ការបើកប្រាក់ខែដល់មន្ត្រីរាជការស៊ីវិលនៅប្រទេសកម្ពុជា នឹងត្រូវធ្វើឡើងពីរសប្ដាហ៍ម្ដង ដែលការណ៍នេះគឺដូចគ្នានឹងការសន្យារបស់មេដឹកនាំកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើយោងតាមឯកសារមួយចំនួនដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ VOA ឲ្យដឹងនៅថ្ងៃចន្ទនេះថា ការបើកប្រាក់ពីរដងក្នុងមួយខែដល់មន្ត្រីរាជការនេះ នឹងជំរុញឲ្យមានចរាចរសាច់ប្រាក់រៀលល្អប្រសើរនៅក្នុងទីផ្សារ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។
«នៅពេលមន្ត្រីរាជការលោកមានក្រដាសប្រាក់នៅក្នុងដៃបានសេចក្ដីថា មន្ត្រីរាជរដ្ឋាភិបាល គាត់មានអំណាចទិញដូរ ដូច្នេះក្រដាសប្រាក់ហ្នឹងវាធ្វើចរាចរនៅក្នុងទីផ្សារ បង្កើនសកម្មភាពសេដ្ឋកិច្ច។ អានេះចំណុចទីពីរ។ ហើយចំណុចទីបីរាជរដ្ឋាភិបាល មានសមត្ថភាពនិងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចាត់ចែង បង្កើនប្រាក់បំណាច់ការងាររបស់មន្ត្រីរាជការនេះ គឺយើងមានលុយគ្រប់គ្រាន់សម្រាប់ធ្វើ»។
ឯកសារដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន បានបញ្ជាក់ឲ្យដឹងអំពីការការបើកប្រាក់ខែនេះក្នុងន័យដើមថា៖«ចំពោះការបើកប្រាក់បៀវត្សរ៍នឹងត្រូវធ្វើឡើង ចំនួនពីរដងក្នុងមួយខែ តាមប្រព័ន្ធធនាគារចាប់ពីខែមករា ឆ្នាំ២០១៩»។
សកម្មភាពថ្មីរបស់រដ្ឋាភិបាលចាស់ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ក្នុងការបើកប្រាក់បៀវត្សរ៍ពីរដងក្នុងមួយខែនៃប្រាក់ខែប្រចាំខែរបស់មន្ត្រីរាជការស៊ីវិលនេះ កើតមានឡើង ក្រោយការប្ដេជ្ញារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលក្នុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៨ បានប្រកាសថា បន្តដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករក្នុងវិស័យឯកជន និងមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ។
លោក ហ៊ុន សែន ដែលបានឈ្នះការបោះឆ្នោតដ៏ចម្រូងចម្រាសដែលគ្មានការចូលរួមពីគណបក្សប្រឆាំងដ៏ធំគឺគណបក្សសង្គ្រោះជាតិនោះ បានអះអាងនាពេលឃោសនានោះថា ប្រសិនបើគណបក្សលោក បានទទួលការគាំទ្រឲ្យដឹកនាំប្រទេសបន្ត ហើយលោកនៅតែបន្តជានាយករដ្ឋមន្ត្រីទៀតនោះ លោកនឹងជំរុញឲ្យមានការបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តជនក្នុងរយៈពេលពីរសប្ដាហ៍ម្ដង ហើយការធ្វើបែបនេះ ក៏នឹងត្រូវអនុវត្តក្នុងវិស័យឯកជនផងដែរ។
ក្រៅតែពីការកំណត់ឲ្យមានការបើកប្រាក់បៀវត្សរ៍ពីរដងក្នុងមួយខែដល់មន្ត្រីរាជការនោះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសដំឡើងប្រាក់បៀវត្សរ៍ថ្មីបន្ថែមទៀត ដល់មន្ត្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធមិនក្រោមមួយលានរៀលផងដែរនៅឆ្នាំ២០១៩ខាងមុខនេះដែរ។ នេះបើយោងតាមកញ្ចប់ព្រាងថវិកាជាតិសម្រាប់ឆ្នាំ២០១៩ដែលធ្វើឡើងដោយរដ្ឋាភិបាល។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតសមាជិកមួយរូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកវិធីសាស្ត្រថ្មីរបស់រដ្ឋាភិបាលក្នុងការបើកប្រាក់បៀវត្សរ៍រាល់ពីរសប្ដាហ៍ម្ដងដល់មន្ត្រីរាជការនេះ ថាជារឿងសាមញ្ញមួយ។ លោកសាទរចំពោះការដំឡើងប្រាក់ខែដល់មន្ត្រីរាជការ តែថា អ្វីដែលជាការចាំបាច់បំផុតដែលរដ្ឋាភិបាលគួរធ្វើនោះគឺការគ្រប់គ្រងថ្លៃទំនិញនៅលើទីផ្សារ។
លោកមានប្រសាសន៍ថា៖
«ប៉ុន្តែអ្វីដែលការឡើងខ្ពស់ជាងប្រាក់ខែគឺបញ្ហាទីផ្សារ។ អ៊ីចឹង ទន្ទឹមនឹងការដំឡើងបៀវត្សរ៍ ជូនមន្ត្រីរាជការគ្រូបង្រៀន នគរបាល ទាហាន ទាំងអស់ហ្នឹង ត្រូវតែគិតគូរអំពីបញ្ហាទីផ្សារផងដែរ។យើងត្រូវតែមានវិធានការទប់ស្កាត់ចំពោះទីផ្សារកុំឲ្យហក់ឡើងខ្ពស់ទៅតាម អាការដំឡើងបៀវត្សរ៍។ បើសិន ជាយើងគ្រាន់តែដំឡើង បានបួនប្រាំម៉ឺន មួយឆ្នាំបួនប្រាំម៉ឺន ប៉ុន្តែទីផ្សារ វាឡើងខ្ពស់ជាងអ្វីដែលរដ្ឋាភិបាល ដំឡើងបៀវត្សរ៍ ជូនគ្រូបង្រៀន ទៀតនោះ ហាក់បីដូចជា ការដំឡើងហ្នឹង វាពុំមានន័យខ្លឹមសារអីទេ ពីព្រោះមន្ត្រីរាជការ គ្រូបង្រៀន នៅតែជួបបញ្ហាជីវភាព រស់នៅប្រចាំថ្ងៃដដែលទេបាទ»។
សេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា រដ្ឋាភិបាលគ្រោងចំណាយសរុបចំនួន ប្រមាណ៦.៧ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ២០១៩ខាងមុខនេះ គឺមានកំណើនប្រមាណជា១១.៤ភាគរយ បើធៀបនឹងឆ្នាំ២០១៨។
ទន្ទឹមនឹងផែនការចាយវាយនេះ រដ្ឋាភិបាល ក៏គ្រោងនឹងរកចំណូលក្នុងប្រទេសឲ្យមានប្រមាណ ៥.២ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ផងដែរ គឺមានកំណើនប្រមាណ១៤ភាគរយធៀបនឹងឆ្នាំ២០១៨៕