នៅព្រឹកថ្ងៃអង្គារនេះ ព្រឹទ្ធសភារបស់បក្សកាន់អំណាច បានសម្រេចអនុម័តវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយដែលមានបំណងបើកផ្លូវឲ្យមន្រ្តីគណបក្សប្រឆាំងចំនួន១១៨នាក់ចូលធ្វើនយោបាយវិញបាន។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីកិច្ចប្រជុំអនុម័តវិសោធនកម្មច្បាប់នោះថា គោលបំណងនៃការអនុម័តវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះធ្វើឡើងដើម្បីបើកច្រកឲ្យអ្នកស្នេហាជាតិស្ថិតក្នុងបក្សប្រឆាំងដែលគោរពច្បាប់និងគោរពសាលដីការបស់តុលាការកំពូល។ លោកបន្ថែមថា ការបើកផ្លូវនេះ គឺដោយសារថ្នាក់ដឹកនាំរដ្ឋាភិបាលចង់ឲ្យមានការបង្រួបបង្រួមជាតិ។
លោកបញ្ជាក់ថា៖ «ដើម្បីអនុវត្តគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ក៏សមាជិកព្រឹទ្ធសភា រដ្ឋសភា បានលោកស្នើឲ្យមានច្រក ឲ្យមានវិសោធនកម្មច្បាប់ហ្នឹងដើម្បីបើកច្រកឲ្យព្រះករុណាផ្តល់នីតិសម្បទាដល់ជនស្នេហាជាតិទាំងនោះបើកគណបក្ស ឬធ្វើនយោបាយឡើងវិញ នូវគណបក្សផ្សេង មិនមែនគណបក្សដែលមានកំហុស ហើយតុលាការរំសាយចោលនោះកើតឡើងវិញទេ គឺគ្មានទេ»។
ក្នុងកិច្ចប្រជុំព្រឹទ្ធសភាដើម្បីអនុម័តច្បាប់ដែលមានសមាជិកព្រឹទ្ធសភាស្ទើរតែទាំងអស់ មកពីបក្សកាន់អំណាច គេឃើញសមាជិកមួយចំនួនបានព្យាយាមឡើងការពារការធ្វើវិសោធនកម្មច្បាប់នោះ ដោយអះអាងថា វាជាការយោគយល់របស់ប្រមុខរដ្ឋាភិបាល ក្នុងគោលបំណងរួបរួមជាតិ។ នៅទីបញ្ចប់សមាជិកព្រឹទ្ធសភាកម្ពុជាបានលើកដៃសម្រេចដោយសំឡេង៥៦ លើ៥៦ ដូចគ្នាទៅនឹងរដ្ឋសភាឯកបក្ស ដែលបានសម្រេចអនុម័តកាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨។
លោក ម៉ម ប៊ុននាង បញ្ជាក់ឲ្យដឹងផងដែរថាក្រោយព្រឹទ្ធសភាអនុម័ត សេចក្តីព្រាងវិសោធនកម្មច្បាប់នេះនឹងត្រូវបញ្ជូនបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងសប្តាហ៍ដដែលនេះ។
ខណៈរដ្ឋាភិបាលកម្ពុជាប្រកាសជាបន្តបន្ទាប់ ពីការលើកលែងការព្យួរសិទ្ធិធ្វើនយោបាយរបស់មន្រ្តីបក្សប្រឆាំងទាំង១១៨រូប គេឃើញមន្រ្តីបក្សប្រឆាំងមួយចំនួនបានបង្ហាញជំហររបស់ខ្លួនលើបណ្តាញសង្គម ពីការត្រៀមខ្លួនចូលធ្វើនយោបាយវិញ។
VOA បានព្យាយាមទាក់ទងមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងមួយចំនួនដែលកំពុងស្ថិតក្នុងការព្យួរសិទ្ធិធ្វើនយោបាយទាំងក្នុងនិងក្រៅប្រទេស រួមមានអ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទរ័ត្ន និងលោក ម៉ៅ មុនីវណ្ណ ជាដើម តែរហូតមកដល់ល្ងាចថ្ងៃអង្គារនេះ មិនទាន់មានការឆ្លើយតបនៅឡើយ។
កាលពីឆ្នាំ២០១៧ តុលាការកំពូលរបស់កម្ពុជាបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិចោល ដោយចោទថាគណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ តុលាការនេះក៏បានដកហូតសិទ្ធិធ្វើនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ម្នាក់ៗរយៈពេល៥ឆ្នាំ។
នៅមុនការរំលាយគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រធានគណបក្សប្រឆាំងដ៏ធំមួយនេះ ក៏ត្រូវបានចាប់ឃុំខ្លួន និងចោទប្រកាន់ពីបទក្បត់ជាតិដូចគ្នា។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ និងដកហូតសិទ្ធិនយោបាយមន្រ្តីទាំង១១៨នាក់ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានឈ្នះការបោះឆ្នោតជាតិកាលខែ កក្កដា ឆ្នាំ ២០១៨ យ៉ាងភ្លូកទឹកភ្លូកដី។ ការណ៍នេះធ្វើឲ្យកម្ពុជារងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ ថាកំពុងធ្វើឲ្យខ្ទេចខ្ទីលទ្ធិប្រជាធិបតេយ្យ។ រដ្ឋាភិបាលបស្ចិមប្រទេសធំៗមួយចំនួនក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាព និងនយោបាយឡើងវិញ ជាថ្នូរនឹងការមិនដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូតលើកម្ពុជា។
សហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា នៅដើមខែតុលានេះ បានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំប្រទេសដោយឯកបក្សថា ប្រទេសកម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់នាំទំនិញចូលទីផ្សាររបស់សហគមន៍អឺរ៉ុប ដោយសារតែការរំលោភសិទ្ធិមនុស្ស។ សហភាពអឺរ៉ុបក៏បានទុកពេលឲ្យកម្ពុជារយៈពេល១២ខែ ដើម្បីស្តារស្ថានភាពប្រជាធិបតេយ្យឡើងវិញ មុននឹងសម្រេចដកពន្ធអនុគ្រោះដែលផ្ដល់ផលចំណេញឲ្យកម្ពុជាប្រមាណជា៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគពីការវិវត្តសង្គម និងនយោបាយកម្ពុជា ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា ការបើកផ្លូវឲ្យមន្រ្តីគណបក្សប្រឆាំងទាំង១១៨រូបអាចចូលធ្វើនយោបាយវិញ គឺធ្វើឡើងដោយសាររងសម្ពាធពីអន្តរជាតិ ខណៈដែលគណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំប្រទេសដោយឯកបក្ស។ លោកបន្ថែមថា ការបើកឲ្យមន្រ្តីបក្សប្រឆាំងទាំងនោះធ្វើនយោបាយវិញ គ្រាន់តែជាផ្នែកមួយនៃការទាមទាររបស់អន្តរជាតិប៉ុណ្ណោះ ។
លោកមានប្រសាសន៍ថា៖ «ការដោះលែង កឹម សុខា ជាកាតព្វកិច្ចគន្លឹះដែលរដ្ឋាភិបាលខ្មែរត្រូវបំពេញ រឿងការទាមទារដទៃទៀតគឺជារឿងបន្ទាប់បន្សំ សំខាន់ដែរតែបន្ទាប់បន្សំ»។
កន្លងមកមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា រួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង បានប្រកាសថា ការរំលាយគណបក្សប្រឆាំង ការព្យួរសិទ្ធិនយោបាយមន្រ្តីគណបក្សនេះទាំង១១៨រូប ព្រមទាំងការចាប់ខ្លួនលោក កឹម សុខា ជាដើម គឺធ្វើឡើងទៅតាមច្បាប់ ស្របតាមប្រទេសនីតិរដ្ឋប៉ុណ្ណោះ។ រដ្ឋាភិបាលក៏បានអះអាងថា ការបើកផ្លូវឲ្យមន្រ្តីគណបក្សប្រឆាំងទាំងនោះអាចចូលធ្វើនយោបាយវិញ គឺក្នុងគោលបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនមានរងសម្ពាធណាមួយពីអន្តរជាតិនោះទេ៕