ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​សេវា​កម្ម​ពពោះ​កូន​ជំនួស


រូបឯកសារ៖ ប្តីប្រពន្ធ​ពី​ប្រទេស​អង់គ្លេស​បីកូន ដែល​កើត​ពី​ស្រ្តី​ពពោះជំនួស នៅ​ក្រុង Anand ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ​២០១៥។
រូបឯកសារ៖ ប្តីប្រពន្ធ​ពី​ប្រទេស​អង់គ្លេស​បីកូន ដែល​កើត​ពី​ស្រ្តី​ពពោះជំនួស នៅ​ក្រុង Anand ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ​២០១៥។

លោក​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​ប្រាប់​ VOA ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​​ ក្រសួង​កិច្ច​ការ​នារី​ កំពុង​ដឹកនាំ​លោក​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​ប្រាប់​ VOA ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​​ ក្រសួង​កិច្ច​ការ​នារី​ កំពុង​ដឹកនាំ​ការ​តាក់តែង​ច្បាប់​គ្រប់​គ្រង​សេវា​ពពោះ​កូន​ជំនួស​ឲ្យ​គេ​នេះ។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ បាន​ឲ្យ​ដឹងថា​ រដ្ឋាភិបាល​កំពុង​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​សេវា​ពពោះ​កូនជំនួស​ ​ក្រោយ​ពី​អាជ្ញាធរ​បានបង្ក្រាប​ការ​ផ្ដល់​សេវា​នេះ​កាល​ពី​ឆ្នាំ​មុន។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក៏ប៉ុន្តែ ពួកគេ​នៅ​មិនទាន់​បញ្ជាក់​បានថា​តើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ នឹង​ផ្ដល់​ភាព​ស្របច្បាប់​ដល់​សេវា​នេះ​ឬ​យ៉ាងណា​នោះ​ទេ។

ការ​តាក់តែង​ច្បាប់​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​និង​ពលរដ្ឋ​ខ្មែរ២​នាក់​កាល​ពី​ឆ្នាំ​មុន ដោយសារ​ពួកគេ​បាន​ផ្ដល់​សេវា​នេះ ខណៈកម្ពុជា​នៅមិនទាន់​មាន​ច្បាប់​គ្រប់គ្រង​សេវា​ពពោះ​កូន​ជំនួស​នេះ​នៅឡើយ។​

ពួកគេ​ទាំង​៣នាក់​ ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សរ​ដោយ​ចោទពី​បទ «ធ្វើ​ជា​អន្តរការី​រវាង​អ្នក​សុំ​ ហើយ​និង​ស្ត្រី​ពពោះ ​និង​សុំ​ឲ្យ​ផ្ដល់​ឯក​សារ​ដោយ​ទុច្ចរិត»។​

លោក​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលប្រាប់​ VOA ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ក្រសួង​កិច្ច​ការ​នារី​ កំពុង​ដឹកនាំ​ការ​តាក់តែង​ច្បាប់​គ្រប់​គ្រង​សេវា​ពពោះ​កូន​ជំនួស​ឲ្យ​គេ​នេះ។

ទោះ​យ៉ាង​ណា លោក ម៉ម ប៊ុនហេង ​មិនឆ្លើយ​សំណួរ​របស់​ VOA ​ជាច្រើន​ដង ដែល​សួរ​ថា​តើ​ច្បាប់​នេះ ​មាន​បំណង​ធ្វើ​ឲ្យ​សេវា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ពុំសូវ​ស្គាល់​នេះ មាន​ភាព​ស្រប​ច្បាប់ឬ​ក៏​យ៉ាង​ណា​នោះ​ឡើយ។​

លោក ម៉ម ប៊ុនហេង (ខាងឆ្វេង) រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ កំពុង​បំភ្លឺ​ក្នុង​រដ្ឋសភា​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​សុខាភិបាល​នៅថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
លោក ម៉ម ប៊ុនហេង (ខាងឆ្វេង) រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ កំពុង​បំភ្លឺ​ក្នុង​រដ្ឋសភា​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​សុខាភិបាល​នៅថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក ម៉ម ប៊ុនហេង គ្រាន់​តែបញ្ជាក់​ថា​ ច្បាប់​ថ្មី​នេះមាន​បំណង​ទប់ស្តាត់​ការ​ជួញ​ដូរ​មនុស្ស។​

​«សំខាន់​បំផុត​ គឺ​ការពារ​ការ​ជួញ​ដូរ​ហ្នឹងហើយ​ ធ្វើ​ម៉េច​កុំ​ឲ្យ​មានការ​ជួញដូរ​ហ្នឹង​ហើយ​បាទ»។​

VOA ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពីលោកស្រី​ អ៊ឹង​ កន្ថា​ផាវី​ រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នារី​ បាន​នៅ​ឡើយ​ទេ​នៅ​យប់ថ្ងៃសុក្រ​នេះ។​

​ទោះ​យ៉ាង​ណា ​លោក​ ជុំ​ សុន្ទរី​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ត្រូវ​បាន​សារ​ព័ត៌មាន​ក្នុង​ស្រុក​ដកស្រង់​សម្ដី​ ​ក្រោយ​ជំនួប​របស់​លោក​ ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក​ស្រី​ Lene Kroll Christiansen​ តំណាង​មូលនិធិ​ប្រជាជន​នៃ​អង្គការ​សហ​ប្រជាជាតិ​ហៅ​កាត់​ថា​ (UNFPA) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា​ ស្ថាប័នពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា​ កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​មួយ​ ដើម្បី​ធ្វើ​ឲ្យ​សេវា​ពពោះ​កូន​ជំនួស​នេះ​ស្រប​ច្បាប់។ ​

ក៏​ប៉ុន្តែ​នៅ​ពេល​ VOA ​សុំ​ការ​បញ្ជាក់​ឡើងវិញ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក​ ជុំ សុន្ទរី​ ពុំបាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ តើ​ការ​ពពោះ​កូន​នេះ នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ស្រប​ច្បាប់​នោះ​ឡើយ។​

«តែ​បញ្ហា​ហ្នឹង​ អត់​មាន​ខ្លឹម​សារ​អី​វែង​ទេ​ គ្រាន់​ថា​បាន​ជម្រាប​ជូន​តំណាង​របស់​ UNFPA​ អំពី​ការ​ត្រៀម​រៀប​ចំ​ របស់​បណ្ដាស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​ធ្វើ​ច្បាប់​រៀប​ចំ​តាក់​តែង​ច្បាប់ ស្តីអំពី​ការ​ពពោះ​ជំនួស»។​

រូបឯកសារ៖ ស្រ្តី​បី​នាក់ ដែល​ផ្តល់​សេវា​ពពោះ​ជំនួស នៅ​ក្រុង Anand ប្រទេស​ឥណ្ឌា។
រូបឯកសារ៖ ស្រ្តី​បី​នាក់ ដែល​ផ្តល់​សេវា​ពពោះ​ជំនួស នៅ​ក្រុង Anand ប្រទេស​ឥណ្ឌា។

​ក្រុម​ប្រឹក្សា​ភ្នាក់​ងារ​ផ្ដល់​សេវា​ពពោះ​កូន​ជំនួស​ ឈ្មោះ​ថា​ ​Sensible​ Surrogacy​ ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​កាល​ពី​ឆ្នាំ​២០១៦​ថា​ ភ្នាក់​ងារ​ផ្ដល់​សេវា​ពពោះ​កូន​ជំនួស​នៅ​ប្រទេសកម្ពុជា​និង​ថៃ​ បាន​ផ្លាស់ប្ដូរ​អាជីវកម្ម​របស់​ពួក​គេ​ទៅ​កាន់​ប្រទេស​ឡាវ។

ក៏​ប៉ុន្តែ​ ក្រុម​ប្រឹក្សា​ដដែល​នេះ​ បាន​ព្យាករណ៍ថា​ ប្រទេស​ឡាវ​ក៏​នឹង​រឹត​បន្តឹង​សេវា​ពពោះ​កូន​ជំនួស​នេះ​ក្នុង​ពេល​ឆាប់ៗ​ផង​ដែរ។​

​លោក​ស្រី ​ជូ​ ប៊ុន​អេង​ រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​និង​ផ្លូវ​ភេទ​លើ​ស្ត្រី​និង​កុមារ​ ដែល​ចូល​រួម​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ប្រាប់​ ​VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា សេចក្ដី​ព្រាង​ច្បាប់នេះ ​ត្រូវ​បាន​ធ្វើឡើង​ ដើម្បី​ដោះស្រាយ​ករណី​បង្ក្រាប​របស់​អាជ្ញាធរ​ទៅ​លើ​ស្ត្រី​អូស្ត្រាលី​ដែល​ផ្ដល់​សេវា​ពពោះ​កូន​នេះ។​

ទោះបី​ជា​យ៉ាងណា​ក៏​ដោយ​ លោក​ស្រី​ មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ សេចក្ដី​ព្រាង​ច្បាប់​នេះ​ នឹង​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​សេវា​នេះ​ដំណើរការ​ទៅ​ដោយ​ស្រប​ច្បាប់​ឬ​យ៉ាង​ណា​នោះទេ។​

«ចំពោះ​ករណី​នោះ​គឺ​ រហូត​ទាល់​តែ​មាន​ច្បាប់​ចេញ​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ យើង​បើក​សិទ្ធិ​គ្រប់​គ្រាន់​ទូលំ​ទូលាយ​ ឲ្យ​ប្រទេស​ខ្មែរ​ហ្នឹង​ ក្លាយ​ទៅ​ជា​កន្លែង​ផ្ដល់​សេវា​ពពោះ​ គេ​ហៅ​ជំនួស​ហ្នឹង​ ដើម្បីនាំ​ទា​រក​ចេញ​នោះ​ទេ»។​

​លោក​ ស្រី​ ជូ​ ប៊ុនអេង​ បញ្ជាក់​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​មិន​ទាន់​សម្រេច​ថានឹង​ដាក់​ឈ្មោះ​លើ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​នោះ​យ៉ាងណា​ឡើយ។

លោក​ស្រី​មាន​ប្រសាសន៍​ថា​ ក្រសួង​យុត្តិធម៌​នឹង​ពិនិត្យ​ពិចារណា​លើ​ខ្លឹម​សារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ។​

​ស្ថាបនិក​គ្លីនិក​ព្យាបាល​ Fertility​Solutions​ PGD ​របស់​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ឈ្មោះ Davis-Charles ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នោះ​ បាន​ផ្លាស់​ប្ដូរ​អាជីវកម្ម​របស់​ខ្លួន​ពី​ប្រទេស​ថៃមក​ប្រទេស​កម្ពុជា​ កាល​ពី​ឆ្នាំ​២០១៥។

ការ​ផ្លាស់​ប្ដូរ​នេះ​គឺ​នៅ​ពេល​ដែល​រដ្ឋាភិបាល​យោធា​នៅ​ប្រទេស​ថៃ​ បាន​បិទ​គ្លីនិក​ពពោះ​កូន​ជំនួស​នៅ​ក្នុង​ប្រទេស​ដែល​មាន​ព្រំ​ប្រទល់​ជាប់​កម្ពុជា​នេះ។​

រូបឯកសារ៖ ស្រ្តីជនជាតិ​ថៃ​ម្នាក់ ដែល​ផ្តល់​ជា​ស្រ្តី​ពពោះកូន​ជំនួស នៅខេត្ត​Chonburi ប្រទេស​ថៃ។
រូបឯកសារ៖ ស្រ្តីជនជាតិ​ថៃ​ម្នាក់ ដែល​ផ្តល់​ជា​ស្រ្តី​ពពោះកូន​ជំនួស នៅខេត្ត​Chonburi ប្រទេស​ថៃ។

គ្លីនិក​របស់​អ្នកស្រី Davis-Charles បាន​យក​ថ្លៃ​សេវា​ពី​អតិថិជន​របស់​ខ្លួន​ប្រហែល​ ៥០.០០០ដុល្លារ​អាមេរិក​ និង​បាន​បង់​ប្រាក់​ចន្លោះ​ពី​ ១០.០០០​ ទៅ​ ១២.០០០​ដុល្លារ​អាមេរិក​ ដល់​ស្ត្រី​ពពោះ​កូន​ជំនួស​ ដែល​មាន​ចំនួន​៥នាក់។

​លោក​ស្រី ​ជូ ប៊ុនអេង​ បាន​ឲ្យដឹង​បន្ថែម​ថា​ ក្រៅពី​គ្លីនិក​របស់​អ្នកស្រី​ Davis-Charles ​មាន​គ្លីនិក​មួយចំនួន​ទៀត ​ក៏​បាន​ផ្ដល់​សេវា​ពពោះ​កូនជំនួស​នេះ​ផង​ដែរ។

ទោះ​យ៉ាង​ណា លោក​ស្រី​ថា​ អាជ្ញាធរ​មិនបាន​ចាប់ខ្លួន​ក្រុមណា​ផ្សេង​ទៀត​ ដែល​ផ្ដល់​សេវា​ពពោះ​កូន​ក្រៅ​ពី​ក្រុម​របស់​អ្នកស្រី​ Davis-Charles​នោះ​ឡើយ​ ដោយ​អ្នក​ស្រី​បាន​អះអាង​ថា​ ក្រុម​អន្តរ​ការី​ដែល​ផ្ដល់​សេវា​នេះ​ផ្សេង​ទៀត​ បាន​គេច​និងលាក់ខ្លួន​ពីអាជ្ញាធរ​ ក្រោយ​មាន​ការ​បង្ក្រាប។

លោក​ស្រី​ រស់​ សុភាព​ ​នាយិកា​នៃ​អង្គការ​យេនឌ័រ​ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ ​ហៅ​កាត់​ថា (GADC) ជំទាស់​នឹង​ការ​ធ្វើ​ឲ្យ​សេវា​នេះ​ស្របច្បាប់​ ​ ដោយ​ហេតុ​ថា ​ស្ត្រី​ខ្មែរ​មិន​យល់​ច្រើន​ពី​លក្ខខណ្ឌស្មុគ​ស្មាញ​របស់​សេវា​នេះ​ទេ​ និង​មិន​ទទួល​បាន​ប្រយោជន៍​ច្រើន​នោះ​ឡើយ។​

«បើ​យើង​មើល​តែ​ភ្លាម​ទៅ​យើង​ឃើញ​ថា​ ស្ត្រី​នឹង​ទទួល​បាន​ផល​ប្រយោជន៍។ ប៉ុន្តែ​បើ​យើង​វិភាគ​យើង​មើល​ឲ្យ​ជ្រៅ​ជាង​នេះ​ គឺ​គាត់​ហ្នឹង​អត់​បាន​ស្អី​សម្រាប់​ជីវិត​គាត់​ទេ​ ដោយសារ​ថា​ យើង​គិត​ឃើញ​ យើង​មើល​ឃើញ​ថា​ ឆ្លង​ទន្លេ នៅ​ពេល​គាត់​សម្រាល។​ ខ្មែរ​យើង​ថាឆ្លង​ទន្លេ​ហ្នឹង​ គឺ​វា​ប្រថុយ​ប្រថាន​ នឹង​ការ​ស្លាប់​រស់​ហ្នឹង។ ហើយ​មួយ​ទៀត​ យើង​មាន​ករណី​ដូច​ក្នុង​ប្រទេស​ថៃ​អញ្ចឹង។ នៅ​ពេល​ដែល​កូន​មាន​ពីរ​ ហើយ​មួយ​ល្អ​ មួយ​អត់​ល្អ អញ្ចឹង​ ឪពុក​ម្ដាយ​ដែល​គេ​ជួល​ពពោះ​ហ្នឹង​ គេ​យក​ល្អ​បាត់​ទៅ​ ហើយ​នៅ​អត់​ល្អ​ហ្នឹង​ គឺ​នៅ​ស្ត្រី​ហ្នឹង​ ជា​អ្នក​ទទួល​ខុសត្រូវ។ អញ្ចឹង​ជា​បន្ទុក​របស់​គាត់​ហើយ»។​

លោក​ស្រី រស់​ សុភាព បន្ត​ថា មានផលវិបាក​ជាច្រើន​ផ្សេង​ទៀត​ដែល​កើត​ចេញ​ពី​ការ​ផ្ដល់​សេវាពពោះ​នេះ​ដូចជា​ ទំនាស់​ក្នុង​គ្រួសារ​រវាង​ប្ដី​និង​ប្រពន្ធ​ដែល​ត្រូវ​បាន​គេ​ជួល​ឲ្យ​ពពោះ​ និង​ជំងឺ​ផ្លូវចិត្តក្រោយ​ពេល​សម្រាល​កូន​ជាដើម។

លោក​ស្រី​បន្ថែម​ថា​ ស្ត្រី​ដែល​ត្រូវបាន​គេ​ជួល​ឲ្យ​ពពោះ​នោះ​ មិន​ទទួល​បាន​ប្រយោជន៍​ច្រើនជាង​ អ្នក​ធ្វើ​អាជីវកម្ម​លើ​សេវា​នេះ​ឡើយ៕

XS
SM
MD
LG