លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចេញសារាចរណែនាំឱ្យកំណត់យកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការនៃការសុគតសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ដោយតម្រូវឱ្យគ្រប់ស្ថាប័ន និងប្រជាជនទូទាំងប្រទេសបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង។
សារាចរណែនាំឱ្យមានការកាន់ទុក្ខនេះធ្វើឡើងបន្ទាប់ពីសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បានសុគតកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ១៧:៤០ នាទី ក្នុងព្រះជន្ម ៩៣ ព្រះវស្សា ដោយជរាពាធ។
សារាចរណែនាំចេញនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ បញ្ជាក់ថា ដោយសារសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស មានគុណបំណាច់យ៉ាងធំធេងចំពោះជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលសូមណែនាំដោយប្រកាសថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ។
សារាចរណែនាំដដែលបន្ថែមថា៖ «គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរដ្ឋ ឯកជនទាំងអស់ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤»។
រដ្ឋាភិបាលក៏បានណែនាំឱ្យគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងនៅថ្ងៃកាន់ទុក្ខនេះផងដែរ។
ក្រសួងធម្មការ និងសាសនាបញ្ជាក់ថា ព្រះសពរបស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ត្រូវបានតម្កល់ទុកក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា រហូតដល់ថ្ងៃថ្វាយព្រះភ្លើងដែលនឹងជូនដំណឹងពេលក្រោយ៕
វេទិកាបញ្ចេញមតិ