អាជ្ញាធរនៅក្នុងរដ្ឋ Hawaii សហរដ្ឋអាមេរិកបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅលើកោះ Maui បានកើនដល់ ៩៦ នាក់។
អាជ្ញាធរស្រុក Maui បានបញ្ជាក់កាលពីយប់ថ្ងៃអាទិត្យថា អ្នកពន្លត់អគ្គិភ័យជាច្រើននាក់កំពុងពន្លត់ភ្លើងឆេះតិចតួចនានាដែលនៅសេសសល់។ ភ្លើងឆេះព្រៃនេះបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី៨ ខែសីហា។ ភ្លើងឆេះព្រៃដែលបានបំផ្លិចបំផ្លាញតំបន់ Lahaina នេះ ត្រូវបានគេប៉ាន់ប្រមាណថា បានបំផ្លាញផ្ទៃដីជាង ៨៥០ ហិកតា។
អភិបាលរដ្ឋ Hawaii លោក Josh Green បាននិយាយថា ចំនួនអ្នកស្លាប់ត្រូវគេរំពឹងថានឹងកើនឡើងស្របពេលដែលក្រុមអ្នករុករក ដែលក្នុងនោះរួមមានទាំងក្រុមរុករកនិងជួយសង្គ្រោះទីក្រុងរបស់រដ្ឋាភិបាលសហព័ន្ធផងដែរ បានរុករកដល់ផ្នែកផ្សេងៗបន្ថែមទៀតនៃសហគមន៍នេះ។
លោក Green បាននិយាយថា ភ្លើងឆេះព្រៃនេះបានបំផ្លាញអគារជាង ២.៧០០ ខ្នងនៅក្នុងតំបន់ Lahaina។
មជ្ឈមណ្ឌលគ្រោះមហន្តរាយប៉ាស៊ីហ្វិកនិងទីភ្នាក់ងារគ្រប់គ្រងស្ថានការណ៍អាសន្ននៃស្រុក Maui បានប៉ាន់ប្រមាណថា មនុស្ស ៤.៥០០ នាក់ ត្រូវការកន្លែងស្នាក់នៅបណ្ដោះអាសន្ន និងថាថ្លៃកសាងឡើងវិញពីភ្លើងឆេះនេះអាចមានតម្លៃជាង ៥,៥ ពាន់លានដុល្លារ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP។
ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅកោះ Maui នៃរដ្ឋ Hawaii កើនដល់ ៩៦ នាក់
