រយៈពេលជាង៦ខែក្រោយពីក្រុមហ៊ុនបញ្ចុះបញ្ចូលរបស់អាមេរិកាំងពីរ បានព្រមព្រៀងធ្វើការឱ្យរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការអនុម័តច្បាប់ដាក់ទណ្ឌកម្មនិងផ្សព្វផ្សាយចំណុចវិជ្ជមានអំពីកម្ពុជា ពួកគេបានអះអាងពីការកែប្រែមតិនិងទស្សនៈនៅរដ្ឋធានីវ៉ាស៊ីនតោនលើបញ្ហាកម្ពុជា។
រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៃគណបក្សប្រជាជនកម្ពុជា បានបង្កើនយុទ្ធនាការនៅសហរដ្ឋអាមេរិកតាំងពីដើមឆ្នាំ២០១៩នេះ ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយជាវិជ្ជមាន អំពីប្រទេសកម្ពុជាដើម្បីឱ្យអ្នកតាក់តែងច្បាប់និងគោលនយោបាយអាមេរិកាំងនៅរដ្ឋធានីវ៉ាស៊ីនតោនកែប្រែគោលជំហរ។
ក្រុមហ៊ុនបញ្ចុះបញ្ចូល (ឬហៅថាឡប់ប៊ី) របស់អាមេរិកាំងទាំង២នេះ ប្រើប្រាស់អ្នកជំនាញច្បាប់និងការបញ្ចុះបញ្ចូល ចំនួន៩នាក់។ ពួកគេបានចាប់ផ្តើមការងារនេះតាំងពីខែមីនាឆ្នាំ២០១៩ និងបន្តរហូតដល់ដំណាច់ខែកុម្ភៈឆ្នាំ២០២០ ហើយរដ្ឋាភិបាលកម្ពុជាត្រូវចំណាយថវិកាចំនួនជាង១,២២លានដុល្លារក្នុងរយៈពេលនៃការផ្តល់សេវាមួយឆ្នាំនេះ។
ក្រុមហ៊ុនបញ្ចុះបញ្ចូលឈ្មោះ Brownstein Hyatt Farber Schreck យកកម្រៃចំនួន៧២០.០០០ដុល្លារក្នុងមួយឆ្នាំ (ដោយបើកប្រាក់រយៈពេលបីខែម្តងចំនួន១៨០.០០០ដុល្លារ)។ ក្រុមហ៊ុននេះប្រើប្រាស់អ្នកបញ្ចុះបញ្ចូលចំនួន៧នាក់ដែលមានឈ្មោះBrian Wild, Alfred Mottur, Marc Lampkin, David Cohen, Ari Zimmerman, Brian McKeon, និងDoug Maguire។ ក្រុមហ៊ុន Brownstein Hyatt Farber Schreck នេះគឺជាក្រុមហ៊ុនដ៏ធំដែលមានជំនាញខាងបញ្ចុះបញ្ចូលស្ថាប័ននីតិប្បញ្ញត្តិសហរដ្ឋអាមេរិកហើយមានទីតាំងនៅរដ្ឋធានីវ៉ាស៊ីនតោន។ ការិយាល័យរបស់ពួកគេស្ថិតនៅចម្ងាយតែជាង២គីឡូម៉ែត្រពីវិមានរដ្ឋសភាប៉ុណ្ណោះ។ នេះបើតាមឯកសារចុះបញ្ជីផ្លូវការក្នុងនាមភ្នាក់ងារតំណាងឱ្យរដ្ឋបរទេសដែលបានដាក់ដម្កល់នៅក្រសួងយុត្តិធម៌ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ កិច្ចព្រមព្រៀងផ្តល់សេវាដល់រដ្ឋាភិបាលកម្ពុជាត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៩ខែមីនាឆ្នាំ២០១៩ រវាងលោកជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកនិងលោក Alfred E. Mottur តំណាងក្រុមហ៊ុន Brownstein Hyatt ដើម្បី «ផ្តល់សេវាទំនាក់ទំនងរដ្ឋាភិបាលនិងប្រឹក្សាយុទ្ធសាស្ត្រលើបញ្ហានានាចំពោះមុខរដ្ឋាភិបាលសហរដ្ឋអាមេរិក»។
ក្រុមហ៊ុនទីពីរឈ្មោះថា PacRim Bridges យកកម្រៃចំនួន៥០០.០០០ដុល្លារក្នុងមួយឆ្នាំដោយមានអ្នកជំនាញចំនួន២នាក់ឈ្មោះ Doug Ericksen និងឈ្មោះ Jay Rodne។ លោក Doug Ericksen គឺជាសមាជិកព្រឹទ្ធសភាកំពុងកាន់តំណែងនៅក្នុងរដ្ឋវ៉ាស៊ីនតោនស្តេត រីឯលោក Jay Rodne គឺជាអតីតសមាជិកសភាប្រចាំរដ្ឋវ៉ាស៊ីនតោនស្តេត។ ក្រុមហ៊ុន PacRim Bridges គឺជាក្រុមហ៊ុនថ្មីទើបតែបង្កើតនៅឆ្នាំ២០១៧ ហើយមានទីតាំងនៅទីក្រុង Ferndale រដ្ឋវ៉ាស៊ីនតោនស្តេតដែលមានចម្ងាយជាង៤.៤០០គីឡូម៉ែត្រពីវិមានរដ្ឋសភា។ នេះបើតាមឯកសារសាធារណៈដែលបានចុះហត្ថលេខារវាងលោកអ៊ុច បូរិទ្ធ រដ្ឋលេខាធិការនៃក្រសួងការបរទេសកម្ពុជាជាមួយនឹងលោក Doug Ericksen កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
កិច្ចខិតខំប្រឹងប្រែងនេះធ្វើឡើងក្រោយពីរដ្ឋសភាអណត្តិថ្មីរបស់សហរដ្ឋអាមេរិកកំពុងតែដំណើរការអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤ ដើម្បីដាក់ទណ្ឌកម្មប្រទេសកម្ពុជានិងក្រោយពីសហរដ្ឋអាមេរិកបានប្រកាសផ្តាច់ជំនួយដោយសារតែការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនិងមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។ ក្នុងនោះមានការរំលាយគណបក្សសង្គ្រោះជាតិ ការធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលជាដើម។
លោក Doug Ericksen នៃក្រុមហ៊ុន PacRim Bridges បានបញ្ជាក់ប្រាប់ VOA ថាក្រុមការងាររបស់លោកនិងឯកអគ្គរាជទូតកម្ពុជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនគឺលោកជុំ សុន្ទរីបានជួបអ្នកតំណាងរាស្រ្តអាមេរិកាំងដើម្បីពិភាក្សាពី«បញ្ហាវិជ្ជមាន»នៅកម្ពុជា។ លោកបានបញ្ជាក់ថាបញ្ហាទាំងនោះមានដូចជាកំណើនសេដ្ឋកិច្ច ជោគជ័យនៃការកាត់បន្ថយភាពក្រីក្រ កិច្ចខិតខំទប់ស្កាត់ការជួញដូរមនុស្សនិងការជួញដូរគ្រឿងញៀន ការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនិងការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងកម្ពុជាជាដើម។
លោក Doug Ericksen បានបន្ថែមថា៖
«ជាទូទៅ ខ្ញុំគិតថាសាររបស់យើងមានលក្ខណៈវិជ្ជមានណាស់ អំពីអ្វីដែលកំពុងកើតមានឡើងនៅប្រទេសកម្ពុជានាសម័យទំនើបនេះ ហើយខ្ញុំគិតថាសមាជិករដ្ឋសភាទទួលយល់បានខ្លាំងពីសារនេះ»។
VOA ក៏បានព្យាយាមទាក់ទងក្រុមហ៊ុនបញ្ចុះបញ្ចូលឈ្មោះ Brownstein Hyatt ប៉ុន្តែពួកគេមិនបានឆ្លើយតបមកវិញទេ។ បើទោះបីជាវីអូអេផ្ញើសារអ៊ីម៉ែលទៅអ្នកដឹកនាំទាំងបីនៃក្រុមបញ្ចុះបញ្ចូលនេះគឺលោក Brian Wild លោក Marc Lampkin និងលោក Alfred Mottur ក៏មិនមានការឆ្លើយតបហើយពេលដែលទូរស័ព្ទជាបន្តបន្ទាប់ក៏ស្ត្រីអ្នកលើកទូរស័ព្ទរបស់លោក Alfred Mottur សន្យាថាលោកនឹងឆ្លើយតបតាមពេលក្រោយប៉ុន្តែរហូតមកដល់ជាងមួយសប្តាហ៍កន្លងមកនេះពួកគេនៅមិនទាន់ឆ្លើយតបនៅឡើយទេ។
បើយោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយនឹងរដ្ឋាភិបាលកម្ពុជាគឺក្រុមហ៊ុននេះប្តេជ្ញារក្សាការសម្ងាត់ឱ្យរដ្ឋាភិបាលកម្ពុជាដោយមិនទទួលដឹងឮ ផ្សព្វផ្សាយ ប្រកាស បញ្ជាក់ទទួលស្គាល់ ឬទំនាក់ទំនងជាមួយអ្នកណាផ្សេងក្រៅពីច្បាប់តម្រូវឬមានការយល់ព្រមពីរដ្ឋាភិបាលកម្ពុជាឡើយ។
ប៉ុន្តែលោក Doug Ericksen បានបញ្ជាក់ប្រាប់ VOA ថាលោកធ្វើការសហការជាប់ជាប្រចាំជាមួយនឹងក្រុមហ៊ុន Brownstein Hyatt Farber Schreck នេះ។
តាំងពីដើមឆ្នាំ២០១៩មក សមាជិករដ្ឋសភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិកបានស្នើសេចក្តីព្រាងច្បាប់ចំនួនបួនដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលនិងសេដ្ឋកិច្ចកម្ពុជា។ សេចក្តីព្រាងច្បាប់ទាំងនោះមាន សេចក្តីព្រាងច្បាប់ប្រជាធិបតេយ្យ សេចក្តីព្រាងច្បាប់ពាណិជ្ជកម្មរបស់សភាតំណាងរាស្ត្រនិងរបស់ព្រឹទ្ធសភា និងសេចក្តីព្រាងច្បាប់ស្តីពីការធ្វើឱ្យការវិនិយោគវិលត្រឡប់មកវិញឬការទាមទារឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
រដ្ឋាភិបាលកម្ពុជាយល់ថាច្បាប់ទាំងនេះមិនចាំបាច់ទេ ហើយទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាអាចប្រសើរឡើងដោយមិនចាំបាច់មានច្បាប់នេះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក Doug Ericksen។
លោក Ericksen បានបន្ថែមថា៖
«ខ្ញុំគិតថាអារម្មណ៍ជាទូទៅពីលោកឯកអគ្គរាជទូតនិងពលរដ្ឋកម្ពុជាគឺថាច្បាប់នេះមិនចាំបាច់ទេហើយថាយើងអាចធ្វើការរួមគ្នារវាងប្រទេសទាំងពីរដើម្បីធ្វើឱ្យទំនាក់ទំនងបានប្រសើរឡើងដោយផ្តោតលើជ្រុងវិជ្ជមានដែលកំពុងមានរវាងប្រទេសទាំងពីរ»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានក្តោបយកអំណាចទាំងស្រុងក្រោយពីការបោះឆ្នោតជាតិឆ្នាំ២០១៨បន្ទាប់ពីបានរំលាយគណបក្សសង្គ្រោះជាតិដែលជាអតីតគណបក្សប្រឆាំងដ៏ធំ។ ប្រធានគណបក្សសង្គ្រោះជាតិគឺលោកកឹម សុខា កំពុងជាប់ឃុំឃំាងជាង២ឆ្នាំហើយដោយរងការចោទប្រកាន់ពីបទក្បត់ជាតិ។
សហរដ្ឋអាមេរិកប្រកាសកាត់បន្ថយកម្មវិធីជំនួយយោធានិងសេដ្ឋកិច្ចដែលមានទឹកប្រាក់ចំនួន៨,៣លានដុល្លារកាលពីចុងខែកុម្ភៈឆ្នាំ២០១៨។ នេះបើតាមសេចក្តីរាយការណ៍របស់មជ្ឈមណ្ឌលដើម្បីនយោបាយប្រកបដោយការទទួលខុសត្រូវដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនហើយធ្វើកិច្ចការស្រាវជ្រាវផ្នែកនយោបាយ។
បណ្តូរពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជាមានទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារដោយកម្ពុជានាំទំនិញចូលសហរដ្ឋអាមេរិកចំនួន៣,៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ក្នុងនេះទំនិញចំនួនជាង៤០០លានដុល្លារគឺនាំចូលដោយរួចពន្ធ។ រីឯសហរដ្ឋអាមេរិកនាំចូលកម្ពុជាតែ៤៤៧លានដុល្លារប៉ុណ្ណោះ។
ទុទិដ្ឋិនិយមលើយុទ្ធនាការបញ្ចុះបញ្ចូល៖
លោកឯកអគ្គរាជទូត ជុំ សុន្ទរី ធ្លាប់បានបញ្ជាក់ប្រាប់ VOA កាលពីដើមខែមិថុនាថាលោកបានបង្ហាញពីអ្វីការវិវត្តន៍ ផ្នែកសេដ្ឋកិច្ចនិងសង្គមកិច្ចដល់អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកក្នុងនោះមានលោក ថេត យូហូ អ្នកតំណាងរាស្ត្រនៃគណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋផ្លរីដា ដែលជាអ្នកបានស្នើសេចក្តីព្រាងច្បាប់ប្រជាធិបតេយ្យកម្ពុជា(HR-526) ផងដែរដើម្បីឱ្យពួកគេមានមូលដ្ឋានយល់ដឹងពីប្រទេសកម្ពុជាដោយមិនស្តាប់តាមតែការឃោសនារបស់អតីតបក្សប្រឆាំងនៅកម្ពុជាដែលកំពុងរស់នៅនីរទេសខ្លួនក្រៅប្រទេស។
ប៉ុន្តែ សេចក្តីព្រាងច្បាប់នោះនៅតែត្រូវបានសភាតំណាងរាស្រ្តអនុម័តជាឯកច្ឆ័ន្ទ កាលពីខែកក្កដាហើយបានបញ្ជូនបន្តភ្លាមៗទៅព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់នេះទទួលបានការគាំទ្រពីគណបក្សទាំងពីរនៅក្នុងសភាតំណាងរាស្ត្រ។
នៅពេលដែល VOA ព្យាយាមសួរលោកឯកអគ្គរាជទូត ជុំ សុន្ទរីជាថ្មីនៅខែតុលានេះលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេដោយលោកបានដកខ្លួននៅឆ្ងាយពីយុទ្ធនាការបញ្ចុះបញ្ចូលរបស់ក្រុមហ៊ុនទាំងនេះ។
លោក ថេត យូហូ បានបញ្ជាក់ប្រាប់ VOA ក្រោយពីសភាតំណាងរាស្ត្រអនុម័ត សេចក្តីព្រាងច្បាប់នោះថាសាររបស់លោកសម្រាប់ថ្នាក់ដឹកនាំកម្ពុជាគឺដដែលៗទេគឺពួកគេត្រូវកែប្រែស្ថានការណ៍សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមុននឹងខិតខំព្យាយាមបង្កើនទំនាក់ទំនងល្អប្រសើរជាមួយនឹងសហរដ្ឋអាមេរិក។
លោកថេត យូហូ បានបញ្ជាក់ថា៖
«យើងនឹងឈរនៅខាងសិទ្ធិសេរីភាពដែលនេះគឺជាអ្វីដែលកម្ពុជាបាននិយាយថាខ្លួននឹងគោរពតាមហើយយើងឱ្យពួកគេធ្វើតាមហ្នឹង។ សរុបទាំងយើងនិងសហភាពអឺរ៉ុបគឺយើងមានពាណិជ្ជកម្ម៦៥ភាគរយជាមួយនឹងកម្ពុជា។ យើងចង់បន្តការងារនេះហើយយើងក៏ចង់ឱ្យកម្ពុជាបន្តអនុវត្តតាមការសន្យារបស់ពួកគេផងដែរ។ ជាពិសេសគឺលោកហ៊ុន សែន ដែលត្រូវរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។ ការបោះឆ្នោតកាលពីលើកមុនមិនបានត្រឹមត្រូវទេ»។
លោក Doug Ericksen នៃក្រុមហ៊ុន PacRim Bridges បានអះអាងប្រាប់វីអូអេថាជំហររបស់អ្នកតំណាងរាស្ត្រអាមេរិកាំងអាចនឹងផ្លាស់ប្តូរប្រសិនបើមុនពេលអនុម័តច្បាប់នេះ ពួកគេបានឮ សារអំពាវនាវរបស់លោកសម រង្ស៊ីប្រធានស្តីទីគណបក្សសង្រ្គោះជាតិដែលជំរុញឱ្យកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងបាញ់មកលើរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅពេលដែលលោកគ្រោងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៩ខែវិច្ឆិកានិងការរិះគន់វាយប្រហារលើលោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាមិនបានទទួលសញ្ញាប័ត្រត្រឹមត្រូវពីសាកលវិទ្យាល័យ West Point ព្រោះនេះ គឺជាការដើរខុសគោលនយោបាយសហរដ្ឋអាមេរិក។
លោក Doug Ericksen បានបន្ថែមថា៖
«ដូច្នេះខ្ញុំគិតថាសមាជិករដ្ឋសភាខ្លះចាប់ផ្តើមព្រួយបារម្ភពីលោកសមរង្ស៊ី និងការអំពាវនាវឱ្យមានរដ្ឋប្រហារយោធាផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ននៅកម្ពុជា។ សហរដ្ឋអាមេរិកនិងកម្ពុជាគឺជាសម្ព័ន្ធមិត្ត។ យើងគឺជាមិត្តនឹងគ្នា។ យើងគឺជាដៃគូពាណិជ្ជកម្ម។ ខ្ញុំមិនគិតថាមានអ្នកណានៅក្នុងរដ្ឋសភានឹងគាំទ្រការអំពាវនាវឱ្យមានរដ្ឋប្រហារហិង្សាយោធានៅកម្ពុជាទេ»។
ប៉ុន្តែនៅក្នុងអត្ថាធិប្បាយមួយផ្ញើមក VOA កាលពីដើមខែតុលា លោកថេត យូហូនៅតែទាមទារ ឱ្យរដ្ឋាភិបាលកម្ពុជា ជ្រើសរើសផ្លូវចរចាដោយសន្តិវិធីជាមួយនឹងអតីតគណបក្សប្រឆាំងជាជាងការប្រើហិង្សា។ ជាពិសេសនៅពេលដែលលោកសម រង្ស៊ីវិលទៅប្រទេសកម្ពុជាវិញ។
លោក ឆាំង សុង ដែលទើបតែចូលនិវត្តន៍ពីតួនាទីជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាក់ប្រាប់វីអូអេតាមទូរស័ព្ទពីទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ាមកថាលោកសង្ស័យលើសមត្ថភាពរបស់អ្នកធ្វើការក្នុងក្រុមហ៊ុនបញ្ចុះបញ្ចូលនេះ៖
«អ្នកធ្វើការខាងឡប់ប៊ី គឺខ្ញុំគ្មានជំនឿទេ។ ខ្ញុំផ្ទាល់ខ្លួនខ្ញុំថាល្អហើយដែលធ្វើហ្នឹងអត់ខុសទេដែលមានក្រុមហ៊ុនឡប់ប៊ី មានក្រុមហ៊ុនអាមេរិកាំងធំៗគេជួយពន្យល់គឺល្អហើយត្រូវហើយ។ ប៉ុន្តែពួកហ្នឹងគាត់អត់យល់។ ខ្ញុំមិនជឿថាពួកហ្នឹងធ្វើកើតព្រោះថាមិនដែលឃើញសរសេរអក្សរឬសរសេរអត្ថបទអីមួយផងពីស្រុកខ្មែរ។ ពួកខាងវ៉ាស៊ីនតោនស្តេតគឺនៅបីបួនពាន់គីឡូម៉ែត្រពី(រដ្ឋធានី)វ៉ាស៊ីនតោនហើយតើមកធ្វើឡប់ប៊ីនៅវ៉ាស៊ីនតោនម៉េចកើត? ហើយគាត់អត់យល់ស្រុកខ្មែរផងគឺគ្រាន់តែបានដើរលេងតិចតួចហ្នឹង»។
លោក Doug Ericksen ធ្លាប់ធ្វើដំណើរទៅប្រទេសកម្ពុជានិងចូលរួមសង្កេតការណ៍ការបោះឆ្នោតជាតិឆ្នាំ២០១៨ដែលនាំឱ្យមានការរិះគន់ជាច្រើន។ នេះបើតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលដើម្បីនយោបាយប្រកបដោយការទទួលខុសត្រូវ។
លោក អៀ សុផល សាស្ត្រាចារ្យខាងទំនាក់ទំនងអន្តរជាតិនៃមហាវិទ្យាល័យអុកស៊ីដឹនថលនៅទីក្រុងឡូសអាន់ជឺឡេស រដ្ឋកាលីហ្វញ៉ាយល់ថាយុទ្ធនាការបញ្ចុះបញ្ចូលនេះមិនមានប្រសិទ្ធភាពលើអ្នកតំណាងរាស្ត្រអាមេរិកាំងទេ។
«វាហាក់ដូចជាគ្មានអ្នកសម្រេចគោលនយោបាយណាផ្លាស់ប្តូរទស្សនៈទេ។ ការពិតទៅចំនួនអ្នកនៅក្រៅប្រទេសកម្ពុជាដែលមិនចូលចិត្តរបបនេះកាន់តែកើនឡើងគឺមិនធ្លាក់ចុះទេ»។
លោក អៀ សុផលបានបញ្ជាក់បន្ថែមតាមសារអេឡិកត្រូនិកប្រាប់ VOA ទៀតថា៖
«សេចក្តីព្រាងច្បាប់ត្រូវបានអនុម័តដូចកាលពីឆ្នាំមុន។ រីឯនៅព្រឹទ្ធសភា ប្រសិនបើជាប់គាំងមិនអនុម័តដូចឆ្នាំមុន នោះគឺស្មើគ្នា។ ប៉ុន្តែបើសិនជាសេចក្តីព្រាងច្បាប់នេះឆ្លងផុតគណៈកម្មាធិការ វាគឺជាជោគជ័យមួយហើយ។ ប្រសិនបើព្រឹទ្ធសភាអនុម័ត នោះពិតជាមហន្តរាយសម្រាប់របបក្រុងភ្នំពេញ»។
លោក ប៉ុន សៅរី អគ្គលេខាធិការនៃគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសបានបញ្ជាក់ថាការបញ្ចុះបញ្ចូលនេះមិនមានប្រសិទ្ធភាពទេហើយអតីតគណបក្សប្រឆាំងក៏មិនព្រួយបារម្ភដែរ៖
«ការខិតខំប្រឹងប្រែងបំផ្លាញលុយជាតិក្តី លុយបានមកពីអំពើពុករលួយផ្សេងៗទាំងអស់នោះពុំមានលទ្ធផលធ្វើឱ្យសហរដ្ឋអាមេរិកកែប្រែគោលនយោបាយរបស់ខ្លួននោះឡើយ។ ត្រឡប់មកវិញប្រសិនបើលោកហ៊ុនសែនចង់ឱ្យសហរដ្ឋអាមេរិកកែប្រែគោលនយោបាយរបស់ខ្លួន គាំទ្ររបបរបស់ខ្លួននោះ វាជាការងាយស្រួលណាស់គឺលោកហ៊ុនសែនគ្រាន់តែដាក់ត្រឡប់មកវិញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
ការព្រួយបារម្ភពីឥទ្ធិពលចិន៖
ក្រៅពីស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ អ្នកតាក់តែងច្បាប់នៅសហរដ្ឋអាមេរិកក៏ព្រួយបារម្ភពីឥទ្ធិពលនៃប្រទេសចិនដែលកាន់តែឈានឡើងនៅកម្ពុជា។ ពួកគេមើលឃើញ ថាកត្តាទាំងពីរនេះមានលក្ខណៈទំនាក់ទំនងគ្នាដោយសារតែប្រទេសចិនមិនដែលគិតគូអ្វីពីសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋខ្លួនឯងផង។
ចំណុចដែលរសើបបំផុតចំពោះអ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកក៏ដូចជារដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ គឺអនាគតមូលដ្ឋានយោធាចិននៅតំបន់ដែនសមុទ្រកម្ពុជា។
លោក អាឡាំង ឡូវឹនសល អ្នកតំណាងរាស្រ្តប្រចាំរដ្ឋកាលីហ្វញ៉ា ដែលមណ្ឌលរបស់លោកមានពលរដ្ឋខ្មែរអាមេរិកាំងរស់នៅជាច្រើនគឺទីក្រុងឡុងប៊ិចបានបញ្ជាក់ថាមិនមានមន្ត្រីរដ្ឋាភិបាលកម្ពុជាណាម្នាក់បានមកបញ្ចុះបញ្ចូលលោកឱ្យប្តូរគោលជំហររបស់លោកចំពោះប្រទេសកម្ពុជាទេ ហើយលោកក៏មិនជឿលើការសន្យារបស់មន្ត្រីកម្ពុជាដែរ។
លោកបានបន្ថែមថា៖
«រដ្ឋាភិបាលកម្ពុជាបានមកនិយាយថាពួកគេនឹងមិនអនុញ្ញាតឱ្យមានផែយោធាជើងទឹកចិននៅកំពុងផែររបស់ពួកគេទេប៉ុន្តែយើងមិនច្បាស់ថាវាពិតដូចគេថាឬយ៉ាងណាទេ។ ពួកគេពិតជានិយាយអីចឹងមែន»។
លោក ឆាំង សុង ដែលរស់នៅទីក្រុងឡុងប៊ិចបានបញ្ជាក់ថាលោកក៏មានការព្រួយបារម្ភពីឥទ្ធិពលចិននៅ ប្រទេសកម្ពុជាផងដែរ៖
«ខ្ញុំបារម្ភណាស់រឿងចិនហ្នឹង។ ចិនមិនបន្ធូរឱ្យខ្មែរយើងទេ។ គាត់ចូលមកគាត់ធ្វើជាអាណានិគមហ្មង។ យើងថាមិនឱ្យធ្វើទេប៉ុន្តែមើលទៅវាធ្វើទៅហើយឥឡូវហ្នឹង។ តាមពិតទៅចាប់តាំងពីការត្រួតត្រារៀបចំស្រុក។ ចិនចេះណាស់ គឺចិននិងយួនខុសគ្នា។ យួនធ្វើអីគឺ ធ្វើកំហែងគឺកម្លាំងបាយហ្មង។ ចិនធ្វើស្ងៀមៗ មួយសន្ទុះទៅបានឃើញភូមិមួយក្រុងមួយកាត់ចិនទាំងអស់»។
អ្នកគាំទ្រគណបក្សប្រឆាំងតែងតែរៀបចំធ្វើបាតុកម្មជារឿយៗដើម្បីឱ្យសហរដ្ឋអាមេរិកនៅបន្តចាប់អារម្មណ៍ដោះស្រាយបញ្ហាកម្ពុជា។ ប៉ុន្តែពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនដែលគាំទ្ររដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកហ៊ុនសែនយល់ថានេះមិនមែនជាដំណោះស្រាយល្អទេ។
លោក សែម សុវណ្ណ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាដែលរស់នៅទីក្រុងឡូវែលរដ្ឋម៉ាស្សាឈូសិតបានបញ្ជាក់ប្រាប់វីអូអេថា៖
«ការស្នើសុំឬការបង្កើតច្បាប់ពីប្រទេសដទៃហើយមានប្រសិទ្ធភាពដើម្បីគ្រប់គ្រងប្រទេសសាម៉ីដែលគេមានបំណងហ្នុង ចំពោះទស្សនៈខ្ញុំយល់ថាវាអត់មានអំណាចអ្វីគ្រប់គ្រាន់ដើម្បី ទៅគ្រប់គ្រងប្រទេសកម្ពុជាទេ។ ខ្ញុំសូមនិយាយដោយត្រង់»។
លោកសែម សុវណ្ណក៏បានលើកឡើងពីសារវិជ្ជមានដែលរដ្ឋាភិបាលកម្ពុជាបានផ្សព្វផ្សាយ៖
«បើយើងមានមនសិការជាតិស្នេហាជាតិយើងត្រូវជួយពង្រឹងត្រូវជួយគៀងគរវិនិយោគទុនដើម្បីឱ្យគេទៅ វិនិយោគនៅប្រទេសកម្ពុជា។ នេះបានវាជាការល្អ»។
ប៉ុន្តែសម្រាប់លោក ឆាំង សុងដែលក៏ជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាននៃរបបសាធារណរដ្ឋខ្មែរដែលគាំទ្រដោយសហរដ្ឋអាមេរិកបានអះអាងថាការមិនយល់គ្នារវាងសហរដ្ឋអាមេរិកនិងកម្ពុជាកើតឡើងដោយសារតែការប្រើប្រាស់ភាសាការទូតមិនត្រឹមត្រូវ។ ដូច្នេះតម្រូវឱ្យមានការនិយាយគ្នាត្រង់ទៅត្រង់មករវាងរដ្ឋាភិបាលទាំងពីរ។
«រដ្ឋាភិបាលនិងសភាអាមេរិកាំងមិនបន្ធូរទេ មិនបន្ថយទេ។ ខ្ញុំបានជួបជាមួយនឹងអស់លោកទាំងនោះគាត់ថាមិនបន្ថយទេ។ ប៉ុន្តែការបន្ថយបានគឺលុះត្រាតែយើងទាក់ទងហើយឱ្យមានការធូរស្បើយច្រើនដូចជាមានការដោះលែងលោកកឹមសុខាក្តីឬធ្វើអ្វីទៀតច្រើន។ ការដោះលែងលោកកឹមសុខាគឺជាការបន្ធូរមួយធំណាស់»។
អ្នកបញ្ចុះបញ្ចូលបានអះអាងថារដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើបញ្ហានេះខ្លាំងណាស់ទើបមានការជួលក្រុមហ៊ុនបញ្ចុះបញ្ចូលហើយក៏បានបើកឱកាសដល់អ្នកតំណាងរាស្រ្តណាដែលចង់ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីប្រទេសកម្ពុជាផងដែរប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានអ្នកតំណាងរាស្រ្តណាម្នាក់បានសម្រេចធ្វើដំណើរទៅកម្ពុជានៅឡើយទេ។
រដ្ឋាភិបាលកម្ពុជាមិនដែលជួលក្រុមហ៊ុនបញ្ចុះបញ្ចូលនៅសហរដ្ឋអាមេរិកទេតាំងពីឆ្នាំ២០០៣មក។ នេះបើតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលដើម្បីនយោបាយប្រកបដោយការទទួលខុសត្រូវ៕