សហព័ន្ធស្រូវអង្ករកម្ពុជាកំពុងស្វែងរកប្រាក់កម្ចីបន្ទាន់យ៉ាងហោចណាស់២០០លានដុល្លារសហរដ្ឋអាមេរិកពីធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្គត់ផ្គង់លើកង្វះខាតហិរញ្ញប្បទានក្នុងការប្រមូលទិញស្រូវពីកសិករដែលចាប់ផ្តើមពីរដូវច្រូតកាត់ឆ្នាំ២០១៩នេះរហូតដល់ដើមឆ្នាំ២០២០ក្រោយនេះ។
លោក ចាន់ សុខឃាង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងប្រាប់ VOA ថា តម្រូវការប្រាក់កម្ចីបន្ទាន់ខាងលើនេះកើតមានឡើង បន្ទាប់ពីធនាគារពាណិជ្ជកាត់បន្ថយប្រាក់កម្ចីនៅក្នុងផ្នែកកសិកម្មនៅកម្ពុជា។
«យើងត្រូវការលុយ២០០លានដើម្បីយកមកប្រមូលទិញស្រូវបន្ថែម ដោយសារតែខាងធនាគារពាណិជ្ជហ្នឹង គាត់ ក្រោយពីមានការដាក់ការ close [បិទ] ពីសហគមន៍អឺរ៉ុបមក គាត់កាត់បន្ថយកម្ចីក្នុងវិស័យកសិកម្មហ្នឹង។ អ៊ីចឹងអ្នកខ្លះគាត់កាត់បន្ថយ៤០ភាគរយ អ្នកខ្លះ៥០ភាគរយអ៊ីចឹងទៅណា៎។ អ៊ីចឹងវាធ្វើឲ្យទុនបង្វិលមានការខ្វះខាត»។
លោក ចាន់ សុខឃាងបានបន្តថា សហភាពស្រូវអង្ករកម្ពុជាបានដាក់សំណើទៅកាន់ធនាគារអភិវឌ្ឍន៍ជនបទ ដែលជាធនាគាររបស់រដ្ឋ បង្កើតឡើងដើម្បីជួយទ្រទង់វិស័យកសិកម្មនៅកម្ពជា។ លោកបន្ថែមថា ធនាគារអភិវឌ្ឍន៍ជនបទនឹងបញ្ជូនសំណើបន្តទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលនឹងធ្វើការសម្រេចចិត្តចុងក្រោយលើសំណើនោះ។
លោកឡេង យេន កសិករនៅឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ការលក់ស្រូវចេញនៅឆ្នាំនេះប្រឈមនឹងការរាំងស្ទះ ដោយសារតែកង្វះខាតថវិកាពីរោងម៉ាស៊ីនកិនស្រូវ។
«បើតាមខ្ញុំដឹងគឺមកពីកង្វះថវិកាហ្នឹងឯង។ ម្ចាស់រោងម៉ាស៊ីនគ្នាអត់មានលុយ អត់មានអីអ៊ីចឹង។ បើសិនជារដ្ឋអីទម្លាក់លុយអីឲ្យអ្នកមានរោងម៉ាស៊ីនធ្វើអាជីវកម្មធំៗទិញអីៗទៅ ឲ្យលុយទិញដើម្បីឲ្យពួកម៉ាស៊ីនអីគាត់ទិញស្តុកទុកហ្នឹងអាចបានតម្លៃខ្ពស់ ហើយបើរដ្ឋអត់ទម្លាក់ឲ្យគ្នា គ្នាបានលុយណាទៅទិញ!»
VOA មិនអាចទាក់ទងលោកកៅ ថាច នាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍ជនបទបានទេ នៅថ្ងៃពុធនេះ។
ទោះយ៉ាងណា លោកកៅ ថាចបានប្រាប់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ថា កង្វះខាតទុនសម្រាប់វិស័យស្រូវអង្ករនៅកម្ពុជាមានរវាង២០០លាននិង២៥០លានដុល្លារអាមេរិក។ លោកបានបន្តថា វិស័យស្រូវអង្ករនៅកម្ពុជាកំពុងជួបប្រទះកង្វះខាតទុន ចាប់តាំងពីខែតុលាឆ្នាំមុនមក ហើយនឹងបន្តរហូតដល់ខែមករាឆ្នាំបន្ទាប់ ដោយហេតុថា មានភាពយឺតយ៉ាវក្នុងការទទួលបានប្រាក់បង្វិលសម្រាប់បញ្ជាទិញ។
លោកយ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម យល់ថា កង្វះខាតហិរញ្ញប្បទានគឺជាឧបសគ្គមួយដែលមិនអាចបើកផ្លូវឲ្យវិស័យស្រូវអង្ករកម្ពុជាមានសន្ទុះខ្លាំង ធៀបនឹងវិស័យផ្សេងទៀត។
«ធនាគារពាណិជ្ជគ្រាន់តែជារឿងមួយទេ ប៉ុន្តែសំខាន់គឺធនាគារអភិវឌ្ឍន៍ជនបទ ដែលជាធនាគាររបស់រដ្ឋ។ ហើយធនាគារហាក់ដូចជានៅឆ្នាំហ្នឹងអត់មានការបង្កើនទុន បង្កើនអីក្នុងការទិញស្រូវអង្ករ ទិញស្រូវស្តុកទុក»។
លោកបានបន្ថែមថា៖
«អ៊ីចឹងនៅពេលដែលសហភាពអឺរ៉ុបយកពន្ធទៅលើវិស័យស្រូវអង្ករហ្នឹង អ៊ីចឹងធ្វើឲ្យវិស័យស្រូវអង្ករយើងវាបាត់បង់សមត្ថភាពប្រកួតប្រជែងហ្នឹង។ ហើយនៅពេលយើងយកលុយពីធនាគារពាណិជ្ជ ហើយធនាគារពាណិជ្ជមិនសូវឲ្យលុយ ហើយការប្រាក់ខ្ពស់ដែរ ហើយធនាគារអភិវឌ្ឍន៍ជនបទមិនបន្ថែមទុនដើម្បីទម្លាក់លុយ សរុបមកវាមិនល្អហ្មងសម្រាប់ឆ្នាំហ្នឹង»។
អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាលោកចាន់ សុឃាងកត់សម្គាល់ថា នាពេលបច្ចុប្បន្ន ទុនសរុបនៅក្នុងវិស័យស្រូវអង្ករនៅកម្ពុជាមានប្រហែល១៥០លានដុល្លារ ហើយត្រូវការទុនបង្វិលពី៣០០ទៅ៣៥០លានដុល្លារក្នុងមួយឆ្នាំ។ លោកក៏បានស្នើឲ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចូលរួមចំណែកក្នុងការដោះស្រាយកង្វះហិរញ្ញប្បទានសម្រាប់ការប្រមូលទិញស្រូវពីកសិករនៅប្រទេសកម្ពុជាផងដែរ៕