ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋាភិបាល​ខ្មែរ​ព្រមាន​ស្ថាប័ន​ព័ត៌មាន​មិន​ឲ្យ​ប្រើ​ឃ្លា​«របប​លោក​ហ៊ុន​ សែន»​និង​«របប​ក្រុង​ភ្នំ​ពេញ»


រូបឯកសារ៖ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​កម្មវិធី​អបអរសាទរ​ការដាក់ប្រាសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក​ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក, នៅរាជធានីភ្នំពេញ​, នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)
រូបឯកសារ៖ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​កម្មវិធី​អបអរសាទរ​ការដាក់ប្រាសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក​ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក, នៅរាជធានីភ្នំពេញ​, នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)

លោក​ ​ណុប វី​ ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ ​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ បាន​ប្រាប់​ ​VOA​ ​ថា​ ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​​ចុង​ក្រោយ​ស្តីពីការប្រើ​ប្រាស់​ពាក្យ​របប​នោះ​ គឺ​មាន​លក្ខណ:​បិទ​សិទ្ធិ​សេរីភាព​របស់​អ្នក​កាសែត​។

ភ្នំពេញ ​– ការិយាល័យ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ព្រមាន​មិនឲ្យ​ស្ថាប័ន​សារព័ត៌មានប្រើ​ពាក្យពីរឃ្លា​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​មិន​ពេញ​ចិត្ត គឺ​ «របបក្រុង​ភ្នំពេញ​»និង«​របប​លោក​ ​ហ៊ុន សែន»។​ ​មន្ត្រីនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​អះអាងថា​ ​ពាក្យ​ទាំងនេះ មាន​គោល​ដៅ​សម្រាប់​បម្រើសកម្មភាព​បដិវត្តន៍។​

កាលពី​សប្តាហ៍​កន្លង​ទៅ​ ​រដ្ឋាភិបាល​ខ្មែរ​បាន​ស្តី​បន្ទោស​លើ​អង្គភាព​ព័ត៌មាន​ណា​ដែល​បាន​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ពីរឃ្លា​មិនត្រឹមត្រូវដែលរដ្ឋាភិបាល​ ​យល់​ថា​ ​ជាការ​អុជអាល​ ​និង​បាន​ព្រមាន​ឲ្យ​អង្គភាព​ព័ត៌មាន​ទាំងនោះ​បញ្ឈប់​ការប្រើ​ប្រាស់​ពាក្យទាំងពីរនោះ មានដូច​ជា​ពាក្យ​ ​«របប​ក្រុង​ភ្នំពេញ​»និង«របប​លោក​ ​ហ៊ុន សែន» ​នេះបើ​យោង​តាមសេចក្តី​ថ្លែង​ការណ៍​របស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា។​

ក៏ប៉ុន្តែ​អ្នកជំនាញ​ខាងប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ចាត់​ទុក​ការ​ព្រមាន​នេះ​ ​មាន​ចរិតរឹតត្បិត​សិទ្ធិ​របស់​ពល​រដ្ឋ។​

ការ​អត្ថាធិប្បាយ​របស់​ការិយាល័យ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ ពាក់ព័ន្ធ​នឹងការប្រើ​ប្រាស់​ឃ្លា​«របប​ក្រុង​ភ្នំពេញ»និង«របប​លោក​ ​ហ៊ុន សែន»​នេះ​ ​កើត​មាន​ឡើង​ក្រោយ​មានការបក​ស្រាយ​ពីលោក ស​ ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថា​ ​«អ្នកដែលប្រើ​ពាក្យ​ថា​ របប​ក្រុង​ភ្នំពេញ​ និងរបប​លោក​ហ៊ុន​ សែន គឺមិន​គោរព​ឆន្ទ:​របស់​ពលរដ្ឋ​ខ្មែរ​ ដែល​បានចេញ​ទៅ​បោះឆ្នោត​រហូត​ដល់​៨៣​ភាគរយ​»។​

ការិយាល័យ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​គាំទ្រ​ប្រតិកម្ម​បស់​លោក​ ​ស ខេង​ ​ដែលជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ ​និង​បាន​ធ្វើ​អត្ថាធិប្បាយ​ក្នុងសេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ក្នុង​ន័យ​ដើម​ថា៖

«ការិយាល័យ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ នៅ​ក្នុង​បរិការណ៍​នេះ​យល់​ឃើញ​ថា​ ការប្រើ​ប្រាស់​ពាក្យ​ របបក្រុង​ភ្នំពេញ​ និងរបប​លោកហ៊ុន​ សែន​ មានចរិត​ជាការញុះញង់​ធ្វើវិទ្ធង្ស​នា​បំបែក​បំបាក់​សាមគ្គី និងឯកភាព​ជាតិ​របស់​កម្ពុជា​ ដែលបាន​និងកំពុង​រស់​នៅ​ក្នុង​សង្គម​មួយ​ដែល​មាន​សុខដុម​នីយ​កម្ម និង​កំពុង​ប្រកាន់​យក​ការអនុវត្ត​តាម​គោល​ការណ៍​នីតិរដ្ឋ​យ៉ាង​ម៉ឹង​ម៉ាត់​ ដើម្បី​រួម​ចំណែក​ទៅដល់​ការ​ថែរក្សា​សន្តិភាព​ ការ​ការពារ​ជាតិ ​ពង្រឹង​ឯករាជ្យភាព​ អធិបតេយ្យ​ភាព បូរណភាព​ទឹកដី​ តាមរយ:ការ​អនុវត្ត​គោល​នយោបាយ​បង្រួប​បង្រួម​ជាតិ​ ក្រោម​ដំបូល​រដ្ឋ​ធម្មនុញ្ញ​តែមួយ​»។​

ការិយាល័យ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ​ក៏បាន​ស្នើឲ្យរាល់ភាគី​ពាក់​ព័ន្ធ​ និង​បណ្តាញ​សារ​ព័ត៌មាន​មួយ​ចំនួនឲ្យសហការ​ជាមួយ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើប្រាស់​ពាក្យ​មិនត្រឹម​ត្រូវ​នេះ។​ ការិយាល័យ​ដដែល​បាន​ព្រមាន​ថា៖​

«បើ​ពុំដូច្នេះ​ទេ​ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ នឹង​សើរើ​ពិនិត្យ​ចំពោះស្ថាប័ន​សារព័ត៌​មាន​ណា​ ដែល​មិនឆ្លើយ​តប​ទៅនឹង​ការ​អំពាវ​នាវ​នេះ​ ​ដោយ​ការ​ប្រើប្រាស់​ពាក្យ​ដូច​ដែល​បាន​លើក​មក​ខាង​លើ​ ដែល​បាន​បង្កប់​នូវ​អត្ថន័យ​ និងខ្លឹម​សារ​ប្រឆាំង​នឹង​សុឆន្ទ:ប្រជាជន​កម្ពុជា​ ដែល​លោក​ចង់​បាន​សន្តិភាព​ ស្ថិរភាព​នយោបាយ​ ឯកភាព​ និង​ការ​អភិវឌ្ឍ​សង្គម​ក្រុម​គ្រួសារ​ និង​ជាតិ​ខ្មែរ​ទាំង​មូល​ ក្រោម​រាជរ​ដ្ឋាភិបាល​ជាប់​ឆ្នោត​ អនុវត្ត​តាម​គោល​ការណ៍​លទ្ធិប្រជាធិប​តេយ្យសេរី​ពហុបក្ស​ ដែល​ឆ្លុះ​បញ្ចាំង​សុឆន្ទ:​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល»។​

ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ខ្មែរ​ នៅក្នុង​មួយរយ:ពេល​ចុងក្រោយ​នេះ ​ត្រូវ​គេ​មើល​ឃើញ​ថា មាន​ភាព​សកម្ម​ក្នុងការ​ចេញ​សារ​នយោបាយព្រមាន​នានា​ ចំពោះការធ្វើ​សេចក្តី​រាយការណ៍​ព័ត៌មាន​ ទាក់ទិន​បញ្ហា​រសើប​មួយចំនួន​ តួយ៉ាង​ដូច​រឿង​គម្រោង​ពាណិជ្ជកម្ម​សហភាពអឺរ៉ុប​ឈ្មោះ​«គ្រប់​មុខ​ទំនិញ​ទាំងអស់​លើក​លែង​តែ​សព្វា​វុធ​» ឬហៅថា​EBAនោះ​។

លោក​ ​ណុប វី​ ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ ​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ បាន​ប្រាប់​ ​VOA​ ​ថា​ ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាលចុង​ក្រោយ​ស្តីពីការប្រើ​ប្រាស់​ពាក្យ​របប​នោះ​ គឺ​មាន​លក្ខណ:​បិទ​សិទ្ធិ​សេរីភាព​របស់​អ្នក​កាសែត​។

«ខ្ញុំថា​ អាហ្នឹង​វា​ជាសេរីភាព​របស់​អ្នកសារព័ត៌មាន​ទេ​ យើង​កុំ​ទៅ​ចាប់​បង្ខំ​គេ​ឲ្យប្រើ​ពាក្យ​ហ្នឹង​ ឬមួយ​ក៏​យើង​កុំ​ទៅ​ចាប់​បង្ខំ​គេ​ ឲ្យ​គេ​ប្រើ​ប្រាស់​ពាក្យ​អីដែល​យើង​យល់​ឃើញ​ថា​ ជា​អ្វីដែល​យើង​ចង់​ ហើយ​និង​អ្វី​ដែល​ប្រើ​ ជាការ​ប្រើ​ប្រាស់​ពាក្យ​របស់​គេ​ហ្នឹង​ គឺវា​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​ហ្នឹង​ ខ្ញុំ​គិត​ថា​ អាហ្នឹង​វា​ជារឿង​ដែល​មិន​ត្រឹម​ត្រូវ​ទេ»។​

លោក​ ​សម រង្ស៊ី​ ​ស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​ខ្មែររំលាយ​ចោល​កាល​ពីឆ្នាំ​២០១៧ គឺ​ជា​អ្នក​នយោបាយ​មួយរូប​ ​ដែល​បាន​ប្រើប្រាស់​ពាក្យរបប​លោក​ ​ហ៊ុន សែន​ ​នេះ​ញឹកញាប់​ផងដែរ។​

ជា​ឧទាហរណ៍​ក្នុង​ការ​អត្ថាធិប្បាយ​វាយប្រហារ​ទៅលើ​ការមិន​បន្ទន់ជំហរ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ដើម្បី​ឆ្លើយ​តប​នឹង​សំណើ​របស់​សហភាព​អឺរ៉ុប​ឲ្យ​លោក​ហ៊ុន សែន​ ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​នោះ​ ​លោក​សម រង្ស៊ីបានសរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​លោក​កាលពី​ថ្ងៃ​ទី១៧​ ​ខែ​មករា​កន្លងទៅ​ក្នុង​ន័យ​ដើមថា​៖

«ហ៊ុន សែន​ ​ទើប​តែ​បាន​ឆ្លើយ​ទៅ​សហភាព​អឺរ៉ុប​វិញ​ថា​ បើ​សហភាព​អឺរ៉ុប​ ដាក់​ទណ្ឌកម្ម​មក​លើ​របប​គាត់​មែន​ នោះ​គាត់​នឹង​សម្លាប់​គណបក្សសង្គ្រោះជាតិ​តែម្តង​ មិន​ឲ្យ​សល់​អ្វី​ទេ​។ នេះ​ជា​ភាសា​ និង​ចរិត​ជន​ពាល​ លើឆា​កអន្តរ​ជាតិ​ ដែល​នឹង​ធ្វើ​ឲ្យ​របប​ ហ៊ុន សែន មក​ដល់​ទីបញ្ចប់​របស់​វាហើយ»។​

លោក សម រង្ស៊ី​ ​មិន​ទាន់​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​ ​VOA​ ​ដែល​បាន​ជ្ញើជូន​លោក​តាម​សារ​អេឡិច​ត្រូនិក​ ​ឬ​ ​Email​ ​តាំង​ពី​ថ្ងៃ​អាទិត្យ​ទេ។

VOA​ ​មិន​ទាន់​អាច​សុំអត្ថាធិប្បាយ​ពី​អង្គភាព​ព័ត៌មាន​ដែលបាន​បន្តប្រើ​ប្រាស់​ពាក្យរបបក្រុង​ភ្នំពេញ​ និង​របប​លោក ហ៊ុន សែន ​នោះ​ទេ។​

លោក​ ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ ​VOA ​នៅថ្ងៃ​ចន្ទនេះ​ថា​ ការ​ប្រើ​ប្រាស់​ពាក្យថា​ របប​នេះ​ ​មានចរិត​ជា​សកម្មភាព​បដិវត្តន៍​មួយ។​

«ពាក្យ​នេះ​ គេសម្រាប់​ធ្វើ​ អេធ្វើ​បដិវត្តន៍​តើ!​ ពាក្យ​ខ្មែរ​ដែល​មាន​គេធ្វើ​បដិវត្តន៍​។ គេប្រឆាំង​ជាមួយ​នឹង​របប​សាធារណ​រដ្ឋ​ គេប្រឆាំង​នឹង​របប​ខ្មែរ​ក្រហម​ គេ​និយាយ​របប​ ព្រោះ​អារបប​ហ្នឹង​វា​មិនដែល​មាន​ទទួល​ការបោះឆ្នោត​ពីណា​នោះ​ទេ​។ ក៏ប៉ុន្តែ​កម្ពុជា​យើង​មាន​ការ​បោះឆ្នោត​ ដូច្នេះ​ អាពាក្យ​ហ្នឹង​វា​អត់​ត្រូវ​ដើម្បី​ ជាពាក្យ​មួយ​ដែល​ ដែល​ប្រើមាន​ទិសដៅ​ជាការ​ញុះញង់​ ការបំបែក​បំបាក់​នៅ​ក្នុង​សង្គម​ជាតិ​ យើង​កំពុង​តែ​ពង្រឹង​នៃ​ការ​ផ្សះ​ផ្សា​ជាតិ​នេះ​ឯង​»។

ប៉ុន្តែ​លោក​ ​ណុប វី​ ​អ្នកជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​យល់​ដូច្នេះ​ទេ។​ លោក​មាន​ប្រសាសន៍​ថា៖​

«បើ​សម្រាប់​ខ្ញុំ​ ខ្ញុំ​គិតថា​ ជា​រឿង​សាមញ្ញ​ ជារឿង​ធម្មតា​ទេ​ដែលអ្នក​សារព័ត៌មាន​ គាត់​អាច​ប្រើ​ប្រាស់​ពាក្យ​អីក៏ដោយ​ ក៏ប៉ុន្តែ​កុំ​ឲ្យ​តែ​ មានការ​ញុះញង់​ កុំ​ឲ្យតែ​មាន​ការ​បង្កើត​នូវ​អស្ថិរភាព​ ឬមួយ​ក៏រើង​អើង​ជាតិ​សាសន៍​អីហ្នឹង​ គឺក៏​ខ្ញុំ​មិន​គាំទ្រ​ដែរ​បាទ»។​

ក្រៅ​ពីការ​ព្រមាន​របស់​ការិយាល័យ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​មកលើ​អង្គភាព​ព័ត៌មាន​ទាក់ទិន​ការ​ប្រើ​ប្រាស់​ពាក្យពេចន៍នានា​ឲ្យបាន​ត្រឹម​ត្រូវនោះ​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោកហ៊ុន​ សែន​ដែល​ឈ្នះ​ការ​បោះឆ្នោត​មួយ​ដោយគ្មាន​គូរ​ប្រជែងនោះ​ ក៏បានចេញ​សារដាស់​តឿន​អ្នកសារ​ព័ត៌មាន​ខ្មែរ​ឲ្យ​មាន​វិជ្ជាជីវ:​ខ្ពស់​ក្នុង​ការ​ធ្វើ​សេចក្តី​រាយការណ៍​ប្រកដ​ដោយ​ក្រមសីលធម៌ផងដែរ​។​

កាលពី​ខែធ្នូ​ ឆ្នាំ២០១៨ លោក ហ៊ុន​ សែន បាន​ចេញ​សារ​លិខិត​មួយ​ទាក់ទិន​នឹង​វិស័យ​សារព័ត៌មាន​ដោយ​លោក​អំពាវនាវ​ឲ្យ​អ្នកកាសែត​៖

«ត្រូវ​យកចិត្ត​ទុកដាក់​អនុវត្ត​ឲ្យបាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ ​គោរព​ច្បាប់​រដ្ឋ​ ​និង​ជៀស​វាង​នូវ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ​ឬ​ព័ត៌មាន​តែមួយ​ជ្រុង ឬ​ដោយ​សារតែ​គំនុំ​ ដោយ​ពុំ​គិត​អំពី​ក្បួន​ខ្នាត​ក្រឹត្យក្រម​នៃ​សារព័ត៌មាន​ ហើយ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បំប៉ោង​សភាព​ការណ៍​ ​ញុះញង់​ឲ្យ​មាន​ជម្លោះផ្ទៃក្នុង​រុញ​ច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​ភាព​វឹកវរ​ ​អសន្ដិ​សុខ ​ឬ​បង្ក​ឲ្យ​កើតមាន​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ប្រទេស​ជិត​ខាង​ធ្វើឲ្យ​អន្តរាយ​ដល់​ជាតិ​ ដែល​ជា​អំពើ​ខុស​ច្បាប់​ មិន​អត់អោន​ឲ្យ​ជា​ដាច់​ខាត»។​

លោក​ ​ហ៊ុន សែន​ ​ដែល​គេស្គាល់​ថា​ ជាបុរស​ខ្លាំង​របស់​កម្ពុជា​ បានថ្លែងថា រដ្ឋាភិបាល​លោក​ត្រូវ​ការ​នូវ​សារព័ត៌មាន​ ដែល​មាន​ថាមពល​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ និង​មាន​ភាព​ស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ​ គឺ​ទាមទារ​ឲ្យ​អ្នក​សារ​ព័ត៌មាន​ស្តាប់​គ្រប់​សំឡេង ​ហ៊ាន​និយាយ​ការពិត​ ហ៊ាន​រិះគន់​ក្នុង​ន័យ​ស្ថាបនា។​

យ៉ាងណាក៏​ដោយ​ ​កាលពី​ឆ្នាំ​២០១៧​ រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ត្រូវ​គេ​ដឹង​ថា​ បានបើក​យុទ្ធនា​ការ​វាយ​ឲ្យ​បែក​ខ្ចាត់​ខ្ចាយ​សារព័ត៌មាន​ឯករាជ្យតាមវិធានការ​ពន្ធដារ​ ក្នុងនោះ​មាន​កាសែត​ The Cambodia Daily​ ​ដែល​ផ្សាយ​ជាភាសា​អង់គ្លេស និងខ្មែរ ​ បានប្រកាស​បិទទ្វារ​ដោយ​ខ្លួន​ឯង​ ​ដោយ​សារ​ខ្លួន​គ្មាន​លទ្ធភាព​បង់​ពន្ធក្នុងចំនួន​ដ៏ច្រើន​សន្ឋឹកសន្ធាប់ គឺជាង​៦លាន​ដុល្លារ​អាមេរិក​។

កាសែត​នេះ​បាន​ចេញ​ផ្សាយ​អត្ថបទ​របស់​ខ្លួនលើក​ចុងក្រោយ​ ដោយបាន​ចាត់ទុក​កម្ពុជាថា​បាន​ធ្លាក់​ក្នុង«របប​ផ្តាច់ការ​ពេញទី»​ ព្រោះអាជ្ញាធរ​កម្ពុជា​បាន​ចាប់​មេដឹកនាំគណបក្ស​ប្រឆាំង​លោក​កឹម សុខា​ ក្រោម​បទចោទមេបក្សរូបនេះ​ ថា​បានរួមគំនិត​ជាមួយរដ្ឋាភិបាល​បរទេស​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ក្រុង​ភ្នំពេញ​៕

XS
SM
MD
LG