ចំនួនអ្នកស្លាប់ដោយភ្លើងឆេះព្រៃក្នុងរដ្ឋ Hawaii (ហាវ៉ៃ)រហូតមកដល់ពេលនេះ បានកើនឡើងដល់ចំនួន៩៩នាក់ហើយ ហើយអាចកើនទ្វេដងទៀតក្នុងរយៈពេល១០ថ្ងៃខាងមុខនេះ។ នេះបើតាមការបញ្ជាក់នៅថ្ងៃចន្ទនេះរបស់អភិបាលរដ្ឋនេះ ខណៈពេលដែលក្រុមអ្នកជួយសង្គ្រោះ កំពុងព្យាយាមស្វែងរកសពមនុស្សបន្ថែមទៀត នៅលើផ្ទៃដីដ៏ល្វឹងល្វើយ ដែលត្រូវបានឆេះក្លាយជាគំនរផេះផង់។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការឆេះព្រៃដ៏ខ្លាំងកាលពីសប្តាហ៍មុននៅលើកោះ Maui ក្នុងរដ្ឋ Hawaiiគឺជាការឆេះព្រៃក្នុងសហរដ្ឋអាមេរិក ដែលធ្វើឱ្យមានមនុស្សស្លាប់ច្រើនជាងគេបំផុតនៅក្នុងរយៈពេល១០០ ឆ្នាំចុងក្រោយនេះ ដោយតំបន់ប្រជុំជន Lahaina នៅលើកោះនេះ ដែលទទួលរងការខូចខាតខ្លាំងបំផុតចំនួនតែ១ភាគ៤ប៉ុណ្ណោះ ទើបត្រូវបានរុករកឃើញជនរងគ្រោះរហូតមកដល់ពេលនេះ។
អភិបាលរដ្ឋ Hawaiiលោក Josh Green បាននិយាយថា ជាការពិតណាស់នៅមានអ្នកស្លាប់ច្រើនបន្ថែមទៀត ខណៈពេលដែលក្រុមអ្នកជួយសង្គ្រោះដែលមានឆ្កែហិតក្លិនផងដែរនោះ កំពុងរុករកសាកសពជនរងគ្រោះយ៉ាងមមាញឹកពីផ្ទះមួយទៅផ្ទះមួយ និងកន្លែងរថយន្តដែលបានឆេះខ្ទេចខ្ទី។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍CNN កាលពីពេលថ្មីៗនេះ អភិបាលរដ្ឋ Hawaii លោក Green បានព្រមានថា «ក្នុងរយៈ១០ថ្ងៃខាងមុខនេះ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងទ្វេដង»។
ទីប្រជុំជនប្រវត្តិសាស្ត្រ Lahaina ត្រូវបានបំផ្លាញស្ទើរទាំងស្រុងដោយសារភ្លើងឆេះព្រៃនេះ ដែលបានរាលដាលយ៉ាងលឿនកាលពីសប្តាហ៍មុន ដោយអ្នករួចផុតពីជីវិតបាននិយាយថា ពុំមានការព្រមានឱ្យដឹងជាមុននោះឡើយ។
ដោយសារការឆេះព្រៃនិងការខូចខាតមានទំហំធំខ្លាំងក្លាពេក បានធ្វើឱ្យការកំណត់ពីសាកសពមនុស្សមានការលំបាកខ្លាំង ហើយសាកសពជនរងគ្រោះខ្លះនៅពេលរកឃើញ មានលក្ខណៈខ្ទេចខ្ទីនិងកា្លយជាបំណែកតូចៗផងដែរ។
ស្នងការប៉ូលីសកោះ Maui លោក John Pelletier និយាយថា មានតែសាកសពជនរងគ្រោះ៣នាក់ក្នុងចំណោមសាកសពចំនួន៩៩នាក់ប៉ុណ្ណោះ ដែលរហូតមកដល់ពេលនេះត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមរយៈស្នាមក្រយៅដៃរបស់គេ។
ប៉ូលិសបានលើកទឹកចិត្តដល់ក្រុមគ្រួសារដែលបានបាត់បង់សាច់ញាតិ អាចផ្តល់សម្លាក DNA ដើម្បីជួយពន្លឿនដល់ដំណើរការកំណត់អត្តសញ្ញាណជនរងគ្រោះ៕
ក្រុង Kahului រដ្ឋ Hawaii សហរដ្ឋអាមេរិក —