ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​សង្គ្រោះ​ជាតិ​ប្រជុំ​រៀបចំ​​មាតុភូមិ​និវត្តន៍​លោក​សម រង្ស៊ី


គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃគណបក្ស​សង្គ្រោះជាតិ​ជួបប្រជុំ​គ្នា​នៅ​ទីក្រុង​ឡូវែល​ រដ្ឋ​ ម៉ាស្សាឈូសិត សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​មាតុភូមិ​និវត្តន៍​ជូន​លោក សម រង្ស៊ី ថ្ងៃ​ទី ២០ ខែ មករា ឆ្នាំ ២០១៩។ (រូបថតស្រង់​ពី​វីដេអូ)
គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃគណបក្ស​សង្គ្រោះជាតិ​ជួបប្រជុំ​គ្នា​នៅ​ទីក្រុង​ឡូវែល​ រដ្ឋ​ ម៉ាស្សាឈូសិត សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​មាតុភូមិ​និវត្តន៍​ជូន​លោក សម រង្ស៊ី ថ្ងៃ​ទី ២០ ខែ មករា ឆ្នាំ ២០១៩។ (រូបថតស្រង់​ពី​វីដេអូ)

កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​ដែល​បាន​ធ្វើ​ឡើង​នៅទីក្រុង​ឡូវែល​ រដ្ឋ​ ម៉ាស្សាឈូសិត សហរដ្ឋអាមេរិក នេះ ​បាន​សម្រេច​រៀបចំ​ផែនការដើម្បី ឱ្យ​លោក សម រង្ស៊ី​ វិល​ចូលមាតុភូមិ​កម្ពុជា​វិញ ដោយ​ក្នុង​នោះ​មានការ​បង្កើត​ក្រុមការងារ​រៀបចំ​កម្លាំង​ទទួល​ និង​ ពង្រីកសកម្មភាព​ការទូត​ជាដើម។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃគណបក្ស​សង្គ្រោះជាតិ​បានធ្វើការជួបប្រជុំ​គ្នា​ជាលើក​ទីមួយ​នៅ​ក្រៅ​ប្រទេស​កាលពីថ្ងៃអាទិត្យ​ដោយ​សម្រេច​គាំទ្រ​ការវិល​ត្រឡប់​មក​ដឹកនាំ​របស់​លោក​ សម រង្ស៊ី​ បណ្តោះ​អាសន្ន​និង​រៀបចំផែនការ​ដើម្បី​ឱ្យ​លោក​បាន​វិលត្រឡប់​ចូល​ទៅ​ប្រទេស​កម្ពុជា​វិញ។​

លោក ​អ៊ូ ច័ន្ទឫទ្ធិ ​ប្រធានគណៈកម្មាធិការវិន័យ​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​មានអតីតភាព​មក​ពីខាង​លោក ​កឹម សុខា​ បាន​បញ្ជាក់នៅ​ក្រោយ​កិច្ច​ប្រជុំថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​គាំទ្រ​ឱ្យ​ដល់​កិច្ច​ប្រជុំ​កំពូល​នៅ ទីក្រុង​អាត្លង់តា រដ្ឋ​ចរចាកាលពី​ដើម​ខែ​ធ្នូដែល​អញ្ជើញ​លោក​សម រង្ស៊ី​មកចូលដឹកនាំ​គណបក្ស​ក្នុង​គ្រាអវត្តមាន​លោក​កឹម សុខា។

លោក​បានបន្ថែមថា៖

«ថ្ងៃនេះមានការចូលរួម​មិនមែនតែការប្រជុំ​អចិន្ត្រៃយ៍​ក្រោមអធិបតី​ឯកឧត្តម​ប្រធាន​សម រង្ស៊ី ទេ​គឺ​មានការ​ចូលរួម​ផ្តល់​មតិ​យោបល់​ពីថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិមក​ពី បណ្តា​ប្រទេស​ផ្សេង​ៗ​ពីរដ្ឋ​ផ្សេង​ៗ​នៃ សហរដ្ឋ​អាមេរិក​ផងដែរ‍»។

​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​ដែល​បាន​ធ្វើ​ឡើង​នៅទីក្រុង​ឡូវែល​ រដ្ឋ​ ម៉ាស្សាឈូសិត សហរដ្ឋអាមេរិក នេះ ​ក៏​បាន​សម្រេច​រៀបចំ​ផែនការដើម្បី ឱ្យ​លោក សម រង្ស៊ី​ វិល​ចូលមាតុភូមិ​កម្ពុជា​វិញផងដែរដោយ​ក្នុង​នោះ​មានការ​បង្កើត​ក្រុមការងារ​រៀបចំ​កម្លាំង​ទទួល​ និង​ ពង្រីកសកម្មភាព​ការទូត​ជាដើម។

លោក​អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​បាន​បន្ថែមថា៖

​«សេចក្តីសម្រេច​របស់គណៈកម្មាធិការ​អចិន្ត្រៃយ៍ ចំណុច​ទី៣គឺ​យើង​បាន​សម្រេច​ថា​រៀបចំ ដំណើរ​វិល​ត្រឡប់ចូលមាតុភូមិ​វិញ​របស់​លោក​ប្រធាន​សមរង្ស៊ី ក្នុងនោះ​គឺ យើង​បាន​ឯកភាព​គ្នា​ថា​យើង​ទាំងអស់​គ្នា​គឺ​នឹង​ត្រូវ​ធ្វើ​កិច្ច​ការ​ចំនួន​៥​ជាមួយ​គ្នា​ទាំងបងប្អូន​នៅ​ក្រៅ​ប្រទេស​ទាំង​បងប្អូន​នៅក្នុង​ស្រុក​គឺទីមួយ​យើងរៀបចំ​ក្រុម​ការងារ​ដើម្បី រៀបចំកម្លាំង​ទទួល​ដំណើរ​វិល​ត្រឡប់​ទៅកម្ពុជា​វិញ​របស់​លោក​ប្រធាន​សមរង្ស៊ី​ គឺយើង​រៀបចំកម្លាំង​ជាក់ស្តែង​‍»។​

ការប្រជុំ​នេះ​កើតឡើង​តែ​រយៈពេល​ប៉ុន្មានថ្ងៃ​ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ព្រមាន​សហគមន៍​អឺរ៉ុប​មិន​ឱ្យកាត់​ផ្តាច់កម្មវិធីអនុគ្រោះពន្ធ​«រាល់មុខ​ទំនិញ​លើកលែង​តែសព្វាវុធ‍» (EBA) ​ដោយ​ចាត់​ទុក​ថា​អាច​នឹង​ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​ស្លាប់​បាត់បង់​ហើយ​ស្នើ​ឱ្យ​សហគមន៍​អឺរ៉ុប​ចរចាគ្នា។ ​

ប៉ុន្តែ​លោកអេង ឆៃ​អ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ច្រានចោល​ការព្រមាន​របស់​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​៖

«គណៈកម្មាធិការអចិន្ត្រៃយ៍​បដិសេធ​នូវ​អ្វី​ដែល​លោកហ៊ុន​សែន​យក​គណបក្ស​សង្គ្រោះជាតិ​ជា​ចំណាប់​នយោបាយជាមួយ​នឹង​សហគមន៍​អឺរ៉ុប​។ គណបក្ស​សង្គ្រោះជាតិ​គាំទ្រ​វិធានការ​របស់​សហគមន៍​អឺរ៉ុប​ ក្នុង​ការជំរុញ​ ក្នុងការស្តារ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដំណើរការ​ឡើងវិញ‍»។​

គណបក្ស​សង្គ្រោះជាតិ​ត្រូវ​តុលាការ​កំពូល​រំលាយ​កាលពីចុងឆ្នាំ​២០១៧ ដោយ​សារ​ចោទ​ប្រកាន់ប្រធាន​គណបក្ស​គឺ​លោក​កឹម សុខា​ថា​បាន​ឃុបឃិត​ជាមួ​យនឹង​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តួល​រំលំរដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

លោកស្រី​មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែលបាន​ចូលរួម​ប្រជុំ​បាន​បញ្ជាក់​ថា៖

«លោកហ៊ុន សែន​ហ្នឹង​ឯង​គឺជាអ្នកកម្ចេចនិងរំលាយ​មិន​ថា​គណបក្ស​សង្គ្រោះជាតិ​ទេ​គឺ​កម្ចេច​រំលាយ​លទ្ធិប្រជាធិបតេយ្យទាំងស្រុង​នៅប្រទេស​កម្ពុជា ហើយ​ការរំលោភសិទ្ធិ​មនុស្សនៅ​កម្ពុជា​ធ្ងន់ធ្ងរទៅៗ‍យើង​គណបក្ស​សង្គ្រោះជាតិការពារ​សិទ្ធិ​មនុស្ស ការពារ​លទ្ធិ​ប្រជាធិប​តេយ្យ»។

លោកស្រី​បន្ថែម​ថា​បើ​សិន​ជា​លោកហ៊ុន សែន​ចង់ជជែកគឺសូម​ឱ្យ​លោក​ហ៊ុន សែន​ជជែក​ជាមួយនឹងសហភាព​អឺរ៉ុបទៅ‍។​ ការណ៍នេះ​ដោយសារតែ​សហភាព​អឺរ៉ុប​កំពុង​តែ​ដំណើរ​ការ​ដក​ហូត​ឋានៈអនុគ្រោះពន្ធ​ដែលកម្ពុជា​កំពុងទទួលបានហើយ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​សហភាពអឺរ៉ុប​បានចាប់ផ្តើម​យក​ពន្ធ​អង្ករ​កម្ពុជា​រយៈពេល​បីឆ្នាំ។​ ការអនុគ្រោះពន្ធ​EBA ​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ថវិកាជិត​៧០០លានដុល្លារ​ក្នុងមួយឆ្នាំៗ។​

លោក​អេង ឆៃ​អ៊ាង ​ចាត់​ទុក​ថា​ការណ៍​នេះ​ដោយសារតែ​ភាព គឃ្លើន​របស់​លោក​ហ៊ុន សែន ហើយ​ស្នើ​ឱ្យពលរដ្ឋ​តវ៉ា​មុន​នឹង​ការដាក់​ទណ្ឌកម្ម​នេះធ្លាក់​ដល់​វិស័យកាត់ដេរ។

«ចំណុច​នេះ​សូមបងប្អូន​កសិករ​ទាំងអស់​ដែល​រងគ្រោះ​ដោយសារតែ​រឿង​នេះ​គឺ​ត្រូវ​តែ​ងើប​ឡើងហ៊ាន​តតាំងដើម្បីនិយាយ​ជាមួយ​នឹងរបបលោក​ហ៊ុន សែន​ព្រោះ​ថា​បើសិន​ជា​យើង​ទាំងអស់​គ្នា​នៅស្ងៀម​គឺយើង​កាន់តែរងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង​ថែមទៀត។ ឯបងប្អូន​កម្មករ​ ដែល​ឥឡូវ​នេះ​មិន​ទាន់​ដល់​ទេ​ព្រោះដោយសារ​ EBAគេមិនទាន់ព្យូរ​ជាផ្លូវ​ការ​អីចឹង​កុំ​ឱ្យ​គេព្យូរទាន់​ សូមបងប្អូនកម្មករកម្មការិនីទាំងអស់​ត្រូវ​មាន​សេចក្តីក្លាហាន​ងើបឡើង​ដើម្បីតស៊ូ​ដើម្បី​ទាមទារ​ ឱ្យ​របប​លោក​ហ៊ុន សែន​ត្រូវ​តែ​ស្តារលទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​តែ​ដោះលែង​លោក​ប្រធាន​កឹម សុខា»។​

កាលពីថ្ងៃសៅរ៍​មាន​បាតុករជាច្រើន​រយ​នាក់​មក​ពី​សហរដ្ឋ​អាមេរិក កាណាដា​និង​បារាំង​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​វិមាន​រដ្ឋ​សភា​និង​សេតវិមានក្នុង​រដ្ឋ​ធានីវ៉ាស៊ីនតោនទាម​ទារឱ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ទម្លាក់​ចោលនូវ​រាល់​ការចោទ​ប្រកាន់មក​លើ​មន្ត្រី​និង​សកម្មជន​គណបក្ស បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះជាតិដំណើរការឡើង​វិញ​ សង​មក​វិញ​នូវ​តំណែង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ដែល​បាន​មក​ពី​ការបោះ​ឆ្នោត និង​បោះឆ្នោត​ព្រឹទ្ធសភា​និង​រដ្ឋសភា​ឡើង​វិញ៕

XS
SM
MD
LG