ពលរដ្ឋខ្មែរជិតប្រាំមួយពាន់នាក់ (៥.៦០០នាក់) ក្នុងឃុំចំនួន៤នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងត្រូវបានជម្លៀសចេញពីលំនៅស្ថាន ក្រោយទឹកជំនន់ពីការបាក់ទំនប់វារីអគ្គិសនីក្នុងប្រទេសឡាវកំពុងឡើងខ្ពស់ជាងការប្រកាសអាសន្ន។ នេះបើតាមការបញ្ជាក់របស់មន្រ្តីរដ្ឋបាលខេត្តស្ទឹងត្រែង។
ទំនប់វារីអគ្គិសនីក្នុងខេត្ត Attapeu នៅប្រទេសឡាវ ដែលមានចម្ងាយប្រមាណជា៧០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវ បានបាក់កាលពីថ្ងៃ អង្គារកន្លងទៅ ក្រោយភ្លៀងធ្លាក់ផ្ទួនៗនៅប្រទេសឡាវ។ ទឹកដែលហូរចេញពីទំនប់ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ៥ពាន់លានម៉ែត្រគូបនេះ បានហូរចេញពីតំបន់ទំនប់ក្នុងទន្លេមេគង្គ ចូលមកក្នុងទន្លេសេកុងនៃខេត្តស្ទឹងត្រែង និងបណ្តាលឲ្យស្រុកចំនួន៤នៃខេត្តស្ទឹងត្រែងរងការលិចលង់។
លោក ម៉ែន គង់ អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋចំនួនជាង ៥.៦០០នាក់ នៃគ្រួសារចំនួនជាង១.២០០ ក្នុងឃុំចំនួន៤ ក្នុងស្រុកសៀមប៉ាង ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ លោកបន្ថែមថា ទឹកជំនន់ពីការបាក់ទំនប់នៅប្រទេសឡាវដែលមិនទាន់អាចវាយតម្លៃពីការខូចខាតនេះ មិនបានបណ្តាលឲ្យមានមនុស្ស ឬសត្វពាហនៈស្លាប់នោះទេ។
លោកបញ្ជាក់ថា៖
«ប្រជាពលរដ្ឋដែលបានជម្លៀសគឺជម្លៀសទៅតាមផែនការអន្តរាគមន៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តនិងស្រុកនិងឃុំ។ ដូច្នេះហើយប្រជាពលរដ្ឋដែលបានជម្លៀសមកដល់ពេលនេះនៅក្នុងឃុំចំនួន៤ ក្នុងស្រុកសៀមប៉ាង គឺមានឃុំសន្តិភាព ឃុំសន្តិភាព ឃុំថ្មកែវ និងឃុំសាយសំបូរ។ ដែលប្រជាពលរដ្ឋសរុប ដែលត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពមានចំនួន១.២០០គ្រួសារ»។
ក្នុងសប្តាហ៍មុននេះ ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដូចជាខេត្តកំពត ខេត្តព្រះសីហនុនិងខេត្តកំពង់ស្ពឺជាដើម ក៏បានរងនូវជំនន់ទឹកភ្លៀងដែលបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ ទោះយ៉ាងណាគេឃើញថា ជំនន់បណ្តាលមកពីទឹកភ្លៀងទាំងនោះបានស្រកទៅវិញ មុននឹងទំនប់ទឹកក្នុងប្រទេសឡាវបានបាក់និងហូរចូលទន្លេសេកុងបណ្តាលឲ្យប៉ះពាល់ដល់ខេត្តស្ទឹងត្រែង។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា កម្ពស់ទឹកក្នុងស្រុកមួយចំនួនក្នុងខេត្តស្ទឹងត្រែងដែលជន់មកពីការបាក់ទំនប់ក្នុងប្រទេសឡាវ បានឡើងរហូតដល់១២.១០ម៉ែត្រ ខ្ពស់ជាងកម្រិតទឹកដែលត្រូវប្រកាសអាសន្នចំនួន៦តឹក។ លោកបន្ថែមថា ទឹកដែលជន់មកពីការបាក់ទំនប់ប្រទេសឡាវនេះ កំពុងបន្តឡើងនិងមិនទាន់អាចកំណត់ពីពេលវេលាដែលអាចស្រកចុះនៅឡើយ។
លោកមានប្រសាសន៍ថា៖
«មកដល់ពេលនេះខ្ញុំអាចជម្រាបជូនថាមិនទាន់មាននិន្នាការស្រកទេ ទឹកនេះនៅតែបន្តឡើងសន្សឹមៗបន្ថែមទៀត។ អញ្ចឹងទេសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេកុង មេត្តាបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត និងសូមជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព»។
លោក ចាន់ យុត្ថា បន្ថែមថា កងកម្លាំងជាច្រើនបាននិងកំពុងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលមានទឹកជន់ ព្រមជាមូយនឹងការសហការផ្តល់ជំនួយពីស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។
តាមទីភ្នាក់ងាររដ្ឋឡាវ KPL ដែលបានចេញផ្សាយនៅព្រឹកថ្ងៃព្រសហ្បតិ៍នេះ ឲ្យដឹងថា ទំនប់ទឹកដែលបាក់ក្នុងប្រទេសឡាវកាលពីរសៀលថ្ងៃទី២៤ ខែកក្កដា បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៧នាក់ បានស្លាប់ មនុស្សប្រមាណជា ១៣១នាក់កំពុងបាត់ខ្លួននិងជាង៣ពាន់នាក់ផ្សេងទៀតគ្មានទីជម្រក៕