ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា ប្រាប់​អ.ស.ប.ថា ការចាប់ខ្លួន​លោក រ៉ុង ឈុន ស្រប​តាម​ច្បាប់


រូបឯកសារ៖ លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ត្រូវបាន​ក្រុម​សន្តិសុខ​បង្ខំ​ឲ្យ​ចាកចេញ​ពី​ម៉ាត​របស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ជាទី​ដែល​លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ត្រូវបាន​ក្រុម​សន្តិសុខ​បង្ខំ​ឲ្យ​ចាកចេញ​ពី​ម៉ាត​របស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ជាទី​ដែល​លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/វីអូអេ)

រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្តល់​ការ​ពន្យល់​ទៅ​ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សថា ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន​ មេដឹកនាំ​សហជីព​ចំពោះ​ការរិះគន់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​នោះ​ គឺ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ និង​ជា​វិធានការ​ទប់ស្កាត់​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា។ នេះ​បើ​តាម​លិខិតរបស់​ស្ថាន​បេសកកម្ម​អចិន្ទ្រៃយ៍​កម្ពុជា​ប្រចាំ​ទីក្រុង​ហ្សឺណែវ ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​ការិយា​ល័យ​សិទ្ធិ​មនុស្ស​អង្គការ​ប្រជាជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ​រ៉ុង ឈុន ​ដែល​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​ ត្រូវបាន​ចាប់ខ្លួន​ កាល​ពី​យប់​ថ្ងៃ​៣១ ខែ​កក្កដា​ ក្រោយ​ពី​លោក​បាន​ចុះ​ទៅ​ខេត្ត​ត្បូង​ឃ្មុំ ​ ហើយ​បាន​ជួប​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ​ ដែល​អះអាង​ថា ​ដី​របស់​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ ​ហើយ​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចូល​មក​ទឹក​ដី​កម្ពុជា។ មុន​ការ​ចាប់​ខ្លួន​ដែល​ក្រុម​គ្រួសារ​ថា​ពុំ​មាន​ដីកា​ លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជា​ភាសា​ខ្មែរ​អំពី​សេចក្តី​ថ្លែង​ការណ៍​របស់​លោក ​ស្តីពី​បញ្ហា​វិវាទ​ដី​ធ្លី​នៅ​ឃុំ​ត្រពាំង​ផ្លុង​ ស្រុក​ពញាក្រែក​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម​ផង​ដែរ។

​លិខិត​ចុះ​ថ្ងៃ​ទី​៣០ ខែ​តុលា ស្ថាន​បេសកកម្ម​អចិន្ទ្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិឲ្យ​ដឹង​ថា​ ក្រសួង​សំខាន់ៗ​ចំនួន​ពីររបស់​រដ្ឋា​ភិបាល​កម្ពុជា​ គឺ​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​យុត្តិធម៌​ បាន​ការ​ពារ​ថា​ ការ​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន​ គឺ​ជា​ផ្នែក​មួយ​នៃ«ការ​ការពារ​វិបុលភាព និង​សន្តិភាព»​នៅ​ក្នុង​ប្រទេស ហើយ​ការ​ចាប់ និង​ឃុំ​ខ្លួន​លោក ​រ៉ុង ឈុន ​ទៀត​សោត​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យោង​តាម​ភស្តុតាង​ដែល​ប្រមូល​បាន​ ​និង​តាម​ក្រម​ព្រហ្មទណ្ឌ​ប្រទេស​កម្ពុជា។

លិខិត​បញ្ជាក់​ថា៖ «នៅ​ពេល​ដែល​ប្រជាជន​កម្ពុជា​កំពុង​ទទួល​បាន​ផ្លែផ្កា​ពី​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ នគរបាល​ជាតិ​កម្ពុជា​ មាន​កាតព្វកិច្ច​រួម​ចំណែក​ដល់​ការ​រក្សា​សណ្តាប់​សាធារណៈ និង​សន្តិសុខ​សង្គម​ដើម្បី​ប្រយោជន៍​ជាតិ​ និង​ភាពសុខសាន្ត​របស់​ប្រជាជន»។

លិខិត​បន្ថែម​ថា៖ «​យ៉ាង​ណាក៏ដោយ​ មាន​ក្រុម​មួយ​ក្តាប់​តូច​រមែង​ប្រឹង​រក​លេស​មក​បង្កើត​បញ្ហា​ផ្សេង​ៗ​ ជាពិសេស​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ ជាមួយ​គោល​បំណង​ញុះញង់​ឲ្យ​មាន​សកម្មភាព​ខុស​ច្បាប់​ ក្នុង​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិ​បាល​ស្រប​ច្បាប់»។

បើ​តាម​លិខិត​នោះ ក្រសួង​យុត្តិធម៌​បាន​ពណ៌នា​ថា រាល់​នីតិវិធី​នៃ​ការ​ចាប់ខ្លួន​ និង​ឃុំ​ខ្លួន​លោក ​រ៉ុង ឈុន​ ត្រូវ​បាន​ធ្វើ​ឡើង​ជា​ដំណាក់​កាល​ចាប់​តាំង​មន្ត្រី​នគរបាល​យុត្តិធម៌​ ព្រះរាជអាជ្ញា និង​ការ​ស៊ើបសួរ​របស់​ចៅក្រម ដោយ​ផ្អែក​លើ​ការ​ពិត​ និង​ភស្តុតាង​ចង​ក្រង​ដោយ​នគរបាល​យុត្តិធម៌។

ក្រសួង​យុត្តិធម៌ពន្យល់​ថា៖ «ខ្លឹមសារ​នៃ​ឯកសារ​ផ្សេងៗ​ដែល​លោក ​រ៉ុង ឈុន​ បាន​ផ្សព្វផ្សាយ​ដោយ​ទុច្ច​រិត​នោះ​ ប៉ុន​ប៉ង​ធ្វើឲ្យមតិ​សាធារណ​ជាតិ​ និង​អន្តរជាតិ​យល់​ច្រឡំ​ ព្រម​ទាំង​ដើម្បី​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​សន្តិ​សុខ​សង្គម»។

ការ​ផ្តល់​សេចក្តី​ពន្យល់​របស់​ក្រសួង​ទាំង​ពីរ​ពាក់​ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​លោក ​រ៉ុង ឈុន​ កើត​មាន​ឡើង​ ក្រោយ​អ្នកជំនាញ​សិទ្ធិ​មនុស្ស​របស់អង្គការ​សហ​ប្រជាជាតិ​ ក្នុង​នោះ​រួម​មាន​លោក​ស្រី ​រ៉ូណា ស្មីត​ (Rhona Smith) ​អ្នក​រាយ​ការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាផង បាន​ផ្ញើលិខិត​រួម​មួយ​ច្បាប់​ជូនរដ្ឋាភិបាល​កម្ពុជា​ ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន។

លិខិត​របស់​អ្នកជំនាញ​អង្គការ​សហប្រជាជាតិបាន​ពណ៌នា​អំពី​សេចក្តី​រាយ​ការណ៍ និង​ព័ត៌មាន​ដែល​ប្រមូល​បាន​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន​ ឈាន​ដល់​ការ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​លោក។ ក្រុម​អ្នក​ជំនាញ​បាន​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ចាប់​ខ្លួន​លោក រ៉ុង ឈុន ​ដោយ​គ្មាន​ដីកា​ និង​បាន​សម្តែង​ការ​បារម្ភ​ថា​ ការ​ឃុំ​ខ្លួន​លោក​ រ៉ុង​ ឈុន​ គឺ​មិន​មែន​ដោយ​សារ​តែ​លោក​បាន​ប្រព្រឹត្ត​កំហុស​ទេ​ ប៉ុន្តែ​ វា​ហាក់​ដូច​មាន​ជាប់​ពាក់​ព័ន្ធ​ និងការ​ប្រើប្រាស់​សិទ្ធិ​សម្តែងមតិ​របស់​លោក។

ក្រុម​អ្នក​ជំនាញ​បាន​លើកឡើង​ថា៖ «...យើង​សូម​សម្តែង​ការ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​ឃុំ​ខ្លួន​លោក ​រ៉ុង ឈុន ​ដែល​ហាក់​ដូច​ជា​មាន​ទំនាក់​ទំនង​នឹង​ការ​អនុវត្ត​សិទ្ធិ​សម្តែង​មតិ​របស់​លោក»។

កាល​ពី​កន្លង​ទៅ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​លើក​ឡើង​ថា​ ការ​ថ្លែង​របស់​លោក ​រ៉ុង ឈុន គឺ​ជា​«ការ​មួល​បង្កាច់» ​មិន​មែន​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ​ទេ។ ​លោក​បន្ត​ថា​ បើ​សិន​ជា​លោក រ៉ុង ឈុន​ ចោទ​សួរ​មក​រដ្ឋាភិបាលអំពី​ការ​បោះ​បង្គោល​ព្រំដែន​នេះ រដ្ឋាភិបាល​«​គ្មាន​ហេតុ​ផល​ចាប់​ខ្លួន [លោក​]​រ៉ុង ឈុន ​ទេ»។​

អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០២០។ (អូន ឆេងប៉រ/វីអូអេ)
អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០២០។ (អូន ឆេងប៉រ/វីអូអេ)

លោក រ៉ុង ឈុន​ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​២​ឆ្នាំ។ ក្រោយ​ការ​ចោទ​ប្រកាន់​នេះ​ ​ការ​តវ៉ា​អហិង្សា​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ ហើយ​សកម្មជន​ជា​ច្រើន​នាក់ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ផងដែរ។

លោក ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ឲ្យ​វីអូអេ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ ប្រហែល​ជា​មិន​បាន​យល់​ស៊ី​ជម្រៅ​នៃ​ការ​អនុវត្ត​នីតិវិធី​ច្បាប់​នៅ​កម្ពុជា​ ឬ​ក៏​ទទួល​ព័ត៌មាន​ដែល​មិន​អាច​យក​ជា​ការ​បាន​ពី​ភាគី​ណាមួយ។

«ក៏​ប៉ុន្តែ​សម្រាប់​សមត្ថកិច្ច​ គឺ​គេ​មាន​មូលដ្ឋាន​របស់​គេ​រឹងមាំ​ច្បាស់​លាស់​ណាស់​ក្នុង​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់។ឥឡូវ​ដំណាក់​កាល​នេះ​ គឺ​ការ​សម្រេច​នៅ​លើ​តុលាការ។ តុលាការ​ កំពុងតែ​ធ្វើ​ការ​វិនិច្ឆ័យ​ទៅ​លើ​រឿង​ហ្នឹង។ អ៊ី​ចឹង​ទេ​ មធ្យោបាយ​ដែល​ជួយ​ដល់​លោក​ រ៉ុង​ ឈុន ​បាន​ គឺ​មាន​តែ​ការ​ចូលរួម​ក្នុង​ដំណើរ​ការ​នីតិវិធី​តុលាការ​ទេ»។

រូបឯកសារ៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ឈរ​ជាមួយ​នឹង​បាតុករ​លើក​រូបភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា គឺ​លោកស្រី ប៊ុន រ៉ានី ខណៈ​ដែល​ពួកគេ​ស្នើ​សុំ​អត្ថប្រយោជន៍​ការងារ​សម្រាប់​ជួយ​កម្មករ ថ្ងៃ​ទី ២៩ ខែកក្កដា ឆ្នាំ​២០២០។
រូបឯកសារ៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ឈរ​ជាមួយ​នឹង​បាតុករ​លើក​រូបភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា គឺ​លោកស្រី ប៊ុន រ៉ានី ខណៈ​ដែល​ពួកគេ​ស្នើ​សុំ​អត្ថប្រយោជន៍​ការងារ​សម្រាប់​ជួយ​កម្មករ ថ្ងៃ​ទី ២៩ ខែកក្កដា ឆ្នាំ​២០២០។

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​យល់​ថា​ ការ​ចាប់​ខ្លួនលោក រ៉ុង ឈុន​ ​មិនមែន​ដោយ​សារ​តែបញ្ហា​ព្រំដែន​មួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​អាច​ជាប់​ទាក់​ទង​នឹង​ការ​ចេញ​មុខ​តវ៉ា​ទាម​ទារ​ប្រយោជន៍​កម្មករ​ដែល​ប្រឈម​មុខ​ការ​បាត់​បង់​ការងារ​ នៅ​មុន​ពេលសហភាព​អឺរ៉ុប​សម្រេច​ដក​ការ​អនុ​គ្រោះ​ពន្ធ​មួយ​ផ្នែក​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា។

«ហើយ​ជា​ទិដ្ឋភាព​មួយ​ទៀត​ ខ្ញុំ​មើល​ទៅ​ ករណី​លោក​ រ៉ុង ឈុន​នេះ​ គឺ​គេ​ផ្តោត​អារម្មណ៍ទៅ​លើ​បញ្ហា​រឿង​នយោបាយ​ ច្រើន​ជាង​រឿង​ការ​អនុវត្ត​ច្បាប់»។

បញ្ហា​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​វៀត​ណាម​ដែល​មាន​ប្រវែង​១២៧០​គីឡូម៉ែត្រ​ គឺ​ជា​ចំណុច​រសើប​ក្នុង​នយោបាយ​រាប់​ទសវត្សរ៍​មក​ហើយ។ ​អ្នក​តវ៉ា​ ឬ​រិះគន់​អំពី​បញ្ហាព្រំដែន​នេះ ​ជា​ញឹក​ញាប់​តែង​ទទួល​រង​ការ​ព្រមាន ​ការ​គាប​សង្កត់ ​ឬ​ការ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ។

កាល​ពី​ថ្ងៃ​ចន្ទ រដ្ឋ​សភា​ដែល​គ្រប់គ្រង​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទាំង​ស្រុង បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពីពិធី​សារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា​និង​វៀតណាម។ ការ​អនុម័ត​នេះ​ ទទួល​ការ​រិះគន់​ពី​អ្នកឃ្លាំ​មើល​បញ្ហា​ព្រំដែន​កម្ពុជា​ថា ​ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព​និង​ចំ​ពេល​ដែល​មិន​មាន​តំណាង​គណបក្ស​ជំទាស់​នៅ​ក្នុង​រដ្ឋសភា។ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​ចាត់​ទុក​ការ​អនុម័ត​របស់​រដ្ឋសភាថា ​ជា​ការ​យល់​ព្រម​កាត់​ទឹក​ដី​ខ្មែរ​ទៅ​ឲ្យ​ប្រទេស​វៀតណាម៕

XS
SM
MD
LG