ក្រុមហាម៉ាស់ដែលសហរដ្ឋអាមេរិកបានចាត់ទុកថាជាអង្គការភេរវកម្មបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ការគំរាមរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកទឹកចិត្តអ៊ីស្រាអែលឲ្យដើរចេញពីកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
ក្រុមហាម៉ាស់បានលើកឡើងដូច្នេះក្នុងពេលមួយថ្ងៃក្រោយលោក Trump បាននិយាយថា «បញ្ហាធ្ងន់ធ្ងរនឹងកើតឡើង» ប្រសិនបើក្រុមហាម៉ាស់មិនដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់កំពុងជាប់ឃុំនៅក្នុងតំបន់ហ្កាហ្សានោះទេ។
លោក Trump បានបញ្ជាក់នៅលើបណ្ដាញអនឡាញ Truth Social របស់លោកថា៖ «ដោះលែងចំណាប់ខ្មាំងទាំងអស់ឥឡូវនេះ មិនមែនពេលក្រោយនោះទេ ហើយប្រគល់ជាបន្ទាន់នូវសាកសពមនុស្សទាំងអស់ដែលអ្នកឯងបានសម្លាប់ បើមិនដូច្នេះទេ អ្នកឯងត្រូវចប់ហើយ»។
លោក Trump បានបន្ថែមថា៖ «ខ្ញុំនឹងបញ្ជូនឲ្យអ៊ីស្រាអែលនូវអ្វីៗទាំងអស់ដែលអ៊ីស្រាអែលត្រូវការដើម្បីបញ្ចប់កិច្ចការនេះ។ គ្មានសមាជិកក្រុមហាម៉ាស់ណាម្នាក់មានសុវត្ថិភាពទេ បើអ្នកមិនធ្វើដូចអ្វីដែលខ្ញុំនិយាយ»។
ដំណាក់កាលដំបូងនៃបទឈប់បាញ់នេះបានបញ្ចប់ទៅកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ នៅក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់នេះ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្លាំងអ៊ីស្រាអែល ៣៣ នាក់និងជនជាតិថៃ ៥ នាក់ ហើយអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល ២.០០០ នាក់។
សេតវិមានបានបញ្ជាក់កាលពីថ្ងៃពុធថា ខ្លួនបានចរចាដោយផ្ទាល់ជាមួយនឹងក្រុមហាម៉ាស់។ ប្រភពដែលដឹងអំពីរឿងនេះបាននិយាយថា ការពិភាក្សានោះផ្ដោតលើការដោះលែងចំណាប់ខ្មាំងអាមេរិកដែលនៅជាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា៕
វេទិកាបញ្ចេញមតិ