អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលមួយរូបបានស្នើឱ្យរដ្ឋាភិបាលកម្ពុជា ជ្រើសរើសផ្លូវចរចាដោយសន្តិវិធីជាមួយនឹងអតីតគណបក្សប្រឆាំងជាជាងការប្រើហិង្សា។
លោក ថេត យូហូ អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកនៃគណបក្សសាធារណរដ្ឋប្រចាំរដ្ឋផ្លរីដាបានលើកសំណើនេះឡើងស្របពេលដែលអាជ្ញាធរកម្ពុជាបង្កើនយុទ្ធនាការបង្ក្រាបលើអ្នកគាំទ្រអតីតគណបក្សប្រឆាំងនៅមុនគម្រោងធ្វើមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៅថ្ងៃទី៩ខែវិច្ឆិកា។
នៅក្នុងលិខិតអត្ថាធិប្បាយមួយផ្ញើមក VOA សំឡេងសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះលោកថេត យូហូ បានបញ្ជាក់ថាដំណើរមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ីនិងអ្នកដឹកនាំដទៃទៀតនឹងត្រូវ«សហគមន៍អន្តរជាតិទាំងមូលនឹងតាមដានមើលនិងវាយតម្លៃសភាពការណ៍»ផងដែរ។
លោក ថេត យូហូ បានបញ្ជាក់ថា អនាគតប្រទេសកម្ពុជាអាស្រ័យលើការឆ្លើយតបរបស់លោកហ៊ុនសែនចំពោះស្ថានការណ៍ដ៏ផុយស្រួយនៅពេលខាងមុខនេះ៖
«ក្តីសង្ឃឹមរបស់ខ្ញុំក៏ដូចជាអ្នកដទៃទៀតជាច្រើនគឺថាលោកហ៊ុនសែននឹងជ្រើសរើសយកវិធីជៀសវាងជម្លោះហើយងាកមកចរចាជាមួយនឹងសមាជិកក្រុមប្រឆាំងដោយសន្តិវិធី»។
លោកថេត យូហូ បានបន្ថែមថា៖
«លោកហ៊ុនសែនមានលទ្ធភាពក្នុងការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ឬក៏ធ្វើព្រងើយកន្តើយ។ ជម្រើសមួយនឹងធ្វើឱ្យគេចងចាំថាលោកគឺជាមេដឹកនាំដែលអនុញ្ញាតឱ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅកម្ពុជា។ ជម្រើសមួយទៀតគឺគេនឹងចងចាំគាត់ថាជាកូនជឹងដែលគ្រប់គ្រងដោយចិន ដែលបានរាំងខ្ទប់លទ្ធិប្រជាធិបតេយ្យនិងសេរីភាពពីពលរដ្ឋកម្ពុជា។ ចូរយើងសង្ឃឹមថាលោកហ៊ុនសែននឹងជ្រើសរើសលទ្ធិប្រជាធិបតេយ្យនិងសេរីភាពសម្រាប់ពលរដ្ឋកម្ពុជា»។
អតីតអ្នកនយោបាយបក្សប្រឆាំងជាច្រើនបានរត់ភៀសខ្លួនមកនៅក្រៅប្រទេសនៅមុននិងក្រោយពីតុលាការកំពូលរំលាយគណបក្សរបស់ពួកគេនៅខែវិច្ឆិកាឆ្នាំ២០១៧និងចាប់លោកកឹមសុខា ប្រធានគណបក្សដាក់ឃុំឃាំងនៅលំនៅដ្ឋាន។ រដ្ឋាភិបាលក៏បានបើកយុទ្ធនាការបង្រ្កាបបណ្តាញសារព័ត៌មានឯករាជ្យនិងអង្គការសង្គមស៊ីវិលផងដែរ។
តាំងពីដើមឆ្នាំ ២០១៩ មក អាជ្ញាធរកម្ពុជាបានចោទប្រកាន់និងចាប់ដាក់ពន្ធនាគារអតីតសកម្មជននិងអ្នកមានសមានចិត្តនឹងគណបក្សសង្គ្រោះជាតិជាង៣០នាក់ហើយ។
កាលពីថ្ងៃពុធ សាលាដំបូងរាជធានីភ្នំពេញបានចេញដីការចាប់ខ្លួនលោកសមរង្ស៊ីនិងថ្នាក់ដឹកនាំមួយចំនួន៨នាក់ទៀតដែលមានដូចជាអនុប្រធានគណបក្សទាំងពីររូបគឺលោកស្រីមូរ សុខហួរនិងលោកអេង ឆៃអ៊ាងជាដើម។ អ្នកទាំងនេះត្រូវបានចោទប្រកាន់ថា«ប៉ុនប៉ងធ្វើរដ្ឋប្រហារ»ផ្តួលរំលំរដ្ឋាភិបាលកម្ពុជាតាមរយៈផែនការវិលត្រឡប់របស់លោកសមរង្ស៊ី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានជាសាធារណៈទៅលើសកម្មជននៃគណបក្សសង្គ្រោះជាតិថានឹងត្រូវចាប់ខ្លួននិងចោទប្រកាន់បើពួកគេហ៊ានចូលរួមក្នុងយុទ្ធនាការគាំទ្រដំណើរនិវត្តន៍របស់លោកសមរង្ស៊ី។
រដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរមិនងាកថយក្នុងការបង្ក្រាបអតីតបក្សប្រឆាំងបើទោះបីជាមានការអំពាវនាវក៏ដោយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេថាសហរដ្ឋអាមេរិកគ្រាន់តែជាដៃគូគឺមិនមែនជា«ម្ចាស់ជោគវាសនាកម្ពុជា»ទេ៖
«ទីមួយក្នុងនាមប្រជាជាតិឯករាជ្យអធិបតេយ្យយើងមិនអាចទទួលយកបានទេនូវភាសានេះដោយសារយើងយល់ឃើញថាសហរដ្ឋអាមេរិកជាភាគីដៃគូតែប៉ុណ្ណឹងហើយអ្វីដែលចរចាជាមួយនឹងសមរង្ស៊ីយើងដូចជារដ្ឋាភិបាលគ្មានជំហរណាចរចាជាមួយនឹងសមរង្ស៊ីទេដោយសារតែសមរង្ស៊ីជាឧក្រិដ្ឋជនមួយមានការវិនិច្ឆ័យចំនួនករណីជាច្រើនក៏ដូចជាករណីថ្មីៗនេះដែលតាមការប្រកាសនៃ ក្រសួងយុត្តិធម៌»។
បើទោះជាយ៉ាងនេះក្តីលោកស្រីមូរសុខហួរអនុប្រធានគណបក្សសង្គ្រោះជាតិនៅតែប្តេជ្ញាវិលត្រឡប់ទៅប្រទេសកម្ពុជាវិញតាមកាលកំណត់។
«ការធ្វើមាតុភូមិនិវត្តន៍របស់យើងខ្ញុំគឺជាការធ្វើមាតុភូមិនិវត្តន៍ដើម្បីរកការផ្លាស់ប្តូរជាវិជ្ជមានដោយអហិង្សា ផ្តល់យុត្តិធម៌ផ្តល់សេរីភាពផ្តល់ប្រជាធិបតេយ្យ រួមគ្នាជាមួយគ្នាយកការផ្លាស់ប្តូរនេះកសាងនូវប្រទេសកម្ពុជាមួយដែលមានយុត្តិធម៌»។
លោកស្រី មូរ សុខហួរ លើកទឹកចិត្តពលរដ្ឋកម្ពុជាឱ្យហ៊ាននិយាយការពិតពីសង្គមកម្ពុជានិងការចង់បានការផ្លាស់ប្តូរ។
ការប្តេជ្ញានេះត្រូវបានលោកថេត យូហូចាត់ទុកថាជា ពួកគេនឹងទទួលការគោរពថាជាមាតានិងបីតានៃសេរីភាពនៅក្នុងប្រទេសរបស់ពួកគេ។
លោកថេត យូហូ មើលឃើញថាបញ្ហាកម្ពុជាធ្លាក់មកដល់ស្ថានភាពដូចបច្ចុប្បន្ននិងស្មុគស្មាញដោយសារតែកម្ពុជាដើរតាមគោលនយោបាយប្រាក់ដុល្លាររបស់ចិនដែលជាគំរូរបបដឹកនាំផ្តាច់ការជាថ្នូរនឹងការវិនិយោគដែលបានសន្យាដល់កម្ពុជា។
លោកថេត យូហូបានបន្ថែមថា៖
«ឥទ្ធិពលដែលមានបន្តលើប្រទេសកម្ពុជាមិនត្រឹមតែគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ឯករាជ្យភាព និងសន្តិសុខរបស់ប្រទេសកម្ពុជាទេប៉ុន្តែមានលើប្លុកអាស៊ានទាំងមូល ប្រទេសក្នុងតំបន់និងពិភពលោក»។
លោក ថេត យូហូ ជាអ្នកដែលបានស្នើសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា HR526 ដែលត្រូវបានសភាតំណាងរាស្ត្រអនុម័តកាលពីដើមខែកក្កដា។ សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតនៅព្រឹទ្ធសភាជាតិរង់ចាំការពិភាក្សា៕