ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្វាតេម៉ាឡា​នឹង​ទទួល​យក​ពលរដ្ឋ​អាមេរិក​កណ្ដាល​ណា​ដែល​លោក Trump នឹង​បញ្ជូន​ចេញ


រូបឯកសារ៖ គ្រួសារមួយមានគ្នាប្រាំនាក់ដែលអះអាងថាមកពីហ្គាតេម៉ាឡា និងបុរសម្នាក់ដែលបញ្ជាក់ថាគាត់មកពីប្រទេសប៉េរូ ពាក់អាវពណ៌ផ្កាឈូក ដើរកាត់វាលខ្សាច់បន្ទាប់ពីឆ្លងកាត់ព្រំដែនអាមេរិកនិងម៉ិកស៊ិក ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។
រូបឯកសារ៖ គ្រួសារមួយមានគ្នាប្រាំនាក់ដែលអះអាងថាមកពីហ្គាតេម៉ាឡា និងបុរសម្នាក់ដែលបញ្ជាក់ថាគាត់មកពីប្រទេសប៉េរូ ពាក់អាវពណ៌ផ្កាឈូក ដើរកាត់វាលខ្សាច់បន្ទាប់ពីឆ្លងកាត់ព្រំដែនអាមេរិកនិងម៉ិកស៊ិក ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។

ប្រទេស​ក្វាតេម៉ាឡា​នឹង​ទទួល​យក​ពលរដ្ឋ​នៃ​បណ្ដា​ប្រទេស​នៅ​តំបន់​អាមេរិក​កណ្ដាល​ណា​ដែល​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​ប្រភព ៣ ដែល​ដឹង​អំពី​រឿង​នេះ។ ការ​បញ្ជាក់​របស់​ប្រទេស​ក្វាតេម៉ាឡា​នេះ​បាន​ធ្វើឡើង​នៅ​ពេល​ដែល​ប្រទេស​នេះ​មាន​បំណង​កសាង​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​នឹង​លោក Donald Trump ដែល​នឹង​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាងមុខ។

មន្ត្រី​ក្វាតេម៉ាឡា​ម្នាក់​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «ចាំបាច់​ត្រូវ​មាន​ការ​ឆ្លើយតប​ថ្នាក់​តំបន់។ ហើយ​យើង​ចង់​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​នេះ»។

សហរដ្ឋ​អាមេរិក​មាន​ការ​លំបាក​ក្នុង​ការ​បញ្ជូន​ចេញ​នូវ​ពលរដ្ឋ​មកពី​ប្រទេស​ដូចជា​នីការ៉ាហ្គា វ៉េណេស៊ុយអេឡា និង​ហៃទី​ជាដើម​ដោយសារ​ទំនាក់ទំនង​តានតឹង។ ករណី​នេះ​អាច​ជា​ការ​ប្រឈម​សម្រាប់​លោក Trump ដែល​បាន​ប្ដេជ្ញា​ថា​នឹង​បញ្ជូន​ជន​អន្ដោប្រវេសន៍​ខុសច្បាប់​នៅក្នុង​សហរដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​ក្នុង​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ពីមុន។

ក្រុម​របស់​លោក Trump បាន​ទាក់ទង​រដ្ឋាភិបាល​ប្រទេស​មួយ​ចំនួន​រួចហើយ​ដើម្បី​ស្ទង់​មើល​អំពី​ឆន្ទៈ​របស់​ប្រទេស​ទាំងនោះ​ក្នុង​ការ​ទទួល​យក​ពលរដ្ឋ​ប្រទេស​ផ្សេង​ដែល​ត្រូវ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក។

ប្រទេស​ជិតខាង​សហរដ្ឋ​អាមេរិក​ជាច្រើន​ដូចជា​ម៉ិកស៊ិក​និង​បាហាម៉ា​ជាដើម​បាន​បញ្ជាក់​ថា​ពួកគេ​មិន​ចង់​ទទួល​យក​ពលរដ្ឋ​ប្រទេស​ផ្សេង​ដែល​ត្រូវ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក​នោះទេ។

នៅក្នុង​ឆ្នាំ ២០២២ ជាង ៤០% នៃ​ជន​អន្តោប្រវេសន៍​ដែល​រស់នៅ​ខុសច្បាប់​ក្នុង​សហរដ្ឋ​អាមេរិក​គឺ​មកពី​ប្រទេស​ម៉ិកស៊ិក ដែល​ស្មើ​នឹង​ចំនួន ៤ លាន ៨ សែន​នាក់​ក្នុង​ចំណោម​ចំនួន​សរុប ១១ លាន​នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក។ បន្ទាប់ពី​នេះ​គឺ​ប្រទេស​ក្វាតេម៉ាឡា អែលសាល់វ៉ាឌ័រ និង​ហុងឌូរ៉ាស ដែល​ជន​អន្តោប្រវេសន៍​ខុសច្បាប់​មកពី​ប្រទេស​ទាំង ៣ នេះ​ស្មើ​នឹង​ចំនួន​ជាង​មួយ​ភាគ​ប្រាំ​នៃ​ចំនួន​សរុប៕

XS
SM
MD
LG