សមាជិកសភានៃប្រទេសក្រិកកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តដោយសំឡេងលើសលប់ លើច្បាប់ថ្មីមួយ ដោយទទួលស្គាល់តាមផ្លូវច្បាប់នូវការរៀបការអ្នកមានភេទដូចគ្នា។
ការអនុម័តច្បាប់នេះត្រូវបានមើលឃើញថាជាជ័យជម្នះមួយ សម្រាប់សិទ្ធិសេរីភាពនៃអ្នកស្រឡាញ់ភេទដូចគ្នា ខណៈដែលច្បាប់នេះត្រូវបានលើកកម្ពស់ដោយរដ្ឋាភិបាលអភិរក្សនិយម បើទោះបីជាមានការប្រឆាំងតវ៉ាពីព្រះវិហារគ្រិស្តសាសនានិកាយ Orthodox ដែលមានឥទ្ធិពលខ្លាំងក្នុងប្រទេសនេះក៏ដោយ។
ច្បាប់ថ្មីនេះនឹងផ្តល់ការអនុញ្ញាតឱ្យអ្នកដែលមានភេទដូចគ្នាអាចរៀបការជាមួយគ្នាបាន និងមានសិទ្ធិក្នុងការសុំកូនមកចិញ្ចឹមផងដែរ។ បើទោះបីជាយ៉ាងនេះក្តី ក៏ច្បាប់នេះមិនបានអនុញ្ញាតឱ្យមានការពរពោះជំនួសឡើយ សម្រាប់ដៃគូដែលជាភេទប្រុសដូចគ្នា ដែលការនេះធ្វើឱ្យមានការរិះគន់ដល់សហគមន៍ដែលស្រឡាញ់ភេទដូចគ្នាថា ច្បាប់នេះនៅមិនទាន់ល្អទាំងស្រុងនោះឡើយសម្រាប់ពួកគេ។
ប្រទេសក្រិកនៅពេលនេះបានក្លាយជាប្រទេសកាន់សាសនាគ្រិស្តនិកាយ Orthodox ទី ១ និងជាសមាជិកសហភាពអឺរ៉ុបទី ១៦ និងជាប្រទេសទី ៣៧ នៅលើពិភពលោក ដែលអនុញ្ញាតឱ្យមានការរៀបការភេទដូចគ្នា។
នាយករដ្ឋមន្ត្រីប្រទេសក្រិកលោក Kyriakos Mitsotakis បាននិយាយលើសារបង្ហោះក្នុងបណ្តាញសង្គម X ថា៖ «នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សិទ្ធិមនុស្ស ដែលឆ្លុះបញ្ចាំងពីស្ថានភាពក្នុងប្រទេសក្រិកនាពេលបច្ចុប្បន្ន ថាជាប្រទេសដែលមានសង្គមជឿនលឿននិងមានប្រជាធិបតេយ្យ ដោយមានការតាំងចិត្តលើគុណតម្លៃអឺរ៉ុប»៕
វេទិកាបញ្ចេញមតិ