ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ UDG​ នៅ​មិន​ទាន់​បាន​ដំណោះស្រាយ​ដីធ្លី​ ក្រោយ​ការ​វាស់វែង


រូបឯកសារ៖ សាលា​ដំបូង​ខេត្ត​កោះកុង​ នៅ​ថ្ងៃ​ពុធ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។ (រូបថត​ផ្តល់​ឲ្យ)
រូបឯកសារ៖ សាលា​ដំបូង​ខេត្ត​កោះកុង​ នៅ​ថ្ងៃ​ពុធ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។ (រូបថត​ផ្តល់​ឲ្យ)

ការ​វាស់វែង​ដី​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​ចិន UDG​ ក្នុង​ឃុំ​ព្រែកខ្សាច់​ ក្នុង​ស្រុក​គិរីសាគរ ខេត្ត​កោះកុង​​ បាន​បញ្ចប់​រួចរាល់​ តែ​ត្រូវ​រង់​ចាំ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋបាល​ថ្នាក់​ជាតិ​ ចំពោះ​ការ​បែងចែក​ដី។​ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា​ ការ​បង្ហើយ​ការ​វាស់វែង​នេះ​ បង្ហាញ​សញ្ញាណ​វិជ្ជមាន​មួយ​ តែ​រដ្ឋាភិបាល​ត្រូវ​បន្ត​ដោះស្រាយ​បញ្ចប់​ទំនាស់​ទាំង​ក្នុង​ឃុំព្រែកខ្សាច់​ និង​ទីតាំង​ផ្សេង​ទៀត​ ដើម្បី​រក្សា​ការ​គាំទ្រ​របស់​ពលរដ្ឋ​ ក៏​ដូចជា​​មុខ​មាត់​ កិត្តិយស​របស់​រដ្ឋាភិបាល។

អាជ្ញាធរខេត្ត​កោះកុង ​និង​ភាគី​ពាក់​ព័ន្ធ​ផ្សេងទៀត​ បាន​បញ្ចប់​ការ​វាស់​វែង​ដីធ្លី​ស្ថិត​ក្នុង​ជម្លោះ​រវាង​ប្រជាពល​រដ្ឋ​ និង​ក្រុមហ៊ុន​ចិន​ ​Union Development Group​ ​ហៅកាត់​ថា ​UDG​ ​តែ​មិន​ទាន់​មាន​សេចក្តី​បញ្ជាក់​ពី​ខាង​អាជ្ញាធរ​នៅ​ឡើយ​ចំពោះ​ការបែង​ចែក​ដី​ ​ក្រោយ​ពី​ការ​វាស់​វែង​នោះ។​ ​នេះ​បើ​យោង​តាមការ​បញ្ជាក់​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​និង​ប្រជាពលរដ្ឋ។

លោក​ ​ហួរ អ៊ីន​ ​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ​ប្រចាំ​ខេត្តកោះកុង​ បាន​ប្រាប់​ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ អាជ្ញាធរ​ខេត្ត​កោះកុង​ និង​ស្ថាប័ន​រដ្ឋ​ពីរ​ផ្សេង​ទៀត​ គឺ​ក្រសួង​រៀបចំដែន​ដី នគរ​រូប​នីយ​កម្ម​ និង​សំណង់​ និង​ក្រសួង​បរិស្ថាន​បាន​ចាប់ផ្តើម​វាស់​វែង​ដី​ជម្លោះ​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ក្នុង​ឃុំ​ព្រែក​ខ្សាច់ ​ស្រុក​គិរីសាគរ​ តាំង​ពី​មុន​ពេល​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ ហើយ​ការ​វាស់​វែង​បាន​បញ្ចប់​ថ្មីៗ​នេះ។

ក៏​ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​និង​ក្រសួង​ពាក់​ព័ន្ធ​មិន​ទាន់​បញ្ជាក់​ពី​លទ្ធផល ទាក់ទិន​ទំហំ​ដី​ដែល​ត្រូវ​ផ្តល់​ជូន​ពលរដ្ឋ​នោះ​ឡើយ។ ​លោក​ ហួរ អ៊ីន​ ថ្លែងថា៖​

«តាម​ខ្ញុំ​ដឹង​បន្ទាប់​ពី​មាន​លិខិត​ជូន​ដំណឹង​របស់​ទីស្តី​គណៈរដ្ឋមន្ត្រី​ ដែល​សម្រេច​កាត់​ឆ្វៀល​ដី​នៅ​ក្នុង​ឃុំ​ព្រែក​ខ្សាច់ ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន Union ​ហ្នឹង​ បន្ទាប់​ពី​ធ្វើការ​វាស់​វែង​ហើយ​ គេ​នឹង​បញ្ជូន​ទាំង​ចំនួន​ផ្ទៃដី​ ដែល​បាន​វាស់​រួច​ហ្នឹង​ទៅ​ក្រសួង​បរិស្ថាន​ ដើម្បី​ធ្វើការ​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​ ប៉ុន្តែ​អាក្រោយ​ពី​ដឹង​ថា​ ត្រូវ​កាត់​ឆ្វៀល​ឲ្យ​ប៉ុន្មាន​ហ្នឹង​គឺ​មិន​ទាន់​ជាក់​ច្បាស់​ទេ»។

ក្រុមហ៊ុនចិន​ ​UDG​ ​បាន​ទទួល​ការ​អនុញ្ញាត​ពីរដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ទេសចរណ៍​ធំ​មួយ​នៅ​លើ​ផ្ទៃ​ដី​ជាង​៤៥.០០០​ ​ហិកតា​ ក្នុងស្រុក​ចំនួន​ពីរ​នៃខេត្ត​កោះកុង​គឺស្រុក​គិរីសាគរ​ និង​បទុម​សាគរ​ ​ដែល​ស្ថិតនៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បទុមសាគរ​ ក្នុង​ខេត្ត​កោះកុង។​ ​ចាប់​តាំងពីក្រុម​ហ៊ុន​នេះ​ ទទួល​បាន​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០០៨​ ​ឲ្យអភិវឌ្ឍ​ទីក្រុង​ដែល​មាន​តម្លៃ​៣,៨​ពាន់លាន​ដុល្លារ​អាមេរិក​នេះ​មក​ ជម្លោះ​ដីធ្លី​ក៏​បាន​កើត​ឡើង​ជាបន្ត​បន្ទាប់។

អ្នក​ការពារ​សិទ្ធិមនុស្ស​ ​លោក​ ​ហួរ អ៊ីន​ ​បានប្រាប់​ ​VOA​ ​បន្ថែម​ថាមន្ត្រី​រដ្ឋា​ភិបាល​ត្រូវតែ​បន្ត​ដោះ​ស្រាយបញ្ចប់​ទំនាស់​នេះ​ ​ដើម្បី​រក្សា​ការគាំទ្រ​របស់​ពលរដ្ឋ​ ​ក្នុង​ពេល​បោះឆ្នោត​នា​ពេល​ខាងមុខ​ទៀត។

កាលពីថ្ងៃទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៨​ រដ្ឋបាល​សាលា​ខេត្ត​កោះកុង​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​លើកឡើងថា​ ក្រុម​ការងារ​ក្រសួង​បរិស្ថាន​និង​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​និង​សំណង់​ សហការ​ជាមួយ​ក្រុម​ការងារ​ខេត្ត​ «នឹង​ចុះស្រង់​ទិន្នន័យ​កំណត់​អត្ត​សញ្ញាណ​ដី​ ដែល​ប្រជា​ពល​រដ្ឋ​រស់​នៅ​កាន់​កាប់​ ​ប្រើប្រាស់​ ​និង​អាស្រ័យ​ផល​ជាក់​ស្តែង»។​

រដ្ឋបាល​សាលា​ខេត្ត​កោះកុង​បាន​បញ្ជាក់​ទៀតថា​ ​ក្រោយពី​បញ្ចប់​ការ​ចុះ​ស្រង់​ទិន្នន័យ​ដែល​មាន​រយៈពេល​បួន​សប្តាហ៍​នៅ​ឃុំ​ព្រែក​ខ្សាច់​នេះ​រួច​នោះ ក្រុម​ការងារ​នឹង​បន្ត​ចុះ​ស្រង់​ទិន្នន័យ​នៅ​បណ្តា​ភូមិ​ និង​ឃុំ​ពាក់​ព័ន្ធ​ ដែល​ស្ថិត​ក្នុង​ស្រុក​គិរី​សាគរ​ និង​ស្រុក​បទុម​សាគរ​ រហូត​ដល់​ចប់​រួចរាល់​ជាស្ថាពរ។​

យ៉ាងណា​ក៏​ដោយ​ ​តាមការ​បញ្ជាក់ប​ន្ថែមរបស់​លោក​ ​ហួរ អ៊ីន​ ​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​ថា​ ​ក្រុមការងារ​មិនទាន់​ ផ្តើម​ការ​វាស់​វែង​ដីធ្លី​នៅ​ទីតាំង​ផ្សេង​នោះ​ទេ។​

លោក​ ​សុខ សុទ្ធី​ ​អភិបាល​រង​ខេត្ត​កោះកុងដែល​ជាអ្នក​សម្រប​សម្រួល​ក្នុងការ​វាស់​វែង​ដី​ដែល​មាន​ជម្លោះ​ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​បញ្ចប់​របាយការណ៍​អំពី​ការ​វាស់វែង​ដី​របស់​ពលរដ្ឋ​ប្រមាណ​១៨០គ្រួសារ​ ​ក្នុង​ឃុំ​ព្រែក​ខ្សាច់​នេះ​ ហើយ​ក៏​បាន​បញ្ជូន​របាយការណ៍​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ដើម្បី​ផ្តល់​ការ​សម្រេច​ចិត្ត។

«បាន​បញ្ចប់​ពី​របាយកា​រណ៍​ពីក្រុម​ការងារ​ ​ដាក់​ជូនទៅ​ឯកឧត្តម​រដ្ឋ​មន្ត្រី​បរិស្ថាន។​ ​លោក​សម្រេច​យ៉ាងម៉េច​នោះ​ ​ទុកសិទ្ធិ​ជូនលោក​ជា​អ្នក​សម្រេច​ ​ដើម្បីធ្វើ​របាយការណ៍​ជូន​ទៅប្រមុខ​រដ្ឋាភិបាល​ទៀត»។​

លោក​ ​សុខ សុទ្ធី​ មិន​អាចបញ្ជាក់​ពី​ទំហំ​ដី​ដែលត្រូវ​ឆ្វៀលទៅ​ឲ្យ​ពលរដ្ឋ​នោះទេ។​ ​លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ ​ខាង​ក្រសួងរៀបចំដែន​ដី​ ជា​អ្នក​ទទួល​បន្ទុក​ក្នុង​ការងារ​នេះ។​ ​ទាក់ទិន​ ការបន្ត​វាស់​វែង​ដី​នៅ​ទីតាំង​ផ្សេង​ទៀត​ ​ក្រៅ​ពី​ឃុំព្រែ​ខ្សាច់​នោះ​ ​លោក​ថ្លែង​ថា​ អាជ្ញាធរ​កំពុង​រង់ចាំ​ការ​បញ្ជាក់​ពីខាង​ក្រសួង​បរិស្ថាន។​

​VOA​ ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក ​សេង ឡូត​ ​អ្នកនាំពាក្យ​ក្រសួងរៀបចំ​ដែនដី​ នៅថ្ងៃ​អង្គារនេះ​ តែ​ទូរស័ព្ទ​លោក​រោទិ៍​ ​គ្មាន​អ្នក​ទទួល។​ ​VOA​ ​ក៏​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ សៅ​ សុភាព​ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ផងដែរ​នៅ​ថ្ងៃ​អង្គារ​ដដែល​នេះ។​

គម្រោង​របស់​ក្រុម​ហ៊ុនUDG ​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ទេសចរណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​មួយ​ពាន់​គ្រួសារ​ចាក​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ជា​យូរ​មក​ហើយ។​ ​ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​សមស្រប​សម្រាប់​ដី​ដែល​ពួក​គាត់​កាន់​កាប់​ ហើយ​ខ្លះ​ទៀត​បាន​បន្ត​រស់​នៅ​ក្នុង​ដី​ដែល​មាន​ទំនាស់។​ ពលរដ្ឋ​មួយ​ចំនួន​ក៏​ត្រូវ​រង​ការ​ប្តឹង​ផ្តល់​ពី​ខាង​ក្រុមហ៊ុន​ផង​ដែរ។​

អ្នកស្រី ទិត្យ តេន​ ​វ័យ​ ​៦១ឆ្នាំ​ ​ដែល​មាន​ទីលំនៅ​ក្នុង​ឃុំ​ព្រែក​ខ្សាច់ ​ស្រុក​គិរីសាគរ​ ខេត្ត​កោះកុង​បាន​ប្រាប់​ ​VOA​ ​ថា​ពលរដ្ឋ​ក្នុង​ឃុំ​មិន​សូវ​សង្ឃឹម​ថា​ នឹង​បាន​ដំណោះស្រាយ​ឆាប់ៗ​ទេ​ ព្រោះ​បន្ទាប់​ពីការ​វាស់​វែង​ដី​ទំនាស់​រួច​នោះ​ ​អាជ្ញាធរ​ខេត្ត​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​ និង​មិន​ទាន់​មានការ​ផ្តល់​ព័ត៌មាន​បន្ថែម​ដល់​ពលរដ្ឋ។​

«អត់​សង្ឃឹម​ ព្រោះ​អី​ថា​វាស់វែង​ហ្នឹង​ គាត់​ ដល់​ពេល​វាស់​វែង​ហើយ​ចឹង​ បាត់ដំណឹងឈឹង​ថា គាត់​នឹងមកវិញ​ ឬអត់​ទេ​ ​ក៏អត់មាន​ផ្តល់​ដំណឹង​ឲ្យ​ពួកខ្ញុំ​ទេ»។​

​គម្រោង​សាង​សង់​ទីក្រុង​ទេសចរណ៍​របស់​ក្រុមហ៊ុន​ចិន​ UDG ​អាច​នឹង​ប្រើ​ពេល​២៥​ឆ្នាំ​ដើម្បី​បញ្ចប់​គម្រោង។ ទីក្រុង​នេះ​ ប្រសិន​បើ​សាងសង់​រួច​នឹង​មាន​ព្រលាន​យន្តហោះ​មណ្ឌល​ពាណិជ្ជកម្ម​កំពង់​ផែ​និង​ទី​កន្លែង​កម្សាន្ត​ផ្សេង​ទៀត​ ដូច​ជា​កន្លែង​វាយ​កូន​គោល​ជាដើម។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ខេត្ត​កោះកុង​ កាល​ពី​ពេល​កន្លង​មក។​

គម្រោង​របស់​ក្រុមហ៊ុន​ ​UDG​ ​បាន​ស្ថិត​ក្នុង​ការ​តាមដាន​ របស់​ក្រុមអ្នកស្រាវជ្រាវ​ខាង​សន្តិសុខ​នៅ​សហ​រដ្ឋ​អាមេរិក​ ​ដែល​បានរក​ឃើញ​ថា​ ក្រុមហ៊ុន​ដ៏​ធំ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​បង្កប់​យុទ្ធវិធី​នៃភូមិ​សាស្ត្រ​នយោបាយ​របស់​ចិន។​

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ ដែល​មាន​ចំណង​ជើង​ថា ​Harboured Ambition ​[មហិច្ឆិតា​ក្នុង​ការ​ចូល​សំចត] ដែល​ចេញ​ផ្សាយ​កាលពី​ខែ​មេសា​ ដោយ​មជ្ឈ​មណ្ឌល​ដើម្បី​ការ​សិក្សា​ជាន់ខ្ពស់​ផ្នែក​ការពារ​ជាតិ ​Center for Advanced Defense Studies ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សហ​រដ្ឋ​អាមេរិក​ បាន​ព្រមាន​ថា ​តំបន់​អភិវឌ្ឍន៍​ខ្នាត​ធំ​ខាង​លើ​របស់​ក្រុមហ៊ុន ​UDG​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​គណ​បក្ស​កុម្មុយនីស្ត​ចិន ដែល​ជា​ផ្នែក​មួយ​នៃ​គំរោង​ការ​យុទ្ធ​សាស្ត្រ​សន្តិសុខ​ និង​ភូមិ​សាស្ត្រ​នយោបាយ​របស់​ចិន​នៅ​ក្នុង​តំបន់​ចុង​បូព៌ា ​ដូចយ៉ាង ​គំនិត​ផ្ដួច​ផ្ដើម​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​ ​Belt and Road Initiative​ ​ជាដើម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG