ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ប្រកាស​ពី​ការ​ត្រៀម​ពង្រាយ​កម្លាំង​ជាង៥ម៉ឺន​នាក់​ ដើម្បី​ការ​ពារ​ការ​បោះឆ្នោត​ឃុំ​សង្កាត់


រូបឯកសារ៖ មន្ត្រីកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ប្រចាំ​ការ​ជាមួយ​នឹង​ម៉ូតូ​របស់​ពួក​គេ​នៅ​សង្កាត់​ស្ទឹង​មានជ័យ នៅ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មាន​វត្តមាន​ជាសាធារណៈជា​លើក​ដំបូង​ក្នុងអំឡុង​ពេល​បោះឆ្នោត​នៅទីក្រុង​ភ្នំពេញ កាល​ពីថ្ងៃ​ពុធ ទី៣១ ខែ​កក្កដា ឆ្នាំ​២០១៣។ (រូបថត៖ AP/Heng Sinith)
រូបឯកសារ៖ មន្ត្រីកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ប្រចាំ​ការ​ជាមួយ​នឹង​ម៉ូតូ​របស់​ពួក​គេ​នៅ​សង្កាត់​ស្ទឹង​មានជ័យ នៅ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មាន​វត្តមាន​ជាសាធារណៈជា​លើក​ដំបូង​ក្នុងអំឡុង​ពេល​បោះឆ្នោត​នៅទីក្រុង​ភ្នំពេញ កាល​ពីថ្ងៃ​ពុធ ទី៣១ ខែ​កក្កដា ឆ្នាំ​២០១៣។ (រូបថត៖ AP/Heng Sinith)

ក្រសួង​មហាផ្ទៃ​ប្រកាស​ត្រៀម​កម្លាំង​ជាង​៥ម៉ឺន​នាក់​ដើម្បី​ការពារ​​ដំណើរ​ការ​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៤​ខាងមុខ ស្រប​ពេល​គណបក្ស​​ប្រឆាំង​និង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​​យល់​ថា​ ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​ក្នុងការ​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ។

ក្រសួង​មហាផ្ទៃ​នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ បាន​បញ្ចេញ​របាយការណ៍របស់​ខ្លួនបង្ហាញ​ពី​ការ​ត្រៀម​កម្លាំង​ចំនួន​ជាង​៥ម៉ឺន​នាក់ ដើម្បី​ការពារ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ។ ការ​ត្រៀមកម្លាំង​ច្រើន​នេះ​ត្រូវបាន​គណបក្ស​ប្រឆាំង​និង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​យល់​ថា អាច​ធ្វើ​ឲ្យប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​និង​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ។

ក្រសួង​មហាផ្ទៃ​ប្រកាស​ត្រៀម​កម្លាំង​ជាង​៥ម៉ឺន​នាក់​ដើម្បី​ការពារដំណើរ​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៤​ខាងមុខ ស្រប​ពេល​គណបក្សប្រឆាំង​និង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោតយល់​ថា​ ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​ក្នុងការ​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ។

បើ​តាម​របាយ​ការណ៍​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ កង​កម្លាំង​ជាង៥​ម៉ឺន​នាក់ ដែល​រួម​មាន​ នគរ​បាល កង​រាជ​អាវុធ​ហត្ថ​និង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​នឹង​ត្រូវ​ដាក់​ពង្រាយ​សម្រាប់​ការពារ​អំឡុង​ពេល​បោះ​ឆ្នោត​និង​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​ទី៤​ខែ​មិថុនា។ កង​កម្លាំង​ទាំង​នោះ​នឹង​ត្រូវ​ពង្រាយ​ដើម្បី​ការពារ​តាម​ការិយាល័យ​បោះឆ្នោត ការពារ​ស្នាក់​ការ​របស់​គណៈ​កម្មការ​ឃុំ​សង្កាត់ ត្រៀម​អន្តរាគមន៍ភូមិសាស្រ្ត​ក្នុង​និង​ក្រៅ​ក្រុង​ស្រុក​ខណ្ឌ ត្រៀម​អន្តរាគមន៍​ថ្នាក់​កណ្តាល​និង​កម្លាំង​ក្រុម​វិទ្យុ​ការី​ទាក់​ទង។ ចំណែក​កម្លាំង​ជិត​២ម៉ឺន​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​សម្រាប់​ការពារដំណើរការ​នៃ​ការ​ឃោសនា​បោះ​ឆ្នោតដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី​២០ ខែ​ឧសភា ដល់​ថ្ងៃទី​២ ខែ​មិថុនា។

ថ្លែង​ក្នុង​ពិធី​ប្រជុំ​ការពារ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ​ទី៤ លោក​ ស ខេង នាយក​រដ្ឋម​ន្រ្តី​ស្តីទី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​បញ្ជា​ឲ្យ​កង​កម្លាំង​ពាក់​ព័ន្ធ​គ្រប់​ផ្នែក​ត្រូវ​ចាត់ចែង​តាម​ផែនការ​សកម្មភាព​និង​ភារកិច្ច​របស់​ខ្លួន​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​បរិយាកាស​ស្ងប់​ស្ងាត់​គ្មាន​ការ​គំរាម​កំហែង​និង​គ្មានអំពើ​ហិង្សា។ លោក​បន្ថែម​ថា ក្នុង​ការ​បោះឆ្នោត​ខាង​មុខ អាច​នឹង​លេច​ចេញ​នូវ​បាតុភាព​ផ្សេងៗ ដែល​រារាំង​ដល់​ដំណើរ​ការ​បោះ​ឆ្នោត ជា​ពិសេស​ក្នុងដំណាក់កាល​នៃ​ការ​ឃោសនា​បោះ​ឆ្នោត។

ក្នុង​ពិធី​ប្រជុំ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារ​ព័ត៌មាន​ចូល​ថត​សំឡេង​នោះ លោក ស ខេង បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ដែនដី​និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ​ចាត់​វិធានការ​នៅ​នឹង​កន្លែង​ឲ្យ​បាន​រហ័ស​បំផុត​ទៅ​លើ​ហេតុ​ការណ៍​និង​ឧបទ្ទវហេតុ​ផ្សេងៗ​ដែល​កើត​ឡើង​ក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​សកម្មភាព​បំពុល​បរិយាកាស​ឬ​កេង​ចំណេញ​ខាង​ផ្នែក​នយោបាយ​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន។

បើ​តាម​លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លើក​ឡើង​ថា កង​កម្លាំង​ត្រៀម​សម្រាប់​ការពារ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​នេះ មាន​ចំនួន​ច្រើន​ជាង​អាណត្តិ​មុន​ ដោយ​សារ​ចំនួន​ការិយាល័យ​បោះ​ឆ្នោត​មាន​ការ​កើន​ឡើង។ ទោះ​ជា​យ៉ាង​ណា​លោក​មិន​បាន​បញ្ជាក់ ​ថា តើ​ការ​កើន​ឡើង​នេះមាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។​

ការ​ប្រកាស​ត្រៀម​កម្លាំង​នេះ​ ត្រូវ​បាន​គណបក្ស​ប្រឆាំង​និង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​លើក​ឡើង​ថា​ ជា​ចំនួន​ច្រើន​ហួស​ហេតុ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​ក្នុង​ការ​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ។​

លោកស្រី មូរ សុខហួរ ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រាប់ VOA នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋាភិបាល​មិន​គួរ​ដាក់​កង​កម្លាំង​ប្រដាប់​អាវុធការពារ​ការ​បោះ​ឆ្នោត​រហូត​ដល់​ទៅ​ជាង​៥ម៉ឺន​នាក់​នោះ​ទេ។ លោក​ស្រី​បន្ថែម​ថា ចំនួន​នេះ​គឺ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​របស់​ជាតិ ​និង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច។

«វា​អាច​ជា​ការ​បំភិត​បំភ័យ​ដល់​ប្រជាពលរដ្ឋ ពិសេស​នៅ​តំបន់​ដាច់​ស្រយាល។ សម្រាប់​នៅ​ទីក្រុង ខ្ញុំ​យល់​ឃើញ​ថា ជា​ការ​ប្រើថវិការជាតិ ប្រើ​ធនធាន ដោយខ្ញុំ​យល់​ឃើញ​ថា មិន​ចាំបាច់ មិន​គួរ​ដាក់​ទេ»។

លោក យឿង សុធារ៉ា មន្រ្តី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើលការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា​ខុម​ហ្វ្រែល ប្រាប់ VOA ថា បើ​តាម​ការ​បោះ​ឆ្នោត​ក្នុង​អាណត្តិ​មុនៗ​ កម្ពុជា​មិន​ធ្លាប់​មាន​បញ្ហា​អសន្តិ​សុខ​ណា​មួយ រហូត​ដល់​ត្រូវ​ពង្រាយ​កម្លាំង​ការពារ​ច្រើន​បែប​នេះ​នោះ​ទេ។ លោក​បន្ថែម​ថា ការ​ប្រើ​ចំនួន​កង​កម្លាំង​សមត្ថកិច្ចច្រើន​និង​គ្រប់​ការិយាល័យ​បោះឆ្នោត​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ។

«ប្រជាពលរដ្ឋ​គាត់​ឃើញ​ចំនួន​កង​កម្លាំង​សន្តិសុខ​ច្រើន​ច្រងេងច្រងាង​ ដាក់​ពង្រាយ​ឯណេះ​មួយ​កញ្ចុប ឯណោះ​មួយ​កញ្ចុប ពេល​ខ្លះ​វា​អាចប៉ះពាល់​ដល់​សតិ​អារម្មណ៍​របស់​គាត់​ដែរ​ ប៉ះពាល់​ដល់​ឆន្ទៈ ​ការ​សម្រេច​ចិត្ត​របស់​គាត់​ដែរ។ វា​ស្រប​គ្នា​ជាមួយ​នឹង​ការ​លើក​ឡើង​របស់​ថ្នាក់​ដឹក​នាំ​យើង​ ថា​បើ​គណបក្ស [គណបក្ស​ប្រជាជន​កម្ពុជា] ​ចាញ់​ឆ្នោត​អាច​នឹង​មាន​សង្គ្រាម ហើយ​គាត់​គិត​ផ្សំ​ចូល​គ្នា​អញ្ចឹង​ទៅ វា​ទៅ​ជា​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​របស់​គាត់​ក្នុង​ការ​សម្រេច​ចិត្ត»។

លោក យឿង សុធារ៉ា បន្ថែម​ថា រដ្ឋាភិបាល​គួរ​តែ​បង្កើន​ចំនួន​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ឯករាជ្យ​ឲ្យ​បាន​ច្រើន ជា​ជាង​ការ​បង្កើន​ចំនួន​កម្លាំង​សន្តិសុខ។

បើ​តាម​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប)​ ប្រាប់ VOA ថា រហូត​មក​ដល់​ពេល​នេះ​ អ្នក​ដែល​បានចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍​ មាន​ចំនួន​ជាង​២ម៉ឺន​នាក់​។ បើ​ទោះ​ជា​ចំនួន​អ្នក​សង្កេត​ការណ៍នេះតិច​ជាង​ការិយាល័យ​បោះ​ឆ្នោត​ ប៉ុន្តែ​លោក ហង្ស ពុទ្ធា​ អះអាង​ថា ចំនួន​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​នោះ​ទេ។​

តួលេខ​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួនជិត​៨លាន​នាក់ ស្មើ​នឹង​ជាង​៨១​ភាគ​រយ​នៃ​ចំនួន​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោតសរុប។ ការិយា​ល័យបោះ​ឆ្នោត​សរុប មាន​ជាង​២ម៉ឺន​ការិយាល័យ​ទូទាំង​ប្រទេស​ និង​មាន​គណបក្ស​នយោបាយ​ចំនួន​១២ បាន​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត៕

XS
SM
MD
LG