[សំឡេងលោក សូត្រ សាយ កសិករនៅភូមិដំរីស ខេត្តពោធិ៍សាត់--«ជីវិតកាន់តែលំបាកនាពេលនេះ»។ ]
នេះជាការថ្លែងរបស់លោក សូត្រ សាយ ដែលកំពុងឈរមើលស្រែតាមបណ្តោយផ្លូវលំមួយ ក្នុងភូមិដំរីស ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលត្រូវបានភ្ជួរចោល ដោយសារវារាំងស្ងួតងាប់។ កសិករអាយុ៤៥ឆ្នាំរូបនេះ បានរៀបរាប់ថាឆ្នាំនេះ មិនមានភ្លៀង អាក្រក់ជាងឆ្នាំមុនទៅទៀត។
លោកប្រាប់វីអូអេថា៖ «អាក្រក់ជាងឆ្នាំមុន។ ឆ្នាំមុន អត់សូវរាំងអញ្ចឹងទេ តែបានភ្លៀងមកទឹកលិចអស់ដូចគ្នា។ អត់បានស្រូវពូជទេ ឆ្នាំមុន លិចរលួយអស់រលីង»។
កសិករដែលមានកូន៤នាក់ក្នុងបន្ទុក បានរៀបរាប់បែបនេះ ពេលអង្គុយក្រោមផ្ទះឈើតូចមួយរបស់លោក ដែលមានកម្ពស់ប្រមាណ១ម៉ែត្រកន្លះពីដី។
លោក សូត្រ សាយ បានប្រាប់វីអូអេកាលពីពេលថ្មីៗនេះថាស្រូវរបស់លោកប្រមាណ៧០%រងការបំផ្លាញដោយសារភាពរាំងស្ងួត ហើយនៅសេសសល់អាចនឹងងាប់ដូចគ្នា ប្រសិនបើមិនមានភ្លៀងនៅថ្ងៃខាងមុខ។
លោកថ្លែងថា៖ «នៅប្រហែលជា៣០%ចុះ។ នៅ៣០%ហ្នឹង សង្ឃឹមមើលទឹកភ្លៀងសិនទេណា។ បើសិនអត់ទឹកភ្លៀង មើលមួយខែទៀតអត់ កន្លះខែទៀតអត់[ភ្លៀង] អស់ទាំងអស់ហើយ។ ព្រោះងាប់មួយកំណាត់ នៅសល់គល់ប្រវែងនេះ[បន្តិច]»។
លោក សាយ ជាកសិករធ្វើស្រែម្នាក់ក្នុងចំណោមកសិករផ្សេងទៀតក្នុងភូមិដំរីស ខេត្តពោធិ៍សាត់ ដែលរងគ្រោះដោយសារវិបត្តិអាកាសធាតុ ចំពេលមានវិបត្តិជំងឺកូវីដ១៩ ដែលនាំឲ្យជីវភាពគ្រួសាររបស់លោកកាន់តែលំបាក។ ចំណាកស្រុក និងការបង្ខំចិត្តឲ្យកូនឈប់រៀន ជាជម្រើសរបស់លោក សាយ នាពេលនេះ។
លោក សាយ ដែលមានកូនស្រី២នាក់ និងប្រុស២នាក់ ហើយរស់នៅពឹងផ្អែកលើការធ្វើស្រែលើដីប្រមាណ២ហិកតាកន្លះ ដែលមាន៥ប្លង់ផ្សេងគ្នា ឲ្យដឹងថាក្នុងពេលវិបត្តិជំងឺកូវីដ១៩ លោកមិនអាចរកការងារសំណង់ធ្វើបាន ដើម្បីរកកម្រៃខ្លះ បន្ថែមពីការធ្វើស្រែដែលខាតបង់នោះទេ។
លោកថ្លែងថា៖ «ធាតុអាកាសវាប្រែប្រួល។ ណាទុក្ខលំបាកកូវីដ១៩ផង អត់មានដើរចេញទៅរកនៅទីណាបានទេ។ ហើយមេឃរាំងទៀត វាជាន់លើជាន់។ ប្រជាពលរដ្ឋពិបាករកស៊ី។ ជីវភាពពិបាកខ្លាំង រកអីក៏មិនបានដែរ»។ លោកបន្ថែមថា៖ «ឆ្នាំមុនទឹកលិចមក តែយើងបានដើររកអី ក៏បានដែរ។ យើងដើររកនេះ រកនោះ ចេះតែបាន។ កូវីដវាអត់ទាន់ផ្ទុះខ្លាំង។ ដល់ពេលឆ្នាំនេះ កូវីដ១៩ ផ្ទុះខ្លាំងអញ្ចឹងទៀត វារឹតតែខ្លាំង…»។
បើតាមកសិកររូបនោះ ការធ្វើស្រែឆ្នាំនេះ លោកបានខាតបង់ប្រាក់ជាង១ពាន់ដុល្លារ ដោយសារចំណាយលើថ្លៃទិញពូជស្រូវប្រភេទរំដួលនិងអូអឹម ប្រេង និងជីជាដើម ដែលឡើងថ្លៃនៅឆ្នាំនេះ។ នេះមិនទាន់គិតពីកម្លាំងដែលលោកបានចំណាយលើការធ្វើស្រែនេះ ចាប់តាំងពីខែឧសភាមក។
កម្ពុជាជាប្រទេសដែលងាយរងគ្រោះមួយ ដោយសារវិបត្តិបម្រែបម្រួលអាកាសធាតុ។ កាលពីឆ្នាំ២០១៥ កម្ពុជាបានរងផលប៉ះពាល់ភាពរាំងស្ងួតខ្លាំងបំផុតនៅក្នុងរយៈពេល៥០ឆ្នាំ ដែលប៉ះពាល់ទូទាំងប្រទេស ហើយប្រជាជនប្រមាណ២,៥លាននាក់ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
កសិករធ្វើស្រែជួបប្រទះបញ្ហាជារៀងរាល់ឆ្នាំ ក្នុងនោះមានកង្វះទឹក ប្រឡាយទឹកមិនគ្រប់គ្រាន់ តម្លៃស្រូវមិនទៀងទាត់ ថ្លៃជី និងប្រេងឡើងថ្លៃជាដើម។
លោក សាយ ក៏រអ៊ូរទាំថាប្រឡាយទឹកតូចក្នុងភូមិមិនមានទឹកសម្រាប់ពលរដ្ឋប្រើប្រាស់ធ្វើស្រែ។ លោកបន្តថាប្រជាពលរដ្ឋខ្លះ«បានដណ្តើមទឹកគ្នា» ពេលមានទឹកខ្លះហូរតាមប្រឡាយ។
លោកបញ្ជាក់ថា៖ «ពឹងផ្អែកទឹកភ្លៀង អត់ដែលមានទឹកប្រឡាយ។ ទឹកប្រឡាយគេជីកឲ្យ តែទឹកអត់ដែលបានដល់ទេ ព្រោះយើងនៅឆ្ងាយពេក»។
អ្វីដែលជាបន្ទុកសម្រាប់គ្រួសាររបស់លោក សាយ បន្ថែមទៀត គឺលោកបានខ្ចីលុយធនាគារអេស៊ីដាមួយចំនួន ហើយត្រូវបង់រយៈពេលប្រមាណ២ឆ្នាំទៀត ដោយក្នុងមួយខែបង់ប្រមាណ៩០ម៉ឺនរៀល បូកទាំងថ្លៃដើម និងការប្រាក់។ នៅក្នុងថ្ងៃផ្តល់បទសម្ភាសន៍ដល់វីអូអេ លោកឲ្យដឹងថាលោកមិនទាន់មានលុយទុកសម្រាប់បង់សងបំណុលនៅឡើយទេ ដូច្នេះប្រហែលជាត្រូវខ្ចីប្រាក់ពីគេក្នុងភូមិ ដែលមានការប្រាក់ខ្ពស់ ដើម្បីបង់សងគេសិន។
លោកបន្ថែមថា៖ «សព្វថ្ងៃ រកអីបាន។ ធ្វើស្រែសង្ឃឹមស្រែ។ បានស្រូវ៣ខែហ្នឹងទៅ យើងអាចលក់បណ្តោះគេខ្លះ។ ដល់ឥឡូវ មេឃវាអញ្ចឹង អាស្រូវក៏ងាប់ មានតែរត់រកលុយចិន[អ្នកឲ្យខ្ចីឯកជន]។ អាហ្នឹងវាមួយជាពីរ»។
ដោយសារជីវភាពកាន់តែលំបាក កូនស្រីរបស់លោក សាយ គឺកញ្ញា សំ ស៊ាងអ៊ី ដែលមានអាយុ១៥ឆ្នាំ រៀនថ្នាក់ទី៧ បានប្រាប់ឪពុកម្តាយថារូបគេសម្រេចចិត្តឈប់រៀននៅពេលនេះ ខណៈសាលារៀនទូទាំងប្រទេសបានបិទទ្វារ ដោយសារជំងឺកូវីដ១៩។ នេះបើតាមភរិយារបស់លោក សូត្រ សាយ គឺអ្នកស្រី ចាន់ សួង អាយុ៣៦ឆ្នាំ ដែលកំពុងអង្គុយលើអង្រឹងក្រោមផ្ទះ។
អ្នកស្រីរៀបរាប់ថាកូនស្រីរបស់អ្នកស្រី ដែលជាកូនទីបី នឹងឈប់រៀននៅពេលខាងមុខ ហើយរកការងារធ្វើនៅក្នុងខេត្តព្រះសីហនុ ជាទីដែលបងប្អូនសាច់ថ្លៃផ្សេងទៀតកំពុងធ្វើការសំណង់នៅទីនោះ។
អ្នកស្រីថ្លែងក្នុងបទសម្ភាសន៍ជាមួយវីអូអេកាលពីពេលថ្មីៗនេះថា៖ «ជាម្តាយពិបាកអាណិតកូនតែមិនដឹងធ្វើម៉េច។ អត់ឲ្យវាឈប់ តែវាថាវាឈប់ វាអត់ចង់នៅ[រៀន] ព្រោះអីយើងអត់យ៉ាងនេះ។ ទឹកចិត្តជាម្តាយចង់ឲ្យតែកូនរៀនចប់ ទោះពិបាកយ៉ាងណា ក៏ចង់ឲ្យកូនរៀនចប់ដែរ។ តែកូនអត់ចង់ វាទារឈប់។ វាឃើញយើងក្រ យើងលំបាកពេក វាអត់ចង់រៀនទៀត»។
ប្រសិនបើមិនរងភាពរាំងស្ងួតបំផ្លាញស្រូវនោះទេ លោក សាយ អាចលក់ស្រូវបានខ្លះ ប្រមាណ៤ទៅ៥តោនក្នុងពេលប្រមូលផល។ ប៉ុន្តែឆ្នាំនេះ លោកកំពុងបារម្ភថាមិនមានអង្ករគ្រប់គ្រាន់សម្រាប់ទុកជាស្បៀងនៅឆ្នាំក្រោយ។
អង្គុយក្បែរនោះ គឺជាប្អូនថ្លៃរបស់លោក សាយ ដែលត្រូវជាប្អូនស្រីពៅរបស់អ្នកស្រី ចាន់ សួង។ ខណៈកំពុងមើលកូនតូចអាយុ១ឆ្នាំ អ្នកស្រី ចាន់ មួយ អាយុ២០ឆ្នាំ ដែលធ្លាប់ធ្វើជាកម្មការិនីរោងចក្រកាត់ដេរនៅភ្នំពេញ តាំងពីអាយុប្រមាណ១៣ឆ្នាំ និងធ្លាប់ធ្វើការនៅប្រទេសថៃផងដែរ បានឲ្យដឹងថាស្រែរបស់អ្នកស្រីប្រមាណ១ហិកតា ក៏ងាប់អស់ដែរហើយ។ ដោយសារតែស្រែងាប់ និងជំពាក់លុយគេ ស្វាមីរបស់អ្នកស្រី គឺលោក ណូច ប៉ក់ អាយុ២១ឆ្នាំ បានសម្រេចចិត្តចាកចេញពីស្រុកកំណើត ទៅធ្វើការសំណង់នៅក្នុងខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ដើម្បីរកចំណូលជួយគ្រួសារ ដោះបំណុលឯកជនប្រមាណ៥០០ដុល្លារអាមេរិក ដែលយកមកធ្វើស្រែ។
អ្នកស្រីបានថ្លែងថា៖ «ស្រូវវាអត់សង្ឃឹម អញ្ចឹងទៅរកលុយឯណោះទៅ»។
អ្នកស្រីក៏ធ្លាប់ធ្វើការតាមផ្ទះឲ្យគេនៅក្នុងប្រទេសថៃផងដែរ ដោយរកចំណូលបានប្រមាណ១លាន៣០ម៉ឺនរៀលក្នុងមួយខែ។ អ្នកស្រីមានបំណងទៅធ្វើការនៅប្រទេសថៃវិញ នៅពេលស្ថានភាពជំងឺកូវីដមានភាពល្អប្រសើរ ដោយទុកកូនប្រុសឲ្យម្តាយបង្កើតជួយមើលថែនៅស្រុកកំណើត។
ចំណែកអ្នកស្រី ភន រស់ អាយុ២៦ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយរបស់អ្នកស្រី ចាន់ សួង បានថ្លែងថាអ្នកស្រីនឹងទៅខេត្តព្រះសីហនុ ក្រោយភ្ជុំបិណ្ឌហើយ ដើម្បីធ្វើការសំណង់នៅទីនោះ ដោយទុកកូនស្រី អាយុ៣ឆ្នាំឲ្យម្តាយក្មេកជួយមើលថែនៅស្រុកកំណើត។ ស្វាមីរបស់អ្នកស្រីកំពុងធ្វើការសំណង់នៅខេត្តព្រះសីហនុដែរ។
អ្នកស្រីប្រាប់វីអូអេថា៖ «ទៅកំពង់សោម មានការងារធ្វើ រកលុយគ្រាន់ជាងនេះ អត់មានអង្ករ មានអីហូប ទៅនោះទៅ ហូបបាយគេអញ្ចឹង»។
ក្រៅពីគ្រួសាររបស់លោក សាយ ប្រជាពលរដ្ឋផ្សេងទៀតក៏កំពុងជួបប្រទះបញ្ហាស្រដៀងគ្នានេះដែរ។
កំពុងឈរនៅលើផ្លូវលំមួយ មើលគេភ្ជួរដី និងស្រែចោលដោយសារភាពរាំងស្ងួត លោក ភិន រិទ្ធី អាយុ៤១ឆ្នាំ ដែលមានកូន២នាក់ អះអាងថាកសិករបានព្យួរស្រែចាស់ដែលងាប់ ហើយត្រៀមសម្រាប់ព្រោះពូជស្រូវថ្មី ក្រែងមានទឹកភ្លៀងសម្រាប់ដាំដុះម្តងទៀត។
កសិករដែលមានដីប្រមាណ៣ហិកតា បានអះអាងថាស្រូវរបស់លោកក្នុងស្រែនៅសល់ប្រមាណ២០%តែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ចូលមកប្រមាណបួនដប់ឆ្នាំនេះ ប្រឡាយខ្វែងខ្វាត់មាន ហើយអាកាសធាតុ អត់មានអំណោចផលដល់ប្រជាពលរដ្ឋធ្វើស្រែចម្ការ ដូចឆ្នាំយើងព្យួរគោ ព្យួរក្របីទេ។ វាដូចជាយ៉ាប់ទៅៗរហូត។ ហើយអ្នកធ្វើស្រែកាន់តែជំពាក់គេច្រើនទៅៗទេ»។
ដូចគ្នានឹងលោក សាយ ផងដែរ កសិកររូបនោះក៏ជាប់បំណុលធនាគារអេស៊ីលីដាដែលត្រូវបង់ប្រមាណ៥ឆ្នាំទៀត ហើយក្នុងមួយខែបង់ប្រមាណ១លានរៀល។
អ្នកស្រី តូច សោភនី មេឃុំកោះជុំ ប្រាប់វីអូអេថាប្រជាជនជាង៦០%នៃប្រជាជនសរុបប្រមាណ២៥០០គ្រួសារ បានរងផលប៉ះពាល់ដោយសារខ្វះទឹក ហើយស្រែរបស់ពួកគេងាប់។
អ្នកស្រីថ្លែងថា៖ «ឆ្នាំនេះអាក្រក់ជាងឆ្នាំមុនអត់ទឹក អត់អី។ ឆ្នាំមុនវាអាក្រក់[ដំបូង]ហើយ វាបានភ្លៀងមកវិញ»។
អ្នកស្រីមេឃុំបន្ថែមថាការណ៍នេះនាំឲ្យកសិករជួបការលំបាកជាខ្លាំង ក្នុងពេលដែលមានវិបត្តិជំងឺកូវីដ១៩នេះផងដែរ។
អ្នកស្រីបន្ថែមថា៖ «ពិបាកជំពាក់បំណុលគេ ពិបាកអត់មានជីវភាព ខ្វះខាតអង្ករស្បៀង ពូជស្រូវ ពូជអី»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ឡាយ ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់បាននៅឡើយទេ។
លោក ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន បានប្រាប់វីអូអេកាលពីពេលថ្មីៗនេះថាប្រទេសកម្ពុជា«ងាយរងគ្រោះបំផុត»នៃការប្រែប្រួលអាកាសធាតុ ដោយសារជាប្រទេសក្រីក្រមួយ។ ហើយផលប៉ះពាល់នៃវិបត្តិនេះ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដូចជាករណីទឹកជំនន់លិចទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត របាយទឹកភ្លៀងមិនទៀងទាត់ ភាពរាំងស្ងួត និងខ្យល់កន្រ្ទាក់ជាដើម។
លោកបន្តថាមិនមានតួលេខថាតើប្រជាពលរដ្ឋកម្ពុជាប៉ុន្មានរងគ្រោះដោយសារវិបត្តិអាកាសធាតុនេះទេ ប៉ុន្តែលោកបញ្ជាក់ថាភាគច្រើនប៉ះពាល់ធ្ងន់ធ្ងរលើប្រជាជនដែលប្រកបរបរក្នុងវិស័យកសិកម្ម និងនេសាទ។
លោក Oskar Haq ប្រធានកម្មវិធីសេដ្ឋកិច្ចបៃតងប្រកបដោយបរិយាបន្ននៃអង្គការអុកស្វាម(Oxfam) បានប្រាប់វីអូអេតាមសារអ៊ីមែលកាលពីពេលថ្មីៗនេះថាប្រទេសកម្ពុជាស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ ដោយរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ ដោយសារទីតាំងស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គ និងទន្លេសាប។
លោកបន្តថាវិស័យដែលងាយរងគ្រោះដោយបម្រែបម្រួលអាកាសធាតុនេះ គឺកសិកម្ម និងនេសាទ ដែលស្មើជាង៣០%នៃផលិតផលក្នុងស្រុកសរុប (GDP)របស់កម្ពុជា។
ដូច្នេះលោកបញ្ជាក់ថាការកើនឡើងញឹកញាប់ និងកាន់តែធ្ងន់ធ្ងរនៃទឹកជំនន់ និងភាពរាំងស្ងួត នឹងមានឥទ្ធិពលខ្លាំងលើកម្ពុជាដែលប៉ះពាល់ស្រែរបស់កសិករ សន្តិសុខស្បៀង គុណភាពទឹកសម្រាប់បរិភោគ និងការធ្វើស្រែការកើនឡើងនៃជំងឺតាមទឹក ការធ្លាក់ចុះការនេសាទត្រី និងបាត់បង់ដីសើមផងដែរ។
លោកប្រាប់វីអូអេតាមសារអ៊ីមែលថា៖ «អ្នកដែលរងគ្រោះដោយសារជំងឺកូវីដ១៩រួចហើយ នឹងរងគ្រោះបន្ថែមទៀត ដោយសារគ្រោះអាកាសធាតុនេះ»។
វិលត្រឡប់ទៅភូមិដំរីសនៃស្រុកកណ្តៀងវិញ លោក សូត្រ សាយ បានរៀបរាប់ថាលោកមានគម្រោងទៅខេត្តព្រះសីហនុ ដើម្បីធ្វើការងារសំណង់ ដោយយកកូនស្រីទីពីររបស់លោកដែលឈប់រៀន ទៅជាមួយ។ កូនស្រីរបស់លោកអាចធ្វើការផ្នែករត់តុនៅហាងណាមួយ។
អ្នកស្រី ចាន់ សួង ដែលជាភរិយារបស់លោក សូត្រ សាយ កំពុងបារម្ភអំពីអនាគតកូនដែលរៀនមិនបានខ្ពស់ ហើយវាសនារបស់ពួកគេ គឺដូចអ្នកស្រី។
អ្នកស្រីបញ្ជាក់ថា៖ «អនាគតទៅ វាពិបាកដូចខ្ញុំអញ្ចឹង ព្រោះអីវាអត់បានរៀន ចប់ចុង ចប់ដើមគេ ទៅរកការងារណាបានធ្វើ។ យើងរៀនតែប៉ុណ្ណឹង យើងចង់ធ្វើការងារអីក៏មិនបាន មានតែផ្លូវដើរស៊ីឈ្នួលគេ លាងចាន លាងឆ្នាំង ធ្វើសំណង់ តែប៉ុណ្ណឹងឯង»៕