ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​ណែនាំ​នីតិវិធី​ផ្តល់​សិទ្ធិ​នយោបាយ​​ដល់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ


រូបឯកសារ៖ លោក​ កឹម​ សុខា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិដ៏ទៃទៀត​​​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំលេង​​ឆ្នោត ថ្ងៃ​ដំបូង​​របស់​​គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/VOA)
រូបឯកសារ៖ លោក​ កឹម​ សុខា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិដ៏ទៃទៀត​​​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំលេង​​ឆ្នោត ថ្ងៃ​ដំបូង​​របស់​​គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/VOA)

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ថ្មីបង្ហាញ​បែបបទ​ និង​នីតិ​វិធី​លម្អិត​ដើម្បី​លើក​ទឹកចិត្ត​ឱ្យ​អ្នកនយោបាយ​គណបក្ស​សង្គ្រោះជាតិដែល​ត្រូវ​តុលាការ​ហាម​ឃាត់​សុំសិទ្ធិ​ធ្វើ​នយោបាយ​វិញ។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​នេះ​បាន​បដិសេធ​ចោល ​ហើយនៅ​តែ​រក្សា​ជំហរ​មិន​ព្រ​ម​ធ្វើ​តាម​ការ​ចង់​បាន​របស់​គណបក្ស​កាន់​អំណាច។

លោក​សក់ សេដ្ឋា រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ណែនាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​បាន​ចែក​ផ្សាយ​ជា​សាធារណៈ​ថា​ អ្នក​ដែល​ត្រូវ​តុលាការ​ហាមឃាត់​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​នីតិសម្បទា​ឡើងវិញ​រៀងៗ​ខ្លួន​ទៅ​ក្រសួង​មហាផ្ទៃ​ ដោយ​មាន​បញ្ជាក់​អត្ត​សញ្ញាណ និង​ភ្ជាប់​សេចក្តី​សម្រេច​ហាមឃាត់​របស់​តុលាការ។​ បន្ទាប់ពី​នោះ​គឺ​ក្រសួង​មហាផ្ទៃ​នឹង​ធ្វើ​សំណើ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ​លើកលែង​បម្រាម​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ។

លោក​សក់ សេដ្ឋា ​បាន​បន្ថែម​ថា៖

«សាម៉ី​ខ្លួន​នឹង​អាច​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​បាន​ស្រប​តាម​ច្បាប់​របស់​ព្រះរាជា​ណា​ចក្រកម្ពុជា​បន្ទាប់ពី​មាន​ព្រះរាជក្រឹត្យ​ស្តីពី​ការផ្តល់​នីតិ​សម្បទា​ឡើងវិញ‍»។

ការណែនាំ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ដែល​បើក​ផ្លូវ​ឱ្យ​អតីត​មន្ត្រី គណបក្ស​សង្គ្រោះ​ជាតិចំនួន​១១៨​នាក់​បាន​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ​ក្រោយ​ពី​តុលាការ​កំពូល​បាន​រំលាយ​អតីត​គណបក្ស​ប្រឆាំ​ងនេះ​កាលពី​ចុងឆ្នាំ​២០១៧​ ហើយ​ហាមឃាត់​ពួកគេ​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។

លោកស្រី​មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិនៅតែ​មិន​ទទួល​ស្គាល់​សេចក្តី​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​ទេ​ ដោយ​ចាត់​ទុក​ថា​ការ​ទទួល​ស្គាល់គឺ​ជា​ការ​យល់​ព្រម​ទទួល​ថា​ការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ធ្វើ​ឡើង​ដោយ​ស្របច្បាប់។

លោកស្រីបាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា៖

«ដូច្នេះ​បើ​យើង​មិន​ទទួលស្គាល់​ច្បាប់​ដែល​រំលាយ​យើង​ហេតុអ្វី​យើង​ត្រូវ​ទទួលស្គាល់​នីតិ​វិធី​នេះ? បើ​យើង​ទទួល​ស្គាល់​មាន​ន័យ​ថា ​យើង​នឹង​រំលាយ​អ្វី​ដែល​ជា​បំណង​និង​ក្តី​សង្ឃឹម​នៃ​ប្រជាពលរដ្ឋ​ជាង​ពាក់កណ្តាល​នគរ‍»។

រហូត​មក​ដល់​ពេល​នេះ​ មានតែ​លោក​គង់ គាំ អតីត​ទីប្រឹក្សា​គណបក្ស​ និង​កូនប្រុស​គឺលោក​គង់​ បូរ៉ា អតីត​អ្នក​តំណាង​រាស្រ្ត បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ បន្ទាប់​ពី​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ជាផ្លូវការ។

អាជ្ញាធរ​កម្ពុជា​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​គណបក្ស​សង្គ្រោះជាតិ​ក្រោយ​ពី​គណបក្ស​នេះ​ទទួល​បាន​ការ​គាំទ្រ​កើនឡើង​ខ្លាំង​ក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ និង​បន្ត​កើន​ឡើង​នៅ​ក្នុង​ការ​បោះ​ឆ្នោតក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​ ដោយ​មាន​អ្នកគាំទ្រ​ជាង​៤០ភាគរយ។

លោកស្រី​មូរ សុខហួរ ​ដែល​ពេលនេះ​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​បាន​បញ្ជាក់​ថា​ លោកស ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​មិន​មែន​ជា​មនុស្ស​ឯករាជ្យទេ។ លោកគឺ​ជា​មន្ត្រី​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គូប្រកួត​ប្រជែង​មួយ​របស់​គណបក្ស​សង្គ្រោះជាតិ។ ដូច្នេះ​ការ​ទៅសុំ​នីតិសម្បទា​ពី​លោក​ គឺ​អាស្រ័យ​លើ​ការ​សម្រេចរបស់​លោក​ដែល​នឹង​ផ្តល់​ជូន​អ្នកណា​ដែល​មិន​មាន​គ្រោះថ្នាក់​នៅក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ពេល​ខាងមុខ។

លោកស្រី​បន្ថែម​ថា៖

«លោកស ខេង ហើយ​អ្នក​ដទៃទៀត​ ពួកគាត់​ជា​អ្នក​ដែល​ប្រកួត​ប្រជែង​ជាមួយ​យើង​ខ្ញុំ​ ដូច្នេះ​គាត់​នឹង​ជ្រើសរើស​អ្នក​ណា​ដែល​គាត់​អាច​ប្រកួតប្រជែង​បាន។ អ្នកណា​គាត់​មិន​អាច​ប្រកួត​ប្រជែង​បាន​ គឺ​ស្រេច​តែ​គាត់​រើស​តើ។ ដូច្នេះ​យើង​ទៅទុក​ឱ្យ​គេ​រំលាយ​គណបក្ស​ហើយ​ យើង​ទៅសុំ​ឱ្យ​គេ​ អង្វរ​គេ​ផ្លូវការ​ដើម្បី​សុំយកសិទ្ធិ​មកវិញ​ ឃើញ​ថា​នេះ​គឺជា​ការ​មិន​ត្រឹមត្រូវ​ទាល់តែ​សោះ ហើយ​នឹង​យើង​មិន​គួរ​ដាក់​ខ្លួន​យើង​ធ្លាក់​ទៅដល់​កម្រិតសុំ​គូ​ប្រកួត​យើង​ចូល​ក្នុង​ទីលាន​នយោបាយ​វិញ​ទេ‍»។​

​បច្ចុប្បន្ន​ លោក​កឹម សុខា​ ប្រធាន​គណបក្ស​កំពុង​ជាប់​ឃុំ​នៅក្នុង​លំនៅដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​ក្រោម​បទ​ចោទ​ប្រកាន់​ថា​ បាន​ឃុបឃិត​ជាមួយ​នឹង​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ ហើយ​សហគមន៍​អន្តរជាតិ​បាន​ទាមទារ​ឱ្យ​ដោះលែង​លោក​ដោយ​គ្មាន​លក្ខខណ្ឌ៕

XS
SM
MD
LG