ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តីប្រកាសវ៉ាទីកង់អំពីការប្រសិទ្ធិពរឱ្យអ្នកស្រឡាញ់ភេទដូចគ្នា ជាការធ្វើហួសពីអ្វីដែលត្រូវទទួលស្គាល់ពីពេលមុន


សម្តេច​ប៉ាប Francis មេដឹកនាំ​​ក្រុម​អ្នក​​កាន់​គ្រិស្តសាសនា​និកាយ​​​កាតូលិក ថ្លែងនៅវិមាន​វ៉ាទីកង់​ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
សម្តេច​ប៉ាប Francis មេដឹកនាំ​​ក្រុម​អ្នក​​កាន់​គ្រិស្តសាសនា​និកាយ​​​កាតូលិក ថ្លែងនៅវិមាន​វ៉ាទីកង់​ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

សម្តេច​ប៉ាប Francis មេដឹកនាំក្រុម​អ្នកកាន់​គ្រិស្តសាសនា​និកាយ​កាតូលិក​ជិត​ ១.៤០០ ​លាន​នាក់​ក្នុង​ពិភពលោក បានប្រកាសកាលពី​ថ្ងៃទី ១៨ ខែធ្នូ​ ថា​ នៅ​ពេល​នេះ​បព្វជិត​កាតូលិកត្រូវបានអនុញ្ញាត​ឱ្យ​ប្រសិទ្ធិពរ​ដល់ទំនាក់ទំនងនៃ​គូស្រករ​មានភេទ​ដូចគ្នានិង​ជន​ឯទៀតៗនៅក្នុងអ្វី​ដែល​វិហារ​សាសនា​គ្រិស្ត​ត​និយាយ​ថា​ជា​ «ស្ថានការណ៍​មិន​ប្រក្រតី» ដែលជា​ការផ្លាស់ប្តូរ​មួយ​ត្រូវរំពឹង​ថា ​នឹង​មាន​ប្រតិកម្ម​ចម្រុះ​ក្នុងសហគមន៍ដ៏​ធំ​ទូលាយ​និង​ចម្រុះ​នៃ​សាសនា​នេះ​និង​ក្នុង​សហគមន៍ផ្សេងៗទៀតដែរ។​

សេចក្តី​ប្រកាសនេះ​មាន​ឡើង​ក្នុង​ទម្រង់​ជា​សេចក្តីប្រកាស​មួយរបស់​សម្តេចប៉ាប ដែលមាន​ចំណង​ជើង​ថា «Fiducia Supplicans ស្តី​អំពី​ការណែនាំ​ខាង​សាសនា​នៃ​ការ​ប្រសិទ្ធិពរ»​ ហាក់​ដូច​ជាការ​ប្រែក្រឡះ​នៃ​សេចក្តី​សម្រេច​មួយ​កាល​ពី​ឆ្នាំ ២០២១ ​ដោយ​ការិយាល័យ​ដដែល​នេះ​នៃ​វិមាន​វ៉ាទីកង់ ដែល​កាល​នោះ​បាន​រកឃើញ​ថា ការ​ប្រសិទ្ធិពរ​បែបនេះមិនត្រូវ​បាន​អនុញ្ញាត​ទេ​ ពីព្រោះ​វិហារ​គ្រិស្តសាសនា​ «មិន​អាច​ប្រសិទ្ធិពរឱ្យ​បាបកម្ម»​ បានឡើយ។

សេចក្តី​ប្រកាសនេះ​បញ្ជាក់​ច្បាស់លាស់​ថា ការ​បង្រៀន​របស់​ព្រះវិហារគ្រិស្តសាសនាដែល​ថា ការទាក់ទង​រវាង​មនុស្ស​មានភេទ​ដូចគ្នានិងទំនាក់ទំនង​មិន​តាមប្រពៃណី​ឯទៀតៗ​ត្រូវ​បាន​រារាំង​ពី​ពិធី​ខាង​សាសនា​ដ៏​សក្ការៈក្នុង​ការរៀប​អាពាហ៍ពិពាហ៍​គ្មាន​ការកែប្រែ​ទេ។

ឯកសារ​នេះចែង​ថា ការ​ប្រសិទ្ធិពរ​ចំពោះ​ទំនាក់ទំនង​មិន​តាមប្រពៃណី​មិន​បាន​ឡើង​ដល់​កម្រិត​នៃ​អ្វីដែល​វិហារសាសនា​គ្រិស្ត​ចាត់ទុក​ថា​ជា​ពិធី​ដ៏​សក្ការៈ​ ត្រូវតែ​ដាក់នៅ​ដាច់​ដោយឡែក​ពី​ពិធី​រៀបការ​ ហើយមិន​អាច​ត្រូវ​ចាត់ទុក​ថា​ជា​ការ​ជំនួស ​ឬ​ជា​ជម្រើស​ផ្សេង​ចំពោះពិធីសក្ការៈ​ខាង​សាសនា​ នៅ​ពេល​រៀប​អាពាហ៍ពិពាហ៍​ទេ។

វិហារ​គ្រិស្តសាសនា​បានបង្រៀន​យូរ​មក​ហើយ​ថា ទំនាក់ទំនង​ខាងភេទ​រវាង​មនុស្ស​មានភេទដូចគ្នា​ជា​បាបកម្ម ​ហើយ​គួរតែ​ចៀសវាង ហើយសេចក្តី​ប្រកាស​កាលពី​ថ្ងៃ​ទី ១៨ ខែធ្នូ​ មិន​បាន​កែប្រែ​គោលជំហរ​នេះ​ទេ។ ទោះជាយ៉ាងណា​ក៏ដោយ​ ក៏សេចក្តីប្រកាស​នេះអំពាវនាវ​ដល់​ក្រុម​អ្នក​គោរព​គ្រិស្តសាសនានិកាយកាតូលិក ​ឱ្យ​មាន​«និទេសបទ​ទូទៅ​សម្រាប់​ឱ្យ​បព្វជិតកាតូលិក​ប្តេជ្ញាបំពេញ​សប្បុរស»​ នៅក្នុង​ការ​ប្រព្រឹត្តរបស់ពួក​គេទៅលើ​ពួកកាតូលិក ដែល​មាន​ទំនាក់ទំនង​គ្នា​ដែល​វិហារ​គ្រិស្តសាសនាកន្លង​មក ​មិន​បណ្តោយ​ឱ្យ​មានទេ។

សេចក្តី​ប្រកាស​នេះនិយាយ​ថា ការ​ផ្លាស់​ប្តូរ​នេះ​ «បញ្ជាក់​អំពីការអភិវឌ្ឍ​ពិតប្រាកដ​មួយ»​ នៅ​ក្នុងការគិតរបស់វិហារ​សាសនាគ្រិស្ត​ ដោយផ្តល់​ឱ្យ​នូវ​ «ការ​យល់​ដ៏ទូលំទូលាយ​អំពី​ការ​ប្រសិទ្ធិពរ»​ ផ្អែកលើ​« ចក្ខុវិស័យ​របស់​សម្តេច​ប៉ាប​ Francis»។​

ការធ្វើ​ហួស​ពីអ្វីដែលមាន​និងត្រូវ​ទទួល​ស្គាល់​ពី​មុន​

សម្តេច​ប៉ាប Francis ដែល​បាន​ប្រសូត​នៅ​ប្រទេស​អាហ្សង់ទីន​ ជាសម្តេច​ប៉ាប​ទី​ ១ មក​ពី​ទ្វីប​អាមេរិកនិង​ជា​សម្តេចប៉ាប​ដំបូង​គេ​មកពីបណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ផ្នែកខាងត្បូង​នៃសាកលលោក ​បានធ្វើ​ឱ្យ​វិហារ​គ្រិស្តសាសនា​ទទួល​ស្គាល់សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ឬ​ហៅ​សង្ខេប​ថា LGBQ+ បន្តិច​ម្តងៗ។ កាលពី​ឆ្នាំ ២០១៣ ជា​ពេល​ដែលព្រះអង្គ​បានជាប់​ឆ្នោត ព្រះអង្គ​បានធ្វើ​ឱ្យ​ពួក​កាតូលិក​ច្រើន​នាក់​ភ្ញាក់ផ្អើលដោយ​ព្រះអង្គ​ហាក់​ដូចជា​អនុញ្ញាត​ឱ្យ​បុរសដែល​ចាប់​អារម្មនណ៍​ខាង​ភេទជាមួយបុរស​ឯ​ទៀត ​អាច​បួស​ជា​បព្វជិត​កាតូលិក​បាន។

ព្រះអង្គ​បានមាន​បន្ទូល​នៅ​ក្នុង​ការ​សន្ទនា​ជាមួយ​ពួក​អ្នក​កាសែត​ថា៖ «ប្រសិន​បើ​នរណា​ម្នាក់​ជា​មនុស្ស​ស្រឡាញ់ជន​មានភេទ​ដូចគ្នា ​ហើយ​គាត់​ស្វែង​រកព្រះជាម្ចាស់ ​ហើយ​គាត់​មានសុឆ្ទៈ តើ​ខ្ញុំមាន​សិទ្ធិ​ឯណា​ទៅវិនិច្ឆ័យ​គេ?»។​ ទោះ​យ៉ាង​ណា​ក៏​ដោយ ដោយមិន​គិត​ពីការ​និយមខាង​ភេទ​ ក៏​វិហារ​គ្រិស្តសាសនា​និកាយកាតូលិកតម្រូវឱ្យបព្វជិត​ទាំង​អស់សន្យា​ថា​នៅ​លីវ។

សម្តចប៉ាប​ Francis ត្រូវ​បាន​រិះគន់ខ្លាំង​ពី​មេដឹកនាំកាតូលិក​ខ្លះដែល​មាន​គោលជំហរ​អភិរក្សនិយមអំពីបញ្ហា​ភេទ​និង​ការគោរព​តាម​ទ្រឹស្តីយូរយា​មកហើយ​របស់​វិហារ​កាតូលិក។

រូបឯកសារ៖ បុរសស្រឡាញ់ភេទដូចគ្នាកាន់​ជញ្ជៀន​ក្នុងពិធី​អាពាហ៍ពិពាហ៍​ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។
រូបឯកសារ៖ បុរសស្រឡាញ់ភេទដូចគ្នាកាន់​ជញ្ជៀន​ក្នុងពិធី​អាពាហ៍ពិពាហ៍​ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។

ប្រតិកម្ម​ចម្រុះ

ព្រះវិហារកាតូលិក​មានគ្រិស្ត​បរិស័ទនៅ​សឹង​តែក្នុងប្រទេស​ទាំង​អស់ក្នុងពិភពលោក។ ទោះ​ជា​ស្ថាប័ន​ព្រះវិហារ​នេះធ្វើ​ប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ​តាម​រយៈ​ឋានានុក្រមមនោគមវិជ្ជា​តឹងរ៉ឹង​ពេល​ណា​ទាក់ទិន​នឹងទ្រឹស្តីផ្លូវការ​ក៏ដោយ ក៏និកាយ​កាតូលិកនេះ​មាន​មតិ​ប្លែកៗគ្នា​អំពី​បញ្ហា​នានា​ដូចជា​ទំនាក់ទំនង​រវាង​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នាជាដើម។

លោក William T. Cavanaugh ជា​នាយកមជ្ឈមណ្ឌល​កាតូលិក​ពិភពលោក​និង​សាសនវិទ្យា​អន្តរវប្បធម៌នៅ​សាកលវិទ្យាល័យ DePaul។​ លោកបាន​និយាយ​ប្រាប់​វីអូអេ​ថា​ ពួក​កាតូលិក​នៅទូទាំង​ពិភពលោក​ទំនង​ជា​មាន​មតិ​ចម្រុះ។ លោក​បាន​ថ្លែង​ថា ​ទោះជា​អ្នកកាន់សាសនាគ្រិស្ត​និកាយកាតូលិក​នៅ​ក្នុងតំបន់​មិន​ដូចគ្នា​ទាំង​អស់​ក៏​ដោយ ក៏​គេ​អាចមាន​ការពិភាក្សាអំពី​និន្នាការ​ទូទៅ​ដូច​គ្នា។

លោកបាននិយាយថា៖ «ជាទូទៅ លោក​អ្នកឃើញ​មានពួក​មន្ត្រីកាតូលិកលំដាប់​ទាប​គាំទ្រ​ការ​ស្រឡាញ់​មនុស្ស​មាន​ភេទ​ដូចគ្នា ហើយ​មាន​ទំនាក់ទំនង​រវាង​មនុស្ស​ស្រឡាញ់ជន​មាន​ភេទ​ដូចគ្នា ជា​ពិសេសនៅអឺរ៉ុប​ខាង​លិច សហរដ្​ឋអាមេរិក​ និង​កាណាដា...និង​នៅ​កន្លែងខ្លះ​ក្នុង​អាស៊ី​ដូច​ជា​ហ្វីលីពីន​ជា​ដើម។

លោក Cavanaugh បានថ្លែង​ថា នៅ​ផ្នែក​ខ្លះ​នៃទ្វីប​អាមេរិក​ឡាទីន ជា​ពិសេស​នៅប្រទេស​អាហ្សង់ទីន ប្រេស៊ីល​និង​ម៉ិកស៊ិក ក៏មាន​ពួក​កាតូលិក​ច្រើន​នាក់​ទទួល​ស្គាល់​ទំនាក់ទំនង​រវាង​មនុស្សមានភេទ​ដូចគ្នា​ដែរ។

លោក Cavanaugh បាន​ថ្លែង​ថា៖ «ទ្វីបអាហ្វ្រិក​ជា​កន្លែងខុសគេ​ខ្លាំង។​ នៅប្រទេស​អាហ្វ្រិកជា​ច្រើន ជាទូទៅ​ការស្រឡាញ់មនុស្ស​មានភេទដូចគ្នា​បានត្រូវ​រិះគន់។ ខ្ញុំ​យល់​ថា​លោក​អ្នក​ឃើញ​មាន​មតិ​ពួក​កាតូលិក​ជិត​ដូចបទដ្ឋាន​នេះ​ក្នុងប្រទេស​ភាគ​ច្រើន​នៃ​តំបន់​ខាងត្បូង​សមុទ្រ​ខ្សាច់​សាហារ៉ា។

លោក Cavanaugh បានគូសបញ្ជាក់ថា អាច​មាន​មតិខុសៗ​គ្នាច្រើននៅ​ក្នុង​ប្រទេស​នីមួយៗ។ ទោះជា​ក្រុម​កាតូលិក​ភាគច្រើន​នៅ​អាមេរិកនិយាយ​ប្រាប់​អ្នក​ស្ទង់​មតិ​ថា ពួក​គេគាំទ្រ​ការ​រៀបការ​រវាង​មនុស្ស​ស្រឡាញ់​មនុស្ស​ភេទ​ដូចគ្នា​ក៏ដោយ ក៏​នៅ​មាន​ជនភាគ​តិចដ៏​មាន​ឥទ្ធិពល​ដែល​មាន​ទស្សនៈ​បែប​ប្រពៃណី​និងអភិរក្ស​និយម​អំពី​បញ្ហា​នេះដែរ។

សំឡេង​សហគមន៍​ LGBTQ ត្រូវគេ​ឮ

សេចក្តី​ប្រកាស​កាល​ពី​ថ្ងៃ​ទី​ ១៨​ ខែ​ធ្នូ​ ត្រូវ​បាន​អបអរសាទរដោយពួកបុគ្គលនិង​ក្រុម​អង្គការដែល​បាន​ជំរុញវិហារ​កាតូលិក ទោះក្នុង​ករណី​ខ្លះ​ច្រើនទសវត្សរ៍​មក​ហើយក៏ដោយ ឱ្យ​ទទួលស្គាល់មនុស្ស​មាន​ទំនាក់ទំនង​គ្នា​មិន​តាមបែប​ប្រពៃណី​ឱ្យ​បានច្រើន​ជាងមុន។

អ្នកស្រី Marianne Duddy-Burke ជា​នាយិកាប្រតិបត្តិ​នៃ​អង្គការ DignityUSA ដែល​ជា​ក្រុម​មួយ​គាំទ្រ​ពួក LGBTQ+ កាតូលិក។ អ្នកស្រី​បាន​និយាយថា អ្នកស្រី​សប្បាយចិត្តដោយ​ឃើញ​វិហារ​កាតូលិកប្តូរ​ទស្សនៈអំពីបញ្ហា​នេះ ដោយកត់​សម្គាល់​ថា​សេចក្តី​ប្រកាស​កាល​ពី​ឆ្នាំ ២០២១ នាំ​ឱ្យ​ពួក​កាតូលិក​ច្រើននាក់​ក្នុងពិភពលោក​មិនសប្បាយ​ចិត្ត។

អ្នក​ស្រីបាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ការណ៍​ដែល​វិមាន​វ៉ាទីកង់​ប្រែ​ក្រឡះ​សេចក្តីប្រកាស​របស់​ខ្លួន​ក្នុង​ពេល​តិចជាង​បីឆ្នាំ​ជា​ការ​ឆ្លើយតបឆាប់រហ័ស​ខ្លាំងដល់​អ្វី​ដែល​នាំឱ្យមាន​ការ​ខឹងសម្បា​សាកលដល់អ្វី​ដែល​ត្រូវ​ឃើញ​ថា​ឃោរឃៅ មិន​គិតគូរ​ពី​អារម្មណ៍​អ្នក​ឯទៀត​និង​ធ្វើឱ្យ​មាន​ការឈឺចាប់​ដល់​ជន​ឯទៀតៗ។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំយល់​ថា​ ការណ៍​នេះ​មាន​ន័យ​ថា សំឡេងរបស់​ពួក​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា LGBTQ+ និងពួក​សមាជិក​គ្រួសារយើងត្រូវ​បាន​ឮ​និង​ត្រូវ​បានវិមាន​វ៉ាទីកង់​ឆ្លើយ​តប។

អ្នកស្រី Duddy-Burke ជា​សហប្រធាន​នៃក្រុម Global Network of Rainbow Catholics ដែលជា​ក្រុមចម្រុះនៃអង្គការ​គាំទ្រ​ក្រុម LGBTQ+ កាតូលិកដោយ​មាន​ក្រុម​ជា​សមាជិក ​៤៥ ​នៅ​ក្នុងទ្វីប ៦។ អ្នកស្រី​បាន​និយាយថា តាំង​ពីមានសេចក្តី​ប្រកាស​នេះមក​អ្នកស្រី​បាន​ទទួល​សារ​ពី​សមាជិក​នៅ​ទូទាំង​ពិភពលោកអបអរសាទរ​សេចក្តី​ប្រកាសនេះ ជា​ពិសេស​ពី​ប្រទេស​នានា​ដែល​ការ​ជំទាស់​នឹងទំនាក់ទំនងខាង​កាមគុណ​រវាង​មនុស្ស​មាន​ភេទដូចគ្នា​ នៅ​តែមាន​ច្រើន។

អ្នកស្រី​បាន​ថ្លែង​ថា៖ «នៅ​ក្នុង​តំបន់​នានា​ក្នុង​ពិភពលោក​ ដូចជាអឺរ៉ុបខាង​កើត អាហ្វ្រិក អាមេរិក​ឡាទីន ​និង​តំបន់​ការ៉ាអ៊ីប (Caribbean) ជាដើម ដែល​នៅ​ ទីនោះ​ពួកមេដឹកនាំនយោបាយនិងសាសនា​នៅតែជំរុញ​ឱ្យ​សហគមន៍​ LGBTQ+ និងការទាក់ទង​គ្នា​ខាង​កាម​តណ្ហា​រវាងក្រុម​ជន​ស្រឡាញ់​មនុស្ស​មាន​ភេទដូចគ្នា​ជាបទល្មើស​ព្រហ្មទណ្ឌ ហើយ​ការ​មាន​សេចក្តីថ្លែង​ការណ៍​បែបនេះមាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្តល់​សេចក្តីសង្ឃឹមដល់​មនុស្ស»៕

ប្រែសម្រូល​ដោយ លោក ឈឹម សុមេធ

XS
SM
MD
LG