ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុបអាចប្រឈមពន្ធគយបើប្លុកនោះមិនព្រមទិញប្រេងឥន្ធនៈនិងឧស្ម័នអាមេរិកច្រើនថែមទៀត។ នេះបើយោងតាមទីភា្នក់ងារសារព័ត៌មាន Reuters។
បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិក សហភាពអឺរ៉ុបកំពុងទិញប្រេងឥន្ធនៈនិងឧស្ម័នរបស់អាមេរិកក្នុងបរិមាណច្រើនរួចទៅហើយ ហើយប្លុកនេះមិនអាចរកទិញថែមទៀតបានទេបើអាមេរិកមិនបង្កើនការផលិតឬបរិមាណផលិតមិនត្រូវបានបង្វែរពីតំបន់អាស៊ីដែលជាប្លុកប្រើប្រាស់ថាមពលអាមេរិកដ៏ធំមួយទៀត។
លោក Trump បានសរសេរក្នុងសារមួយបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញ Truth Social ថា៖ «ខ្ញុំបានប្រាប់សហភាពអឺរ៉ុបថាពួកគេត្រូវតែបង្កើនការទិញប្រេងឥន្ធនៈនិងឧស្ម័នរបស់យើងក្នុងបរិមាណច្រើនថែមទៀតដើម្បីកុំឲ្យមានឱនភាពធំពេកជាមួយសហរដ្ឋអាមេរិក»។
លោក Trump បានបន្ថែមថា៖ «បើមិនដូច្នេះទេ នឹងជាប់ពន្ធគយជាមិនខាន!!!»។
គណៈកម្មការអឺរ៉ុបថាខ្លួនត្រៀមខ្លួនរួចហើយដើម្បីពិភាក្សាជាមួយលោក Trump អំពីរបៀបពង្រឹងទំនាក់ទំនងដែលខ្លាំងស្រាប់រួចទៅហើយ ដែលរួមទាំងខាងវិស័យថាមពលផងដែរ។
អ្នកនាំពាក្យម្នាក់នៃគណៈកម្មការអឺរ៉ុបបានថ្លែងថា៖ «សហភាពអឺរ៉ុបប្តេជ្ញាកាត់បន្ថយជាបណ្តើរៗនូវការនាំចូលថាមពលពីរុស្ស៊ីនិងធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ខ្លួន»។
សហរដ្ឋអាមេរិកបានផ្គត់ផ្គង់រួចហើយចំនួន ៤៧% នៃបរិមាណឧស្ម័នធម្មជាតិរាវ (LNG) និង ១៧% នៃបរិមាណប្រេងឥន្ធនៈដែលសហភាពអឺរ៉ុបនាំចូលក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ នេះ។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប Eurostat៕
វេទិកាបញ្ចេញមតិ