ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ធនធាន​ទឹកព្រមាន​ពី​គ្រោះ​ទឹកជំនន់​ ដោយសារការ​លុប​បឹង​និង​មាត់​ច្រាំង​ទន្លេ


រូបឯកសារ៖ ដំបូល​វត្តអារាមមួយ​ដែល​ត្រូវបាន​លិចលង់ ក្នុងខេត្តស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។(ស៊ុន ណារិន/VOA)
រូបឯកសារ៖ ដំបូល​វត្តអារាមមួយ​ដែល​ត្រូវបាន​លិចលង់ ក្នុងខេត្តស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។(ស៊ុន ណារិន/VOA)

រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​លោក លឹម គានហោ ​បាន​ព្រមាន​អំពី​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ ដែល​នឹង​អាច​មាន​ឡើង​ដោយសារ​តែ​ការ​ចាក់​ដីលុប​ និង​ការ​សាងសង់​បិទ​ផ្លូវ​ទឹក​នានា។​

ក្នុង​លិខិត​ក្រសួង​ធនធាន​ទឹក​ចុះ​ថ្ងៃ​៨​ ខែ​ឧសភា​ លោក​ លឹម គានហោ ​ជំរុញ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ​និង​អភិបាល​ខេត្ត​ទាំង​អស់​ជួយ​ទប់​ស្កាត់​ការ​រំលោភ​ចាក់​ដី​លុប​ចំណី​មាត់​ច្រាំង​ទន្លេ ​ស្ទឹង​ ព្រែក​ អូរ​ ប្រឡាយ​ អាង​ទឹក បឹង​បួ។​ លោក​បញ្ជាក់​ថា​ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​រីក​ចម្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​កំណើន​សាង​សង់​គួរ​ឲ្យ​កត់​សម្គាល់។​

លោក​រដ្ឋមន្ត្រី​ព្រមាន​ថា៖ ​«ផ្តើម​ចេញ​ពី​សកម្ម​ភាព​ខាង​លើ​នេះ​ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​បញ្ហា​ដែល​អាច​កើត​ឡើង​ដល់​លទ្ធភាព​នៃ​ការ​រំដោះ​ទឹក ​និង​បង្ក​ជា​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ដោយសារ​ ចំណី​មាត់​ច្រាំង​ទន្លេ​ ស្ទឹង​ ព្រែក​ អូរ ​ប្រឡាយ​ អាង​ទឹក​ បឹង​បួរ​ ឬ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​មួយ​ចំនួន​ត្រូវ​បាន​រំលោភ​ ចាក់​ដី​លុប​ និង​ការ​សាងសង់​បិទ​ផ្លូវ​ទឹក​នានា​ ដោយ​ពុំស្រប​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន»។​

VOA​ មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ចាន់​ យុត្ថា ​អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក​ និង​លោក ​មាស ម៉េត​ភក្តី​ អ្នក​នាំពាក្យ​សាលារាជធានី​ភ្នំពេញ​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

លោក ​ឯម ភាព ​នាយក​រដ្ឋបាល​សាលាខេត្ត​ព្រះ​សីហនុ ​ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ សាលា​ខេត្ត​បាន​ទទួល​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ទឹក​ ប៉ុន្តែ​ចំពោះ​វិធានការ​ថា​នឹង​ធ្វើ​យ៉ាង​ណា​នោះ​គឺ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​អភិបាល​ខេត្ត។​

«ខ្ញុំ​អត់​ទាន់​ដឹង។ ​អា​ហ្នឹង​គឺ​ទាល់​តែ​ឯកសារ​ចូល​ដល់​អភិបាល​ខេត្ត​សិន​...​ព្រោះ​លិខិត​នេះ​គ្រាន់​តែ​បាន​ទទួល​យើង​បញ្ជូន​ទៅ​អភិបាល​ខេត្ត»។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមាគម​ធាងត្នោត​ដែល​ធ្លាប់​ចេញ​ផ្សាយ​របាយ​ការណ៍​នៃ​ការ​លុប​បឹង​នៅ​ភ្នំពេញ​លោក សឿង សារ៉ន​ ប្រាប់​VOA​នៅថ្ងៃ​ច័ន្ទ​នេះថា​ រដ្ឋាភិបាល​ទំនង​ជា​ដឹង​ការ​កើន​ឡើង​នៃ​សកម្ម​ភាព​ចាក់​ដី​លុប​ទីតាំង​ដែល​អាច​ស្តុក​ទឹក​ភ្លៀង ​ឬ​ផ្លូវ​ទឹក​នានា​ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​ ទើប​មាន​លិខិត​ពី​ក្រសួង​ធនធាន​ទឹក​បែប​នេះ។​

លោក​បន្ថែម​ថា ​ក្រសួង​ធនធាន​ទឹក​គួរ​តែ​មាន​វិធាន​ការ​សកម្មភាព​ជាក់​លាក់ ​ដើម្បី​បញ្ឈប់​ឲ្យ​បាន​រាល់​ទម្រង់​នានា​នៃ​ការ​ចាក់​ដីលុប​បឹង​បួ ​ឬ​ទី​តាំង​ផ្លូវ​ទឹក​ផ្សេង​ទៀត។ ​លោក​ថា​ បើ​ពុំ​មាន​វិធានការ​សកម្មភាព​ច្បាស់​លាស់​ទេ​ នោះ​សកម្ម​ភាព​នៃ​ការ​ចាក់​ដី​លុប​បឹង អូរ​ប្រឡាយ​ ព្រែក​ ឬ​ក៏​សមុទ្រ​ផង​នោះ​ នឹង​បន្ត​កើត​មាន​ដដែល។

«ក្រសួង​ពាក់​ព័ន្ធ​ ជា​ពិសេស​ក្រសួង​ធនធាន​ទឹក​ហ្នឹង​ លោក​គួរ​តែ​មាន​យន្តការ​ឲ្យ​បាន​ច្បាស់​លាស់​ក្នុង​ការ​ត្រួត​ពិនិត្យ​ ទាក់​ទង​នឹង​ការ​អនុវត្ត​របស់​មន្ត្រី​ដែល​ពាក់​ព័ន្ធ​ជាពិសេស​អភិបាល​ខេត្ត​រាជធានី​ហ្នឹង​ ដើម្បី​មើល​ថា​តើ​គាត់​បន្ត​លុប​ទៀត​ឬ​ក៏​យ៉ាង​ម៉េច?​ហើយ​បើ​សិន​បើ​បន្ត​ឲ្យ​មាន​ការ​លុប​ដោយ​គ្មាន​ច្បាប់​តើ​គួរ​ពួក​គាត់​ត្រូវ​ប្រឈម​នៅ​មុខ​ច្បាប់​អ្វី​ខ្លះ​ជា​ធរមាន​ដើម្បី​ទទួល​ខុស​ត្រូវ​ទៅ​ទង្វើ​របស់​គាត់»។ ​

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ចង់​ឃើញ​រដ្ឋាភិបាល​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បញ្ឈប់​មិន​ឲ្យ​មានតែ​ម្តង នូវ​ការ​ចាក់​ដី​លុប​បឹង​ជើង​ឯក​និង​បឹង​ទំពុន។​

«បឹង​ដូច​ជា​បឹង​ជើង​ឯក​មាន​ទំហំ​ធំ​ ខ្ញុំ​អត់​ច្បាស់​ទេ​ ដូចជា​រាប់​ពាន់​ហិកតា​ដែរ។​ វា​មាន​តួនាទី​សំខាន់​ ក្នុង​ការ​រំដោះ​ទឹក​ស្អុយ​ពីរាជ​ធានី​ភ្នំពេញ។​អ៊ីចឹង​ បឹង​ទំពុន​ ឬ​ក៏​បឹង​ជើង​ឯក​នេះ​ គួរ​តែ​យើង​ មិន​គួរ​បន្ត​លុប​ទៀត​ទេ។​ មិន​គួរ​បន្ត​លុប​ទៀត​ទេ​ ព្រោះ​វា​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​រំដោះ​ទឹក​ស្អុយ​ ឬ​ក៏​ទឹក​ជំនន់​ទឹក​ភ្លៀង​ពី​រាជធានី​ភ្នំពេញ​ហ្នឹង»។​

ចំណែក​កញ្ញា​ ឡុង គន្ធា​ សកម្មជន​ការពារ​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​ត្រូវ​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​អ្នក​មាន​អំណាច​ដែល​ពាក់ព័ន្ធ​នឹង​ការ​លុប​បឹង។​

«ធម្មតា​នៅ​មូលដ្ឋាន​ គាត់​ដឹង​ហើយ​ថា​ នរណា​ចាក់​លុបបឹង​ [មិន]​ដែល​ថា​ គាត់​មិន​ដឹង។​ អ៊ីចឹង​គួរ​តែ​រាយ​ការណ៍​ និង​ធ្វើការ​ឃ្លាំមើល​ ហើយ​អនុវត្ត​ច្បាប់​មិន​ថា​ អ្នក​ហ្នឹង​ គឺ​ជា​អ្នកណា​ អ្នក​ធំ​ ប៉ុណ្ណា​ មាន​ខ្នង​បង្អែក​ ប៉ុណ្ណា​ទេ​ ត្រូវ​តែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើគ្នា​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ធម្មតា​ដែរ។​ ដូច​យើង​ ធ្លាប់​ឃើញ​ប្រជា​ពលរដ្ឋ​ធម្មតា​ ត្រូវ​បាន​អាជ្ញាធរ​ដេញ​ ដោយសារ​តែ​គាត់​ថា​ ប្រជា​ពលរដ្ឋ​គាត់​បាន​រំលោភ​យក​ដី​ យក​ទ្រព្យ​សម្បតិ្ត​សាធារណៈ។​ អ៊ីចឹង​ពួក​អ្នក​ដែល​ចាក់​លុប​ផ្សេងៗ​ទៀត​ ដែល​គាត់​មាន​លុយ​ឬ​ក៏​គាត់​មាន​ខ្នង​បង្អែក​ហ្នឹង​ក៏ដូច​គ្នា​ដែរ​ ត្រូវ​តែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើភាព​គ្នា»។​ ​

កញ្ញា​បន្ថែម​ថា ​មិន​គួរ​មាន​ការ​ចាក់​លុប​បឹង​តាមោក ដែល​កញ្ញា​ថា​អាច​នាំ​ឲ្យ​ជន់​លិច​ទីក្រុង​ភ្នំពេញ ​និង​ប៉ះពាល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ។​

«មួយ​ទៀត​ ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​បឹង​ គឺ​ពួក​គាត់​អាស្រ័យ​ផល​ ដោយការ​ទាញ​យក​ផល​ពី​បឹង​ហ្នឹង។​ បើសិន​ជា​លុប​បឹង​ អ៊ីចឹង​ប្រជា​ពលរដ្ឋ​គាត់​នឹង​បាត់​បង់​[ទាំង]​ទីលំនៅ​ ទាំង​មុខ​របរ​របស់​គាត់»។​

របាយ​ការណ៍​របស់​សមាគម​ធាង​ត្នោត​ដែល​មាន​ចំណង​ជើង​ថា​«បឹង​ចុង​ក្រោយ​ក្នុង​រាជធានី​ភ្នំពេញ» ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ចុង​ឆ្នាំ​២០១៩ ​បាន​ឲ្យ​ដឹង​ថាចាប់​តាំង​ពី​ឆ្នាំ​១៩៩០​មក​ក្នុង​ចំណោម​បឹង​ចំនួន​២៦​ក្នុង​រាជធានី​ភ្នំពេញ​មាន​បឹង​ចំនួន​១៦​ គឺ​ស្មើ​នឹង​៦០​ភាគ​រយ​នៃ​ផ្ទៃ​ដី​បឹង​ទាំង​អស់ ​ត្រូវ​បាន​ចាក់​ដី​លុប​បំពេញ ​និង​បឹង​ចំនួន​១០​ទៀត ​ត្រូវ​បាន​ចាក់​ដី​លុប​ខ្លះៗ​រួច​ហើយ។​មូលហេតុ​ចម្បង​នៃ​ការ​លុបបឹង​នោះ​គឺ​«បណ្ដាល​មក​ពី​ការ​សាងសង់​បុរី តំបន់​លំនៅដ្ឋាន​និង​ទីក្រុង​រណប»។​

របាយ​ការណ៍​ដែល​មាន​កម្រាស់​ជាង​៣០​ទំព័រ​បាន​ពណ៌នា​ថា​ បឹង​ទំពុន១​និង​២​និង​បឹង​ជើង​ឯក​ត្រូវ​បាន​លុប​ដោយ​ផ្នែក​និង​កំពុង​លុប​ផង​ដែរ។​ ចំណែក​បឹង​តាមោក ​ឬ​បឹង​កប់​ស្រូវ​ ក៏​ត្រូវ​បាន​លុប​ខ្លះៗ​ដែរ​ ហើយ​មិន​មាន​ផែន​ការ​ច្បាស់​លាស់​នោះ​ទេ។​

សមាគម​ធាង​ត្នោត​បន្ថែមថា៖ ​«បឹង​តាមោក​ គឺ​ជា​អ្នក​ការពារ​ទឹក​ជំនន់​ ទប់​ទល់​នឹង​លំហូរ​ទឹក​មក​ពី​ភាគ​ខាង​ជើង។​ ទំនប់​បឹង​តាមោក​ជួយ​បង្វែរ​លំហូរ​ទឹក​ពី​ភាគ​ខាង​ជើង​ឲ្យ​ទៅ​ភាគ​ខាង​កើត​វិញ​ឬ​រក្សា​ផ្ទុក​ទឹក​ទំហំ​ធំ។ ​ទំនប់​ដែល​លាត​សន្ធឹង​ពី​កើត​ទៅ​លិច​តាម​បណ្តោយ​ភាគ​ខាង​ត្បូង​នៃ​បឹង​នេះ​បង្ការ​ទឹក​ជំនន់​មក​ពី​ខាង​ជើង​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ដោយ​មិន​ឲ្យ​ទឹក​ហូរ​ចូល​មក​ទីក្រុង ​ហើយ​ជន់​លិច​មួយ​ផ្នែក​ធំ​នៃ​ទីក្រុង»៕

XS
SM
MD
LG