នៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ៊្វុក បានអះអាងប្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អំពីការពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។
សេចក្តីអះអាងនេះធ្វើឡើង ក្រោយពីមន្ត្រីផ្លូវការនៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រាងជាមួយគ្នាស្តីពីជំនួយវៀតណាមដល់កម្ពុជា នូវទឹកប្រាក់ចំនួន៣លានដុល្លារអាមេរិក សម្រាប់មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស័្មគ្រចិត្ត កិច្ចព្រមព្រៀងផ្តល់ជំនួយលើគម្រោងសាងសង់អគាររដ្ឋបាលថ្មី សម្រាប់រដ្ឋសភាកម្ពុជា អនុស្សារណៈយោគយល់គ្នាលើការងារគយនៃប្រទេសទាំងពីរ។ រួមទាំងកិច្ចព្រមព្រៀងមួយចំនួនទៀត សម្រាប់វិស័យពាណិជ្ជកម្មតាមតំបន់ព្រំដែន ការជំរុញពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលអគ្គិសនី។
ក្នុងសន្និសីទសារព័ត៌មានដែលមានការផ្សាយផ្ទាល់ពីប្រទេសវៀតណាម លោក ង្វៀន សួនហ៊្វុក បាននិយាយយោងដល់កិច្ចចុះហត្ថលេខានេះថា កិច្ចព្រមព្រាងទាំងនេះនឹងជួយជំរុញការរឹតបន្តឹងចំណងមិត្តភាពនៃប្រទេសទាំងពីរ។
លោកថ្លែងតាមរយៈការបកប្រែភាសាខ្មែរយ៉ាងដូច្នេះថា៖ «យើងខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា លទ្ធផលសំខាន់ៗទាំងឡាយដែលសម្តេចបានមានកិច្ចប្រជុំកិច្ចពិភាក្សាការងារនេះ នឹងរួមចំណែកជំរុញទំនាក់ទំនងវៀតណាមនិងកម្ពុជាមានការរីកចម្រើនកាន់តែស៊ីជម្រៅ»។
ជាមួយគ្នានេះ លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងគូសបញ្ជាក់ថា នេះជាទស្សនកិច្ចប្រវត្តិសាស្ត្រមួយទៀតរបស់កម្ពុជាមកកាន់វៀតណាមក្នុងការពង្រឹងចំណងមិត្តភាពដ៏ចំណាស់ តាមរយៈការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម។
«ដូច្នេះទាំងពេលនេះនឹងទៅអនាគតយើងត្រូវបន្តការខិតខំ ដើម្បីកសាងទំនាក់ទំនងនេះឲ្យកាន់តែខ្លាំងកាន់តែស៊ីជម្រៅ»។
ក្នុងឱកាសនោះដែរ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ៊្វុក បានឆ្លៀតស្នើសុំឲ្យកម្ពុជាអនុញ្ញាតឲ្យប្រជាជនវៀតណាមដែលបានតាំងទីលំនៅក្នុងប្រទេសកម្ពុជាបានរស់នៅដោយជីវភាពស្របច្បាប់ និងឲ្យពួកគេបានក្លាយជាផ្នែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃចំណងមិត្តភាពកម្ពុជានិងវៀតណាម។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនបានថ្លែងឆ្លើយតបទៅនឹងសំណើនោះភ្លាមៗទេ។
ទោះជាយ៉ាងណា កម្ពុជាធ្លាប់បានបដិសេធសំណើរដ្ឋាភិបាលវៀតណាមដែលសុំឲ្យកម្ពុជាផ្តល់សញ្ជាតិដល់ជនជាតិវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសនេះម្តងរួចមកហើយ កាលពីចុងខែសីហា ឆ្នាំ២០១៩ ក្នុងសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា ឡាវ វៀតណាម។
យោងតាមរបាយការណ៍មួយរបស់ក្រសួងមហាផ្ទៃកាលពីខែកុម្ភៈ មានជនបរទេសដែលកំពុងរស់នៅកម្ពុជាចំនួនជាង១៨២,០០០ នាក់ ក្នុងនោះ៨១,៨៦៤ នាក់ គ្មានឯកសារស្របច្បាប់ ដែលភាគច្រើនក្នុងចំណោមជនបរទេសដែលគ្មានឯកសារស្របច្បាប់នេះគឺជាជនជាតិវៀតណាម។
សូមបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍របស់លោកកាលពីថ្ងៃពុធ លោកហ៊ុន សែន នឹងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់ការបោះបង្គោលព្រំដែនចំនួន៣១៥បង្គោល ជាមួយប្រទេសវៀតណាម ក្នុងដំណើរទស្សនកិច្ចរបស់លោកដែលនឹងបញ្ចប់នៅថ្ងៃសៅរ៍ស្អែកនេះ៕