ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិស្ស​ថ្នាក់​ទី​១២​ចេញ​ប្រឡង​បាក់​ឌុប ជាមួយ​ក្តី​សង្ឃឹម​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​មហា​វិទ្យាល័យ


រូបឯកសារ៖ សិស្ស​ថ្នាក់ទី១២ ដើរ​ចេញពី​មណ្ឌល​ប្រឡង​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បន្ទាប់ពី​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចប់​នៅព្រឹក​ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ សិស្ស​ថ្នាក់ទី១២ ដើរ​ចេញពី​មណ្ឌល​ប្រឡង​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បន្ទាប់ពី​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចប់​នៅព្រឹក​ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

សិស្សា​នុសិស្ស​មួយ​ចំនួន​ដែល​ប្រឡង​បាក់​ឌុប ឬ​ថ្នាក់​ទី១២ នា​ថ្ងៃ​ចន្ទ​នេះ ឱ្យ​ដឹង​ថា​ ពួក​គេ​បាន​ត្រៀម​ខ្លួន​ចាប់​យក​មុខ​វិជ្ជា​តាម​ចំណង់​ចំណូល​ចិត្ត​សម្រាប់​ការ​សិក្សា​នៅ​ថ្នាក់​មហា​វិទ្យាល័យ បើ​ទោះ​មិន​ប្រាកដ​ថា​ ទីផ្សារ​ការងារ​ត្រូវ​ការ​ជំនាញ​អ្វី​ពិត​ប្រាកដ​ក៏​ដោយ។

យុវជន និន វឌ្ឍនៈ ជា​បេក្ខជន​ប្រឡង​ទី​១២​ម្នាក់មក​ពីវិទ្យាល័យ​ឥន្រ្ទទេវី ប្រាប់​វី​អូ​អេ​នៅ​ថ្ងៃ​ចន្ទថា​វិញ្ញាសា​ប្រឡង​ឆ្នាំ​នេះ ខុស​ពី​ឆ្នាំ​មុន ដែល​លោក​បាន​ត្រៀម​ប្រឡង។

យុវជន​រូប​នេះ​ថ្លែង​ថា៖ « ភ័យ​ ធ្វើ​បាន​ច្រើន បាន​ច្រើន​ហើយ ប៉ុន្តែ​អត់​ដឹង​ត្រូវ​ក៏​អត់​។ ហើយ​ជីវៈ​វិញ​ស្ពៃ (ធ្វើ​មិន​សូវ​បាន​ល្អ)​ បាត់​ហើយ​ខ្ញុំ​ជីវៈ​ ហើយ​ការ​ប្រឡង​ខុស​គ្នា​ណាស់​ពី​ឆ្នាំ​មុន»។

យុវជន​ និន វឌ្ឍនៈ អាយុ១៨ឆ្នាំ សិស្សថ្នាក់ទី១២​ ផ្តល់​បទ​សម្ភាស​ដល់​វីអូអេ នៅ​រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម​ ចាន់​សំណាង/វីអូអេ)
យុវជន​ និន វឌ្ឍនៈ អាយុ១៨ឆ្នាំ សិស្សថ្នាក់ទី១២​ ផ្តល់​បទ​សម្ភាស​ដល់​វីអូអេ នៅ​រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម​ ចាន់​សំណាង/វីអូអេ)

វឌ្ឍនៈ​បន្ត​ថា​ក្រោយ​ចប់​ការ​ប្រឡង រូប​គេ​មាន​បំណង​ជ្រើស​រើស​ជំនាញ​ស្ថាបត្យកម្ម​សម្រាប់​សិក្សា​នៅ​សកល​វិទ្យាល័យ ដោយ​សារមាន​ចំណូល​ផ្នែក​គូរ​រូប។ យ៉ាង​ណា​មិញ យុវជន​វឌ្ឍនៈ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ហ​ពី​បញ្ហា​ផ្សេងៗ នៅ​ពេល​ដែល​ខ្លួន​បន្ដ​ការ​សិក្សា​នៅ​សកល​វិទ្យា​ល័យ។

ប៉ុន្តែ​យុវជន​រូប​នេះ​អះអាង​ថា​ខ្លួន​មិន​ដឹង​ថា​ជំនាញ​មួយ​នេះ មាន​ទីផ្សារ​ការងារ​ច្រើន​ឬ​យ៉ាង​ណា។

ចំណែក​យុវជន មាស គិរីជាតិ អាយុ​១៨​ឆ្នាំ ជា​សិស្ស​មក​ពី​វិទ្យាល័យ​បាក់​ទូក ប្រាប់វីអូអេ​ថានៅ​ព្រឹក​ថ្ងៃ​ទី​មួយ​នៃ​ការ​ប្រឡង​ថ្នាក់​ទី​១២ គេ​បាន​ធ្វើ​បាន​គ្រប់​វិញ្ញាសា​ទាំង​អស់ និង​ថា​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ក្នុង​ឆ្នាំ​២០២៣​នេះ គឺ​ដូច​ទៅ​នឹង​ការ​ប្រឡង​ផ្សេងៗ​ដែរ។

នៅ​ពេល​សួរ​ថា​តើ​ក្រោយ​ចប់​ទី​១២ រូប​គេ​នឹង​បន្ត​ទៅ​ថ្នាក់​មហា​វិទ្យាល័យ ដោយ​ជ្រើស​រើសមុខ​វិជ្ជា​អ្វី យុវជន​រូប​នេះ​លើក​ឡើង​ថា​មក​ទល់​ពេល​នេះ ខ្លួន​មិន​ទាន់​មាន​គោល​ដៅ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​សម្រាប់​បន្ត​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ ប៉ុន្តែ​យុវជន​រូបនេះ​នឹង​ជ្រើសរើ​ស​ខាង​វិទ្យា​សាស្ត្រ ដោយ​យល់​ថា​ជំនាញ​នេះ​មាន​ឱកាស​ការងារ​ច្រើន។

យុវជន មាស គិរីជាតិ អាយុ១៨ឆ្នាំ សិស្សថ្នាក់ទី១២​ ផ្តល់​បទ​សម្ភាស​ដល់​វីអូអេ នៅ​រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម​ ចាន់​សំណាង/វីអូអេ)
យុវជន មាស គិរីជាតិ អាយុ១៨ឆ្នាំ សិស្សថ្នាក់ទី១២​ ផ្តល់​បទ​សម្ភាស​ដល់​វីអូអេ នៅ​រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម​ ចាន់​សំណាង/វីអូអេ)

យុវសិស្ស​រូប​នេះ​និយាយ​ថា​៖ «អូ! ច្រើន​បង ដោយ​សារ​សម័យ​នេះ​ សម័យ​សត​វត្សរ៍​ទី​២១ សម័យ​បច្ចេកវិទ្យា​ សម័យ​វិទ្យាសាស្រ្ត​លូត​លាស់​ អ៊ីចឹង​នៅ​ពេល​យើង​ចូល​រៀន​បាន​ផ្នែក​វិទ្យាសាស្រ្ត​ទៅ យើង​ចូល​ផ្នែក​ទីផ្សារ​វា​មាន​ឱកាស​ការងារ​ច្រើន​ ជា​ពិសេស​គឺ​អាយធី​(IT)»។

យុវតី មាស ម៉ុន​ច័ន្ទម៉ូនីតា​ អាយុ​១៧​ឆ្នាំ ជា​បេក្ខ​ជន​មក​ពី​វិទ្យាល័យ​ជាស៊ីម​ជ្រោយ​ចង្វារ លើក​ឡើង​ថា​កញ្ញា​ធ្វើ​បាន​ច្រើន​សម្រាប់​ការ​ប្រឡង​នៅ​ថ្ងៃ​ដំបូង ហើយ​ក៏​សង្ឃឹម​ច្រើន​ដែរ​សម្រាប់​ការ​ប្រឡង​នៅ​ថ្ងៃ​បញ្ចប់។ យុវតី​រូបនេះ​មាន​បំណង​សិក្សា​ពេទ្យ​នៅ​ថ្នាក់​ឧត្តម​សិក្សា ដោយ​សារ​តែ​ជំនាញ​មួយ​នេះ​ជា​អ្វី​ដែ​ល​ខ្លួន​ចូល​ចិត្ត​តាំង​ពី​តូច​មក​ម្ល៉េះ។

យុវតី មាស ម៉ុនច័ន្ទម៉ូនីតា អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី១២​ ផ្តល់​បទ​សម្ភាស​ដល់​វីអូអេ នៅ​រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម​ ចាន់​សំណាង/វីអូអេ)
យុវតី មាស ម៉ុនច័ន្ទម៉ូនីតា អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី១២​ ផ្តល់​បទ​សម្ភាស​ដល់​វីអូអេ នៅ​រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម​ ចាន់​សំណាង/វីអូអេ)

កញ្ញា​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ពេទ្យ​ហ្នឹង ជា​ជំ​នាញ​ដែល​ខ្ញុំ​ចូល​ចិត្ត​តាំង​ពី​តូច​មក​ ហើយ​ខ្ញុំ​ចង់​សម្រេច​ក្តី​ស្រមៃ ដោយ​សារ​តែ​នៅ​គ្រួសារ​ខ្ញុំ អត់​សូវ​មាន​អ្នក​ធ្វើ​ពេទ្យ​ទេ​ ហើយ​ខ្ញុំ​ចង់​ធ្វើ​ពេទ្យ​អ៊ីចឹង»។

យុវតី ទក នីតា អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី១២​ ផ្តល់​បទ​សម្ភាស​ដល់​វីអូអេ នៅ​រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម​ ចាន់​សំណាង/វីអូអេ)
យុវតី ទក នីតា អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី១២​ ផ្តល់​បទ​សម្ភាស​ដល់​វីអូអេ នៅ​រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម​ ចាន់​សំណាង/វីអូអេ)

ជា​មួយ​គ្នា​នេះ​ដែរ យុវតី ទក នីតា អាយុ​១៧​ឆ្នាំ ជា​សិស្ស​មក​ពី​វិទ្យាល័យ​ព្រែក​លៀប ប្រាប់​វីអូអេ​ថា​បន្ទាប់​ពី​ប្រឡង​បាន​មួយ​ព្រឹក​ កញ្ញាធ្វើ​បាន​ច្រើន​គួរ​សម​ចំពោះ​វិញ្ញាសា​ទាំង​ពីរ​មុខ​ដែល​ក្រសួង​បាន​ដាក់​ចេញ។ យុវតី​រូប​នេះ​បញ្ជាក់​ទៀត​ថា​ខ្លួន​នឹង​ចាប់​មុខ​វិជ្ជារូប​វិទ្យា​ទៅ​បន្ត​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ ដើម្បី​សម្រេច​បំណង​របស់​កញ្ញា ក្លាយ​ជា​គ្រូ​បង្រៀន​លើ​មុខ​វិជ្ជា​នេះ។

លោក សន ជ័យ នាយក​ប្រតិ​បត្តិ​នៃ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុជា ប្រាប់​វីអូអេ​ថា​បញ្ហា​ប្រឈម​របស់​សិស្ស​ក្រោយ​ចប់​បាក់​ឌុប គឺ​ការ​ពិ​បាក​នៅ​ក្នុង​ការ​ជ្រើ​សរើស​មុខ​ជំនា​ញ​បន្ត​ទៅ​ថ្នាក់​ឧត្តម​សិក្សា​។ លោក​បញ្ជាក់​ថា​មូល​ហេតុ​គឺ​ដោយ​សារ​តែ​សិស្ស​ទាំង​នោះ​មាន​កម្រិត​នៃ​ចំណេះ​ដឹង ការ​គិត​ស៊ីជម្រៅ​ ជា​ពិសេស​ខ្វះ​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​មុខ​វិជ្ជា​ដែល​មាន​នៅ​តាម​ថ្នាក់​មហា​វិទ្យាល័យ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ការ​ជ្រើ​ស​រើ​ស​មុខ​ជំនាញ​រៀន​នៅ​ឧត្តម​សិក្សា​នេះ គឺសំខាន់​រយៈ​ពេល​៤ឆ្នាំ​ថា​តើ​ពួក​គេ​អាច​ធ្វើ​អ្វី​បាន​ខ្លះ។ បទពិ​សោធ​ន៍​ដែល​ខ្ញុំ​បាន​ដឹង​គឺ​ឃើញ​ថា​យុវជន​ខ្លះ​ ក្រោយ​រៀន​ចប់​ឧត្តម​សិក្សា​ ពួក​គេ​បែរ​ជា​ទៅ​ធ្វើ​ការ​នូវ​ជំនាញ​ផ្សេង​ ដោយ​សារ​តែ​មុខ​ជំនាញ​របស់​ពួក​គេ​រៀន​ គឺ​មិន​ស្រប​តាម​ទីផ្សារ​ការ​ងារ»។

លោកជំរុញ​ឱ្យ​សិស្ស​ទាំង​នោះ​ជ្រើស​រើស​ជំនាញ​វិជ្ជា​រៀនស្រប​តាម​ក្តី​ស្រមៃ និង​ចំណង​ចំ​ណូល​ចិត្ត​រប​ស់​ខ្លួន និង​ស្នើ​ឱ្យ​ក្រសួង​អប់រំ​បង្ហាញ​ពី​ជំនាញ​ដែល​ទីផ្សារ​ត្រូវ​ការ​នៅ​ក្នុង​រយៈ​ពេល​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ​ទៀត។

អ្នក​នាំពាក្យក្រសួង​អប់រំ យុវជន និង​កីឡា អ្នកស្រី​ ឃួន វិច្ឆិកា ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេ​ក្រាម​នៅ​ថ្ងៃ​ចន្ទ​ថា​ក្រសួង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ជ្រើស​រើស​មុខ​ជំនាញ​រៀន​របស់​សិស្ស ក្រោយ​ចប់​ទី​១២ ខណៈ​ក្រសួង​បាន​បង្កើត​ជា​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា«ត្រី​វិស័យ» ដើម្បី​ផ្តល់​ជា​ព័ត៌​មាន មុខវិជ្ជា និង​សាលារៀន​សម្រាប់​ពួកគេ​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ការ​ជ្រើស​រើស​មុខ​ជំនាញ​រៀន​នៅ​ថ្នាក់​ឧត្តម​សិក្សា​ អ្នកនាំពាក្យ​រូបនេះ​លើក​ឡើង​ថា​បំនិន​សតវត្សរ៍​ទី​២១ គឺ​ការ​ប្រើប្រាស់​បច្ចេក​ទេស​វិទ្យា និង​ជំនាញ​ទន់​ ដែល​ជា​ជំនាញ​ចាំបាច់​យុវជន​ត្រូវ​តែ​មាន។

អ្នកស្រី​ថ្លែង​ថា៖ «ដោយ​ឡែក​យើង​សង្កេត​ឃើញ​ថាអ្វី​ដែល​សំខាន់​នោះ​ គឺ​សិស្សា​នុសិ​ស្ស ក៏​ត្រូវ​តែ​ទាម​ទារ​ស្វែង​យល់​ពី​ខ្លួនឯង​ផង​ដែរ​ថា​ខ្លួន​ឯ​ង​មាន​ចំណង​ចំណូល​ចិត្ត​ឬ​ក៏​មាន​ឧប​និស្ស័យ​ទៅ​លើ​មុខ​ជំនាញ​ឬក៏​អាជីព​មួយ​ណា ពីព្រោះ​កាល​ណា​បើ​គាត់​ដឹង​ច្បាស់​ថា​គាត់​មាន​ឧប​និស្ស័យ​ឬក៏​ជំនាញ​ចូល​ចិត្ត​ខាង​អី​ហើយ​ ខ្ញុំ​ជឿ​ថា​គាត់​នឹង​អាច​ខិត​ខំប្រឹង​ប្រែង​បន្ថែម ដើម្បី​ឱ្យ​ជំនាញ​របស់​គាត់​កាន់​តែ​ប្រសើរ​ឡើង​»។

ការ​ប្រឡង​ថ្នាក់​ទី​១២​ដែល​មាន​បេក្ខជន​ប្រឡង​ប្រមាណ​១៣​៧០០០នាក់​នៅ​ទូទាំង​ប្រទេស ធ្វើ​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី៦ និង​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា។ ក្រ​សួង​អប់រំ​គ្រោង​នឹង​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង នា​ចុង​ខែ​វិច្ឆិកា​ខាង​មុខ។

គួរ​បញ្ជាក់​ថា​កាល​ពី​ឆ្នាំ​២០២២ សិស្ស​ថ្នាក់​ទី​១២​ដែល​ប្រឡង​ជាប់​បាក់​ឌុប មាន​ជាង​៧២%​នៃ​បេក្ខ​ជន​មក​ប្រឡង​ទាំង​អស់។ ក្នុង​នោះ​ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស​A​មាន​ប្រមាណ​១០៥០នាក់៕

XS
SM
MD
LG