ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ព័ត៌មាន​បញ្ជា​ឱ្យ​ស្ថានីយ​វិទ្យុ​​ក្នុង​​ស្រុក​កុំ​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​​ពេល​ឃោសនា​បោះឆ្នោត


សារាចរណែនាំ​របស់​ក្រសួងព័ត៌មាន​ឲ្យ​ម្ចាស់​ស្ថានីយវិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​ផ្អាក​ការផ្សាយ​កម្មវិធី​បន្ត​ពី​វិទ្យុ​បរទេស។
សារាចរណែនាំ​របស់​ក្រសួងព័ត៌មាន​ឲ្យ​ម្ចាស់​ស្ថានីយវិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​ផ្អាក​ការផ្សាយ​កម្មវិធី​បន្ត​ពី​វិទ្យុ​បរទេស។
រដ្ឋាភិបាល​កម្ពុជា​បានបញ្ជា​ឲ្យ​ស្ថានីយវិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​ផ្អាក​ជាបណ្តោះអាសន្ន​នូវ​ការផ្សាយ​កម្មវិធី​បន្ត​ពី​វិទ្យុ​បរទេស​ផ្នែក​ខេមរ​ភាសា​ដូចជា​វីអូអេ​ក្នុង​ពេល​យុទ្ធនាការ​បោះឆ្នោត។

កម្មវិធី​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ជា​ភាសា​ខ្មែរ​របស់​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​យ៉ាង​តិច​ចំនួន​៥​ក្នុង​ចំណោម​ជាង​៦០​ស្ថានីយ​វិទ្យុ​នោះ​ត្រូវ​ក្រសួង​ព័ត៌មាន​ប្រទេស​កម្ពុជា​ បញ្ជា​ឲ្យ​ផ្អាក​ក្នុង​រយៈពេល​មួយ​ខែ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ។ វិធានការ​របស់​រដ្ឋាភិបាល​នេះ​ត្រូវ​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ដើម្បី​ជា​ការធានា​បរិយាកាស​អព្យាក្រិត​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ពេល​បោះឆ្នោត។ តែ​ក្រុម​អ្នក​ឃ្លាំមើល​ក្នុង​ប្រទេស​ កម្ពុជា​វិញ​ចាត់​ទុក​ទង្វើ​របស់​រដ្ឋាភិបាល​ថា​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ច្បាប់ ​ផ្ទុយពី ​ការចង់​បាន​របស់​ប្រជាពលរដ្ឋ។

សេចក្តី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក អ៊ុក ប្រាថ្នា​ រដ្ឋមន្ត្រី​ស្តីទី​បាន​ហាមប្រាម​និង​ណែនាំ​ដល់​វិទ្យុរដ្ឋ​និង​ឯកជន​ឲ្យ​បំពេញ ​តួនាទី​ អព្យាក្រិត​ក្នុង​ការធ្វើ​សេចក្តី​រាយការណ៍​ទាក់ទង​នឹង​ការបោះឆ្នោត​មិន​ឲ្យ​បរទេស​ ធ្វើការ​ឃោសនា​ប្រឆាំង​ឬ​គាំទ្រ​គណបក្ស​ណាមួយ​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ សេចក្តី​ណែនាំ​នោះ​បាន​បញ្ជាក់​ទៀត​ថា​ គ្រប់​ស្ថានីយ​វិទ្យុ FM ​ត្រូវ​ផ្អាក​ការផ្សព្វផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ដែល​ផ្សាយ​ជា​ខេមរភាសា​ទាំងអស់​ក្នុង​ រយៈពេល​បើក​យុទ្ធនាការ​សាមសិប​មួយ​ថ្ងៃមុន​ការបោះឆ្នោត​និង​ថ្ងៃ​បោះឆ្នោត។

សេចក្តី​ណែនាំ​ចុះ​ថ្ងៃទី​២៥​មិថុនា​ហើយ​ទើប​បញ្ជូន​ដល់​ស្ថានីយ​វិទ្យុ​នានា​នៅ​ថ្ងៃ ២៨​មិថុនា​នេះ​បាន​បញ្ជាក់​ថា៖ «ករណី​ស្ថានីយ​វិទ្យុ ​FM ​ណា​មិន​គោរព​តាម​សេចក្តី​ណែនាំ​នេះ​ក្រសួង​នឹង​ចាត់ វិធានការ​តាម​ច្បាប់​ជា​ធរមាន»។

គេ​មិន​ដឹង​ថា​វិធានការ​ច្បាប់​នោះ​រាប់​បញ្ចូល​ពី​ការដក​អាជ្ញាប័ណ្ណ ​ការចាប់ខ្លួន​ ការផ្អាក​ការផ្សាយ​កម្មវិធី​ទាំងស្រុង​ឬ​ក៏ជា​វិធានការ​អ្វី​ទេ។

ស្ថានីយ​វិទ្យុ​ដែល​ផ្សាយ​បន្ត​ផ្ទាល់​នូវ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​បរទេស​ទាំង​នោះ​រួម​មាន​វិទ្យុ អេហ្វ​អឹម​១០៥ ​អេហ្វអឹម​១០២ ​អេហ្វអឹម​៩០ ​អេហ្វអឹម​៩៣.៥ ​និង ​អង្គរ​រដ្ឋា​ អេហ្វអឹម ​៩៥.៥​ ក្នុង​ខេត្ត​សៀមរាប​ជាដើម។ វិទ្យុ​ទាំង​នេះ​ផ្សាយ​បន្ត​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​សំឡេង​សរអា​ វិទ្យុ ​អាស៊ី​សេរី ​វិទ្យុ​ អូស្ត្រាលី ​និង​វិទ្យុ ​បារាំង​ RFI ​ជាដើម។ វិទ្យុ​ទាំងនេះ​បាន​ផ្សាយ​កម្មវិធី​បន្ត​កម្មវិធី​ផ្សាយ​របស់​ វិទ្យុ​បរទេស​នេះ​ចាប់ពី​រយៈពេល​៧​ទៅ​១០ឆ្នាំ​ហើយ​ដោយ​ផ្សាយ​ពីរ​លើក​ក្នុង​មួយ​ថ្ងៃ។

លោក ប៊ុត បូវុត ​(Buth Bovuth) ​អគ្គនាយក​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ប្រាប់​វីអូអេ​ ថា​ការផ្អាក​បណ្តោះ​អាសន្ន​នេះ​ព្រោះ​វិទ្យុ​បរទេស​ពុំមាន​ស្ថិតនៅ​ក្រោម​ច្បាប់​កម្ពុជា​ ដូច​បណ្តាញ​ព័ត៌មាន​ជាតិ​និង​វិទ្យុ​ក្នុង​ស្រុក​ដែល​តម្រូវ​ឲ្យ​មាន​ការគោរព​ការណែនាំ​ ទាក់ទង​នឹង​គោលការណ៍​អព្យាក្រិត​ចំពោះ​ការបោះឆ្នោត​ទេ។

លោក​និយាយថា៖ «អញ្ចឹង​បើ​មាន​ការផ្សាយ​ណា​មួយ​ដែល​វា​មាន​ការលំអៀង​មាន​អី​អញ្ចឹង​ទៅ​វា​នាំ​ ឲ្យ​មាន​ការប៉ះពាល់​ទៅ​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត។ ហើយ​បណ្តាញ​ ឃោសនា​របស់​ជាតិ​ហ្នឹង​វា​ស្ថិត​នៅ​ក្រោម​គោល​ការណ៍​មួយ​ដែល​គេ​បាន​ណែនាំ​ហើយ​ថា​ផ្សាយ​ឲ្យ​វា​មាន​អព្យាក្រិតភាព​ ឲ្យ​វា​មាន​ស្អី​កុំ​ឲ្យ​វា​លំអៀង​ទៅ​ខាង​ណា ​មក​ខាង​ណា​អញ្ចឹង​ ទាំង​រដ្ឋ​ទាំង​ឯកជន។ អញ្ចឹង​គាត់​ត្រូវ​ប្រតិបត្តិ​តាម​ហ្នឹង។​អញ្ចឹង​បើ​គាត់​យក​សំឡេង​របស់​វិទ្យុ​ផ្សេង​មក​ធ្វើ​ ដូច​ខាង​វីអូអេ​គាត់​មាន​គោល​នយោបាយ​គាត់​ផ្សេង​ ខាង​អាស៊ី​សេរី​គាត់​មាន​ផ្សេង​ទៅ។ ​អញ្ចឹង​ពេល​យក​មក​ ផ្សាយ​វា​មិន​ត្រូវ​តាម​គោលការណ៍​អព្យាក្រិត​ភាព​របស់​គាត់​ទេ»។

លោក​បាន​បន្ថែម​ថា​លោក​មិន​រំពឹង​ថា​មិនមាន​ម្ចាស់​ស្ថានីយ​ណា​ដែល​ជំទាស់​នឹង​ សេចក្តី​ណែនាំ​របស់​ក្រសួង​ដែល​លោក​ចាត់ទុក​ថា​មិនមែន​ជា​ការ​ខុស​ច្បាប់​នោះទេ។

ប៉ុន្តែ​ថ្លែង​ប្រាប់​វីអូអេ​ពី​ប្រទេស​បារាំង​ថ្ងៃ​នេះ ​លោក ម៉ម សូណង់ដូ​ប្រធាន​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​អះអាង​ថា​ជា​សកម្មភាព​ខុស​លើ​ខុស​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​ប្រជាប្រិយ៍ភាព។

លោក​និយាយថា៖ «ខ្ញុំ​ឃើញ​ថា​ការណែនាំ​ហ្នឹង​វា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ទាំង​ស្រុង។ តែ​យើង​ដឹង​ហើយ​ថា​ រដ្ឋាភិបាល​យើង​គាត់​មិន​ដែល​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​ឬ​ច្បាប់​ណា​មួយ​ទេ។ គាត់​ធ្វើអី ​តាម​តែ​គាត់​ចង់​ធ្វើ​ ហើយ​ដូច្នេះ​ពិបាក​នឹង​យក​ច្បាប់​មក​និយាយ​ជាមួយ​គាត់។ ហើយ​បើ​គាត់​ណែនាំ​ហើយ​ក្នុង​នាម​ជា​ក្រសួង​ព័ត៌មាន​គ្រប់គ្រង​វិទ្យុ​និង​បណ្តាញ​ព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​ ទោះ​ជា​គាត់​ធ្វើ​ខុស​ក៏ដោយ​ក៏​យើង​ត្រូវ​ស្តាប់​គាត់​ដែរ​កុំ​ឲ្យ​គាត់​យកលេស​ពី​បញ្ហា​ថា​យើង​មិន​បាន​ស្តាប់​នេះ ​មិន​បាន​ស្តាប់​នោះ។ ហើយ​ពិបាក​ធ្វើការ​ណាស់​នៅក្នុង​ប្រទេស​មួយ​ដែល​យើង​មាន​រដ្ឋាភិបាល​មួយ​ មាន​រដ្ឋធម្មនុញ្ញ​មួយ​ហើយ​វា​មិន​ស៊ីចង្វាក់​គ្នា»។

លោក​បន្ថែម​ថា​លោក​ភ្ញាក់ផ្អើល​មែនទែន​ពេល​បាន​ទទួល​ព័ត៌មាន​ពី​ការផ្អាក​នេះ​ដោយ​ស្មានតែ​ជា​ការនិយាយ​លេង។ លោក​ថ្លែង​ថា​ការផ្អាក​គួរ​ត្រូវ​ធ្វើការ​ជូន​ ដំណឹង​ឲ្យ​បាន​មុន​ពីរ​សប្តាហ៍​ជា​ការសមរម្យ ​ដោយ​លោក​បញ្ជាក់​ថា​ជា​ការពិបាក​ក្នុង​ការចាត់ចែង​កម្មវិធី​ផ្សាយ។

លោកថ្លែងថា៖ «ខ្ញុំ​កំពុងតែ​បញ្ជូន​ដំណឹង​នេះ​ទៅ​វីអូអេ​និង ​អាស៊ី​សេរី​ជា​វិទ្យុ​មួយ​ដែល​ប្រជាពលរដ្ឋ​និយម​ស្តាប់​ ជា​វិទ្យុ​មួយ​ឯករាជ្យ​ ជា​វិទ្យុ​មួយ​ដែល​កំពុងតែ​ពង្រឹង​ប្រជាធិបតេយ្យ​នៅ​ ស្រុកខ្មែរ​ជាពិសេស​កំពុងតែ​យុទ្ធនា​ការឃោសនា​បោះឆ្នោត​ទៀត​ ហើយ​ប្រជា​ពលរដ្ឋ​ត្រូវការ​ដឹង​ដំណឹង​ពិត​យ៉ាង​ណាមួយ​ដែល​ប្រជា​ពលរដ្ឋ​អាច​ជ្រើសរើស​អ្នកដឹកនាំ​ទៅ​ថ្ងៃមុខ។ តែ​ខ្ញុំ​ថា​បើសិន​ជា​រដ្ឋាភិបាល​ដើរ​តាម​ផ្លូវ​ហ្នឹង​គឺ​ដើរ​តាម​ផ្លូវ​ខុស​ទាំង​ស្រុង​ពីព្រោះ​ជិត​ពេល​បោះឆ្នោត​ផង​ជា​ពិសេស​ប្រជា​ពលរដ្ឋ​នឹង​ជ្រើស​រើស​អ្នក​ដឹកនាំ​ទៅថ្ងៃមុខ​ទៀត​ហើយ​ប្រសិនបើ​រដ្ឋាភិបាល​ធ្វើអ្វី​មួយ​ ដែល​ប្រជា​ពលរដ្ឋ​មិន​គាំទ្រ​ហើយ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​និង​ប្រជាធិបតេយ្យ​រដ្ឋាភិបាល​នឹង​មាន​គ្រោះ​ថ្នាក់​ទៅ​ថ្ងៃមុខ»។

លោកស្រី ​ជា ស៊ុនដាណែត​នាយិការ​ស្ថានីយ​វិទ្យុ​អេហ្វអឹម ​១០២ ​បានអះអាង​ថា ​ការ បង្គាប់​ឲ្យ​បិទ​កម្មវិធី​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ទាំងនេះ​ភ្លាមៗ​ធ្វើ​ឲ្យ​លោកស្រី​ ជួប​ការលំបាក​ការស្វែង​រក​កម្មវិធី​ជំនួស​មក​បំពេញ​ម៉ោង​ផ្សាយ​ដែល​មាន​៤ម៉ោង​កន្លះ​ក្នុង​មួយ​ថ្ងៃ។ លោកស្រី​បាន​បញ្ជាក់​ថា​កត្តា​ហិរញ្ញវត្ថុ​ក៏​ធ្វើឲ្យ​លំបាក​ដល់ ស្ថានីយ​ដែរ​ដោយសារ​មិន​អាច​រក​ពាណិជ្ជកម្ម​ណា​មក​ដាក់​ជំនួស​ថវិកា​ដែល​បាត់បង់ពី​ការរកបាន​ដោយ​ការលក់​ម៉ោង​ផ្សាយ​ដល់​វិទ្យុ​បរទេស​ទាំង​នោះ។

លោក កែវ ចាន់រដ្ឋា​អ្នកគ្រប់គ្រង​វិទ្យុ​អង្គរ​រដ្ឋា​ FM ៩៥.៥​ បាន​បញ្ជាក់ពី​ការសោកស្តាយ​បើសិនជា​មាន​ព័ត៌មាន​នេះ​កើត​ឡើង​មែន។ លោក​មិនទាន់​បាន​ទទួល​លិខិត​ជា​ផ្លូវការ​ទេ។

លោកថ្លែងថា៖ «ការណ៍​ដែល​ណែនាំ​ពី​ការផ្អាកផ្សាយ​របស់​រដ្ឋាភិបាល​មកលើ​ការផ្សាយ​ដំណឹង​អស់​ហ្នឹង​វា​ជា​រឿង​មួយ​ដែល​សោកស្តាយ​បំផុត​ពីព្រោះ​ពេល​នេះ​ប្រជាជន​ខ្មែរ​កំពុង​ ទទួល​នូវ​ព័ត៌មាន​ទាំងឡាយ​សម្រាប់​ការពិចារណា​ក្នុង​ការបោះឆ្នោត»។

ស្រដៀងគ្នា​នេះ​ដែរ​ក្រុមអ្នកឃ្លាំមើល​វិញ​បាន​យល់​ថា​ការបិទ​ការផ្សាយ​កម្មវិធី​វិទ្យុ​បរទេស​នេះ​ជា​ការកាត់បន្ថយ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ពេល​បោះឆ្នោត​និង​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល។

លោក ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត​មួយ​បាន​អះអាង​ ថា​នេះ​ជា​រឿង​មួយ​ភ្ញាក់​ផ្អើល៖ «ខ្ញុំ​គិត​ថា​ប្រជា​ពលរដ្ឋ​ជួប​ការលំបាក​ក្នុង​ការសម្រេចចិត្ត​ជាពិសេស​បើសិន​ជា​មាន​ព័ត៌មាន​តែ​ម្ខាង​ឬ​ក៏​មិន​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ អញ្ចឹង​ការសម្រេច​ចិត្ត​របស់​ គាត់​មិន​គ្រប់គ្រាន់​សម្រាប់​ជ្រើសរើស​តំណាង​ដែល​មាន​ការ​ដែល​ត្រូវ​មាន​តួនាទី ​ក្នុង​ការដឹកនាំ​ជាតិ​នោះ​ទេ»។

លោក​អ៊ូ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អះអាង​ដែរ​ថា​នេះ​ជា​ការ យក​ប្រៀប​ផ្នែក​ប្រព័ន្ធ​ឃោសនា។

លោក​បាន​បន្ថែម​ថា៖ «ដោយសារតែ​ក្រសួង​ព័ត៌មាន​ជា​ក្រសួង​របស់​គណបក្ស​កាន់​អំណាច។ អញ្ចឹង​ ក្រសួង​ព័ត៌មាន​សម្រេចចិត្ត​នេះ​គ្មាន​អ្វី​ក្រៅពី​ការ​ទាញ​យក​ផល​ប្រយោជន៍​ សម្រាប់​គណបក្ស​កាន់​អំណាចតែ​ប៉ុណ្ណឹង​ទេ។ តែ​ការទាញ​នេះ​ខ្ញុំ​មើល​ទៅ​ឃើញ​ ថា​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ពិបាក​ទទួល​ថា​ជា​លទ្ធផល​ត្រឹមត្រូវ​ណាស់។ នេះ​ជា​រឿង​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​ប្រុង​ប្រយ័ត្ន​និង​គិត​ដល់​ដែរ»។

ក៏​ប៉ុន្តែ​លោក ប៊ុត បូវុត ​(Buth Bovuth) ​អគ្គ​នាយក​ក្រសួង​ព័ត៌មាន​បាន​ចាត់ទុក​ ថា​ការរិះ​គន់របស់​សង្គម​ស៊ីវិល​និង​ស្ថានទូត​បរទេស​នានា​ថា​ជា​សិទ្ធិ​បញ្ចេញ​មតិ។

លោកនិយាយថា​៖ «ប៉ុន្តែ​ជាទូទៅ​ខាង​ក្រសួង​ខាង​រដ្ឋាភិបាល​ដែល​ធ្វើនេះ​គឺ​មិនមាន​បំណង​អ្វី សំដៅ​ទៅលើ​ការបិទ​ការបញ្ចេញ​មតិ​អ្វី​ទេ ​តែ​គ្រាន់តែ​ថា​ទាំងអស់​គ្នា​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គឺ​ស្ថិតនៅ​ក្រោម​ច្បាប់​មួយ​ ហើយ​ប៉ុន្មាន​ថ្ងៃនេះ​ច្បាប់​ដែល​ សំខាន់​មួយ​គឺ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ»។

គណបក្ស​នយោបាយ​ជាច្រើន​ក្នុង​ចំណោម​៨​នៃ​ប្រទេស​កម្ពុជា​កំពុង​ធ្វើយុទ្ធនា​ ការ​ឃោសនា​បោះឆ្នោត​រក​សំឡេង​ឆ្នោត​របស់​ពួកគេ​សម្រាប់​ការបោះឆ្នោត​ថ្ងៃទី២៨ ​ខែកក្កដា​ឆ្នាំ២០១៣។

ក្រុមអ្នកឃ្លាំ​មើល​បាន​និយាយ​ថា​គណបក្ស​គ្រប់គ្រង​ប្រទេស​ដែល​គ្រប់គ្រង​ ប្រព័ន្ធ​ឃោសនា​សឹង​ទាំងអស់​ ដែល​មាន​ទូរទស្សន៍​ វិទ្យុ ​និង​កាសែត​ជាដើម​នោះ​បាន​ធ្វើ​ ការឃោសនា​យ៉ាង​ខ្លាំងក្លា​មុន​និង​ក្នុង​ពេល​យុទ្ធនាការ​បោះឆ្នោត។

គណបក្ស ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់កាប់​អំណាច​ជាង​ ៣០​ឆ្នាំ​នេះ​ រំពឹង​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​ក្នុង​ពេលបោះឆ្នោត​ខាងមុខ​ដែល​គេ ​ចាត់ទុក​កើត​ចេញ​ពី​ការរៀបចំ​ដោយ​គ្មានភាព​ស្មើគ្នា​រឿង​ប្រព័ន្ធ​ឃោសនា​និង​តម្លាភាព​និង​យន្តការ​នៃ​ភាពសេរី​និង​យុត្តិធម៌៕
XS
SM
MD
LG