាប់វីអូអេថា ការសម្រេចបិទ និងដកហូតអាជ្ញាបណ្ណមន្ទីរសម្រាកព្យាបាលរបស់លោក គឺបង្ហាញពីភាពលម្អៀង និងអយុត្តិធម៌ ខណៈដែលមន្ទីរសម្រាកព្យាបាលគ្រាន់តែបញ្ចេញឡានទៅដឹកអ្នករងរបួសដោយគ្រោះចរាចរណ៍តែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ពេទ្យអីខាងពន្លឺ រស្មី អី.... សែនជ័យដែរ ឈ្មោះ…. សែនជ័យនៅអាស៊ីអាគ្នេយ៍ គាត់ដឹករាល់ថ្ងៃរាល់យប់។ យប់ៗឡើងឡានគាត់ប្រចាំការតាមគោលដៅ ហើយពួកខ្ញុំគ្រោះថ្នាក់នៅមុខពេទ្យជិតៗហ្នឹង ខ្ញុំគ្រាន់តែជួយដឹកមកសង្គ្រោះគ្នាតែប៉ុណ្ណឹង ហើយមកបិទពេទ្យពួកខ្ញុំ។ វាលម្អៀង វាអត់យុត្តិធម៌»។
លោកបន្ថែមថា លោកបានទាក់ទងទៅខាងក្រសួងសុខាភិបាលចំពោះការដកអាជ្ញាបណ្ណមន្ទីរសម្រាកព្យាបាលរបស់លោក ប៉ុន្តែលោកមិនទាន់ដឹងទេថា នឹងមានចំណាត់ការបែបណាបន្តទៅទៀត។
លោកប្រាប់វីអូអេថា៖ «ខ្ញុំតេទៅសួរ ….ការដែលខ្ញុំហ្នឹងមិនមែនសុំបិទទេ។ ខ្ញុំសុំផ្អាក Lisence [អាជ្ញាបណ្ណ] មួយរយៈសិន។ គាត់ថាឱ្យផ្អាកៗទៅ! ដល់ពេលខ្ញុំសម្រាក គាត់ចេញលិខិតបិទរបស់ខ្ញុំហើយខ្ញុំតវ៉ាដែរ តែថា ហ្នឹងថ្នាក់ដឹកនាំគេសម្រេចអ៊ីចឹង។ ខ្ញុំអត់ដឹងនិយាយយ៉ាងម៉េចដែរ។ យើងប្រជារាស្រ្ត។យើងធ្វើបានតែប៉ុណ្ណឹង! ដល់អ៊ីចឹងអត់ដឹងនិយាយថាម៉េចផង»។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបាននៅឡើយទេ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ការបិទមន្ទីរសម្រាកព្យាបាលទាំងពីរនេះ អាចបង្ហាញជាគំរូដល់មន្ទីរសម្រាកព្យាបាលដទៃទៀតក្នុងការពង្រឹងការផ្តល់សេវាថែទាំទៅកាន់អ្នកជំងឺ។
លោកថ្លែងថា៖ «ប្រសិនជាការបិទនេះព្រោះតែគាត់ខ្វះវិជ្ជាជីវៈ ខ្វះក្រមសីលធម៌ ការបិទនេះគឺនឹងជួយបង្កើនឱ្យមន្ទីរសម្រាកព្យាបាលឯកជនដទៃទៀតប្រឹងប្រែងពង្រឹងគុណភាព។ អ៊ីចឹងវាអាចធ្វើឱ្យវិស័យនៃមន្ទីរពេទ្យឯកជន ឬក៏មន្ទីរសម្រាកព្យាបាលឯកជនហ្នឹងវាកាន់តែមានគុណភាពល្អប្រសើរ ហើយអាចនឹងឱ្យប្រជាពលរដ្ឋជឿទុកចិត្តបាន»។
លោកបន្ថែមថា ក្រសួងសុខាភិបាលក៏គួរតែចូលរួមសកម្មក្នុងការត្រួតពិនិត្យ និងវិនិច្ឆ័យច្បាស់លាស់មុននឹងសម្រេចឱ្យមន្ទីរសម្រាកព្យាបាលឯកជនណាមួយបើកដំណើរការ។
លោកថ្លែងថា៖ «ប៉ុន្តែក្នុងនោះដែលក្រសួងក៏មានកាតព្វកិច្ចដែរ នៅក្នុងការជួយបណ្តុះបណ្តាលទៅក្រមសីលធម៌ ឬក៏ការចែករំលែកបទពិសោធន៍ ឬក៏ចំណេះដឹងថ្មីៗ ឬបទពិសោធន៍ថ្មីៗពាក់ព័ន្ធពីរបៀបវិធីព្យាបាលថ្មីៗ ឬអ្វីដែលមានធ្វើបច្ចុប្បន្នភាពថ្មីៗដើម្បីឱ្យមន្ទីរសម្រាកព្យាបាល ឬមន្ទីរពេទ្យឯកជនទទួលបានព័ត៌មានថ្មីៗ ក្នុងការកែលម្អនៅក្នុងកន្លែងរបស់គេ។ នេះជារឿងចាំបាច់ដែលក្រសួងត្រូវតែធ្វើ»។
បើតាមលោក យង់ គិមអេង ក្រសួងសុខាភិបាលគួរមានគោលដៅសំខាន់ក្នុងការពង្រឹងគុណភាពនៃការផ្តល់សេវាព្យាបាលជំងឺ និងការលើកកម្ពស់ស្តង់ដារនិងក្រមសីលធម៌របស់គ្រូពេទ្យ ចំណែកការអនុវត្តរបស់ក្រសួងសុខាភិបាលក្នុងការបិទ ឬផ្អាកដំណើរការមន្ទីរសម្រាកព្យាបាលណាមួយ ត្រូវមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ដើម្បីបង្ហាញពីតម្លាភាព និងគណនេយ្យភាព។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី លើកឡើងថា មន្ទីរសម្រាកព្យាបាលឯកជនត្រូវតែផ្តល់នូវរបាយការណ៍នៃបច្ចុប្បន្នភាពណាមួយរៀងរាល់ ៦ខែម្តង ទៅអគ្គនាយកដ្ឋានរបស់ក្រសួងសុខាភិបាល និងត្រូវមានការសហការឱ្យបានត្រឹមត្រូវ។
លោកថ្លែងថា៖ «គ្លីនិកហ្នឹងត្រូវសហការជាមួយក្រសួងគេហៅថា ភ្នាក់ងារខាងបើកគ្លីនិក និងគណៈគ្រូពេទ្យ។ គេហៅនាយកដ្ឋានសេវាកម្មឯកជន …ត្រូវសហការជាមួយគេដើម្បីជូនដំណឹងគេ។ ដូចថាឥឡួវឱ្យ ៦ខែ ដើម្បីឱ្យដំណឹងគេថា តើគ្លីនិកយើង វាប្រសើរបានអី? វាធ្វើអីបានតាមគេអត់?ទី ២ តើបុគ្គលិកដែលរើសហ្នឹង តើយើងយកបុគ្គលិកក្រមខណ្ឌពេទ្យមានសញ្ញាបត្រត្រឹមត្រូវអត់?»
គិតចាប់ពីខែដើមខែសីហា ឆ្នាំ ២០២៣ មក យ៉ាងហោចណាស់មន្ទីរសម្រាកព្យាបាលឯកជនចំនួន ៨ កន្លែងត្រូវបានក្រសួងសុខាភិបាលសម្រេចបិទ និងដកហូតអាជ្ញាបណ្ណ ដោយសារការផ្តល់សេវាកម្មមិនត្រឹមត្រូវ និងមិនគោរពតាមគោលការណ៍ណែនាំរបស់ក្រសួង៕